សង្គមស៊ីវិល រិះគន់ គណបក្ស ប្រជាជន កម្ពុជា ដែលបញ្ជា ឲ្យឯកអគ្គរាជទូត ធ្វើការងារ ជូនបក្ស
RFA / វិទ្យុ អាស៊ី សេរី | ១១ មករា ២០១៦
អង្គការ សង្គមស៊ីវិល រិះគន់ គណបក្ស ប្រជាជនកម្ពុជា ដែលបញ្ជា ឲ្យអគ្គរាជទូត ពង្រឹង ការងារបក្ស ផង និងធ្វើការងារ ជូនរដ្ឋ ផង។ ការរិះគន់នេះ នៅបន្ទាប់ ពីលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន ដកឯកអគ្គរាជទូត ខ្មែរ ប្រចាំ នៅប្រទេសណា ដែលមិន សកម្ម ក្នុងការបម្រើ ផលប្រយោជន៍ ជូនពលរដ្ឋ និងគណបក្ស របស់ខ្លួន។
អង្គការសង្គមស៊ីវិល ចាត់ទុកការណែនាំឲ្យឯកអគ្គរាជទូតខ្មែរប្រចាំនៅបណ្ដាប្រទេសផ្សេងៗ ត្រូវបំពេញការងារឲ្យរដ្ឋផង និងធ្វើការងារដើម្បីប្រយោជន៍គណបក្សប្រជាជនកម្ពុជា ផងនោះ គឺជាទង្វើល្មើសនឹងច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងច្បាប់ស្ដីពីគណបក្សនយោបាយ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា មានប្រសាសន៍ថា ឯកអគ្គរាជទូតខ្មែរនៅតាមបណ្ដាប្រទេសផ្សេងៗ មិនអាចដើរតួជាអ្នកពង្រឹងបក្ស ខណៈដែលកំពុងតែមានកាតព្វកិច្ចបម្រើសេវាជូនប្រជាពលរដ្ឋ និងតំណាងឲ្យប្រទេសជាតិនោះទេ៖ «កាលណាយើងធ្វើអ៊ីចឹង វាខូចប្រព័ន្ធការងាររបស់ទូតអស់ហើយ ធ្វើតែកិច្ចការឲ្យគណបក្សកាន់អំណាច។ យើងប្រើធនធានរដ្ឋខុសច្បាប់ហើយ។ មន្ត្រី និងទ្រព្យសម្បត្តិរបស់រដ្ឋ ត្រូវតែបម្រើការងារទៅឲ្យប្រជាពលរដ្ឋជាសាធារណៈ។»
ការលើកឡើងនេះ នៅបន្ទាប់ពី លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានក្រើនរំឭកឲ្យរដ្ឋមន្ត្រីក្រសួងការបទេស លោក ហោ ណាំហុង ក្នុងសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៣៩ កាលពីថ្ងៃទី១០ មករា ឲ្យពិនិត្យមើលបណ្ដាស្ថានទូតណាដែលអសកម្មក្នុងរឿងនយោបាយ។
បន្ថែមពីនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងប្រាប់វិទ្យុអាស៊ីសេរី ថា ទោះបីជាឯកអគ្គរាជទូតជាតំណាងប្រទេស និងតំណាងឲ្យរដ្ឋាភិបាលក្តី ប៉ុន្តែឯកអគ្គរាជទូតទាំងនោះ ក៏ជាប្រធានសាខាបក្សនៅតាមបណ្ដាប្រទេសទាំងនោះដែរ។ លោកបន្ថែមថា ដូច្នេះប្រមុខការទូតទាំងនោះ ត្រូវធ្វើការជូនបក្សផង និងបំពេញបេសកកម្មបម្រើសេវាសាធារណៈជូនពលរដ្ឋខ្មែរនៅឯនាយសមុទ្រ ផង៖ «សូមកុំឲ្យមានការយល់ច្រឡំថា ហេតុអីទូតទៅធ្វើការងារនយោបាយ ព្រោះទូតជាសមាជិកបក្ស។ ដូច្នេះចង់ ឬមិនចង់ ឯកអគ្គរាជទូតដែលជាប្រធានសាខា ត្រូវតែធ្វើការងារនយោបាយផង និងការងាររដ្ឋផង ប៉ុន្តែត្រូវលៃលកពេលវេលាណាសមស្រប ឲ្យវាត្រឹមត្រូវតាមគោលការណ៍ច្បាប់ មិនឲ្យច្របូកច្របល់គ្នាទេ។»
មាត្រា៣៧ នៃច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ចែងថា មន្ត្រីរាជការត្រូវមានអព្យាក្រឹតភាពក្នុងសកម្មភាពការងារ និងហាមឃាត់ដាច់ខាតនូវការប្រើប្រាស់មុខងាររបស់ខ្លួន និងសម្ភារៈរបស់រដ្ឋ ដើម្បីបម្រើសកម្មភាពនយោបាយ ដូចជាធ្វើការដើម្បីផលប្រយោជន៍គណបក្សនយោបាយ ឬប្រឆាំងនឹងគណបក្សនយោបាយណាមួយទៀត។ ការប្រព្រឹត្តផ្ទុយនឹងមាត្រានេះ ចាត់ទុកជាកំហុស និងឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ។ មាត្រា៣៥ នៃច្បាប់ដដែលនេះ ក៏ហាមឃាត់ដល់មន្ត្រីរាជការណាដែលយកម៉ោងរដ្ឋបាល ទៅប្រកបមុខរបរផ្ទាល់ខ្លួនផ្សេងៗ។
លោក គល់ បញ្ញា បញ្ជាក់ថា ការណែនាំឲ្យឯកអគ្គរាជទូតខ្មែរបម្រើផលប្រយោជន៍គណបក្សកាន់អំណាចនេះ ក៏ផ្ទុយពីច្បាប់ស្ដីពីគណបក្សនយោបាយត្រង់មាត្រា១៥ ដែរ ដែលចែងថា គណបក្សនយោបាយមិនត្រូវរៀបចំរចនាសម្ព័ន្ធចាត់តាំងក្នុងស្ថាប័នរដ្ឋ ឡើយ។ លោកបញ្ជាក់ថា ក្នុងសង្គមប្រជាធិបតេយ្យ ប្រសិនបើឯកអគ្គរាជទូតណាធ្វើខុស មិនគោរពតួនាទីរបស់ខ្លួន គេនឹងហៅសួរដេញដោលដើម្បីដាក់ពិន័យ៖ «ធ្វើឲ្យមានលក្ខណៈជា រូបភាពជាជាតិឲ្យបានច្រើននៅក្នុងប្រទេសរបស់គេ។ ថ្ងៃសម្រាកអី ទៅធ្វើការងារបម្រើឲ្យការងារពាណិជ្ជកម្មសម្រាប់ប្រទេសជាតិអីល្អ ជាង។»
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី មានប្រសាសន៍ថា លោកមិនទាន់មានរបាយការណ៍វាយតម្លៃថា ឯកអគ្គរាជទូតណាមួយដែលអសកម្មក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅ ឡើយទេ។ ចំណែករឿងណែនាំឲ្យឯកអគ្គរាជទូត ប្រើតួនាទីស្នូលមួយទៀត គឺការជួយពង្រឹងបក្សនោះ លោកថាគឺជាការអត្ថាធិប្បាយរបស់ លោក សុខ ឥសាន ប៉ុន្តែកន្លងមក ទន្ទឹមនឹងការតែងតាំងជាឯកអគ្គរាជទូត ក៏មានការតែងតាំងបន្ថែមទៀតជាប្រធានគណៈកម្មការបក្ស៖ «ខុសទាល់តែគាត់ធ្វើការងារដោយគ្មានការតែងតាំង ប៉ុន្តែបើគាត់ធ្វើការប្រគល់ភារកិច្ចមានខុសអី។»
គេហទំព័ររបស់ក្រសួងការបរទេស បង្ហាញថា បច្ចុប្បន្ននេះ កម្ពុជា បានដាក់ឯកអគ្គរាជទូត និងអគ្គកុងស៊ុលចំនួនជាង ៤០នាក់ក្នុងប្រទេសប្រមាណ ៨០ នៅលើពិភពលោក។
ទាក់ទិនបញ្ហានេះដែរ សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត រស់ រ៉ាវុធ មានប្រសាសន៍ថា តួនាទីរបស់ប្រមុខការទូត គឺតំណាងឲ្យរដ្ឋាភិបាលកម្ពុជា និងក្រសួងការបរទេស ដែលមានភារកិច្ចការពារប្រជាពលរដ្ឋរបស់ខ្លួនកុំឲ្យមានការរំលោភ បំពានពីប្រទេសដែលដាក់ទូតនោះ។ ឯកអគ្គរាជទូត ក៏តំណាងឲ្យអគ្គកុងស៊ុលដែលអាចរកមេធាវីឲ្យពលរដ្ឋខ្មែរណាដែលជាប់ ចោទក្នុងបទល្មើសផ្សេងៗ និងតួនាទីសំខាន់ គឺផ្តល់ព័ត៌មានទៅវិញទៅមករវាងប្រទេសទាំងពីរពីការវិវឌ្ឍន៍នានា៕
No comments:
Post a Comment