Paris Peace Accords 23 Oct. 1991

Wednesday, January 20, 2016

[Vietnamization] សហគមន៍ ​ព្រៃ​ឡង់ ​ខេត្ត​ កំពង់ធំ​ ស្នើ​រដ្ឋាភិបាល​ ទប់ស្កាត់​ បទល្មើស ​ព្រៃ​ឈើ | Prey Lang community requests govt crackdown on illegal logging


សហគមន៍ ​ព្រៃ​ឡង់ ​ខេត្ត​ កំពង់ធំ​ ស្នើ​រដ្ឋាភិបាល​ ទប់ស្កាត់​ បទល្មើស ​ព្រៃ​ឈើ

RFA / វិទ្យុ អាស៊ី សេរី | ១៩ មករា ២០១៦
 
ដើម​ឈើ​ព្រៃ​ឡង់ ៨៥៥
ដើម​ឈើ​ក្នុង​ដី​បម្រុង​សម្បទាន​សង្គមកិច្ច​ក្នុង​តំបន់​ព្រៃ​ឡង់ ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៥ / RFA/Brach Chev

ប្រជា​សហគមន៍​ ព្រៃ​ឡង់​ នៅ​ខេត្ត​ កំពង់ធំ លើក​ឡើង​ ថា, ការ​ចាត់ ​វិធានការ​ បង្ក្រាប​ឈើ​ ឆ្លង​ដែន​ ទៅ​ប្រទេស ​វៀតណាម គឺ ​ជា​រឿង​ល្អ​មួយ, ប៉ុន្តែ ​ពួក​គេ​ យល់​ថា, ប្រសិន​បើ​ អាជ្ញាធរ ឬ​រាជ​រដ្ឋាភិបាល ដាក់​វិធានការ​ ទប់ស្កាត់​ ការ​កាប់​បំផ្លាញ ​ព្រៃ​ឈើ​ នៅ​តំបន់​ ព្រៃ​ឡង់​ ទាំង​មូល​នោះ រឹត​តែ​ ប្រសើរ ​ថែម​ទៀត ព្រោះ ​វា​ អាច​ការពារ​ ឈើ​ មិន ​ឲ្យ​ដាច់ ​ពី​គល់​បាន។  បញ្ហា​នេះ អាជ្ញាធរ​ យល់​ថា, ប្រសិន​បើ ​ទប់ស្កាត់ ​អ្នក​ទិញ​បាន បទល្មើស ​ចូល​កាប់​ឈើ​ នៅ​ក្នុង​ព្រៃ នឹង​ថយ​ចុះ​ មិន​ខាន​ឡើយ។


ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​នៅ​ខេត្ត​កំពង់ធំ សាទរ​ក្រោយ​ទទួល​ដំណឹង​ថា នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​បង្កើត​គណៈកម្មការ​មួយ​ក្រុម ដើម្បី​ទប់ស្កាត់​បទល្មើស​ឈើ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម។ ពួក​គេ​ចង់​ឲ្យ​នាយក​រដ្ឋមន្ត្រី ចាត់​វិធានការ​មក​អាជ្ញាធរ​ខេត្ត​កំពង់ធំ ដើម្បី​ទប់ស្កាត់​បទល្មើស​កាប់​បំផ្លាញ​ឈើ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ ព្រៃ​ឡង់ ដែល​កំពុង​កើត​មាន​យ៉ាង​អនាធិបតេយ្យ។

បន្ថែម​ពី​នេះ ប្រជា​សហគមន៍​អះអាង​ថា ប្រសិន​បើ​រាជ​រដ្ឋាភិបាល​អាច​ចាត់​វិធានការ​លើ​ជន​មាន​អំណាច​ដែល​នៅ​ពី​ ក្រោយ​ខ្នង​អ្នក​ចូល​ទៅ​កាប់​ឈើ​បាន​នោះ គឺ​រឹត​តែ​ប្រសើរ​ថែម​ទៀត។

បណ្ដាញ​ស្នូល​ព្រៃ​ឡង់​នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ លោក ជុំ យីន មាន​ប្រសាសន៍​ថា បទល្មើស​កាប់​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​នៅ​តែ​កើត​មាន​ឡើង ដែល​ធ្វើ​ឲ្យ​លោក​មាន​ក្តី​បារម្ភ។ លោក​សាទរ​ចំពោះ​វិធានការ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការ​បង្ក្រាប​បទល្មើស​ឈើ​ឆ្លង​ដែន ប៉ុន្តែ​លោក​ថា ឈើ​ទាំង​នោះ​បាន​ដាច់​ពី​គល់​ទៅ​ហើយ ប្រសិន​បើ​អាជ្ញាធរ​បញ្ជូន​កម្លាំង​មក​ទប់ស្កាត់​នៅ​ក្នុង​ព្រៃ​ផ្ទាល់​តែ​ ម្តង គឺ​អាច​រក្សា​ព្រៃ​ឈើ​ឲ្យ​នៅ​គង់វង្ស​បាន៖ «ចុះ​ប្រសិន​បើ​មាន​តែ​ អនុសាសន៍ ឬ​បទបញ្ជា មន្ត្រី​ក្រោម​ឱវាទ​របស់​គាត់​អត់​មាន​បញ្ជា​ផ្ទាល់ ឬ​អត់​អនុវត្ត​ផ្ទាល់ នោះ​បទល្មើស​ព្រៃ​ឈើ​នៅ​តែ​មាន​ការ​កើន​ឡើង។»

កាល​ពី​ថ្ងៃ​ទី​១៥ មករា រាជ​រដ្ឋាភិបាល​បាន​សម្រេច​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ដែល​មាន​សមាសភាព​មក​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ។ ប្រធាន​គណៈកម្មាធិការ​នេះ គឺ​លោក សៅ សុខា ជា​អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អនុប្រធាន​គណៈកម្មាធិការ គឺ​លោក ហ៊ូ សាគុណ ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ។ ស្រប​គ្នា​នេះ មាន​តំណាង​ក្រសួង​កសិកម្ម ក្រសួង​បរិស្ថាន និង​អភិបាល​ខេត្ត​ចំនួន​៦ ជា​សមាជិក ក្នុង​នោះ​រួម​មាន អភិបាល​ខេត្ត​ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ខេត្ត​កំពង់ចាម។

គណៈកម្មាធិការ​នេះ មាន​ភារកិច្ច​សំខាន់ៗ​មួយ​ចំនួន​ដូចជា ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​កាប់​ឈើ ការ​នាំ​ចេញ​ឈើ​ដោយ​ខុស​ច្បាប់ និង​បទល្មើស​ព្រៃ​ឈើ​ផ្សេងៗ​នៅ​ភាគ​ឦសាន​នៃ​ប្រទេស ហើយ​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​កាប់ និង​ចរាចរ​ឈើ​ដោយ​ខុស​ច្បាប់។ បន្ថែម​ពី​នេះ ត្រូវ​ចាប់​ជនល្មើស និង​វត្ថុ​តាង ដើម្បី​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ និង​សហការ​ជាមួយ​ភាគី​វៀតណាម និង​ឡាវ ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព។

ទាក់ទង​ការ​លើក​ឡើង​របស់​ប្រជា​សហគមន៍ អភិបាល​ស្រុក​សណ្ដាន់ លោក អ៊ុន បុត្ត មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​អាជ្ញាធរ​ខេត្ត​នេះ​មិន​មែន​ជា​សមាជិក​ក្នុង​គណៈកម្មាធិការ​ ចម្រុះ​នោះ​ក៏ដោយ ប៉ុន្តែ​សកម្មភាព​បង្ក្រាប​របស់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ គឺ​មាន​ជា​ប្រចាំ។ បន្ថែម​ពី​នេះ លោក​ថា ឈើ​ដែល​នៅ​សេសសល់​ក្នុង​តំបន់​ព្រៃ​ឡង់​នៅ​ខេត្ត​មួយ​នេះ មិន​មែន​ជា​ប្រភេទ​ឈើ​ប្រណីត ដែល​អាច​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ឡើយ ប៉ុន្តែ​វា​ជា​ប្រភេទ​ឈើ​សម្រាប់​ប្រើប្រាស់​ក្នុង​ស្រុក​ប៉ុណ្ណោះ៖ «កិច្ច​ការងារ​នេះ គឺ​យើង​មិន​ធ្វេសប្រហែស ហើយ​យើង​ក៏​មិន​ភ្លេចភ្លាំង​ដែរ គឺ​យើង​បាន​អនុវត្ត​ជា​ប្រចាំ។»

លោក​មាន​ជំនឿ​ថា ប្រសិន​រាជ​រដ្ឋាភិបាល​អាច​ទប់ស្កាត់​ប្រភព​អ្នក​ទិញ​ឈើ​បាន បទល្មើស​នៅ​ក្នុង​ព្រៃ​ប្រាកដ​ជា​ថយ​ចុះ​មិន​ខាន។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​សម្រប​សម្រួល​បណ្ដាញ​ស្នូល​ព្រៃ​ឡង់​ទាំង ៤​ខេត្ត លោក សេង សុខហេង ពេញ​ចិត្ត​ចំពោះ​ចំណាត់​ការ​របស់​រាជ​រដ្ឋាភិបាល​ពេល​នេះ បើ​ទោះ​បី​ជា​វា​ហួស​ពេល​បន្តិច​ទៅ​ហើយ​ក្តី។ លោក​យល់​ថា ដើម្បី​ឲ្យ​ការងារ​របស់​រាជ​រដ្ឋាភិបាល​មាន​ប្រសិទ្ធភាព​ជាង​នេះ ជាពិសេស​មន្ត្រី​ពាក់ព័ន្ធ ត្រូវ​អនុវត្ត​នៅ​តាម​តំបន់​ព្រៃ​ជាក់ស្តែង​តែ​ម្តង។ លោក​បន្ត​ថា ការងារ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ និង​អ្នក​រក​ស៊ី​ឈើ​ឆ្លង​ដែន គឺ​ត្រូវ​ធ្វើ​ឡើង​ជា​ប្រចាំ ហើយ​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​អនុវត្ត​តាម​តួនាទី​របស់​ខ្លួន ដោយ​មិន​ចាំបាច់​ទាល់​តែ​មាន​នាយក​រដ្ឋមន្ត្រី​ដាក់​បទ​បញ្ជា​នោះ​ទេ៖ «ហើយ ​ប្រសិន​បើ​ចេញ​មក​ហើយ ធ្វើ​តែ​មួយ​ប្រាវ​នោះ ដោយ​គ្រាន់​តែ​ធ្វើ​អារ​ក​ស្វា គំរាម​សត្វ​ពពែ ខ្ញុំ​គិត​ថា​វា​មិន​មាន​ប្រសិទ្ធភាព​ទេ។»

គណៈកម្មាធិការ​ចម្រុះ​នេះ​ហាក់​មាន​ឥទ្ធិពល​ណាស់ គ្រាន់​តែ​បង្កើត​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ រួម​ទាំង​មន្ត្រី​តុលាការ ចុះ​ចាត់​វិធានការ​បទល្មើស​រត់​ពន្ធ​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម ជា​ហូរហែ រហូត​ហ៊ុមព័ទ្ធ​ឃ្លាំង​ឈើ​ប្រណីត​ធំៗ​របស់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ឧកញ៉ា ខ្នា នៅ​ឃុំ​ដារ ស្រុក​មេមត់ ភ្លាមៗ ដោយ​រក​ឃើញ​កំណាត់​ឈើ​ប្រណីត​រាប់​ពាន់​ដុំ និង​រាប់​រយ​ដើម ស្រប​ពេល​កន្លង​មក គ្មាន​នរណា​ម្នាក់​ហ៊ាន​ប៉ះពាល់​ឡើយ ឲ្យ​តែ​ឮ​ឈ្មោះ​ឧកញ៉ា​ម្នាក់​នេះ។ វិធានការ​នោះ ធ្វើ​ឡើង​ក្រោយ​ពេល​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​ចំ​ឈ្មោះ​ឧកញ៉ា​ពីរ​នាក់ ដែល​តែង​កាង​ឈើ​នៅ​ក្នុង​ទឹក​ដី​ខេត្ត​ត្បូងឃ្មុំ កន្លង​មក រួម​មាន ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា និង​ឧកញ៉ា ស៊ឹង សំអុល។

ទោះ​ជា​យ៉ាង​នេះ​ក្តី ក្នុង​គណនេយ្យ​ហ្វេសប៊ុក (Facebook) របស់​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត កែម ឡី លើក​ឡើង​បែប​ចំអក​ទៅ​រាជ​រដ្ឋាភិបាល​ថា ឧកញ៉ា​កាប់​ឈើ​ខ្ញុំ​មិន​សូវ​ហ៊ាន​ចាប់ ឧកញ៉ា​រត់​បាត់ ចាំ​ខ្ញុំ​ចាប់​ឲ្យ​ប្រជាពលរដ្ឋ​មើល។ ព្រៃ​ឡង់​នៅ​ឈើ ខ្ញុំ​មិន​សូវ​ការពារ វាល​ឡង់​វេទនា ចាំ​ខ្ញុំ​ការពារ​ឲ្យ​ពលរដ្ឋ​មើល ជាដើម។ លោក កែម ឡី បាន​លើក​ឡើង​ពី​យុទ្ធសាស្ត្រ​មួយ​ចំនួន​ដើម្បី​ការពារ​ព្រៃ​ឈើ រួម​មាន លុប​ចោល​ដី​សម្បទាន​សេដ្ឋកិច្ច និង​ដី​សម្បទាន​រ៉ែ​ទាំងអស់​ពី​ក្រុមហ៊ុន​ឯកជន ពិសេស​ដី​សម្បទាន​ណា​ដែល​រំលោភ​លើ​តំបន់​ព្រៃ​ការពារ ព្រៃ​អភិរក្ស និង​ព្រៃ​ឡង់ ហើយ​ត្រូវ​ដាក់​ជា​តំបន់​អភិវឌ្ឍន៍​កសិឧស្សាហកម្ម​រួម ក្រោម​ការ​គ្រប់គ្រង​ចម្រុះ​រវាង​ប្រជាជន ក្រុមហ៊ុន និង​រដ្ឋ។

ជាមួយ​គ្នា​នេះ រាជ​រដ្ឋាភិបាល ត្រូវ​ប្រគល់​សិទ្ធិ​អំណាច​ទាំង​ស្រុង​ដល់​ប្រជា​សហគមន៍​ព្រៃ​ឈើ និង​សហគមន៍​ព្រៃ​ឡង់ ក្នុង​ការ​គ្រប់គ្រង ចាត់​ចែង ការពារ និង​ការ​ទាញ​យក​ផល​ពី​អនុផល​ព្រៃ​ឈើ។ ជាង​នេះ​ទៀត ត្រូវ​ពង្រីក​វិសាលភាព​នៃ​តំបន់​អេកូ​ទេសចរណ៍​តាម​ដង​ទន្លេ និង​ដង​ស្ទឹង​មួយ​ចំនួន ដូចជា ស្ទឹងសែន ស្ទឹង​ជីនីត ស្ទឹង​សៀមបូក និង​តំបន់​អភិវឌ្ឍន៍​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា រួម​នឹង​យុទ្ធសាស្ត្រ​មួយ​ចំនួន​ទៀត។

ព្រៃ​ឡង់ ត្រូវ​បាន​គេ​បំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ ដោយសារ​សកម្មភាព​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច និង​សកម្មភាព​រុក​រក​រ៉ែ។ ការ​កាប់​ឈើ និង​ការ​ទន្ទ្រាន​ព្រៃ​ដោយ​ខុស​ច្បាប់ ដោយ​មាន​ពាក់ព័ន្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ខេត្ត ហើយ​ជា​រឿយៗ មាន​ទាហាន​ការពារ​នៅ​ពី​ក្រោយ​ខ្នង​ទៀត​ផង។ ដី​សម្បទាន​សេដ្ឋកិច្ច​ខ្លះ ត្រូវ​បាន​ផ្ដល់​ដោយ​មិន​ស្រប​ច្បាប់ និង​ខ្លះ​មិន​បាន​គោរព​តាម​ច្បាប់ ព្រម​ទាំង​មិន​បាន​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន ឬ​ការ​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍​មូលដ្ឋាន​ឡើយ។ សហគមន៍​ទាំង​នោះ បាន​បាត់​បង់​ដី​ព្រៃ​ប្រពៃណី និង​ធនធាន​ដែល​ពួក​គេ​ធ្លាប់​ពឹង​អាស្រ័យ ដើម្បី​រស់​ប្រចាំ​ថ្ងៃ ជាដើម។

ចាប់​តាំង​ពី​ឆ្នាំ​២០០៧ មក គេ​ឃើញ​មាន​កំណើន​នៃ​ការ​កាប់​ឈើ​ប្រណីត​ដោយ​ខុស​ច្បាប់​នៅ​ទូទាំង​តំបន់​ ព្រៃ​ឡង់ ឈាន​ដល់​កម្រិត​មួយ​គួរ​ឲ្យ​បារម្ភ ពោល​គឺ​រាល់​ដើម​ឈើ​មាន​តម្លៃ ត្រូវ​បាន​គេ​កាប់​ស្ទើរ​តែ​អស់។ សកម្មភាព​នេះ មួយ​ផ្នែក​កើត​មាន​ដោយសារ​តែ​កំណើន​ថ្លៃ​ឈើ​ប្រណីត​ក្នុង​ពេល​ថ្មីៗ​នេះ ដូចជា បេង និង​គ្រញូង​មាន​តម្លៃ​ខ្ពស់ គឺ​ចន្លោះ​ពី ៥​ពាន់​ទៅ ៨​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ម៉ែត្រ​គូប នៅ​ពេល​គេ​ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម៕


No comments:

Post a Comment