គណបក្ស សង្គ្រោះជាតិ ប្រកាស ផ្តល់អំណាច ទៅឲ្យ ថ្នាក់មូលដ្ឋាន
RFA / វិទ្យុ អាស៊ី សេរី | ១៧ មករា ២០១៦
ប្រធាន ស្តីទី នៃគណបក្ស សង្គ្រោះជាតិ លោក កឹម សុខា ថ្លែងប្រាប់ អ្នកគាំទ្រ របស់ខ្លួន នៅខេត្ត កំពង់ចាម កាលពីព្រឹក ថ្ងៃទី១៧ ខែមករា ថា, ចាប់ ពីពេលនេះ តទៅ គណបក្ស សង្គ្រោះជាតិ នឹងផ្លាស់ប្ដូរ យុទ្ធសាស្ត្រ របស់ខ្លួន ពីចលនា នយោបាយ ទៅជាគណបក្ស នយោបាយ មួយ ពិតប្រាកដ ដោយមាន គោលនយោបាយ ជាលាយលក្ខណ៍ អក្សរ ត្រឹមត្រូវ ដើម្បី ដណ្ដើមជ័យជម្នះ និងដឹកនាំ ប្រទេស នៅក្នុង ការបោះឆ្នោត នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខាងមុខនេះ។
លោក ក៏បានបញ្ជាក់ ផងដែរ ថា, លោក មិនដែលបារម្ ភពីរឿង ចាញ់ឆ្នោត នៅខេត្ត កំពង់ចាម នេះទេ។ លោក ថា ដោយហេតុ តែ លោក មានទំនុកចិត្ត ទាំងស្រុង នឹងអ្នកគាំទ្រ នៃខេត្តនេះ លោក មិនរុញរា សោះឡើយ ក្នុងការសន្យា កាលពីបោះឆ្នោត អាណត្តិមុន ថា, បើ លោក ចាញ់ឆ្នោត នៅខេត្តនេះ លោក នឹងលាលែងចេញ ពីតំណែង អនុប្រធាន គណបក្សនេះ ទៀតផង។
នេះ គឺ លើកទីពីរហើយ នៅក្នុងឆ្នាំ២០១៦ នេះ ដែលប្រមុខ គណបក្ស សង្គ្រោះជាតិ ធ្វើវេទិកា សាធារណៈ ដើម្បី ជួបប្រាស្រ័យ ជាមួយ អ្នកគាំទ្រ របស់ខ្លួន បន្ទាប់ ពីវេទិកា លើកទីមួយ ដែលគេ រៀបចំ នៅខេត្ត ព្រៃវែង កាលពីថ្ងៃ អាទិត្យ សប្ដាហ៍មុន។ ការជួបជុំគ្នា លើកនេះ ត្រូវ គេ ធ្វើឡើង នៅភូមិ ត្រកួន ឃុំ ក្រឡា ស្រុក កំពង់សៀម ស្ថិតនៅចម្ងាយ ប្រមាណ ១០ គីឡូម៉ែត្រ ពីទីរួមខេត្ត កំពង់ចាម, ហើយ មានអ្នកចូលរួម ប្រមាណ ជិត ៧ពាន់ នាក់។
គណបក្សសង្គ្រោះជាតិ ធ្លាប់ឈ្នះឆ្នោតក្នុងខេត្តកំពង់ចាម នេះ ដោយដណ្ដើមបានអាសនៈសភាលើសគណបក្សប្រជាជនកម្ពុជា ចំនួនពីរ នៅក្នុងការបោះឆ្នោតអាណត្តិទី៥ កន្លងទៅនេះ គឺគណបក្សសង្គ្រោះជាតិ បាន ១០អាសនៈ ឯគណបក្សប្រជាជនកម្ពុជា បាន ៨អាសនៈ។ អ្នកគាំទ្រគណបក្សដែលមកចូលរួមក្នុងពិធីនៅព្រឹកនេះ ហាក់បីដូចជានៅតែមានឆន្ទៈមោះមុតស្មោះស្ម័គ្រនឹងគណបក្សដដែល។ ពួកគាត់មិនបានទទួលកម្រៃជាប្រាក់ ឬរង្វាន់ជាវត្ថុអ្វី ក្នុងការមកចូលរួមនេះទេ។ អ្វីដែលគាត់ទទួលបាន គឺការដឹកជញ្ជូនពីស្រុក-ភូមិ មកចូលរួមប្រជុំដោយមិនបាច់បង់ប្រាក់ និងទឹកសុទ្ធម្នាក់មួយដប ដែលគេរៀបទុករួចជាស្រេចនៅលើកៅអីសម្រាប់ទទួលពួកគាត់។
ពិធីនេះ ត្រូវគេរៀបចំឡើងនៅកណ្ដាលវាលស្រែក្បែរផ្លូវជាតិលេខ៧។ នៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួនដែលជាតំណាងមកពីគ្រប់ស្រុក ទាំងអស់នៃខេត្តកំពង់ចាម លោក កឹម សុខា ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិ បញ្ជាក់សាជាថ្មីថា អ្វីដែលសំខាន់បំផុតនោះ លោកថាគណបក្សត្រូវធ្វើវិមជ្ឈការអំណាច គឺមានន័យថា ផ្តល់អំណាចក្នុងការសម្រេច និងការអនុវត្តទៅថ្នាក់មូលដ្ឋាន មិនបាច់ចាំតែការសម្រេចពីថ្នាក់ដឹកនាំខាងលើនោះទេ៖ «បើចង់ កែ គេត្រូវកែខ្លួនឯងជាដំបូងសិន។ នេះអ្វីដែលខ្ញុំចង់ជម្រាបជូន។ កែទម្រង់ជាការធ្វើវិមជ្ឈការអំណាចជូនដល់សកម្មជនថ្នាក់មូលដ្ឋាន គោលនយោបាយមូលដ្ឋាន ដើម្បីត្រៀមទៅបោះឆ្នោតឆ្នាំ២០១៧ ពេលបងប្អូនត្រឡប់ទៅវិញ ជួបពិភាក្សាគ្នា ថាតើចង់ឲ្យគណបក្សសង្គ្រោះជាតិ ធ្វើគោលនយោបាយយ៉ាងម៉េច ដើម្បីស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។»
ទាក់ទងនឹងយុទ្ធសាស្ត្រថ្មីរបស់គណបក្សនេះដែរ លោក កឹម សុខា ថ្លែងថា ចាប់ពីពេលនេះតទៅ ទាំងមេដឹកនាំគណបក្ស និងមន្ត្រីរបស់ខ្លួន នឹងប្រកាន់ជំហរមិនឈ្លោះ មិនឆ្លើយតបទៅនឹងការវាយប្រហារពីខាងក្រុមអ្នកនយោបាយម្ខាងទៀតទេ តែគណបក្សនឹងខិតខំរៀបចំបន្ទាត់គោលនយោបាយមួយឲ្យបានច្បាស់លាស់ ដោយផ្អែកលើតម្រូវការជាក់លាក់របស់ប្រជាពលរដ្ឋពីថ្នាក់មូលដ្ឋានទៅ។ ទោះបីជាទើបប្រកាសបែបនេះក្តី ក៏ លោក កឹម សុខា ហាក់ដូចជានៅទប់ចិត្តមិនជាប់ ក្នុងការនិយាយប៉ះពារខ្លះទៅលើអ្នកនយោបាយនៃក្រុមម្ខាងទៀតដែរ៖ «សម រង្ស៊ី កឹម សុខា ក៏ត្រៀមខ្លួនសម្រាប់ផ្ទេរការងារទៅក្មេងជំនាន់ក្រោយ។ នៅថ្នាក់មូលដ្ឋានក៏អ៊ីចឹងដែរ។ យើងមិនអាចនៅក្រាញអំណាច។ យើងមិនអាចប្រាប់ថា បើអត់ពីខ្លួនទៅរលាយស្រុកទេ។ នៅក្នុងស្ថាប័នមួយបើអត់មនុស្សម្នាក់រលាយ មិនមែនជាស្ថាប័នទេ។ យើងមិនត្រូវរំពឹងតែមនុស្សម្នាក់ទេ។»
ដូចជានៅក្នុងពិធីជួបជុំនៅខេត្តព្រៃវែង កាលពីសប្ដាហ៍មុនដែរ លោក សម រង្ស៊ី ដែលជាប្រធានគណបក្ស ក៏បានចូលរួមក្នុងពិធីនេះតាមវីដេអូខុនហ្វឺរិន (Video Conference) ពីបរទេសមក ដែលគេដាក់បញ្ចាំងឲ្យអ្នកចូលរួមបានឃើញរូបលោកតាមកញ្ចក់ទូរទស្សន៍ ប្រមាណ ៥គ្រឿង។ សាររបស់មេដឹកនាំគណបក្សទាំងពីរលើកនេះ បានរំលេចឡើងនូវគោលនយោបាយរបស់គណបក្ស ក្នុងការលើកទឹកចិត្តឲ្យមានការចូលរួមពីសំណាក់យុវជនស្រករក្រោយ។
យុវសិស្សអាយុ ១៧ឆ្នាំម្នាក់ កញ្ញា ឆេន សុផល្លែន និយាយថា នាងចង់ឲ្យគណបក្សសង្គ្រោះជាតិ ជាប់ឆ្នោតដឹកនាំប្រទេសណាស់ ត្បិតនាងឃើញគណបក្សមានគោលការណ៍ច្បាស់លាស់៖ «ខ្ញុំគាំទ្រគណបក្ស សង្គ្រោះជាតិ ព្រោះមានគោលការណ៍ច្បាស់លាស់ ដោយសារនាងខ្ញុំស្រឡាញ់គោលការណ៍ទាំង ៧ចំណុច នៅក្នុងនោះក៏មានលើកកម្ពស់យុវជនយុវតី ហើយគណបក្សនេះមានជំហរម៉ឺងម៉ាត់ក្នុងការការពារទឹកដី។»
ងាកទៅ លោក កឹម សុខា វិញ នៅចុងបញ្ចប់នៃការថ្លែងសាររបស់លោក លោកបានប្រាប់ទៅសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ កុំឲ្យទុកចិត្តលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ខ្លាំងពេក ខណៈស្ថាប័នមួយនេះនៅតែតែងតាំងឲ្យ លោក ទេព នីថា កាន់តួនាទីជាអគ្គលេខាធិការនៃ គ.ជ.ប ដដែល។ លោក កឹម សុខា ក៏បានរំឭកប្រាប់យុវជន និងស្ត្រី ឲ្យត្រៀមខ្លួនធ្វើជាអ្នកសង្កេតការណ៍បោះឆ្នោតនាពេលខាងមុខ ដើម្បីការពារការលួចសន្លឹកឆ្នោត៕
No comments:
Post a Comment