សង្គមស៊ីវិល បរាជ័យ ប្រារព្ធ ពិធី រំឭកខួប ២ឆ្នាំ នៃការ បាញ់សម្លាប់ កម្មករ នៅផ្លូវ វ៉េងស្រេង
RFA / វិទ្យុ អាស៊ី សេរី | ៣ មករា ២០១៦
សមត្ថកិច្ចរឹបអូសបដារបស់ក្រុមសហជីពដែលប្រារព្ធពិធីរំឭក ខួបពីរឆ្នាំ នៃការស្លាប់របស់កម្មករក្នុងព្រឹត្តិការណ៍តវ៉ាដំឡើងប្រាក់ឈ្នួលនៅ លើផ្លូវវ៉េងស្រេង នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦។
សមត្ថកិច្ចត្រូវបានដាក់ពង្រាយដើម្បីរារាំងការប្រារព្ធពិធីរំឭក ខួបពីរឆ្នាំនៃព្រឹត្តិការណ៍តវ៉ាដំឡើងប្រាក់ឈ្នួលនៅលើផ្លូវ វ៉េងស្រេង នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦។ RFA/Brach Chev |
សមត្ថកិច្ចត្រូវបានដាក់ពង្រាយដើម្បីរារាំងការប្រារព្ធពិធីរំឭក ខួបពីរឆ្នាំនៃព្រឹត្តិការណ៍តវ៉ាដំឡើងប្រាក់ឈ្នួលនៅលើផ្លូវ វ៉េងស្រេង នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦។ RFA/Brach Chev |
អ្នកស្រី ទេព វន្នី ចូលរួមប្រារព្ធពិធីរំឭកខួបពីរឆ្នាំនៃព្រឹត្តិការណ៍តវ៉ាដំឡើង ប្រាក់ឈ្នួលនៅលើផ្លូវវ៉េងស្រេង នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦។ RFA/Brach Chev |
សមត្ថកិច្ចរារាំងការប្រារព្ធពិធីរំឭកខួបពីរឆ្នាំនៃព្រឹត្តិការណ៍ តវ៉ាដំឡើងប្រាក់ឈ្នួលនៅលើផ្លូវវ៉េងស្រេង នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦។ RFA/Brach Chev |
សមត្ថកិច្ចរារាំងការប្រារព្ធពិធីរំឭកខួបពីរឆ្នាំនៃព្រឹត្តិការណ៍ តវ៉ាដំឡើងប្រាក់ឈ្នួលនៅលើផ្លូវវ៉េងស្រេង នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦។ RFA/Brach Chev |
នៅថ្ងៃ ទី៣ មករា កាលពី ពីរឆ្នាំ មុន -- គឺ នៅលើកំណាត់ ផ្លូវ វ៉េងស្រេង -- គេ ឮតែ ស្នូរកាំភ្លើង ដែលកងកម្លាំង សមត្ថកិច្ច បាញ់បង្ក្រាប អ្នកតវ៉ា និងសម្រែក របស់ កម្មករ ទាមទារ ដំឡើង ប្រាក់ខែ គោល ប្រមាណ ១៦០ ដុល្លារ នៅពេលនោះ។
កាលណោះ ក្រោយពីព្រឹត្តិការណ៍ផ្ទុះឡើងភ្លាម បានបន្សល់ទុកនូវការភ័យខ្លាច ឈឺចាប់ និងរន្ធត់របស់ជនរងគ្រោះ និងកម្មករដទៃទៀត។ ដោយឡែកនៅអមសងខាងផ្លូវឯណេះវិញ គេសង្កេតឃើញខ្សែភ្លើងដាច់រញ៉ីរញ៉ៃ ដុំថ្មតូចធំនៅរាយប៉ាយពាសពេញផ្លូវ និងអគារមួយចំនួន ត្រូវបាក់បែក ជាដើម។ យូរៗម្ដងគេសង្កេតឃើញអណ្ដាតភ្លើងក៏បានឆាបឆេះឡើងដែរ នៅលើកំណាត់ផ្លូវវ៉េងស្រេង។
ក្រៅពីនេះវិញ នៅតាមអគារជួលម្ដុំផ្លូវវ៉េងស្រេង គឺកម្មករចាប់សម្រុកដឹកអីវ៉ាន់ចេញជាបណ្ដើរៗពីតាមអគារផ្ទះជួល ខណៈដែលកម្លាំងនគរបាលក៏ចាប់ចុះឆែកឆេរ និងត្រួតពិនិត្យនៅតាមផ្ទះជួលក្នុងការកំណត់មុខសញ្ញា និងចាប់ខ្លួនមនុស្សបន្ថែមទៀត។
ដោយឡែកសម្រាប់ឆ្នាំនេះវិញ ថ្វីបើពុំមានអំពើហិង្សាបានកើតឡើងក៏ពិតមែន ក៏កម្លាំងបង្ក្រាប និងសាលាក្រុងភ្នំពេញ បានលេចមុខជាថ្មីម្តងទៀតនៅលើកំណាត់ផ្លូវវ៉េងស្រេង។ ការបង្ហាញសាច់ដុំជាថ្មីទៀតនេះ គឺអាជ្ញាធរបានដាក់បម្រាមជាមុន ពុំអនុញ្ញាតឲ្យមានការជួបជុំ ឬប្រមូលផ្ដុំនៅចំណុចផ្លូវវ៉េងស្រេងទៀតឡើយ។ កម្លាំងចម្រុះដែលប្រដាប់ដោយខែល ដំបងឫស្សី និងដំបងឆក់ទាំងនោះ ត្រូវបានគេដាក់ពង្រាយជាច្រើនរយនាក់តាំងពីព្រឹកព្រលឹម អមដោយឡានធុនធំជាច្រើនគ្រឿងរបស់កងរាជអាវុធហត្ថថែមទៀតផង នៅថ្ងៃទី៣ មករា។
លោក វន់ ពៅ ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ យល់ឃើញថា ការអនុវត្តដូចនេះរបស់កម្លាំងចម្រុះ ប្រឆាំងការជួបជុំដោយសន្តិវិធី ប្រហែលជារដ្ឋាភិបាលបារម្ភខ្លាចប៉ះពាល់ដល់មុខមាត់ និងកេរ្តិ៍ឈ្មោះមិនល្អ។ ម្យ៉ាងវិញទៀត វិធានការដូចនេះរបស់រដ្ឋាភិបាល នឹងពុំបានចំណេញអ្វីសូម្បីបន្តិចឡើយ។ ផ្ទុយទៅវិញ បញ្ហានេះនឹងរឹតតែជះឥទ្ធិពលអាក្រក់ថែមទៀតនៅលើឆាកអន្តរជាតិ។ លោកបន្តថា «ខ្ញុំគិតថាមិនអនុញ្ញាតឲ្យធ្វើវា រដ្ឋាភិបាលប្រហែលជាគិតថាវាប៉ះពាល់មុខមាត់របស់រដ្ឋាភិបាលផងដែរ ពីព្រោះកម្លាំងបង្ក្រាបទៅលើកម្មករហ្នឹង គឺជាកម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាល។ ម្ល៉ោះហើយបានជារដ្ឋាភិបាល មិនឲ្យប្រារព្ធកម្មវិធីនេះ។»
ជុំវិញហេតុការណ៍កាលពីព្រឹកថ្ងៃទី៣ មករា នាយិកាអង្គការលីកាដូ (LICADHO) អ្នកស្រី ណាលី ពីឡូក និងក្រុមអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានសមត្ថកិច្ចបង្ក្រាបពុំអនុញ្ញាតឲ្យប្រារព្ធពិធីរំឭកខួប ២ឆ្នាំនៅម្ដុំគ្លីនិកឯករាជ្យ ទេ និងរុញច្រានពួកគេឲ្យចាកចេញពីតំបន់ផ្លូវវ៉េងស្រេង ក្នុងចម្ងាយដីជាច្រើនគីឡូម៉ែត្រថែមទៀត។ មិនតែប៉ុណ្ណោះ សមត្ថកិច្ចក៏បានរឹបអូសស្លាកសញ្ញា និងបដាផ្សេងៗពីក្រុមអ្នកប្រារព្ធពិធីទៀតផង។
ការរារាំងនេះ បន្ទាប់ពីមន្ត្រីសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២ មករា បានព្រមានប្រើវិធានការក្ដៅប្រឆាំងការជួបជុំរបស់ក្រុមសហជីព ដែលប៉ុនប៉ងធ្វើពិធីរំឭកខួប ២ឆ្នាំ ចំពោះអ្នកស្លាប់ក្នុងព្រឹត្តិការណ៍តវ៉ាដំឡើងប្រាក់ឈ្នួលនៅផ្លូវ វ៉េងស្រេង។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យី សុខសាន្ត ចាត់ទុកថា បម្រាមរបស់សាលាក្រុងភ្នំពេញ ប្រឆាំងអ្នកប្រារព្ធពិធីក្រោមហេតុផល ធ្វើឲ្យស្ទះផ្លូវសាធារណៈ និងខូចបរិយាកាសនេះ គឺមិនសមរម្យទេ។ លោកបន្តថា មានរឿងមិនទំនងច្រើនណាស់ដែលមិនគួរមើលរំលង ដូចជារោងបុណ្យ រោងការ ឬពិធីដទៃទៀត ដែលធ្វើឲ្យប៉ះពាល់អ្នកធ្វើដំណើរ ក៏ប៉ុន្តែពិធីទាំងនេះ បែរជាអាជ្ញាធរចាត់ទុកថា មានលក្ខណៈល្អទៅវិញ។ លោកបន្តថា «ការរៀបចំពិធីនៅតាមទីសាធារណៈ នៅពេលដែលយើងជូនដំណឹងទៅអាជ្ញាធរដែនដីទៅ អាចធ្វើបានហើយ ព្រោះកន្លងមកក៏យើងឃើញថាមានគ្រោះថ្នាក់ចរាចរណ៍ធំៗ ឬការធ្វើបុណ្យធ្វើទានធំៗនៅតាមដងផ្លូវសាធារណៈ ក៏អាជ្ញាធរអនុញ្ញាតដែរ។»
ក្រុមមន្ត្រីនគរបាលដែលចុះបង្ក្រាប កាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ បដិសេធក្នុងផ្ដល់ចម្លើយចំពោះវិធានការរបស់ខ្លួន ដោយចាត់ទុកថា នេះជាបទបញ្ជាពីថ្នាក់លើ។
ទាក់ទិនរឿងនេះ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ មានព្រឹត្តិការណ៍បង្ក្រាបលើកម្មករនៅក្បែររោងចក្រយ៉ាកជីន (Yakjin) ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅលើកំណាត់ផ្លូវវ៉េងស្រេង ក្នុងថ្ងៃទី៣។ បន្ទាប់មកទៀត នៅថ្ងៃទី៤ កម្លាំងបង្ក្រាបរបស់រដ្ឋាភិបាល ក៏បានចុះបង្ក្រាបការតវ៉ានៅទីលានប្រជាធិបតេយ្យវិញម្តង។
ការបង្ក្រាបនៅផ្លូវវ៉េងស្រេង ពេលនោះ កម្មករចំនួន ៤នាក់ត្រូវបានគេបាញ់សម្លាប់ ម្នាក់បាត់ខ្លួន និងមនុស្សជិត ៤០នាក់របួស។ ចំណែកកម្មករ និងសកម្មជនសិទ្ធិមនុស្ស ២៣នាក់ផ្សេងទៀត ត្រូវបានអាជ្ញាធរចាប់ខ្លួន និងផ្ដន្ទាទោសដាក់ពន្ធនាគារមួយរយៈពេល ក្រោមបទចោទថា ពាក់ព័ន្ធនឹងអំពើហិង្សានៅលើផ្លូវវ៉េងស្រេង និងរោងចក្រយ៉ាកជីន។
ការបាញ់សម្លាប់ និងការចាប់ខ្លួននេះ ត្រូវបានអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រិះគន់ ហើយជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ស្វែងរកមុខអ្នកប្រព្រឹត្តិបទល្មើសមកទទួលខុសត្រូវលើការបាញ់ សម្លាប់កម្មករ ដែលទាមទារដំឡើងប្រាក់ខែសមរម្យមកផ្ដន្ទាទោស។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ សមត្ថកិច្ច និងតុលាការ នៅមិនទាន់អាចកំណត់មុខសញ្ញាជនដៃដល់ ដើម្បីផ្ដន្ទាទោសបាននៅឡើយទេ។ ក្នុងពេលជាមួយគ្នានេះ មេដឹកនាំគណបក្សជំទាស់ លោក សម រង្ស៊ី ក៏ត្រូវជាប់បណ្ដឹងនៅតុលាការ ពាក់ព័ន្ធនឹងសំណុំរឿងនៅផ្លូវវ៉េងស្រេងនេះដែរ។ ជាញឹកញាប់ លោក ហ៊ុន សែន តែងគំរាមជាហូរហែថា មេដឹកនាំគណបក្សប្រឆាំងខ្លះ កុំទាន់អាលភ្លេចខ្លួន ព្រោះនៅមានបណ្ដឹងជុំវិញហិង្សានៅផ្លូវវ៉េងស្រេងនៅឡើយទេ។
បើទោះជាបែបណា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ក៏បានចេញសារនយោបាយនៅចំថ្ងៃនៃការប្រារព្ធពិធីរំឭកខួប ២ឆ្នាំនេះដែរ។ លោក កឹម សុខា និយាយក្នុងបណ្ដាញសង្គមផ្ទាល់របស់លោកថា ការតស៊ូរបស់កម្មករ ត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រ ជាពិសេសលោកចូលរួមរំលែកនូវមរណទុក្ខនេះដែរ។
មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ (LICADHO) លោក អំ សំអាត យល់ឃើញថា ដោយសារកម្ពុជា អនុវត្តច្បាប់មិនបានស្មើភាពគ្នា ហេតុនេះការទទួលបានយុត្តិធម៌ ពួកគេនៅតែស្ថិតក្នុងភាពងងឹតនៅឡើយ។ លោក អំ សំអាត ចាត់ទុកថា កម្ពុជា នៅតែបន្តអនុវត្តស្តង់ដារពីរអំពីប្រព័ន្ធយុត្តិធម៌នេះ គឺអ្នកដែលរកឃើញថា មាននិន្នាការនយោបាយផ្សេង គឺកម្រទទួលបានការជំនុំជម្រះដោយតម្លាភាពណាស់។ ផ្ទុយទៅវិញ បើខ្សែស្រឡាយ ឬបក្ខពួកវិញ គឺងាយដូចបកចេកយ៉ាងដូច្នោះដែរ។ លោកបន្តថា «យើងមើលថ្ងៃគ្រាន់តែជាពិធីដើម្បីរំឭកវិញ្ញាណក្ខន្ធ តាមបែបសាសនា ហើយនិងឧទ្ទិសកុសលតាមបែបសាសនា ប៉ុន្តែត្រូវបានរារាំង ត្រូវបានរុញច្រាន ត្រូវបានបំបែក។»
ក្រុមអង្គការមិនមែនរដ្ឋាភិបាល និងសហជីព ហៅវិធានការរបស់រដ្ឋាភិបាលនៅពេលនេះ ថាបានរុញច្រានឲ្យឃើញមួយកម្រិតទៀតពីការធ្លាក់ចុះ នៃការគោរពសិទ្ធិមនុស្ស៕
No comments:
Post a Comment