Paris Peace Accords 23 Oct. 1991

Saturday, January 9, 2016

តុលាការ​ សម្រេច​ឃុំ​ខ្លួន​ យុវជន​ ដែល​ត្រូវ​ បាន​ចោទ​ ពី​បទ​គំរាម​ សម្លាប់ ​លោក ហ៊ុន សែន | Court sends youth charged with threat to kill Hun Sen to prison

តុលាការ​ សម្រេច​ឃុំ​ខ្លួន​ យុវជន​ ដែល​ត្រូវ​ បាន​ចោទ​ ពី​បទ​គំរាម​ សម្លាប់ ​លោក ហ៊ុន សែន

RFA / វិទ្យុ អាស៊ី សេរី | ៩ មករា ២០១៦

ម៉ាន់ សំអ៊ាន់ ៦២០
យុវជន ម៉ាន់ សំអ៊ាន់ ជន​សង្ស័យ​គំរាម​សម្លាប់​នាយករដ្ឋមន្ត្រី តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ពេល​បញ្ជូន​ចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៦។  RFA/So Chivy

តុលាការ ​ខេត្ត​ កំពង់ធំ បាន​សម្រេច​ ឃុំ​ខ្លួន​ យុវជន​ ដែល​គំរាម​ សម្លាប់​ លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដាក់​ពន្ធនាគារ ​ខេត្ត បន្ទាប់​ ពី​សាកសួរ អស់​ ជាច្រើន​ម៉ោង​ នៅ​ព្រឹក​ ថ្ងៃ​ទី​៩ មករា។  យុវជន​ម្នាក់​ ដែល​ជា​ជន​សង្ស័យ​ គំរាម​សម្លាប់​ លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាម​ហ្វេសប៊ុក (Facebook) ត្រូវ​ បាន​ព្រះរាជអាជ្ញា​ រង​ សាលា​ដំបូង ​រាជធានី ​ភ្នំពេញ ចោទ​ប្រកាន់ ​ចំនួន ២​ករណី, គឺ​ ករណី​ គំរាម​សម្លាប់ និង​ការ​ប្រមាថ។

ក្រុម​គ្រួសារ​យុវជន​ដែល​គំរាម​សម្លាប់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី អន្តរាគមន៍​ដោះ​លែង​យុវជន​រូប​នោះ​ឲ្យ​មាន​សេរីភាព​វិញ។

ម្ដាយ​របស់​ជន​សង្ស័យ លោកស្រី ចេង លី មាន​ប្រសាសន៍​ថា លោកស្រី​ជឿ​ថា កូន​របស់​គាត់​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោកស្រី​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី អន្តរាគមន៍​ដោះ​លែង​កូន​គាត់​មក​វិញ៖ «ខ្ញុំ​មិន​ជឿ​ថា កូន​ខ្ញុំ​ធ្វើ​ទេ។ ខ្ញុំ​នៅ​គណបក្ស​ប្រជាជន។ ពុក​ខ្ញុំ​ក៏​គាត់​ជា​ប្រធាន​ភូមិ​កាន់​កាប់​ប្រជាជន​ទាំងអស់ បក្ស​ប្រជាជន តាំង​ពី​ដើម​មក។ សរសេរ​ហ្នឹង​ខ្ញុំ​ខ្លាច​តែ​គេ​បង្ខូច​កូន​ខ្ញុំ​ទេ ព្រោះ​កូន​ខ្ញុំ​វា​អត់​មាន​ចរិត​អ៊ីចឹង។ ខ្ញុំ​ដឹង​ចិត្ត​វា។»

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​ខេត្ត​កំពង់ធំ សម្រេច​ឃុំ​ខ្លួន​យុវជន​ឈ្មោះ ម៉ាន់ សំអ៊ាន់ អាយុ ២៨​ឆ្នាំ ជា​កសិករ មាន​ស្រុក​កំណើត​នៅ​ភូមិ​ម្នាវ សង្កាត់​ស្រយ៉ូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ដែល​ព្រះរាជអាជ្ញា​រង​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ ចោទ​ប្រកាន់​ចំនួន ២​ករណី គឺ​ករណី​គំរាម​សម្លាប់ និង​ការ​ប្រមាថ ដោយសារ​យុវជន​រូប​នោះ​បាន​គំរាម​សម្លាប់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាម​ហ្វេសប៊ុក។ កាល​ពី​ថ្ងៃ​ទី​៦ មករា សមត្ថកិច្ច​ចាប់​ខ្លួន​យុវជន​រូប​នេះ រួច​បញ្ជូន​ខ្លួន​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​អស់​ជាច្រើន​ម៉ោង កាល​ពី​ថ្ងៃ​ទី​៨ មករា។

ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ធំ លោក ខៀវ ចាន់នី ថ្លែង​ថា សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ ពន្ធនាគារ​ខេត្ត​វិញ​ហើយ។ រីឯ​សេចក្ដី​សម្រេច​របស់​តុលាការ​យ៉ាង​ណា​នោះ លោក​មិន​បាន​ដឹង​នៅ​ឡើយ៖ «លោក​ចៅក្រម និង​ព្រះរាជអាជ្ញា​គាត់​យក​ទៅ​ផ្ញើ​នៅ​ពន្ធនាគារ​ខេត្ត​ហើយ។ ខ្ញុំ​អត់​ទាន់​បាន​ទទួល​ដីកា​បង្គាប់​ទេ។»

នេះ​ជា​លើក​ទី​១ ហើយ ដែល​មាន​អ្នក​គំរាម​សម្លាប់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ត្រូវ​បាន​តុលាការ​ចាត់​វិធានការ​តាម​ច្បាប់។ ការ​ចាប់​ខ្លួន​នេះ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​កាល​ពី​ថ្ងៃ​ទី​៥ មករា ក្នុង​ពិធី​សម្ពោធ​ស្ពាន​ក្បែរ​សាលា​តិចណូ​ថា អ្នក​ដែល​ជេរ​លោក គឺ​គ្មាន​វាសនា​ល្អ​នោះ​ទេ ហើយ​ថា បើ​លោក​ចង់​ចាត់​ការ​តែ ៧​ម៉ោង​ប៉ុណ្ណោះ លោក​ក៏​មិន​បាច់​ប្រើ​កម្លាំង​ពី​ភ្នំពេញ​ទេ គឺ​ប្រើ​កម្លាំង​នៅ​មូលដ្ឋាន​ប៉ុណ្ណោះ។

ទាក់ទង​នឹង​ករណី​គំរាម​សម្លាប់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នេះ តុលាការ​បាន​ចាត់​ការ​លើ​ករណី​មួយ​ចំនួន ដូចជា ករណី​គំរាម​សម្លាប់ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ករណី​គំរាម​សម្លាប់ លោក សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​បញ្ហា​ព្រំដែន និង​ករណី​យុវជន គង់ រ៉ៃយ៉ា ដែល​បង្ហោះ​ពី​ការ​អំពាវនាវ​ចូលរួម​បដិវត្តន៍​ពណ៌​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៥៕


No comments:

Post a Comment