តំណាង សហគមន៍ ខេត្ត រតនគិរី ថា រងការ គំរាមសម្លាប់ បន្ទាប់ ពីប្ដឹងមន្ត្រី ប៉ូលិសព្រំដែន
RFA / វិទ្យុ អាស៊ី សេរី | ៩ មករា ២០១៦
តំណាង សហគមន៍ ការពារ ព្រៃឈើ ភូមិ តាំងលោម ស្រុក អណ្ដូងមាស ខេត្ត រតនគិរី លោក ក្លាន ពេវ អះអាង ថា បានរង ការគំរាមសម្លាប់ បន្ទាប់ ពីលោក បានដាក់ ពាក្យប្ដឹង មន្ត្រី ប៉ូលិស ប៉ុស្តិ៍ ការពារព្រំដែន ផាតាម ពីរនាក់ និងអ្នក ភូមិម្នាក់ ក្នុងបទ បណ្តែតបណ្តោយ និងឃុបឃិត ឲ្យឈ្មួញ វៀតណាម នាំកម្មករ ឆ្លងដែន មកកាប់ឈើ ក្នុងដីខ្មែរ។
លោក បញ្ជាក់ថា, អ្នកភូមិម្នាក់ ដែលរស់នៅ ជិតផ្ទះគ្នា កាន់កាំបិត មកផ្ទះលោក, ហើយ គំរាមសម្លាប់លោក ដោយសារ តែ លោក បានដាក់ ពាក្យប្ដឹង អ្នកភូមិ នោះ ថា ជាអ្នក នាំផ្លូវ ឈ្មួញ វៀតណាម ឲ្យចូល កាប់ឈើ ក្នុងព្រៃ អភិរក្ស៖ «គេ កាន់កាំបិត ទៅផ្ទះខ្ញុំ។ គេ សួរថា ប៉ាឯង ទៅណា? គេ ចង់រកអ្នកណា ផុសហ្នឹង។ អ្នកណាហ្នឹង បើ ខ្ញុំ ដឹងគេ ផុសខ្ញុំ កាប់ចោល។ ខ្ញុំ ទៅអាដហុក (ADHOC)។ ខ្ញុំ ចង់ឲ្យគេ ជួយទប់ស្កាត់ ការពារ រឿងឈើ។ ខ្ញុំ ព្រួយបារម្ភ អស់ឈើ ហើយ។»
កាលពីថ្ងៃទី៦ ខែមករា តំណាងសហគមន៍តាំងលោម មានគ្នាបីនាក់ បាននាំយកពាក្យប្ដឹងចំនួនពីរច្បាប់ មានស្នាមមេដៃប្រជាពលរដ្ឋជាង ១០០នាក់ ដាក់ជូនការិយាល័យការពារសិទ្ធិមនុស្សមួយច្បាប់ និងសុំឲ្យមន្ត្រីសិទ្ធិមនុស្សនេះ អន្តរាគមន៍ពាក្យប្ដឹងមួយច្បាប់ទៀតទៅស្នងការប៉ូលិសខេត្ត ក្នុងរឿងចោទនាយនគរបាលប៉ុស្តិ៍ការពារព្រំដែនផាតាម គឺលោក ទូច ហ៊ីង និងតម្រួតការពារព្រំដែនជាមួយគ្នាម្នាក់ទៀតមានឈ្មោះ ថង ថាបានអនុញ្ញាតឲ្យឈ្មួញវៀតណាម ដឹកជញ្ជូនកម្មករឆ្លងដែនខុសច្បាប់ចូលកាប់ឈើក្នុងដីខ្មែរ។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី មានប្រសាសន៍បញ្ជាក់ថា លោកបានទទួលព័ត៌មានស្ដីពីការគំរាមសម្លាប់សកម្មជនការពារព្រៃឈើនេះ តាមទូរស័ព្ទ កាលពីថ្ងៃទី៩ ខែមករា។ នៅថ្ងៃច័ន្ទ សប្ដាហ៍ក្រោយ លោកនឹងអន្តរាគមន៍ពាក្យប្ដឹងពាក់ព័ន្ធករណីចោទប្រកាន់របស់អ្នកភូមិ និងករណីគំរាមសម្លាប់នេះទៅស្នងការប៉ូលិសខេត្ត ដើម្បីស៊ើបអង្កេត៕
No comments:
Post a Comment