គ.ជ.ប. នឹងចុះឈ្មោះ បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ ចាប់ ពីខែ ឧសភា
RFA / វិទ្យុ អាស៊ី សេរី | ១៧ មករា ២០១៦
មន្ត្រី គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.) ឲ្យដឹង ថា, កិច្ចការ បន្ទាប់ទៀត ក្រោយ ពីជ្រើសរើស អគ្គលេខាធិការ និងអគ្គលេខាធិការ រង រួចហើយ គឺ គ.ជ.ប. នឹងចាប់ផ្ដើម បើកយុទ្ធនាការ ចុះឈ្មោះ បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ សម្រាប់ រៀបចំ បញ្ជី បោះឆ្នោត ថ្មី ជាផ្លូវការ ចាប់ ពីខែ ឧសភា។ មន្ត្រី អង្គការ មិនមែន រដ្ឋាភិបាល ដែលឃ្លាំមើល ដំណើរការ បោះឆ្នោត យល់ឃើញ ថា, លទ្ធផល បោះឆ្នោត អាច នឹងមាន ផលអវិជ្ជមាន មិនខុស ពីអាណត្តិ មុនៗទេ ទោះ បី ជាមាន ថ្នាក់ដឹកនាំ គ.ជ.ប. ថ្មី ក៏ដោយ។
ថ្វី បើ សេចក្ដីសម្រេច របស់ គ.ជ.ប. កាលពីថ្ងៃសុក្រ ចុងសប្ដាហ៍ កន្លងទៅនេះ ធ្វើឲ្យ មជ្ឈដ្ឋានខ្លះ មិនពេញចិត្ត ក៏ដោយ ក៏ត្រូវ បានមន្ត្រី រៀបចំ ការបោះឆ្នោត យល់ឃើញ ថា, កិច្ចការ ចំពោះ មុខ នៅពេលនេះ គឺ គ.ជ.ប. នឹងអនុវត្ត ភារកិច្ច បន្តទៀត សម្រាប់ បម្រើ ឲ្យសេចក្ដី ត្រូវការ ជាចាំបាច់ ក្នុងក្របខ័ណ្ឌ ការបោះឆ្នោត ដែលធានា បាន នូវតម្លាភាព និងយុត្តិធម៌។
មន្ត្រី នាំពាក្យ របស់ គ.ជ.ប. លោក ហង្ស ពុទ្ធា ថ្លែងថា គ.ជ.ប. នឹងបន្តពិគ្រោះយោបល់ និងរៀបចំកិច្ចការបន្តទៀតសម្រាប់ត្រៀមរៀបចំចុះឈ្មោះបោះឆ្នោត និងបញ្ជីបោះឆ្នោតថ្មី ក្នុងការជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ ម្យ៉ាងវិញទៀត ក្រោយពីជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរង ដែល គ.ជ.ប សម្រេចរួចហើយនេះ ផែនការបន្ត គឺស្ថាប័នរៀបចំការបោះឆ្នោតមួយនេះ នឹងធ្វើសេចក្ដីព្រាងដើម្បីស្នើទៅព្រះមហាក្សត្រ សូមឲ្យព្រះអង្គឡាយព្រះហស្តលេខាទទួលស្គាល់អគ្គលេខាធិការ និងអគ្គលេខាធិការរង។ ក្រៅពីនេះទៀត គ.ជ.ប នឹងផ្តល់ភារកិច្ចសម្រាប់មុខតំណែងថ្មីនេះ ឲ្យទទួលខុសត្រូវលើអគ្គលេខាធិការដ្ឋានបន្តទៀតនៅតាមបណ្ដារាជធានី ខេត្ត និងក្រុង។ លោកបន្តថា «តាមមើលទៅមិនមានការប្រែប្រួលទេ ពីព្រោះ គ.ជ.ប បានត្រៀមលក្ខណៈរួចហើយ ហើយសម្ភារៈមួយចំនួនក៏បានទទួលរួចហើយដែរ។ ពាក់ព័ន្ធតាមខេត្តនីមួយៗមានលេខាធិការដ្ឋាន។ អ៊ីចឹងនៅពេលប្រតិបត្តិការ ត្រូវបង្កើតនូវគណៈកម្មការខេត្ត-រាជធានីរៀបចំការបោះឆ្នោត។»
កាលពីថ្ងៃទី១៥ មករា លោក ទេព នីថា ត្រូវបានសមាជិកនៃ គ.ជ.ប ផ្តល់សេចក្តីទុកចិត្តជាថ្មីម្តងទៀតឲ្យក្លាយជាបេក្ខភាពក្នុង អាណត្តិបន្ទាប់នៅពេលនេះ ក្នុងឋានៈជាអគ្គលេខាធិការនៃ គ.ជ.ប. ទទួលបន្ទុកផ្ទាល់នាយកដ្ឋានហិរញ្ញវត្ថុ និងនាយកដ្ឋានរដ្ឋបាល។
ក្រោយពីការផ្តល់សុពលភាពភ្លាម លោក រ៉ុង ឈុន ជាសមាជិកតែម្នាក់គត់របស់ស្ថាប័នរៀបចំការបោះឆ្នោតដែលបានជំទាស់ ចំពោះការដាក់បេក្ខភាព លោក ទេព នីថា ឲ្យកាន់តំណែងជាអគ្គលេខាធិការនៃ គ.ជ.ប សម្រាប់អាណត្តិថ្មីទៀតនេះ។ ការមិនពេញចិត្តរបស់ លោក រ៉ុង ឈុន ចំពោះបេក្ខភាពរបស់ លោក ទេព នីថា នេះ ស្របទៅនឹងការស្ទង់មតិរបស់បណ្ដាញផ្សព្វផ្សាយក្នុងស្រុកមួយចំនួន ជាពិសេសប្រព័ន្ធបណ្ដាញសង្គមហៅថា ហេ្វសប៊ុក (Facebook) បានរិះគន់ថា បេក្ខភាព លោក ទេព នីថា នេះ នឹងធ្វើឲ្យប៉ះពាល់ចំពោះភាពស្អាតស្អំនៃស្ថាប័ន គ.ជ.ប. ថ្មី។
ទាក់ទិនរឿងនេះ នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា អង្គការនិកហ្វិច (Nicfec) លោក សំ គន្ធាមី យល់ឃើញថា មន្ទិលសង្ស័យនេះនឹងធ្វើឲ្យស្ថាប័ន គ.ជ.ប ក្លាយជាស្ថាប័នដែលលែងផ្ដល់សេចក្ដីទុកចិត្តសម្រាប់ម្ចាស់ឆ្នោតត ទៅទៀត។ មិនតែប៉ុណ្ណោះ អាចធ្វើឲ្យមុខមាត់ គ.ជ.ប ថ្មីនេះ នឹងត្រូវរងការរិះគន់ដូចស្ថាប័នចាស់ ដែលទើបតែបានបញ្ចប់កំណែទម្រង់រួចកន្លងទៅនេះ។ លោក សំ គន្ធាមី បន្ថែមថា ការបាត់បង់ជំនឿចិត្តចំពោះបេក្ខភាពអគ្គលេខាធិការនៃ គ.ជ.ប តាំងពីដើមទីដូចនេះ នោះការបោះឆ្នោត នឹងរឹតតែធ្វើឲ្យប៉ះពាល់ដល់ភាពស្អាតស្អំ និងសុចរិតភាពរបស់ គ.ជ.ប ទៅថ្ងៃខាងមុខបន្ថែមទៀត។ លោកបន្តថា «បើសិនជាគាត់ទទួលការងារ ដដែលហ្នឹង នឹងប៉ះពាល់ដល់ស្ថាប័ន គ.ជ.ប ទាំងមូល ព្រោះអីអគ្គលេខាធិការហ្នឹងជាសេនាធិការរបស់ គ.ជ.ប.។»
បើទោះជាបែបណា គណបក្សកាន់អំណាចសាទរ លោក ទេព នីថា ដែលអាចបន្តគ្រប់គ្រងកៅអីរបស់ខ្លួនបានដដែល ទោះជា គ.ជ.ប មានក្បាលម៉ាស៊ីនដឹកនាំថ្មីក្ដី។ ផ្ទុយពីនេះ គណបក្សជំទាស់សម្ដែងការខកចិត្តចំពោះបេក្ខភាព លោក ទេព នីថា ដោយចាត់ទុកថា នឹងធ្វើឲ្យបាត់បង់ជំនឿចិត្តពីម្ចាស់ឆ្នោត។
គ.ជ.ប. នឹងចាប់ផ្ដើមចុះឈ្មោះបោះឆ្នោតជាផ្លូវការក្នុងការជ្រើសរើស សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់រៀបចំបញ្ជីបោះឆ្នោតថ្មី ប្រព្រឹត្តទៅរយៈពេល ៣ខែ ចាប់ពីខែឧសភា រហូតដល់ខែកក្កដា។
ប្រទេសកម្ពុជា មានឃុំ និងសង្កាត់ចំនួន ១.៦៣៣ឃុំ-សង្កាត់នៅទូទាំងប្រទេស៕
No comments:
Post a Comment