កូនប្រុស ច្បង លោកនាយករដ្ឋមន្ត្រី កម្ពុជា ការពារ ការបោះបង្គោល ព្រំដែន ជាមួយ ប្រទេស វៀតណាម
លោក ហ៊ុន ម៉ាណែត
កូនប្រុស ច្បង របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន
បានថ្លែង ការពារ ការបោះ បង្គោលព្រំដែន ជាមួយ ប្រទេស វៀតណាម ដោយរាជរដ្ឋាភិបាល កម្ពុជា។
រូបឯកសារ៖
លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត
កូនប្រុសបង្កើតរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន
និងជានាយរងសេនាធិការចម្រុះ មេបញ្ជាការរងកងទ័ពជើងគោក
ចូលរួមនៅក្នុងលំហាត់សមយុទ្ធ«ឆ្មាំអង្គរ២០១៤»
ជាមួយយោធាសហរដ្ឋអាមេរិក
នៅមេបញ្ជាការដ្ឋានរថពាសដែកនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២១
ខែមេសា ឆ្នាំ២០១៤។
VOA / វីអូអេ | ៣១ ធ្នូ ២០១៥
ភ្នំពេញ—លោក ហ៊ុន ម៉ាណែត កូនប្រុស ច្បង របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង ការពារ ការបោះ បង្គោលព្រំដែន ជាមួយ ប្រទេស វៀតណាម ដោយរាជរដ្ឋាភិបាល កម្ពុជា។ ការថ្លែង បែបនេះ បានធ្វើឡើង ដោយឈរ លើមូលដ្ឋាន ច្បាប់ និងប្រកប ដោយតម្លាភាព។ នេះ បើ យោងទៅតាម ឃ្លីបវីដេអូ មួយ ដែលបាន បង្ហោះ លើទំព័រ ហ្វេសប៊ុក របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធ នេះ។
ឃ្លីបវីដេអូលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន បង្ហាញពីកូនប្រុសច្បងរបស់លោក បកស្រាយពីបញ្ហាបូរណភាពទឹកដីនេះ កើតមានបន្ទាប់ពីមានការចេញផ្សាយរបាយការណ៍ក្នុងស្រុកមួយចំនួនថា កងអង្គភាពទ័ពវៀតណាមមួយ កំពុងក្ដោបក្ដាប់ដែនដីកម្ពុជាចំនួន៤០០០០ហិកតា នៅក្នុងខេត្តរតនគិរីជាប់ព្រំប្រទល់វៀតណាម តាមរូបភាពដីសម្បទានសេដ្ឋកិច្ច ដែលរដ្ឋាភិបាលកម្ពុជា បានផ្ដល់ជូន។
នៅក្នុងឃ្លីបវីដេអូនោះ លោកនាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត និងជានាយរងសេនាធិការចម្រុះ មេបញ្ជាការរងកងទ័ពជើងគោក បានថ្លែងទៅអ្នកស្ដាប់នៅក្នុងប្រទេសបារាំងថា ឪពុករបស់លោក គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពុះពារក្នុងការការពារព្រំដែនកម្ពុជាជាមួយប្រទេសក្បែរខាង រួមមានប្រទេសវៀតណាម ដោយឈរលើមូលដ្ឋានច្បាប់ ក្នុងការបោះបង្គោលព្រំដែន។
លោកថ្លែងបញ្ជាក់ថា ឪពុកលោក មិនមានបំណងបង្កើតកំហុសណាមួយ ទាក់ទិនបញ្ហាព្រំដែននេះទេ ហើយក៏មិនមានបំណងឲ្យកូនខ្មែរជំនាន់ក្រោយបង្កទំនាស់ជាមួយគ្នា ដោយសារបញ្ហាព្រំដែននេះដែរ។
«អត់មានពីណាចង់ឲ្យគិតថា ខ្លួនចាំរាប់រយឆ្នាំ កូនចៅក្រោយថា ហ៊ឺអ្នកធ្វើឲ្យបាត់ដីខ្មែរ អត់ទេ។ អញ្ចឹង យើងមានបញ្ហាចោទសួរ។ ទីមួយ ទុកកុំប៉ះពាល់ កុំនិយាយ ទុកឲ្យកូនចៅជំនាន់ក្រោយធ្វើម៉េច ធ្វើទៅ បន្សល់ទុក តជំនាន់ទៀត នៅតែឈ្លោះគ្នាដូចឈូងសមុទ្រភាគខាងត្បូងចិន ហើយនឹងនេះ នៅឈ្លោះគ្នារាល់ថ្ងៃហ្នឹង ឬមួយក៏ដោះឲ្យចប់កុំឲ្យកូនចៅក្រោយពិបាក ហើយដោះដោយការទទួលខុសត្រូវ។»
លោកឲ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ធ្វើការបោះបង្គោលព្រំដែនជាមួយប្រទេសក្បែរខាងកន្លងមក ប្រកបដោយតម្លាភាព និងគ្មានការលាក់លៀម ហើយចុងក្រោយនេះ ការផ្ទៀងផ្ទាត់ផែនទី ដែលកម្ពុជា បានប្រើជាមួយវៀតណាម ក៏ត្រូវបានផ្សព្វផ្សាយឲ្យដឹងជាសាធារណៈ។
«អញ្ចឹង យើងចរចា កន្លែងខ្លះយើង នៅចរចា អត់បញ្ចេញសន្លឹកបៀ ឲ្យដៃគូទេ រួចដល់ពេលចរចាហើយ យើងនឹងលាតសន្ធឹងហើយ ព្រោះបោះព្រំប្រទល់ បោះបង្គោលនៅលើ ព្រំដែនហ្នឹង ទៅមុខទៀត ពេលដែលយើងចរចាហើយ ប្រជាពលរដ្ឋ អាចទៅមើល ព្រោះអត់មានលាក់ក្នុងកេសតុទេ ពេលហ្នឹងគឺវា transparent ហើយ វាតម្លាភាពហើយលាក់ទៅណារួច។ ហើយបើសិនជាខុស គឺប្រជាជនថ្កោលទោសពេលហ្នឹងហើយ គ្រាន់តែពេលនេះ កន្លែងខ្លះយើងនៅដំណាក់កាលចរចា ដូចយើងលេងបៀអញ្ចឹង។ រឿងតែប៉ុណ្ណឹង។»
លោក ហ៊ុន ម៉ាណែត ថ្លែងបន្តថា ការលាក់លៀម អាចធ្វើទៅបានតែជាមួយភាគី ដែលរាជរដ្ឋាភិបាលកម្ពុជាចរចាជាមួយ តែរាជរដ្ឋាភិបាលកម្ពុជា មិនបានលាក់លៀមពលរដ្ឋខ្លួនឯងនោះទេ។ លោក ពន្យល់យ៉ាងដូច្នេះថា៖
«ព្រោះ ជួនកាល បងប្អូនខ្លះ គិតថា, អ្ហេ បើ ច្បាស់លាស់ អញ្ចឹង, ម៉េច មិនព្រម បង្ហាញគេ នៅលាក់លៀមៗ, វា មិនមែន លាក់លៀម គ្នាយើង ទេ។ យើង លាក់លៀម តែ ភាគី ម្ខាងទៀត ដែលគេ ចរចា ដើម្បី ការពារ ដីគេដែរ, ព្រោះ កុំ ភ្លេចព្រំដែន, ព្រំដែន ការពារ ផលប្រយោ ជន៍ប្រទេស ទាំងសងខាង, មិនឲ្យយើង លូកទៅដីគេ, មិនឲ្យគេ លូកមក ដីយើង។ រឿងតែ ប៉ុណ្ណឹង។»
ព្រឹត្តិបត្រព័ត៌មានក្នុងស្រុក The Cambodia Daily ចេញផ្សាយកាលពីសប្ដាហ៍មុន ឲ្យដឹងថា កងពល១៥ ជាសាខានៃកងទ័ពប្រជាជនវៀតណាម បានគ្រប់គ្រងដីនៃខេត្តរតនគិរី ទំហំ៣៩៥៨៤ហិកតា ជាទំហំដី ដែលធំជាងខេត្តកែបទៅទៀត។
ការគ្រប់គ្រងដីនៃខេត្តរតនគិរីដោយកងពល១៥នេះ កើតមាន «បន្ទាប់ ពីការ លក់ដូរ និងការ ផ្ទេរកម្មសិទ្ធិ ដីធ្លី» រវាង ក្រុមហ៊ុនកសិឧស្សាហកម្មចំនួន៤ ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចដាច់ដោយឡែកពីគ្នាពីរាជរដ្ឋាភិបាល កម្ពុជា។
លោក យឹម សុវណ្ណ អ្នកនាំពាក្យនៃគណបក្សសង្គ្រោះជាតិ ថ្លែងប្រាប់ VOA ថា គណបក្សសង្គ្រោះជាតិ មិនអាចទទួលយកបានទាំងស្រុងទេ ចំពោះការបោះបង្គោលព្រំដែនជាមួយភាគីវៀតណាម ដោយហេតុតែមានសេចក្ដីរាយការណ៍ដោយផ្ទាល់ពីប្រជាពលរដ្ឋ រស់នៅតាមខ្សែបន្ទាត់ព្រំដែនមកថា ការបោះបង្គោលព្រំដែនមួយចំនួន ត្រូវបានធ្វើឡើងក្នុងសភាពមិនច្បាស់លាស់។
លោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ ក៏នៅមិនទាន់ទទួលស្គាល់ការផ្ទៀងផ្ទាត់ផែនទីដែលត្រូវបានធ្វើឡើង កាលពីពេលកន្លងទៅនោះដែរ។
«ជំហរ គណបក្សសង្គ្រោះជាតិ យើងមិនទាន់បញ្ជាក់ថា តើផែនទីនោះត្រឹមត្រូវ ឬមិនត្រឹមត្រូវទេ។ យើង គ្រាន់តែពិនិត្យមើល ធ្វើម៉េចឲ្យរដ្ឋាភិបាលហ្នឹង គឺនៅពេលណាមានការបោះបង្គោលព្រំដែន បោះអីហ្នឹង ឲ្យមានភាគីច្រើនចូលរួមគ្នាដើម្បីជួយត្រួតពិនិត្យគ្នាទៅ។»
ទាក់ទិននឹងបញ្ហាព្រំដែនកម្ពុជា វៀតណាមនេះ តុលាការក្រុងភ្នំពេញ បានបញ្ជាឲ្យឃុំខ្លួនលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភានៃគណបក្ស សម រង្ស៊ីពីបទ«ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារក្លែងក្លាយ និងញុះញង់» កាលពីខែសីហាកន្លងទៅនេះ។
ការសម្រេចឃុំខ្លួនសមាជិកព្រឹទ្ធសភាកាន់សញ្ជាតិបារាំងនិងខ្មែរ នេះ គឺធ្វើឡើង ក្រោយពីលោក បានបង្ហោះកិច្ចព្រមព្រៀងនាឆ្នាំ១៩៧៩ទៅលើទំព័រហ្វេសប៊ុក ដែលក្នុងនោះលោក បង្ហាញថា វៀតណាមចូលក្នុងទឹកដីកម្ពុជា ច្រើនជាងកម្ពុជាចូលទៅវៀតណាម។
លោក ហុង សុខហួរ ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំឯកសារ និងប្រើឯកសារក្លែងក្លាយ។
លោក ហ៊ុន ម៉ាណែត បានបញ្ចប់ការសិក្សានៅសាលានាយទាហានជាន់ខ្ពស់ West Point ដ៏ល្បីល្បាញ នៅ ស.រ.អ. កាលពីឆ្នាំ១៩៩៩ ហើយមកទល់នឹងពេលនេះ លោក ក៏មានតួនាទីជា មេបញ្ជាការអង្គភាពប្រឆាំងអំពើភេរវកម្ម និងជាមេបញ្ជាការរងនៃកងអង្គរក្សរបស់ឪពុកលោកផងដែរ៕
No comments:
Post a Comment