HRW ស្នើ ប្រធានាធិបតី អាមេរិក ផ្ដោតលើបញ្ហា សិទ្ធិមនុស្ស ក្នុងកិច្ចប្រជុំ កំពូល អាស៊ាន
RFA / វិទ្យុ អាស៊ី សេរី | ១៩ មករា ២០១៦

នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការ
យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams)
ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៦ កុម្ភៈ ២០១៥។
RFA/Yun Samean
អង្គការ ឃ្លាំមើល សិទ្ធិមនុស្ស អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ស្នើ ប្រធានាធិបតី សហរដ្ឋ អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ផ្ដោតសំខាន់ លើបញ្ហា សិទ្ធិមនុស្ស ក្នុងឱកាស កិច្ចប្រជុំ កំពូល មេដឹកនាំ កំពូល អាស៊ាន ដែលនឹងធ្វើឡើង នៅពាក់កណ្ដាល ខែកុម្ភៈ ខាងមុខ។
ក្នុងលិខិតផ្ញើទៅលោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃទី១៩ ខែមករា បញ្ជាក់ថា មេដឹកនាំអាស៊ានមួយចំនួនបានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ការធ្វើរដ្ឋប្រហារ និងឧក្រិដ្ឋកម្មសង្គ្រាម។ ពួកគេមិនអាចមានសិទ្ធិទទួលបានទិដ្ឋាការមកអាមេរិកផង ប្រសិនបើពួកគេមិនមែនជាមេដឹកនាំនៃប្រទេសទាំងនោះ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ទទូចឲ្យលោក បារ៉ាក់ អូបាម៉ា ត្រូវជជែកជាសាធារណៈនឹងមេដឹកអាស៊ានទាំងនោះដើម្បីឲ្យដោះលែងអ្នក ទោសនយោបាយ ទម្លាក់ចោលការចោទប្រកាន់នយោបាយ និងការធ្វើទុក្ខបុកម្នេញនយោបាយ។ ក្នុងលិខិតដដែលនោះបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាន់កាប់អំណាចអស់រយៈពេលជាង ៣០ឆ្នាំហើយ។ លោក ហ៊ុន សែន គ្រប់គ្រងអំណាចដោយប្រើប្រាស់អំពើហិង្សា ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញលើមន្ត្រីបក្សប្រឆាំង និងអនុញ្ញាតឲ្យមានអំពើពុករលួយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ បន្តទៀតថា សហរដ្ឋអាមេរិក មិនគួរផ្តល់រង្វាន់ឲ្យមេដឹកនាំដែលមានការពាក់ព័ន្ធនឹងការរំលោភ សិទ្ធិមនុស្សឲ្យមកចូលរួមកិច្ចប្រជុំនេះឡើយ ពីព្រោះវាអាចជាការផ្ញើសារខុសទៅពិភពលោក អំពីការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន និងសិទ្ធិសេរីភាពរបស់អាមេរិក។
កិច្ចប្រជុំរវាងលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា និងមេដឹកនាំអាស៊ាននឹងធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ កុម្ភៈ នៅរដ្ឋកាលីហ្វ័រញ៉ា (California)៕
No comments:
Post a Comment