សង្គមស៊ីវិល និងបក្សនយោបាយ នឹងចូលប្រជុំ ពិគ្រោះយោបល់ សេចក្ដីព្រាង បទបញ្ជា និងនីតិវិធី ចុះឈ្មោះ បោះឆ្នោត
RFA / វិទ្យុ អាស៊ី សេរី | ២៣ មករា ២០១៦
អង្គការ សង្គមស៊ីវិល និងបក្ស នយោបាយ អះអាង ថា,
ពួកគេ បានត្រៀមខ្លួន ជាស្រេច ដើម្បី ចូលរួម ក្នុងកិច្ចប្រជុំ ពិគ្រោះ
យោបល់ លើសេចក្ដីព្រាង បទបញ្ជា
និងនីតិវិធី សម្រាប់ ការចុះឈ្មោះ បោះឆ្នោត
ដើម្បី រៀបចំ បញ្ជី ការបោះឆ្នោត ថ្មី នៅឆ្នាំ ២០១៦ នេះ។
គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត ស្វាគមន៍ ចំពោះ ការចូលរួមនេះ។
គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត ហៅកាត់ថា គ.ជ.ប.
ប្រកាស ថា នឹងរៀបចំ កិច្ចប្រជុំ ពិគ្រោះ យោបល់ ទៅលើសេចក្ដីព្រាងនេះ
នៅថ្ងៃ ទី២៨ មករា ដោយរំពឹង ថា នឹងមាន ការចូលរួម ពី តំណាង គណបក្ស នយោបាយ,
អង្គការ មិនមែនរដ្ឋាភិបាល, អង្គទូត, អ្នកជំនាញ ការបោះឆ្នោត របស់ជប៉ុន,
និងសហភាព អឺរ៉ុប។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍នៅថ្ងៃទី២៣ មករា ថា គណបក្សប្រឆាំង នឹងចូលរួមពិភាក្សានៅកិច្ចប្រជុំនោះ ប៉ុន្តែលោកថា រហូតមកទល់ពេលនេះ គណបក្សសង្គ្រោះជាតិ មិនទាន់ទទួលបានលិខិតអញ្ជើញជាផ្លូវការពី គ.ជ.ប. នៅឡើយ៖ «បើ ឃើញមានលិខិតអញ្ជើញយើងនឹងទៅចូលរួម ដើម្បីពិនិត្យមើលថាតើ នីតិវិធី និងបទបញ្ជាហ្នឹងយ៉ាងម៉េច គួរកែលម្អ ឬមានចំណុចខ្លាំងចំណុចខ្សោយកន្លែងណា ចូលរួមមតិ យោបល់ដើម្បីធ្វើម៉េច ជៀសវាងកុំឲ្យមានបញ្ហាក្នុងការចុះឈ្មោះបោះឆ្នោត។»
ស្រដៀងគ្នានេះ
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បញ្ជាក់ថា
គណបក្សមិនទាន់ទទួលបានព័ត៌មាន នៃអញ្ជើញចូលរួមនៅឡើយ។ យ៉ាងណា លោក សុខ
ឥសាន សាទរចំពោះ ការរៀបចំរបស់ គ.ជ.ប ឲ្យមានការចូលរួមពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធនេះ៖ «គ.ជ.ប. នេះធ្វើក៏ក្នុងលក្ខណៈមួយដែលមានការទទួលខុសត្រូវដែរ ចំពោះគណបក្ស ទាំង២ ក៏ដូចជាពលរដ្ឋទូទៅសុទ្ធតែឯកភាពធ្វើការរៀបចំ គ.ជ.ប
ថ្មីនេះហើយ បើថារៀបចំ ហើយ យើងមិនទុកចិត្តទេ ហ្នឹងវាពិបាកយល់ដែរ
យើងប្រគល់ការងារឲ្យគេ យើងត្រូវផ្ដល់ការទុកចិត្តឲ្យគេ។»
ក្រោយការបោះឆ្នោតជាតិនៅឆ្នាំ២០១៣
អ្នកឃ្លាំមើលការបោះឆ្នោតឯករាជ្យ និងគណបក្សប្រឆាំង បានចោទប្រកាន់ថា
មានភាពមិនប្រក្រតីជាច្រើនករណី ទាក់ទងនឹងបញ្ជីឈ្មោះអ្នក បោះឆ្នោត
ដែលធ្វើឲ្យពលរដ្ឋមួយចំនួនបាត់ឈ្មោះក្នុងពេលបោះឆ្នោត ខ្លះមាន
ឈ្មោះស្ទួន មិនអាចបោះឆ្នោតបានដោយសារមានអ្នកបោះរួចហើយ
ឬអ្នកខ្លះទៀតអាចចុះ ឈ្មោះលើស ពីមួយកន្លែងជាដើម។
បន្ទាប់ពីការតវ៉ាពីគណបក្សប្រឆាំងអស់រយៈពេញមួយឆ្នាំ គណបក្ស
ជាប់ឆ្នោតទាំងពីរសម្រេចកែទម្រង់ការបោះឆ្នោត ដោយរួមមាន
ការរៀបចុះឈ្មោះអ្នកបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ
ដោយមានផ្ដិតស្នាមមេដៃ ដើម្បីបញ្ចៀស ការលួចអត្តសញ្ញាណអ្នកដទៃ
ទៅបោះឆ្នោតជំនួស និង អោយមានភាព ងាយស្រួលក្នុងការត្រួតពិនិត្យ។
អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា ឲ្យដឹងថា គ.ជ.ប នឹងធ្វើលិខិតអញ្ជើញទៅកាន់ភាគី ពាក់ព័ន្ធចូលរួមពិគ្រោះយោបល់នៅដើមសប្ដាហ៍ក្រោយ។ លោកថា គ.ជ.ប ស្វាគមន៍ចំពោះ ការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់៖ «សេចក្ដី
ព្រាងគឺក្នុងគោលបំណងដើម្បីធ្វើឲ្យមានភាពល្អប្រសើរនៃការចុះ
ឈ្មោះតាម បែបអេឡិចត្រូនិច ដែលពុំធ្លាប់មានពីមុនមក
អ៊ីចឹងការចូលរួមរបស់ភាគីពាក់ ព័ន្ធពិតជាមានសារៈសំខាន់ណាស់ អ្វីដែល
គ.ជ.ប ចង់បង្ហាញនៅថ្ងៃទី២៨ ដែរនោះ គឺថាអនុសាសន៍មួយចំនួន គ.ជ.ប បានទទួលយកហើយ ក៏ប៉ុន្តែអនុសាសន៍មួយចំនួនក៏ គ.ជ.ប, នឹង ថ្លឹងថ្លែង ជជែកគ្នាបន្ថែមទៀត ដើម្បីដាក់បញ្ហាថា ទទួលយក ឬមិនទទួលយក។»
សេចក្ដីព្រាងបទបញ្ជា
និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត មានទាំងអស់៦ជំពូកនិង១
ឧបសម្ពន្ធ។ សេចក្ដីព្រាងនេះ
ចែងអំពីការគ្រប់គ្រងការចុះឈ្មោះបោះឆ្នោត
ការងារបណ្ដុះបណ្ដាលអប់រំអ្នកបោះឆ្នោត និងការងារព័ត៌មានសាធារណៈ
ពីការិយាល័យចុះឈ្មោះបោះ ឆ្នោត និងការិយាល័យបោះឆ្នោត
ពីដំណើរការចុះឈ្មោះបោះឆ្នោត ពីការដាក់ការទទួល និងដោះស្រាយបណ្ដឹង
ព្រមទាំងពីភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន។
លោក ហង្ស ពុទ្ធា អះអាងថា សេចក្ដីព្រាងនេះត្រូវបាន គ.ជ.ប. ផ្ញើទៅកាន់ភាគីពាក់ព័ន្ធផ្ដល់ យោបល់រួចហើយ ប៉ុន្តែមិនទាន់រៀបចំឲ្យមានការជួបប្រជុំពិគ្រោះយោបល់រួមគ្នាជាផ្លូវការ។
លោក ហង្ស ពុទ្ធា បញ្ជាក់ថា មុននឹង គ.ជ.ប. ទទួលយកអនុសាសន៍របស់ភាគីណាមួយ គ.ជ.ប, ត្រូវពិនិត្យលើគោលការណ៍៣យ៉ាង ទី១ ថាតើអនុសាសន៍នោះស្របនឹងច្បាប់បោះ ឆ្នោតដែរឬទេ? ទី២ ថាតើអនុសាសន៍នោះនឹងផ្ដល់ផលប្រយោជន៍ដល់ការបោះឆ្នោត យ៉ាងណាខ្លះ? ហើយទី៣ ថាតើអនុសាសន៍នោះ គ.ជ.ប អាចធ្វើតាមបានដែរឬទេ?
នាយកប្រតិបត្តិ គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីបោះឆ្នោតដោយសេរី ត្រឹមត្រូវ នៅកម្ពុជា ហៅកាត់ថា និកហ្វិច (NICFEC) លោក
សំ គន្ធាមី ឲ្យដឹងថា
អង្គការសង្គមស៊ីវិលធ្វើការពាក់ព័ន្ធការបោះឆ្នោត
នឹងជួបប្រជុំគ្នានៅថ្ងៃទី២៦ ដើម្បីប្រមូលអនុសាសន៍រួម
ដើម្បីដាក់ជូន គ.ជ.ប. ក្នុងថ្ងៃពិគ្រោះយោបល់នៅថ្ងៃទី២៨នោះ៖ «យើង
នឹងមើលឃើញចំណុចខ្វះខាត ហើយចំណុចណាដែលពាក់ព័ន្ធនឹងអង្គការ
សង្គមស៊ីវិលយើង យើងនឹងលើកឡើងពេលនោះ
ហើយយើងសុំឲ្យមានការកែប្រែយ៉ាងម៉េច
យើងនឹងលើកនៅពេលប្រជុំថ្ងៃទី២៨ តែម្ដង។»
ចំពោះការចុះឈ្មោះបោះឆ្នោតថ្មីដោយប្រព័ន្ធអេឡិចត្រូនិចនេះ គ.ជ.ប បានធ្វើការចុះឈ្មោះ បោះឆ្នោតសាកល្បងម្ដងរួចហើយកាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ដោយជ្រើសរើសឃុំ-សង្កាត់ ចំនួន២៥នៅទូទាំង២៥រាជធានី-ខេត្ត ដើម្បីចុះឈ្មោះ។ សម្រាប់ការចុះឈ្មោះបោះឆ្នោតផ្លូវការ គ.ជ.ប. គ្រោងនឹងរៀបចំធ្វើចំនួន៣ខែ គឺចាប់ពីខែឧសភា ដល់កក្កដា ឆ្នាំ២០១៦៕
No comments:
Post a Comment