Paris Peace Accords 23 Oct. 1991

Tuesday, January 19, 2016

[Vietnamization] ពលរដ្ឋ​ ខេត្ត​ ត្បូងឃ្មុំ​ បារម្ភ​ខ្លាច ​វិធានការ​ បង្ក្រាប​ឈើ​ របស់​ អាជ្ញាធរ​ មិន​មាន ​តម្លាភាព | Tbaung Khmum residents fear crackdown by authority lacks transparency

ពលរដ្ឋ​ ខេត្ត​ ត្បូងឃ្មុំ​ បារម្ភ​ខ្លាច ​វិធានការ​ បង្ក្រាប​ឈើ​ របស់​ អាជ្ញាធរ​ មិន​មាន ​តម្លាភាព

RFA / វិទ្យុ អាស៊ី សេរី | ១៩ មករា ២០១៦
កំណាត់​ឈើ​ខេត្ត​ក្រចេះ ២០១៦ ៨៥៥
កំណាត់​ឈើ​ក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​ចិន ឈ្មោះ ហ្វូឡាយ ឈុន គ្រុប (FU LAI CHUN GROUP) ឋិត​នៅ​ឃុំ​រលួស ស្រុក​សំបូរ ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៦។  RFA/Men Sothyr

ប្រជាពលរដ្ឋ​ នៅ​ស្រុក​ មេមត់ និង​សង្គម​ស៊ីវិល លើក​ឡើង​ ថា, ករណី ​បង្ក្រាប ​ការ​រត់​ពន្ធ​ ឈើ​ ចេញ​ទៅ​ប្រទេស ​វៀតណាម នៅ​ខេត្ត​ ត្បូងឃ្មុំ រហូត​ ហ៊ុមព័ទ្ធ​ ឃ្លាំង​ស្តុក​ ឈើ​ប្រណីត​ ធំៗ ​របស់​ ឧកញ៉ា​ មួយ​ចំនួន គឺ​ ជា​រឿង​ ដ៏​ល្អ​មួយ, ប៉ុន្តែ​ ពួក​គាត់​ យល់​ថា វិធានការ​នោះ​ នឹង​អាច​ធ្វើ ​គ្រាន់​តែ​ ល្អ​មើល ប្រសិន ​អាជ្ញាធរ​ មិន​ បាន​បំពេញ​ ការងារ​ ឲ្យ​មាន​ តម្លាភាព ​ទេ​នោះ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ដារ ស្រុក​មេមត់ ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត រួម​ទាំង​គណៈកម្មាធិការ​ចម្រុះ​របស់​រាជ​រដ្ឋាភិបាល បំពេញ​ការងារ​របស់​ខ្លួន​ក្នុង​ការ​បង្ក្រាប​បទល្មើស​រត់​ពន្ធ​ឈើ​ចេញ​ទៅ​ ប្រទេស​វៀតណាម ឲ្យ​បាន​ទូលំទូលាយ និង​ត្រូវ​ដាក់​បង្ហាញ​ជា​សាធារណៈ ជៀសវាង​មាន​ការ​ឃុបឃិត​ណា​មួយ​កើត​ឡើង។

ពលរដ្ឋ​នៅ​ឃុំ​ដារ មួយ​រូប គឺ​លោក ធឿន វុត្ថា មើល​ឃើញ​ថា វិធានការ​របស់​អាជ្ញាធរ នឹង​អាច​មាន​ប្រសិទ្ធភាព​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ប្រសិន​អាជ្ញាធរ​មិន​បាន​បង្ហាញ​សមិទ្ធផល​ការងារ​របស់​ពួក​គេ​ជា​សាធារណៈ ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ទេ​នោះ។ ម្យ៉ាង​លោក​បារម្ភ​ថា បទល្មើស​រត់​ពន្ធ​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម នឹង​កើត​មាន​ឡើង​បន្ត​ទៀត ក្រោយ​ពេល​សកម្មភាព​បង្ក្រាប​របស់​អាជ្ញាធរ​ស្ងប់ស្ងាត់៖ «គណៈកម្មាធិការ ​បង្កើត​ដើម្បី​ត្រួត​ពិនិត្យ​ហ្នឹង គឺ​អាច​បាន​រយៈពេល​តូច ឬ​ខ្លី​ទេ ព្រោះ​តម្លាភាព​មិន​អាច​ទៅ​រួច​ទៅ​នឹង​ការ​ឃុបឃិត​ជាមួយ​អាជ្ញាធរ ឬ​ថ្នាក់​ណា​មួយ។»

ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​នេះ ក្រោយ​ពេល​កម្លាំង​ចម្រុះ​របស់​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ កំពុង​ចាត់​វិធានការ​បង្ក្រាប​ករណី​រត់​ពន្ធ​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម យ៉ាង​សកម្ម ក្នុង​នោះ​អាជ្ញាធរ​រក​ឃើញ​កន្លែង​ស្តុក​ឈើ​ប្រណីត​ធំៗ​របស់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា នៅ​ឃុំ​ដារ ស្រុក​មេមត់ ឃ្លាំង​ស្តុក​ឈើ​របស់​ឧកញ៉ា ស៊ឹង សំអុល និង​ចាប់​បាន​រថយន្ត​យីឌុប​ដឹក​ឈើ​របស់​ឧកញ៉ា ថៃ ព្រម​ទាំង​រក​ឃើញ​ឈើ​ដែល​ស្តុក​ទុក​នៅ​ផ្ទះ​ឧកញ៉ា ថៃ នៅ​ស្រុក​អូររាំងឪ ទៀត​ផង។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ពន្យល់​បន្ថែម​ពី​សំណាក់​អភិបាល​ខេត្ត​ត្បូងឃ្មុំ លោក ប្រាជ្ញ ច័ន្ទ ជុំវិញ​បញ្ហា​នេះ​បាន​ទេ ដោយ​អ្នក​ទទួល​ទូរស័ព្ទ​ប្រាប់​ថា លោក​ជាប់​ប្រជុំ​នៅ​ថ្ងៃ​ទី​១៩ មករា។

កាល​ពី​ថ្ងៃ​ទី​១៨ មករា ប្រធាន​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ លោក សៅ សុខា អម​ដោយ​មន្ត្រី​រាជ​រដ្ឋាភិបាល​ជាច្រើន​រូប​ទៀត ចុះ​ទៅ​ដល់​ឃ្លាំង​ស្តុក​ឈើ​របស់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា ឈើ​រាប់​ពាន់​ដុំ និង​រាប់​រយ​ដើម​នោះ មាន​ចំនួន​ប៉ុន្មាន​ម៉ែត្រ​គូប ហើយ​ជា​ប្រភេទ​ឈើ​ស្រប​ច្បាប់ ឬ​ខុស​ច្បាប់​នៅ​ឡើយ​ទេ។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា ការងារ​នេះ គឺ​ស្ថិត​នៅ​ក្នុង​ភាព​អាថ៌កំបាំង ព្រោះ​ឈើ​ប្រណីត​ដែល​នាំ​ចេញ ឬ​ស្តុក​ទុក​កន្លង​មក គឺ​គ្មាន​នរណា​ដឹង​ថា ជា​ឈើ​ស្រប​ច្បាប់ ឬ​ខុស​ច្បាប់​ឡើយ។ មួយ​វិញ​ទៀត ប្រជាពលរដ្ឋ​នឹង​មិន​អាច​ជឿជាក់​លើ​សកម្មភាព​របស់​មន្ត្រី​រដ្ឋាភិបាល​ពេល​ នេះ​បាន​ទេ ដរាប​ណា​ពួក​គេ​មិន​បាន​បង្ហាញ​ភាព​ស្មោះ​ត្រង់​ដល់​ប្រជាពលរដ្ឋ​នោះ៖ «បង្ហាញ ​មក​ថា របាយការណ៍​ដែល​ត្រូវ​ធ្វើ​ចំពោះ​ឈ្មួញ​ឈើ ឧកញ៉ា មាន​នរណា​ខ្លះ ហើយ​បង្ហាញ​ពី​ទិន្នន័យ​ពី​ការ​ដឹក​ជញ្ជូន​កន្លែង​ស្តុក កន្លែង​ណា​ខ្លះៗ ប្រាប់​ឲ្យ​ច្បាស់​មក ប្រជាពលរដ្ឋ​ជឿ​ហើយ។»

ទាក់ទង​ការ​បង្ក្រាប​បទល្មើស​ឈើ​ពេល​នេះ គេហទំព័រ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៨ មករា ដោយ​ដាក់​ចំណង​ជើង​ថា លទ្ធផល​ចុង​ក្រោយ ឈើ​ទាំងអស់​នឹង​ធ្លាក់​ក្នុង​ដៃ​ឧកញ៉ា ទ្រី ភាព តែ​ម្នាក់​ឯង សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​ស្រុក​ចិន។ នៅ​ពេល​ទីផ្សារ​ឈើ​នៅ​ស្រុក​ចិន ជាប់​គាំង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន បាន​បង្ហាញ​នូវ​វត្តមាន​គំនរ​ឈើ​នៅ​លើ​ទឹក​ដី​វៀតណាម ជាប់​ព្រំដែន​ខ្មែរ​យ៉ាង​សន្ធឹកសន្ធាប់ ប្រៀប​ដូចជា​ភ្នំ។ ឈើ​ទាំង​នោះ ត្រូវ​បាន​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ចេញ​ពី​កម្ពុជា តាម​គ្រប់​រូបភាព ហើយ​មាន​ការ​ពាក់ព័ន្ធ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ឧកញ៉ា ស៊ឹង សំអុល និង​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា ដែល​គេ​ស្គាល់​ថា ជា​មនុស្ស​ស្និទ្ធ​នឹង លោក ហ៊ុន ណេង ជា​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​កំពង់ចាម និង​ត្រូវ​ជា​បង​ប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ស្រប​ពេល​សមត្ថកិច្ច​កំពុង​បង្ក្រាប​បទល្មើស​ឈើ​របស់​ឧកញ៉ា​មួយ​ចំនួន លោក ទ្រី ភាព ក៏​អាច​ត្រៀម​ចាំ​ប្រមូល​ឈើ​ខុស​ច្បាប់​ពី​ឧកញ៉ា​ទាំង​នោះ​សម្រាប់​ ក្រុមហ៊ុន​ខ្លួន​ឯង ដើម្បី​នាំ​ចេញ​បន្ត​ទៅ​កាន់​ទីផ្សារ​ស្រុក​ចិន ដោយ​ប្រែ​រូបភាព​ពី​ឈើ​ខុស​ច្បាប់ ទៅ​ជា​ឈើ​ស្រប​ច្បាប់ តាម​រយៈ​ការ​ដេញ​ថ្លៃ​យក​ឈើ​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​ទាំង​នោះ៕


No comments:

Post a Comment