Paris Peace Accords 23 Oct. 1991

Sunday, January 17, 2016

ពលរដ្ឋ​ ៧៥​ គ្រួសារ​ នៅ​ខេត្ត​ ក្រចេះ​ ស្នើសុំ​ អាជ្ញាធរ​ ពន្លឿន​​ ដោះស្រាយ​ ជម្លោះ​ដីធ្លី | 75 families in Kratie request authority to quickly resolve land conflict

ពលរដ្ឋ​ ៧៥​ គ្រួសារ​ នៅ​ខេត្ត​ ក្រចេះ​ ស្នើសុំ​ អាជ្ញាធរ​ ពន្លឿន​​ ដោះស្រាយ​ ជម្លោះ​ដីធ្លី

RFA / វិទ្យុ អាស៊ី សេរី | ១៧ មករា ២០១៦

ជម្លោះ​ដីធ្លី​ខេត្ត​ក្រចេះ ២០១៥ ៨៥៥
សកម្មភាព​ពលរដ្ឋ ១២​គ្រួសារ​ដែល​ដឹក​នាំ​ដោយ អ្នកស្រី ឃុត ម៉ុម សមាជិក​ក្រុមប្រឹក្សា​ស្រុក​ចិត្របូរី ចុះ​ពិនិត្យ​មើល​ដី​ដែល​អាជ្ញាធរ​បាន​វាស់វែង​ឲ្យ​ពលរដ្ឋ ៧៥​គ្រួសារ ឋិត​នៅ​ឃុំ​ថ្មគ្រែ ស្រុក​ចិត្របូរី ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។  Photo Provided

ពលរដ្ឋ ៧៥​គ្រួសារ​ រស់នៅ ​ភូមិ ​ថ្មគ្រែ ស្រុក ​ចិត្របូរី ខេត្ត​ ក្រចេះ អំពាវនាវ​ ឲ្យ​អាជ្ញាធរ​ខេត្ត ពន្លឿន ​ការ​ដោះស្រាយ ​ជម្លោះ​ដីធ្លី បន្ទាប់ ​ពី​អាជ្ញាធរ ​ធ្លាប់​បាន ​វាស់វែង ​ផ្តល់​ដី​ សម្បទាន​ សង្គមកិច្ច​ ជូន​ពួក​គាត់។

ការ​អំពាវនាវ​នេះ បន្ទាប់​ពី​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ចិត្របូរី បាន​សាងសង់​លំនៅឋាន​លើ​ដី​នៅ​តំបន់​នោះ។ ចំណែក​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ចិត្របូរី អះអាង​ថា អាជ្ញាធរ​បាន​យក​ដី​ពលរដ្ឋ ១២​គ្រួសារ ដើម្បី​ប្លែង​ជា​ដី​សម្បទាន​សង្គមកិច្ច​ឲ្យ​ពលរដ្ឋ​ផ្សេង​ទៀត។

ពលរដ្ឋ ៧៥​គ្រួសារ​រស់នៅ​ឃុំ​ថ្មគ្រែ ស្រុក​ចិត្របូរី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ មករា ថា ពួក​គាត់​នៅ​ពុំ​ទាន់​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​នៅ​ឡើយ​ទេ ខណៈ​ដី​ទាំង​នោះ​កំពុង​ចម្រូងចម្រាស​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ ចិត្របូរី អ្នកស្រី ឃុត ម៉ុម និង​ពលរដ្ឋ​ជាង ១០​គ្រួសារ​ផ្សេង​ទៀត​ជាច្រើន​ឆ្នាំ​កន្លង​មក។

តំណាង​ពលរដ្ឋ ៧៥​គ្រួសារ​រស់នៅ​ឃុំ​ថ្មគ្រែ លោក ក្រួច ផេន ហៅ ទន់ រៀម ចោទ​ប្រកាន់​ថា សមាជិក​ក្រុមប្រឹក្សា​ស្រុក​ចិត្របូរី មាន​មហិច្ឆតា​សាងសង់​លំនៅឋាន​លើ​ដី​សម្បទាន​សង្គមកិច្ច​របស់​ពួក​គាត់ និង​ហ៊ុមព័ទ្ធ​របង​ដោយ​សំអាង​ថា ជា​ដី​កម្មសិទ្ធិ​ពលរដ្ឋ ១២​គ្រួសារ​គ្រប់គ្រង​តាំង​ពី​ឆ្នាំ​១៩៧៩។ លោក​កត់​សម្គាល់​ថា ដី​សម្បទាន​សង្គមកិច្ច​ជាង ៤០​ហិកតារ ដែល​អតីត​មេ​ឃុំ​ថ្មគ្រែ លោក រាជ្យ ថេន ធ្លាប់​បាន​ផ្តល់​ជូន​ពលរដ្ឋ​ជា​អតីត​សេនាជន​ជាង ៦០​គ្រួសារ រស់នៅ​តាម​ច្រាំង​ទន្លេ​មុន​ឆ្នាំ​២០០២ ហើយ​កាល​ពី​ឆ្នាំ​២០១៤ ពលរដ្ឋ ៧​គ្រួសារ​រងគ្រោះ​ដោយសារ​ការ​បាក់​ច្រាំង​ទន្លេ ក៏​បាន​មក​ដាក់​ពាក្យ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​រស់នៅ៖ «ពេល​ចុះ​ ធ្វើ ពលរដ្ឋ ៧៥​គ្រួសារ អ្នកស្រី ឃុត ម៉ុម មក​រារាំង​តែ​ម្តង។ ពួក​ខ្ញុំ​ចុះ​មក​កាប់​សម្អាត ពួក​គាត់​មក​ធ្វើ​ផ្ទះ​លើ​ដី​ពួក​ពលរដ្ឋ ៧៥​គ្រួសារ​ទេ។»

កាល​ពី​ថ្ងៃ​ទី​៣០ ធ្នូ ពលរដ្ឋ ៧៥​គ្រួសារ បាន​ប្ដឹង អ្នកស្រី ឃុត ម៉ុម ទៅ​សាលា​ដំបូង​ខេត្ត​ក្រចេះ ពី​បទ​រារាំង​មិន​ឲ្យ​ពលរដ្ឋ ៧៥​គ្រួសារ​បង្កបង្កើនផល​នៅ​លើ​ដី​ឡូ​ដែល​អាជ្ញាធរ​ខេត្ត​ធ្លាប់​វាស់វែង។
ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ សមាជិក​ក្រុមប្រឹក្សា​ស្រុក​ចិត្របូរី អ្នកស្រី ឃុត ម៉ុម អះអាង​ថា អាជ្ញាធរ​បាន​ដក​ហូត​ដី​ពលរដ្ឋ​ចំនួន ១២​គ្រួសារ គ្រប់គ្រង​តាំង​ពី​ឆ្នាំ​១៩៧៩ ដើម្បី​បម្លែង​ជា​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ ៧៥​គ្រួសារ​បំពាន​ដីធ្លី​អាស្រ័យ​ផល​ពលរដ្ឋ។ អ្នកស្រី​ថា អាជ្ញាធរ​បាន​កាត់​ឆ្វៀល​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​បាន​តែ ១​គ្រួសារ​ទេ។ ចំណែក​ពលរដ្ឋ ១១​គ្រួសារ​ផ្សេង​ទៀត​មាន​ជាង ១០​ហិកតារ អាជ្ញាធរ​ពុំ​ទាន់​ជូន​ដំណឹង​ស្ដីពី​ការ​កាត់​ឆ្វៀល​នៅ​ឡើយ​ទេ៖ «គាត់​ មិន​ទាន់​កាត់​ដី​ឲ្យ​ពួក​ខ្ញុំ​ទេ បែរ​មក​ដេញ​ពួក​ខ្ញុំ​ចេញ​វាស់វែង ដី​ពួក​ខ្ញុំ​ទៅ​ធ្វើ​ដី​សម្បទាន​សង្គមកិច្ច។ គេ​ឆ្វៀល​ឲ្យ​ខ្ញុំ​តែ​មួយ​គ្រួសារ​ទេ ១១​គ្រួសារ​ទៀត​គេ​អត់​ឆ្វៀល​ឲ្យ​ទេ។»

គម្រោង ​ផ្តល់​ដី​ សម្បទាន​ សង្គមកិច្ច​ របស់​ អាជ្ញាធរ​ ស្រុក ​ចិត្របូរី ជូន​ពលរដ្ឋ​ ចំនួន ៧៥​គ្រួសារ រស់នៅ​ ឃុំ​ ថ្មគ្រែ ស្រុក​ ចិត្របូរី ចាប់​ផ្តើម ​តាំង​ពី​ឆ្នាំ​ ១៩៩៧ ក្នុង​ទំហំ ​ដី​ ចំនួន ៦៨​ ហិកតារ ដោយ​ក្នុង​ មួយ​គ្រួសារ​ ទទួល​បាន​ដី ១២​ម៉ែត្រ​ គុណ​ នឹង​បណ្តោយ ១៥០​ម៉ែត្រ​ ទៅ ២០០​ម៉ែត្រ។

អភិបាល​ស្រុក​ចិត្របូរី លោក ហង់ ចាន់ឌី ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​ឆ្វៀល​ដី​ជាង ២០​ហិកតារ ដើម្បី​កាត់​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​កំពុង​អាស្រ័យ​ផល​ជាក់ស្តែង​ចំនួន ១១​គ្រួសារ។ ដោយឡែក​ដី​ដែល​នៅ​សេសសល់​ចំនួន​ជាង ៤០​ហិកតារ អាជ្ញាធរ​បាន​វាស់វែង​ផ្តល់​ជា​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​រស់នៅ​ ភូមិ​ថ្មគ្រែ ដល់​អតីត​សេនាជន​ភូមិ និង​ពលរដ្ឋ​ដែល​រស់​នៅ​តាម​ច្រាំង​ទន្លេ​ចំនួន ៧៥​គ្រួសារ។ លោក​អះអាង​ថា អាជ្ញាធរ​បាន​កំណត់​ផែនទី​ជាក់លាក់​ស្ដីពី​គម្រោង​ផ្តល់​ដី​សម្បទាន​ សង្គមកិច្ច និង​បាន​ជូន​ដំណឹង​បញ្ហា​នេះ​ដល់​អ្នក​ពាក់ព័ន្ធ៖ «អ្នកស្រី ឃុត ម៉ុម គាត់​ក៏​បាន​ផ្ដិត​មេដៃ​ជាមួយ​នឹង​អាជ្ញាធរ​ដែរ។ គាត់​មាន​ស្នាម​មេដៃ​ត្រឹមត្រូវ​ក្នុង​ការ​ប្រគល់​ដី​ឲ្យ​រដ្ឋ​គ្រប់គ្រង ហើយ​ខ្ញុំ​ពិបាក ដែល​ខាង​ហ្នឹង​គាត់​ចូល​ចិត្ត​តែ​ធ្វើ​មិន​មាន​ការ​ទទួល​ខុស​ត្រូវ ចូល​ចិត្ត​ធ្វើ​មិន​មាន​លក្ខណៈ​ផ្លូវ​ច្បាប់។»

មេ​ឃុំ​ សំបុក លោក ហ៊ឹម ស្រង អះអាង​ ថា, កន្លង​ទៅ អាជ្ញាធរ​ ខេត្ត​ បាន​កំណត់​ ថា, ដី​ ជាង ៦០​ហិកតារ គឺ ​ជា​ដី​សម្បទាន​ សង្គមកិច្ច បន្ទាប់​ ពី​រក​ឃើញ​ ថា, ដី​ នៅ​តំបន់​នោះ​ មួយ​ផ្នែក​ ធំ​ ជា​តំបន់​ ព្រៃ ឬ​ដី​ សាធារណៈ ​របស់​រដ្ឋ៕


No comments:

Post a Comment