Paris Peace Accords 23 Oct. 1991

Monday, January 25, 2016

អ្នក​ភូមិ​ នៅ​ពោធិ៍សាត់​​ ៣៣ ​គ្រួសារ ​បារម្ភ​ ខ្លាច​អាជ្ញាធរ​ បណ្ដេញ​ចេញ​ ពី​ផ្ទះ​ lនិង​ដីធ្លី | 33 families in Pursat fear authority will evict them from home, land

អ្នក​ភូមិ​ នៅ​ពោធិ៍សាត់​​ ៣៣ ​គ្រួសារ ​បារម្ភ​ ខ្លាច​អាជ្ញាធរ​ បណ្ដេញ​ចេញ​ ពី​ផ្ទះ​ lនិង​ដីធ្លី

RFA / វិទ្យុ អាស៊ី សេរី | ២៤ មករា ២០១៦

 

ផែនទី​ខេត្ត​ពោធិ៍សាត់ ៦២០
ផែនទី​ខេត្ត​ពោធិ៍សាត់ / Photo: RFA

អ្នកភូមិ នៃ​ឃុំ​ តាលោ ស្រុក​ បាកាន ខេត្ត​ ពោធិ៍សាត់ ចំនួន ៣៣​គ្រួសារ កំពុង​ ខ្លាច​ អាជ្ញាធរ ​បណ្ដេញ​ចេញ​ ពី​ផ្ទះសម្បែង និង​ដីធ្លី​ ដែល​ពួកគាត់ ​ខ្លះ​ អះអាង​ ថា បាន​រស់​នៅ​ លើ​ដី​នោះ ​អស់​រយៈ​ពេល​ ជាង ១០​ឆ្នាំ​ ហើយ។  ប៉ុន្តែ​ អាជ្ញាធរ​ បញ្ជាក់​ថា, ក្រុម​ពលរដ្ឋ​ បាន​ចូល​ទៅ​ រស់នៅ និង​ទន្ទ្រាន​ កាន់កាប់​ លើ​ដី ​របស់​រដ្ឋ​ ដែល​បាន​កំណត់​ ជា​ដី​សម្បទាន​ សង្គម​កិច្ច​ សម្រាប់​ យោធិន ​ចូល​និវត្តន៍។

អ្នក​ភូមិ​តាំង​គោក និង​ភូមិ​សំសាន្ដ នៃ​ឃុំ​តាលោ ខ្លះ ថា​​មិន​អាច​ចេញ​ពី​ផ្ទះ និង​ដីធ្លី​របស់​ខ្លួន​តាម​លិខិត​ជូន​ដំណឹង​របស់​អភិបាល​ស្រុក​ដែល​តម្រូវ​ ឲ្យ​ចេញ​នៅ​មុន​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៦ នោះ​បាន​ទេ។ ក្រុម​ពលរដ្ឋ​ឲ្យ​ដឹង​ថា ផ្ទៃ​ដី​ទំហំ ៥២​ហិកតារ​នៅ​ចំណុច​ខ្មោច​លាវ នៃ​ឃុំ​តាលោ ជា​ដី​របស់​ពលរដ្ឋ​ចំនួន ៣៣​គ្រួសារ បាន​កាន់កាប់​តាំង​ពី​អំឡុង​ឆ្នាំ​២០០១ គឺ​មុន​ពេល​ដែល​ដី​នេះ​​បាន​កំណត់​ជា​ដី​សម្បទាន​សង្គមកិច្ច​នៅ​ឆ្នាំ​២០១០។

ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ៣៣​គ្រួសារ គឺ​លោក ស៊ុន វ៉ាន់ហន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ថា រូប​លោក និង​អ្នក​ភូមិ​ទទួល​បាន​លិខិត​ជូន​ដំណឹង​របស់​អាជ្ញាធរ​ស្រុក​កាល​ពី​ចុង​ខែ ​ធ្នូ ឆ្នាំ​២០១៥ ហើយ​មក​ដល់​ពេល​នេះ​ក្រុម​ពលរដ្ឋ​បាន​តែ​​ខ្វល់​ចិត្ត​រង់ចាំ​មើល​ចំណាត់​ ការ​របស់​អាជ្ញាធរ​ប៉ុណ្ណោះ។ ប៉ុន្តែ​លោក​ចង់​ឃើញ​អាជ្ញាធរ​ដោះស្រាយ​ករណី​ដោយ​មិន​ដេញ​ពលរដ្ឋ​ចេញ៖ «ព្រួយៗ ដេក​លែង​លក់​ហើយ​ហ្នឹង ព្រោះ​ការងារ​ដែល​យើង​បាន​ធ្វើ​ខ្ចី​លុយ​អង្គការ​មក​បង្កបង្កើនផល​ហូប ហើយ​ជំពាក់​អង្គការ​ក៏​ច្រើន​ដែរ ដល់​ពេល​ឲ្យ​ចេញ​អ៊ីចឹង ទៅ​នៅ​ឯ​ណា? វា​ដប់​ឆ្នាំ​ជាង​ហើយ ខ្លះ​នៅ​រហូត​ដល់ ១៣​ឆ្នាំ បើ​និយាយ​ទៅ​យើង​ដាំ​ដំណាំ​ហូប​ផ្លែ​យូរ​អង្វែង​ដូច​ជា​ខ្នុរ ដូង​អី​បាន​ហូប​ហើយ​ហ្នឹង។»

ចំណែក​អភិបាល​ស្រុក​បាកាន លោក សៅ ដារឿន ថ្លែង​ទាំង​អស់​សំណើច​ថា ការ​ពិត​ក្រុម​ពលរដ្ឋ​បាន​ចូល​ទៅ​ចាប់​ដី​កាន់កាប់ និង​រស់​នៅ​ខុស​ច្បាប់​កាល​ពី​ថ្មីៗ​ ហើយ​លោក​ក៏​មិន​ដែល​ព្រងើយកន្តើយ​ចំពោះ​ពលរដ្ឋ​ដែល​អត់​មាន​ដី​ពិត​ប្រាកដ​ នោះ​ដែរ ប៉ុន្ដែ​តម្រូវ​ឲ្យមាន​ការ​ស្នើសុំ​តាម​ច្បាប់។

លោក​ថា ដី​សម្បទាន​សង្គម​កិច្ច​ដែល​កំណត់​ដោយ​អនុក្រឹត្យ​ហើយ​នោះ មិន​អាច​ទៅ​ប៉ះពាល់​បាន​ទេ៖ «ការ ​ទៅ​រំលោភ​ចាប់​យក​ដី​ហ្នឹង យើង​ធ្វើ​សេចក្ដី​ជូន​ដំណឹង​ឲ្យ​គាត់​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ទៅ ពីព្រោះ​យើង​មិន​ទៅ​យក​ដី​គាត់​ទេ។ ក្នុង​ករណី​ដែល​គាត់​មិន​សុខចិត្ត គាត់ (ប្រជាពលរដ្ឋ) អាច​ធ្វើ​ការងារ​តាម​ច្បាប់​បាន។»

លោក សៅ ដារឿន បញ្ជាក់​ថា ការ​អះអាង​របស់​អាជ្ញាធរ​ភូមិ​ឃុំ និង​ការ​រស់​នៅ​ជាក់​ស្ដែង​របស់​ក្រុម​ពលរដ្ឋ​​បង្ហាញ​ថា ពួកគាត់​ទើប​ចូល​រស់​នៅ​ក្រោយ​ដី​នៅ​តំបន់​នោះ​ត្រូវ​បាន​កំណត់​ជា​ដី​ សម្បទាន​សង្គមកិច្ច។ លោក​ថា បើ​ពលរដ្ឋ​ចូល​ទៅ​រស់នៅ​ជាង ១០​ឆ្នាំ​មែន​នោះ មិន​ដែល​អាជ្ញាធរ​ណា​ទៅ​ដេញ​គាត់​ចេញ​នោះ​ទេ ព្រោះ​​ពលរដ្ឋ​ដែល​រស់​នៅ​ទី​នោះ​យូរ​ហើយ​សុទ្ធតែ​ទទួល​បាន​ដំណោះស្រាយ៕


No comments:

Post a Comment