លោក សម រង្ស៊ី ត្រូវ បានតុលាការ កោះហៅ លើបណ្តឹង បរិហាកេរ្តិ៍ ថ្មី មួយទៀត
តុលាការ ក្រុងភ្នំពេញ ទើបតែ បានចេញ ដីកា កោះហៅ លោក សម រង្ស៊ី ប្រធាន គណបក្សប្រឆាំង នៅក្នុងសំណុំរឿង បរិហាកេរ្តិ៍ ថ្មី មួយទៀត តាមរយៈ បណ្តាញសង្គម ហ្វេសបុក (Facebook)។ នេះ គឺ ជាបណ្តឹង ទី២ ប្រឆាំង លោក សម រង្ស៊ី។ ដូចមុនៗដែរ លោក យឹម សុវណ្ណ អ្នកនាំពាក្យ គណបក្ស ប្រឆាំង បានចាត់ទុក ករណីនេះ ថា ជារឿង នយោបាយ។
យោងតាមដីកាកោះហៅរបស់អយ្យការ អមតុលាការសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១ខែធ្នូ បានកោះអញ្ជើញលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ឲ្យចូលខ្លួនមកឆ្លើយបំភ្លឺ នៅចំពោះមុខតុលាការក្រុងភ្នំពេញ នៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៤ខែមករា ឆ្នាំ២០១៦ខាងមុខ។ លោក សម រង្ស៊ី ត្រូវបានលោក ហេង សំរិន ប្រធានរដ្ឋសភា ប្តឹងពីបទបរិហាកេរ្តិ៍ តាមរយៈបណ្តេញសង្គម Facebook កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥។ នេះបើយោងតាមដីកាកោះរបស់លោក វង្ស ប៊ុនវិសុទ្ធ តំណាងអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ ហើយដែលត្រូវបានផ្សព្វផ្សាយដល់ដៃអ្នកសារព័ត៌មាននៅថ្ងៃទី ២ ធ្នូ ឆ្នាំ២០១៥នេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានបង្ហោះនូវវីដេអូឃ្លីបរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ និងបានសរសេរថា៖ «យើងចងចាំថា របបកើតថ្ងៃ៧មករា ១៩៧៩ បានឲ្យតុលាការរបស់គេ កាត់ទោសប្រហារជីវិត សម្តេចព្រះនរោត្តម សីហនុ ដោយចោទព្រះអង្គថា ជាជនក្បត់ជាតិ»។ ក្នុងនាមជាអ្នកដឹកនាំប្រទេសកម្ពុជា ក្រោយពីការដួលរលំនៃរបបខ្មែរក្រហម លោក ហេង សំរិន ដែលបច្ចុប្បន្នជាប្រធានរដ្ឋសភាកម្ពុជា បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការក្រុងភ្នំពេញ តាមរយៈមេធាវីរបស់លោក។
គួរកត់សម្គាល់ថា នេះគឺជាសំណុំរឿងទី២ហើយ ដែលតុលាការក្រុងភ្នំពេញបានសម្រេចចោទប្រកាន់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ។ លោក សម រង្ស៊ី ក៏ត្រូវបានតុលាការក្រុងភ្នំពេញ ចេញដីកាកោះហៅឲ្យចូលខ្លួនទៅឆ្លើយបំភ្លឺនៅក្នុងសំណុំរឿង សមគំនិតជាមួយលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី ក្នុងការបង្ហោះសន្ធិសញ្ញាព្រំដែនក្លែងក្លាយ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ខាងមុខ។
ដីកាកោះហៅទាំងពីរនេះ បានធ្វើឡើង នៅក្រោយពីដីកាចាប់ខ្លួនលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ឲ្យមកអនុវត្តទោស២ឆ្នាំ នៅក្នុងសំណុំរឿងបរិហាកេរ្តិ៍លោក ហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជាកាលពីឆ្នាំ២០០៨។ ដូចករណីមុនៗដែរ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានចាត់ទុកករណីនេះ ជារឿងនយោបាយ៕
No comments:
Post a Comment