សង្គមស៊ីវិល ប្រតិកម្ម នឹងនាយករដ្ឋមន្ត្រី ដែលរិះគន់ ថា មានអ្នក ប្រើស្លាក សិទ្ធិមនុស្ស ក្លែងក្លាយ
RFA / វិទ្យុ អាស៊ី សេរី | ៧ មករា ២០១៦
ក្រុម អង្គការ មិនមែន រដ្ឋាភិបាល ដែលធ្វើការ លើវិស័យ ការពារ សិទ្ធិមនុស្ស ប្រតិកម្ម ចំពោះ សារនយោបាយ របស់ ប្រធាន គណបក្ស ប្រជាជន កម្ពុជា ដែលរិះគន់ ថា, មានការ ប្រើប្រាស់ ស្លាក ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បោកប្រាស់ ដែលធ្វើ ឲ្យសង្គម មានភាព វឹកវរ។ នៅក្នុងអង្គមីទ្ទិញ កាលពីព្រឹក ថ្ងៃទី៧ មករា នៃការរំឭកខួប លើកទី៣៧ នៃថ្ងៃ
ការព្រមាន ជាថ្មី ទៀត របស់ លោក ហ៊ុន សែន បើ ទោះ ជាលោក ពុំ បានបញ្ជាក់ ពីឈ្មោះ ស្ថាប័ន ឬអង្គភាព នៃអង្គការ មិនមែន រដ្ឋាភិបាលក្ដី ក៏ក្រុម សង្គមស៊ីវិល យល់ឃើញ ថា, ជាសារ នយោបាយ ដែលអាចនាំ ឲ្យមាន ការរើសអើង ជាពិសេស ពីសំណាក់ អាជ្ញាធរ មានការ យល់ខុស និងធ្វើ ឲ្យស្ថាប័ន ក្រៅរដ្ឋាភិបាល ពិបាក ក្នុងការ បំពេញ កិច្ចការ របស់ខ្លួន លើវិស័យ ការពារ សិទ្ធិមនុស្ស នេះដែរ នៅតាម សហគមន៍ មូលដ្ឋាន។
ប្រតិកម្មរបស់ក្រុមអង្គការមិនមែនរដ្ឋាភិបាលនៅពេលនេះ ធ្វើឡើងបន្ទាប់ពី លោក ហ៊ុន សែន ព្រមានចាត់វិធានការដ៏ម៉ឺងម៉ាត់ប្រឆាំងរាល់សកម្មភាពទាំងឡាយដែលនាំ ឲ្យវឹកវរ និងមហន្តរាយដល់សង្គម ដែលជ្រកក្រោមស្លាកប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្លែងក្លាយ។
នេះជាកាដូឆ្នាំថ្មីរបស់ លោក ហ៊ុន សែន មួយបន្ថែមទៀត ក្រោយពីប្រធានគណបក្សប្រជាជនកម្ពុជា រូបនេះ រិះគន់មេដឹកនាំគណបក្សប្រឆាំងមិនទាន់ទាំងបានប៉ុន្មានថ្ងៃស្រួល បួលនៅឡើយផង អំពីឈ្មោះស្ពាន ៥ មករា ជិតសាលាតិចណូនោះ។
បើទោះជាបែបណា ក្រុមអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការលើកស្ទួយលើវិស័យការពារ សិទ្ធិមនុស្ស ចាត់ទុកថា វាការជាប្រមាថ និងខ្វះការលើកទឹកចិត្តដល់ស្ថាប័នឯកជន ជាពិសេសក្រុមសង្គមស៊ីវិលពីរដ្ឋាភិបាល។
មន្ត្រីជាន់ខ្ពស់នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ហៅសារនយោបាយរបស់ លោក ហ៊ុន សែន នៅពេលនេះ ថាជាការរំលោភទៅលើគោលការណ៍ជាសកល និងកតិកាសញ្ញាស្ដីពីសិទ្ធិមនុស្ស និងសិទ្ធិនយោបាយរបស់អង្គការសហប្រជាជាតិ។ លោកបន្ថែមថា អង្គការមិនមែនរដ្ឋាភិបាល ធ្វើកិច្ចការដោយពុំបានគិតពីផលប្រយោជន៍ ឋានៈ និងតួនាទីជាធំនៅក្នុងសង្គមអ្វីឡើយ។ ផ្ទុយទៅវិញ កិច្ចការផ្នែកសិទ្ធិមនុស្សដែលអង្គការក្រៅរដ្ឋាភិបាលបានអនុវត្តនេះ គឺដើម្បីបំពេញភាពខ្វះចន្លោះរបស់រដ្ឋាភិបាលប៉ុណ្ណោះ។ លោកបន្តថា «យើង គិតថា ត្រូវតែចែកឲ្យដាច់ ពីព្រោះថា មួយការជំរុញ និងការលើកស្ទួយឲ្យមានការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេស កម្ពុជា។ នេះជាទិសដៅរបស់អង្គការសង្គមស៊ីវិល។ អង្គការទាំងឡាយ ផ្នែកសិទ្ធិមនុស្សគ្មានគោលបំណងអ្វីដើម្បីបំផុសបំផុល និងញុះញង់ឲ្យប្រជាពលរដ្ឋធ្វើខុសច្បាប់ទេ។»
ទាក់ទិនរឿងនេះ លោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីផងនោះព្រមានថា រដ្ឋាភិបាលនឹងមិនអាចអត់ឱនឲ្យបានឡើយ ចំពោះអ្នកដែលបង្កបញ្ហាសង្គមក្រោមហេតុផលសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបោកប្រាស់។ ជាទម្លាប់របស់លោកនាយករដ្ឋមន្ត្រី ដែលតែងឆ្លៀតឱកាសប្រើប្រាស់វេទិកាសាធារណៈ ហើយវាយប្រហារដោយសម្ដីធ្ងន់ៗដែល លោក ហ៊ុន សែន ចាត់ទុកថា ជាបច្ចាមិត្តនោះ គឺលោកនិយាយថា នឹងមិនឲ្យសមិទ្ធផលដែលកើតចេញពីការកសាងដោយថ្ងៃ៧ មករា នេះ ត្រូវសាបសូន្យទៅវិញដោយមនុស្សមួយក្រុមរស់ក្រោមស្លាកសិទ្ធិមនុស្ស កុហកនោះបានទេ។ លោកបន្តថា «រាំងស្កាត់នូវភាពប្រទូសរ៉ាយ ដែលប៉ុនប៉ងនាំឲ្យប្រទេសជាតិធ្លាក់ចូលក្នុងភាពច្របូកច្របល់។ បន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពពលរដ្ឋ ដែលដើរទន្ទឹមនឹងការពង្រឹងនីតិរដ្ឋ។ ធានាសមធម៌ និងយុត្តិធម៌សម្រាប់ប្រជាជនគ្រប់ៗរូប ហើយប្រឆាំងដាច់ខាតរាល់ប្រើប្រាស់ស្លាកប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្លែងក្លាយ ដើម្បីបោកប្រាស់បង្កភាពវឹកវរក្នុងសង្គម។»
ឆ្លើយតបរឿងនេះ មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យី សុខសាន្ត យល់ឃើញថា កិច្ចការទាំងអំបាលម៉ានរបស់អង្គការក្រៅរដ្ឋាភិបាល គឺធ្វើការពុំដែលសម្លឹងឃើញបុណ្យស័ក្ដិ និងកិត្តិយសជាធំអ្វីឡើយ។ លោកបន្ថែមថា ផ្ទុយទៅវិញកិច្ចការដែលអង្គការផ្នែកសិទ្ធិមនុស្សអនុវត្តនោះ គឺពុំមានអ្វីក្រៅពីព្យាយាមបណ្ដុះបណ្ដាលឲ្យពលរដ្ឋ យល់ដឹងពីសិទ្ធិមនុស្សជាមូលដ្ឋាន និងចូលរួមគោរពច្បាប់ ក៏ប៉ុន្តែមានពេលខ្លះរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល អាចមានការយល់ឃើញខុសគ្នាខ្លះលើចំណុចមួយចំនួន។ បើទោះជាយ៉ាងណា លោក យី សុខសាន្ត យល់ឃើញថា គំនិតមិនស្របគ្នាខ្លះនេះ ពុំមែនមានន័យថា ជាការជំទាស់នឹងការអភិវឌ្ឍរបស់រដ្ឋាភិបាលនោះដែរ។ លោកបន្តថា «យើង យល់ថា កុំឲ្យមានទស្សនៈថាឲ្យតែការងារសង្គមស៊ីវិល ធ្វើទៅហើយថាប្រឆាំងរដ្ឋាភិបាល មិនមែនទេ។ បើយើងប្រឆាំង ប្រឆាំងដណ្ដើមអំណាចនោះ ដណ្ដើមយូរណាស់ហើយ។ អង្គការសង្គមស៊ីវិល យើងធ្វើការងារសម្រាប់ជួយសង្គមឲ្យល្អតើ។ គ្មានគំនិតអីទៅដណ្ដើមអំណាច និងគ្មានគំនិតអីទៅប្រជែងយកកៅអីអង្គុយ គឺអត់ទេ។ នេះជាទស្សនៈដែលចង្អៀតចង្អល់ដែលមិនទូលាយ។»
ក្រុមអង្គការមិនមែនរដ្ឋាភិបាល ឲ្យដឹងថា មានកិច្ចការច្រើនណាស់ដែលខ្លួនបានបំពេញក្នុងការកែលំអ និងចូលរួមក្នុងសង្គម ដូចជាការចុះអប់រំឲ្យដឹងអំពីច្បាប់ សិទ្ធិមនុស្ស សិទ្ធិក្នុងការចូលរួមក្នុងវិស័យនយោបាយ និងសិទ្ធិសេដ្ឋកិច្ច ជាដើម ក៏ប៉ុន្តែជាញឹកញាប់ គេសង្កេតឃើញថា សកម្មភាពទាំងនេះតែងត្រូវបានរារាំង និងចុះទប់ស្កាត់ជាហូរហែពីអាជ្ញាធររដ្ឋទៅវិញ ក្រោមហេតុផលកម្មវិធីដែលសង្គមស៊ីវិលរៀបចំទាំងនោះ នាំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងសន្តិសុខសង្គម។
បើទោះជាបែបណា មាត្រា៦៥ នៃរដ្ឋធម្មនុញ្ញចែងថា រដ្ឋត្រូវការពារ និងលើកស្ទួយសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការទទួលបានការអប់រំប្រកបដោយគុណភាពនៅគ្រប់កម្រិត និងចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីឲ្យការអប់រំនេះ បានទៅដល់ប្រជាពលរដ្ឋគ្រប់រូប។ យ៉ាងនេះក្ដី រដ្ឋាភិបាលបានបង្កើតច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលរួចជាស្រេចហើយ ដែលច្បាប់នេះរងការរិះគន់ថា អាចនឹងត្រូវប្រើប្រាស់ដើម្បីរឹតត្បិតការងាររបស់ក្រុមអង្គការមិន មែនរដ្ឋាភិបាល ជាពិសេសអង្គការសមាគមនៅតាមមូលដ្ឋាន៕
No comments:
Post a Comment