ពលរដ្ឋ ស្រុក មេមត់ ព្រមាន ដកបង្គោល រណបព្រំដែន ដែលទើប បោះរួច, ចោទថា គ្មាន តម្លាភាព
RFA / វិទ្យុ អាស៊ី សេរី | ១៦ ធ្នូ ២០១៥
គណៈកម្មការ ចម្រុះ ព្រំដែន នៃប្រទេស កម្ពុជា និងវៀតណាម សម្រេច បោះបង្គោល ព្រំដែន ជាប្រភេទ បង្គោលរណប ចំនួន ៥ នៅក្បែរ តំបន់ ដីជម្លោះ ឋិត នៅក្នុងភូមិ ជើង, ឃុំ ជាំ, ស្រុក មេមត់, ខេត្ត ត្បូងឃ្មុំ នៅព្រឹក ថ្ងៃទី១៦ ធ្នូ។ ការបោះ បង្គោលនេះ ធ្វើ ឲ្យមាន ការរិះគន់ ពីសំណាក់ ប្រជាពលរដ្ឋ និងអាជ្ញាធរ មូលដ្ឋាន ថា ធ្វើឡើង ដោយលួចលាក់ និងគ្មាន តម្លាភាព។
ប្រជាពលរដ្ឋនៅភូមិជើង ព្រមានថា ពួកគាត់នឹងនាំគ្នាជំទាស់សេចក្តីសម្រេចរបស់គណៈកម្មការចម្រុះ ព្រំដែនកម្ពុជា ឬដកបង្គោលដែលទើបនឹងបោះរួចចោលទៀតផង។ ការព្រមាននេះ ដោយពួកគាត់យល់ថា ប្រសិនបើមន្ត្រីនៃគណៈកម្មការចម្រុះព្រំដែនកម្ពុជា នៅតែបន្តធ្វើការងារដោយគ្មានតម្លាភាពបែបនេះ គឺអាចធ្វើឲ្យទឹកដីរបស់ពួកគាត់ត្រូវបាត់បង់។
ពលរដ្ឋម្នាក់នៅភូមិជើង លោក ញ៉ូង ស៊ីនឿន សម្ដែងការមិនពេញចិត្តចំពោះការបោះបង្គោលរណបនៅពេលនេះ ព្រោះលោកថា តំបន់នោះ គណៈកម្មការព្រំដែនមិនទាន់ដោះស្រាយឲ្យប្រជាពលរដ្ឋបានអស់ចិត្តនៅ ឡើយ ស្រាប់តែមកបោះបង្គោលស្ងាត់ៗលើដីអ្នកភូមិនៅក្បែរតំបន់ជម្លោះ ឬតំបន់ជាំប្រាំល្វែង ដែលមានជម្លោះជាមួយអាជ្ញាធរវៀតណាម កាលពីពេលកន្លងទៅ៖ «ខ្ញុំបារម្ភថា ដឹងថ្ងៃខាងមុខដឹងបានអីហូបទេ បើស្រែចម្ការអស់ហើយ។»
បង្គោលព្រំដែនជាប្រភេទបង្គោលរណបចំនួន៥ បានបោះនៅព្រឹកថ្ងៃទី១៦ ធ្នូ ដោយមានប៉ូលិសព្រំដែន និងមន្ត្រីនៃគណៈកម្មការចម្រុះព្រំដែនប្រទេសទាំងពីរចូលរួម។ បង្គោលដែលមានលេខសម្គាល់ពីលេខ ៣ ដល់លេខ ៧ ដែលបោះនៅចន្លោះបង្គោលព្រំដែនលេខ ៩៤ និង ៩៥ បណ្ដាលឲ្យប៉ះចំលើដីប្រជាពលរដ្ឋភូមិជើង ចំនួន ៤គ្រួសារ។
ពលរដ្ឋដែលដីរបស់គាត់រងផលប៉ះពាល់មួយរូបទៀត លោក គ ស្ងួន និយាយថា ប្រជាពលរដ្ឋចេះតែអស់ដីសម្រាប់បង្កបង្កើនផលជាបន្តបន្ទាប់ ដោយសាររបៀបធ្វើការងាររបស់អាជ្ញាធរមានភាពលាក់លៀម។ លោកថា អ្នកភូមិមានតែនាំគ្នាតវ៉ាដោយខ្លួនឯងប៉ុណ្ណោះ ពីព្រោះបើពឹងរាជរដ្ឋាភិបាលក៏គ្មានសង្ឃឹមដែរ៖ «ប្រជាពលរដ្ឋមិនព្រម ហើយបើវាយកទាំងអស់ ត្រូវតែជំទាស់ហើយ ពួកខ្ញុំត្រូវនាំគ្នាដកបង្គោលហ្នឹងវិញហើយ។»
ទាក់ទិនរឿងនេះ មេប៉ុស្តិ៍ព្រំដែនបឹងជ្រោង លោក ធាម ដែន មានប្រសាសន៍ថា លោកមិនបានចូលរួមការងារបោះបង្គោលរណបនោះទេ ប៉ុន្តែលោកដឹងថា មានអាជ្ញាធរស្រុក និងឃុំ បានចូលរួម ហើយការសម្រេចនោះត្រឹមត្រូវកម្រិតណា គឺអាស្រ័យទៅលើគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរ៖ «រឿងអាខាងនេះ ខ្ញុំអត់មានសិទ្ធិដឹងខាងណាៗ បើនិយាយទៅខ្ញុំជាឆ្មាំការពារព្រំដែនបង។»
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីកិច្ចការព្រំដែនខេត្ត និងមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនថ្នាក់ជាតិ គឺអ្នកស្រី កុយ ពិសី បានទេនៅរសៀលថ្ងៃទី១៦ ធ្នូ។ យ៉ាងណា កាលពីពេលកន្លងទៅ អ្នកស្រី កុយ ពិសី ធ្លាប់មានប្រសាសន៍ថា រាល់ការបោះបង្គោល គឺតែងមានការចូលរួមពីភាគីទាំងពីរជានិច្ច ហើយការងារទាំងនោះ គឺធ្វើឡើងដោយតម្លាភាពទៀតផង។
ទោះបីជាបែបនេះក្តី មេឃុំស្ដីទីនៃឃុំជាំ លោក អួច អឿន មានប្រសាសន៍ថា សម្រាប់ពួកគាត់ជាអាជ្ញាធរឃុំនៅទីនោះ មិនអាចទទួលយកបានទេចំពោះសកម្មភាពបោះបង្គោលព្រំដែនពេលនេះ ពីព្រោះលោកទើបតែដឹងក្រោយពេលបង្គោលទាំងនោះ ត្រូវបានគេបោះរួចរាល់។ លើសពីនេះ លោកថា គណៈកម្មការចម្រុះព្រំដែនហាក់រើសអើងគណបក្សនយោបាយ ពីព្រោះពួកគាត់ជាមន្ត្រីអាជ្ញាធរឃុំដែលមកពីគណបក្សប្រឆាំង ទើបពួកគេមិនបានប្រាប់៖ «ប្រសិនជាបោះៗឲ្យមានតម្លាភាព ឲ្យព្រំដែនហ្នឹងពិតប្រាកដ ឲ្យប្រជាពលរដ្ឋទទួលយកបាន។ តែបញ្ហានេះ ប្រជាពលរដ្ឋអត់ទទួលយកបានទេ គាត់នៅតែស្ដាយស្រណោះដីគាត់។»
ជាមួយគ្នានេះ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា រាជរដ្ឋាភិបាលធ្វើការងារព្រំដែនកន្លងមក គឺមិនបានបង្ហាញអំពីតម្លាភាពឡើយ ហាក់មានរឿងអាថ៌កំបាំងនៅក្រោយរឿងមួយនេះ។ បន្ថែមពីនេះ រដ្ឋាភិបាលវៀតណាម ហាក់មានឥទ្ធិពលខ្លាំងលើរាជរដ្ឋាភិបាលខ្មែរក្នុងរឿងព្រំដែនទៀត ផង៖ «សូម្បីតែស្រះនៅខេត្តរតនគិរី ក៏វៀតណាម អត់លុប ហើយបើតាមយើងដឹង សូម្បីប៉ុស្តិ៍យាមនៅខេត្តតាកែវ ក៏គេមិនបានរើចេញ។»
លោកបញ្ជាក់ថា ប្រសិនបើរឿងព្រំដែនជាមួយប្រទេសវៀតណាម រាជរដ្ឋាភិបាលនៅតែមិនព្រមបង្ហាញការពិត ភាពមិនទុកចិត្តគ្នានៅតែកើតមានឡើង ហើយភាពសុខដុមរមនានៃប្រជាជាតិទាំងពីរ នឹងមិនអាចកើតឡើងបានឡើយ។ លើសពីនេះទៀត លោកថា វានឹងជះឥទ្ធិពលអាក្រក់ដល់គណបក្សកាន់អំណាចទៀតផង៕
No comments:
Post a Comment