Paris Peace Accords 23 Oct. 1991

Monday, January 25, 2016

បក្ស​ប្រឆាំង នឹង​អំពាវនាវ​ មិន​ ឲ្យ​ធ្វើ​ បាតុកម្ម​ ប្រឆាំង​លោក​ ហ៊ុន សែន នៅ​អាមេរិក​ នៅ​ខែ​ក្រោយ | Opposition party to request no demonstration against Hun Sen in US next month

បក្ស​ប្រឆាំង នឹង​អំពាវនាវ​ មិន​ ឲ្យ​ធ្វើ​ បាតុកម្ម​ ប្រឆាំង​លោក​ ហ៊ុន សែន នៅ​អាមេរិក​ នៅ​ខែ​ក្រោយ

RFI / ​​វិទ្យុ​​ បារាំង ​​អន្តរជាតិ  | ២៥ មករា ២០១៦

media 
គណបក្សសង្គ្រោះជាតិ និង មហាជនជួបជុំគ្នានៅថ្ងៃទិវាពលកម្មអន្តរជាតិ។RFI/ Siv Channa

លោក អេង ឆៃអ៊ាង មន្ត្រី​ជាន់​ខ្ពស់ ​គណបក្ស​ សង្រ្គោះ​ជាតិ​ បាន​ថ្លែង​ បញ្ជាក់​ប្រាប់​ វិទ្យុ​ បារាំង​ អន្តរជាតិ​ នៅ​ព្រឹកនេះ​ ថា,​   គណបក្ស​ ប្រឆាំង​ មិន​មាន​ គោលការណ៍ ដើម្បី​ ធ្វើ​បាតុកម្ម​ ប្រឆាំង​ លោក​ នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន គ្រា ដែល​លោក​ នាយករដ្ឋ​មន្ត្រី​ ទៅ​កាន់​ សហរដ្ឋ អាមេរិក​ នៅ​ខែ​ក្រោយ​ នោះ​ទេ។  ដើម្បី​ បញ្ជាក់​ កាន់​តែ ​ច្បាស់​ ពីជំហរ​ គណបក្ស នៅ​ល្ងាច​ ថ្ងៃ​ច័ន្ទ​នេះ,​ គណៈ​កម្មាធិការ​ អចិន្ត្រៃយ៍​ គណបក្ស​ សង្រ្គោះ​ជាតិ​ នឹង​ជួប​ប្រជុំ​គ្នា ​ដើម្បី ពិភាក្សា​ អំពី​ ការ​ចេញ​ សេចក្តី​ អំពាវនាវ​ ផ្លូវ​ការ​ ទៅ​ដល់​សកម្មជន​ និងអ្នក​គាំទ្រ ​របស់​ខ្លួន​ មិន​ ឲ្យ​ធ្វើ​ បាតុកម្ម​ ប្រឆាំង​ លោក​ ហ៊ុន សែន នៅ​អាមេរិក​។

ការ​ថ្លែង​ បញ្ជាក់ ​របស់​លោក ​អេង ឆៃអ៊ាង ដែល​ជា តំណាងរាស្រ្ត​ គណបក្ស​ សង្រ្គោះ​ជាតិ​ នៅ​ពេល​នេះ​ គឺ​ បាន​ធ្វើ​ឡើង​ បន្ទាប់​ ពី​សកម្មជន​ គណបក្ស​ សង្រ្គោះ​ជាតិ ​ម្នាក់ ​នៅ​ក្នុង​ រដ្ឋ​កា​លី​ហ្វរ​ញ៉ា​ សហរដ្ឋ អាមេរិក បាន​ចូល​ទៅ​ ប្រកាស ​នៅ​លើ​ទំព័រ​ ហ្វេស​ប៊ុក​ របស់​លោក​ នាយករដ្ឋមន្រ្តី​ ហ៊ុន សែន នៅ​ថ្ងៃ​ ទី​២៥ មករា ថា, ពលរដ្ឋ​ ខ្មែរ​-អាមេរិកាំង​ បាន​រៀប​ចំ​ បាតុកម្ម​ អហិង្សា​ សម្រាប់​ ទទួល​ ស្វាគមន៍​ ប្រមុខ ​រដ្ឋាភិបាល​ កម្ពុជា ពេល ​ដែល​លោក ​ធ្វើ​ដំណើរ​ ទៅ​ដល់​ សហរដ្ឋ អាមេរិក​ នៅ​ខែ​ក្រោយ​។  

ភ្លាមៗ លោក​ ហ៊ុន សែន បាន​ឆ្លើយ​តប​វិញ​ថា ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​បើ​មាន​ប្រយោជន៏ ក៏​ធ្វើ​តាម​ចិត្តចុះ ព្រោះ​វា​ជា​មុខ​ជំនាញ​របស់​ពួក​ក្មួយ(សកម្មជន​គណបក្ស ​សង្រ្គោះ​ជាតិ​)ទៅ​ហើយ​។ ជា​មួយ​គ្នា​នេះ ​លោក​ហ៊ុន សែន បាន​ផ្តាំ​ទៅ​សកម្មជន​នោះ​ឲ្យ​ប្រាប់​ទៅ​មេ​ដឹក​នាំ​របស់​​ខ្លួន​ទាំង​ក្នុង ​ និង ក្រៅ​ប្រទេស​ថា​ ត្រូវ​ទទួល​ស្គាល់​សិទ្ធិ​បាតុកម្ម​របស់​អ្នក​គាំទ្រ​របស់​លោក​ប្រឆាំង​មេ​ ដឹក​នាំ​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​ផង​ដែរ​។

គួរ​រំលឹក​ថា កាល​ពី​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​សហរដ្ឋអាមេរិក​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោកហ៊ុន សែន ធ្លាប់​ត្រូវ​បាន​ពល​រដ្ឋ​ខែ្មរ​អាមេកាំង​មួយ​ចំនួន​បាន​ធ្វើ​បាតុកម្ម​ ប្រឆាំង​រូប​លោក​នៅ​ទី​នោះ។ លោក​ហ៊ុន សែន បាន​បញ្ជាក់​ថា មេ​ដឹក​នាំ​បក្ស​ប្រឆាំង​បាន​បដិសេដ​មិន​ពាក់​ពន្ធ័​ ជាមួយ​​​​បាតុកម្ម​នេះ ​នោះ​ទេ តែ​របាយការណ៏​ហិរញ្ញវត្ថុ​របស់​បក្ស​ប្រឆាំង​នៅ​រដ្ឋ​មួយ​បាន​បង្ហាញ​ថា​ បាន​ចំណាយ​ធ្វើ​បាតុកម្ម​នេះ។

ដោយ​ឡែក​កាល​ពី​អំឡុង​ខែ​តុលា ឆ្នាំ២០១៥កន្លង​ទៅ នៅ​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​បារាំង​វិញ​ម្តង លោក​ហ៊ុន សែន ក៏​ត្រូវ​បាន​ពល​រដ្ឋ​ខ្មែរ​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​មួយ​ចំនួន​នៅ​ទីនោះ​ បាន​ប្រមូល​ផ្តុំ​គ្នា ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​រូប​លោក​ដូច​គ្នា​ដែរ​។

ក៏​ប៉ុន្តែ​ក្រោយ​មួយ​ថ្ងៃ ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ បាន​ធ្វើ​បាតុកម្ម​សង​សឹក​វិញ ដោយ​តវ៉ា​សុំ​ទម្លាក់​លោក​កឹម សុខា អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ចេញ​ពី​តំណែង​ជា​អនុប្រធាន​ទី​១ នៃ​រដ្ឋ​សភា។ នៅ​ក្នុង​ថ្ងៃ​បាតុកម្ម​ដដែល​នោះ ​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​ពីរ​រូប ក៏​ត្រូវ​បាន​ក្រុម​បាតុករ​វាយ​ដំ​យ៉ាង​ធ្ងន់​ធ្ងរ​ថែម​ទៀត​។

បាតុ​កម្ម​ប្រឆាំង​លោក​ហ៊ុន សែន​ទាំង​ពីរ​លើក​នៅ​ឯ​ក្រៅ​ប្រទេស ត្រូវ​បាន​លោក​អេង ឆៃអ៊ាង អះ​អាង​ថា គណបក្ស​សង្រ្គោះ​ជាតិ មិន​បាន​គាំទ្រ​ឲ្យ​ធ្វើ​នោះ​ទេ គឺ ពួក​គេ​រៀប​ចំ​ធ្វើឡើង​ដោយ​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។​

ទោះ​ជា​យ៉ាង​ណា មន្រ្តី​ជាន់​ខ្ពស់​រូប​នេះ បាន​គូស​បញ្ជាក់​ថា ចំពោះ        ​ដំ​ណើរ​​​ទស្សនកិច្ច​របស់​លោក​ហ៊ុន សែន ទៅ​កាន់​សហរដ្ឋអាមេរិក​លើក​នេះ គណបក្ស​ប្រឆាំង​​អាច​នឹង​ធ្វើ​សេចក្តី​ប្រកាស​ផ្លូវការ​ដល់​សកម្ម​ជន​ និង​ អ្នក​គាំទ្រ​របស់​ខ្លួន ដើម្បី​បង្ហាញ​ពី​ការ​មិន​គាំទ្រ​ដល់​ការ​ធ្វើ​បាតុកម្ម​ណា​មួយ​ប្រឆាំង​លោក ​នាយរដ្ឋមន្ត្រី ហ៊ុន សែន នៅ​អាមេរិក​៕


No comments:

Post a Comment