Paris Peace Accords 23 Oct. 1991

Tuesday, January 19, 2016

លោក ហ៊ុន សែន ថា​, លោក ​ទៅ​ពិនិត្យ ​ជំងឺ​ នៅ​បរទេស​ មិន​មែន​ មិន​ទុក​ចិត្ត​ គ្រូពេទ្យ​ នៅ​កម្ពុជា​ ទេ | Hun Sen says he's going overseas for medical check-up not because he doesn't trust Khmer doctors

លោក ហ៊ុន សែន ថា​, លោក ​ទៅ​ពិនិត្យ ​ជំងឺ​ នៅ​បរទេស​ មិន​មែន​ មិន​ទុក​ចិត្ត​ គ្រូពេទ្យ​ នៅ​កម្ពុជា​ ទេ

RFA / វិទ្យុ អាស៊ី សេរី | ១៨ មករា ២០១៦

ហ៊ុន សែន ២០១៥ ៨៥៥
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (រូប​មុខ) មក​ដល់​ប្រទេស​កម្ពុជា វិញ​បន្ទាប់​ពី​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៥។  RFA/Brach Chev

លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ ទី​១៨ មករា បាន​ធ្វើ​ ដំណើរ​ ទៅ​កាន់ ​ប្រទេស ​សិង្ហបុរី (Singapore) ដើម្បី​ ពិនិត្យ​សុខភាព​ ប្រចាំ​ឆ្នាំ ​របស់​លោក។  លោក ហ៊ុន សែន មាន​ប្រសាសន៍ ​ថា, ការ​ ដែល​លោក ​ទៅ​ពិនិត្យ​ សុខភាព​ នៅ​បរទេស​ នេះ មិន​មែន ​មាន​ន័យ​ ថា, លោក​ មិន​ទុក​ចិត្ត​ គ្រូពេទ្យ​ នៅ​កម្ពុជា  នោះ​ទេ។

ការ​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ ឬ​ព្យាបាល​ជំងឺ​នៅ​បរទេស គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​មន្ត្រី​ធំៗ និង​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ជីវភាព​ធូរធារ ដោយសារ​ពួក​គេ​មិន​ទុក​ចិត្ត​គុណភាព​សេវា​សុខាភិបាល និង​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ​នៅ​កម្ពុជា។

ប៉ុន្តែ លោក ហ៊ុន សែន បញ្ជាក់​ថា ការ​ដែល​លោក​ទៅ​ពិនិត្យ​ជំងឺ​នៅ​បរទេស​ពេល​នេះ មិន​មែន​លោក​មិន​ទុក​ចិត្ត​គ្រូពេទ្យ​ខ្មែរ​នោះ​ឡើយ។

លោក ហ៊ុន សែន សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​១៨ មករា ថា បើ​ទោះ​ជា​លោក​ទៅ​ពិនិត្យ​សុខភាព​នៅ​ប្រទេស​សិង្ហបុរី លោក​ពុំ​មាន​ជំងឺ​អ្វី​ធ្ងន់ធ្ងរ​ដែល​ត្រូវ​ព្យាបាល​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​តម្រូវ​របស់​គ្រូពេទ្យ ដែល​កំណត់​ឲ្យ​លោក​ត្រូវ​ពិនិត្យ​សុខភាព​ជា​ប្រចាំ​ក្នុង​មួយ​ឆ្នាំ​ម្តង។ ម្យ៉ាង​វិញ​ទៀត លោក​ថា មួយ​រយៈពេល​ចុង​ក្រោយ​នេះ លោក​មាន​ការងារ​ច្រើន​ដែល​ត្រូវ​ដោះស្រាយ​ទាំង​យប់​ទាំង​ថ្ងៃ ស្ទើរ​រក​ពេល​សម្រាក​មិន​បាន។

យ៉ាង​ណា​ក៏ដោយ​ចុះ លោក ហ៊ុន សែន បញ្ជាក់​ថា ការ​ដែល​លោក​ទៅ​ពិនិត្យ​សុខភាព​នៅ​ប្រទេស​សិង្ហបុរី មិន​មែន​មាន​ន័យ​ថា លោក​មិន​ទុក​ចិត្ត​គ្រូពេទ្យ​នៅ​កម្ពុជា នោះ​ទេ។ លោក​ថា ជាទូទៅ គឺ​គ្រូពេទ្យ​ខ្មែរ​នេះ​ឯង​ជា​អ្នក​ពិនិត្យ​សុខភាព​លោក​ជា​រៀង​រាល់​ខែ ហើយ​លោក​ចេញ​ទៅ​ពិនិត្យ​សុខភាព​នៅ​ក្រៅ​ប្រទេស​នេះ ក៏​ដោយសារ​តែ​មាន​ការ​ណែនាំ និង​ស្នើ​ពី​គ្រូពេទ្យ​កម្ពុជា ផង​ដែរ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​នូវ​ប្រភេទ​ជំងឺ​ខ្លះ​ដែល​ពេទ្យ​កម្ពុជា ខ្វះ​ឧបករណ៍។

លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​ពី​ប្រភេទ​ជំងឺ​ដែល​លោក​ទៅ​ពិនិត្យ ថា​ជា​ប្រភេទ​ជំងឺ​អ្វី​ឡើយ ដោយ​គ្រាន់​តែ​ឲ្យ​ដឹង​ថា លោក​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ នៅ​ថ្ងៃ​ទី​២១ មករា ប្រសិន​បើ​គ្រូពេទ្យ​អនុញ្ញាត។

ការ​ចាក​ចេញ​របស់ លោក ហ៊ុន សែន ទៅ​ពិនិត្យ​សុខភាព​នៅ​ក្រៅ​ប្រទេស ជួន​ចំ​ពេល​ដែល​ភាព​ចម្រូងចម្រាស​រវាង​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា និង​នាយក​សាលា​រៀន​អន្តរ​ទ្វីប​អាមេរិកាំង លោក​វេជ្ជបណ្ឌិត គួច ម៉េងលី កំពុង​កើត​មាន​នៅ​ឡើយ ដោយសារ​តែ លោក គួច ម៉េងលី មិន​ព្រម​សុំ​ទោស​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា ជា​សាធារណៈ ទាក់ទង​នឹង​ការ​រិះគន់​របស់​លោក​ទៅ​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​ថា ក្នុង​ចំណោម​គ្រូពេទ្យ​ខ្មែរ ១០​នាក់ គឺ​មាន ៩​នាក់​ហើយ​ដែល​មិន​ប្រកាន់​ខ្ជាប់​នូវ​ក្រម​សីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន។

បើ​ទោះ​ជា លោក គួច ម៉េងលី បាន​ឆ្លើយ​តប​ទៅ​កាន់​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា រួច​ហើយ​ថា អ្វី​ដែល​លោក​លើក​ឡើង គឺ​គ្មាន​ចេតនា​បំផ្លើស បន្តុះ​បង្អាប់ ឬ​ធ្វើ​ឲ្យ​ខូច​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ​របស់​គ្រូពេទ្យ និង​វិជ្ជាជីវៈ​សុខាភិបាល​ក៏ដោយ តែ​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា នៅ​តែ​បន្ត​ទាមទារ​ឲ្យ លោក គួច ម៉េងលី សុំ​ទោស​ជា​សាធារណៈ។

ក្នុង​លិខិត​របស់​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា ផ្ញើ​ទៅ​កាន់ លោក គួច ម៉េងលី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា បញ្ជាក់​ថា ទង្វើ​របស់ លោក គួច ម៉េងលី បាន​បង្ក​ការ​ខូចខាត​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​នៃ​អ្នក​ប្រកប​របរ​វិជ្ជាជីវៈ​សុខាភិបាល​នៅ​កម្ពុជា និង​វិជ្ជាជីវៈ​សុខាភិបាល​ទាំង​មូល។

យ៉ាង​ណា លោក គួច ម៉េងលី មាន​ប្រសាសន៍​ថា អ្វី​ដែល​លោក​លើក​ឡើង គឺ​គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ​ជា​បុគ្គល ជា​ការ​រិះគន់​ក្នុង​ចេតនា​រួម​ចំណែក​កែ​ទម្រង់ ធ្វើ​ឲ្យ​សង្គម​កម្ពុជា ប្រសើរ​ឡើង​ប៉ុណ្ណោះ។

ជុំវិញ​រឿង​នេះ​ដដែល លោក គួច ម៉េងលី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​១៨ មករា ថា សូម​ឲ្យ​គេ​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក​នេះ ថា​ជា​ការ​សំណូមពរ​ដល់​គ្រូពេទ្យ​ដែល​ពុំ​ទាន់​មាន​ក្រម​សីលធម៌ ឲ្យ​ចាប់​ផ្ដើម​មើល​ពី​តម្លៃ​អាយុ​ជីវិត​របស់​អ្នក​ជំងឺ និង​កែប្រែ​រាល់​ចំណុច​មិន​ល្អ​ទាំងឡាយ​នា​ពេល​កន្លង​មក។

យ៉ាង​ណា ការ​លើក​ឡើង​របស់ លោក គួច ម៉េងលី នេះ ត្រូវ​បាន​អ្នក​វិភាគ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត កែម ឡី ថ្លែង​អំណរ​គុណ។ លោក​បណ្ឌិត កែម ឡី បាន​បញ្ចេញ​ទស្សនៈ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា គុណភាព​សេវា​សុខាភិបាល​នៅ​កម្ពុជា មិន​មែន​ធ្វើ​ត្រឹម​កំណែ​ទម្រង់​នោះ​ទេ គឺ​ត្រូវ​ការ​ធ្វើ​បដិវត្តន៍​តែ​ម្តង។ លោក​ថា គុណភាព​សេវា​សុខាភិបាល​សាធារណៈ​កម្ពុជា នៅ​ទាប​បំផុត បើ​ប្រៀបធៀប​ទៅ​នឹង​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​របស់​បណ្ដា​ប្រទេស​ក្នុង​តំបន់។

លោក​បណ្ឌិត កែម ឡី អះអាង​ថា មាន​កត្តា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​គុណភាព​សុខាភិបាល​កម្ពុជា នៅ​ទាប។ កត្តា​ទាំង​នោះ​មាន​ដូចជា ស្តង់ដារ​ថ្នាំ​ពេទ្យ​ដែល​ប្រើប្រាស់​នៅ​ទាប គ្រូពេទ្យ​ល្អៗ​ត្រូវ​ដាក់​ឲ្យ​នៅ​កក​កុញ​តែ​ក្នុង​ពេទ្យ​ធំៗ កង្វះ​សម្ភារៈ​បរិក្ខារ​ពេទ្យ អាកប្បកិរិយា​គ្រូពេទ្យ​មិន​ល្អ នីតិវិធី និង​ដំណើរ​ការ​ព្យាបាល​ស្មុគស្មាញ ការ​បង្កើត​ក្រុម​គ្រូពេទ្យ​ព្យាបាល​ចល័ត ដើម្បី​បម្រើ​ប្រយោជន៍​នយោបាយ និង​ប្រាក់​បៀវត្សរ៍​ទាប ជាដើម៕



No comments:

Post a Comment