Paris Peace Accords 23 Oct. 1991

Sunday, January 31, 2016

[Vietnamization] ពលរដ្ឋ​ ចោទ​ក្រុមហ៊ុន ទ្រី ភាព ថា ​ជាប់​ពាក់ព័ន្ធ​ បទល្មើស ​ព្រៃ​ឈើ ​នៅ​តំបន់​ ឧទ្យាន​ជាតិ​ វីរៈជ័យ | Villagers accuse Try Pheap of illegal logging in Virachey National Park

Background

Global Witness: Rubber Barons

. . .

ពលរដ្ឋ​ ចោទ​ក្រុមហ៊ុន ទ្រី ភាព ថា ​ជាប់​ពាក់ព័ន្ធ​ បទល្មើស ​ព្រៃ​ឈើ ​នៅ​តំបន់​ ឧទ្យាន​ជាតិ​ វីរៈជ័យ

RFA / វិទ្យុ អាស៊ី សេរី | ៣១ មករា ២០១៦

 

ពិនិត្យ​ឈើ​ក្រុមហ៊ុន ទ្រី ភាព រតនគិរី ២០១៦ ៨៥៥
អនុ​គណៈកម្មការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នៃ​អាជ្ញាធរ​ខេត្ត​ រតនគិរី ចុះ​ពិនិត្យ​ទីតាំង​ក្រុមហ៊ុន នុភាព សុភី នា​តំបន់​អូរតាយ៉ាក ក្នុង​ឧទ្យាន​ជាតិ​វីរៈជ័យ នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។ RFA/Ratha Visal 
ពលរដ្ឋ​ រស់នៅ​ ឃុំ​ ព្រែកមាស ស្រុក​ សៀមប៉ាង អះអាង​ ថា, ក្រុមហ៊ុន ទ្រី ភាព ពិត​ជា​ជាប់ ​ពាក់ព័ន្ធ​ បទល្មើស​ ព្រៃ​ឈើ​ នៅ​តំបន់​ ឧទ្យាន​ជាតិ​ វីរៈជ័យ តាំង​ពី​ឆ្នាំ ​២០១៣។  ការ​អះអាង ​បែប​នេះ ​របស់ ​ពលរដ្ឋ ផ្ទុយ​គ្នា ​ពី​អ្វី​ ដែល​លោក ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​មុខ​ បញ្ជាក់​ប្រាប់ ​ទៅ​រដ្ឋសភា ថា, ក្រុមហ៊ុន ទ្រី ភាព ពុំ​បាន ​កាប់​ឈើ ​ដោយ​ខុស​ច្បាប់​ នៅ​តំបន់​ ឧទ្យាន​ជាតិ ​វីរៈជ័យ​ នោះ​ទេ។


ជនជាតិ​ដើម​ ភាគ​តិច​ខិះ រស់នៅ​ ភូមិ​ ព្រែកមាស ស្រុក​ សៀមប៉ាង ហាក់​មិន​ អស់​ចិត្ត បន្ទាប់​ ពី​ប្រមុខ​ រដ្ឋាភិបាល បាន​បកស្រាយ​ ពី​ភាព​ត្រឹមត្រូវ​ របស់ ​ក្រុមហ៊ុន ទ្រី ភាព ថា​ មិន​ជាប់​ ពាក់ព័ន្ធ​ បទល្មើស​ ព្រៃ​ឈើ​ នៅ​តំបន់​ ឧទ្យាន​ជាតិ ​វីរៈជ័យ កន្លង​មក។  ពួក​គាត់​ ចាត់​ទុក​ ថា, ការ​លើក​ឡើង​ របស់​ ប្រមុខ​ រដ្ឋាភិបាល ជា​ការ​មិន ​ទទួល​ខុស​ត្រូវ​ ចំពោះ ​វិនាសកម្ម​ ព្រៃ​ឈើ​ ដ៏​ធំ​ នៅ​ឧទ្យាន​ជាតិ​ វីរៈជ័យ ស្រុក​ សៀមប៉ាង ខេត្ត​ ស្ទឹងត្រែង។



ជនជាតិ​ដើម​ ភាគ​តិច​ខិះ រស់នៅ​ឃុំ​ព្រែកមាស ដែល​សុំ​លាក់​ឈ្មោះ បង្ហើប​ឲ្យ​ដឹង​ថា ក្រុមហ៊ុន ទ្រី ភាព មាន​ឃ្លាំង​ស្តុក​ឈើ​ចំនួន ២​កន្លែង​នៅ​ស្រុក​សៀមប៉ាង។ ឃ្លាំង​ទី​១ ឋិត​នៅ​ចំណុច​ព្រលាន​យន្តហោះ​នៃ​ឃុំ​សេកុង និង​ឃ្លាំង​ទី​២ ឋិត​នៅ​ឃុំ​ស្រែសំបូរ។ លោក​ថា ឃ្លាំង​នីមួយៗ​មាន​សន្តិសុខ​យាម​តឹងរ៉ឹង។ លោក​កត់​សម្គាល់​ថា ក្រុមហ៊ុន ទ្រី ភាព បាន​សម្រុក​ទិញ​ឈើ និង​បាន​ជួល​កម្មករ​កាប់​ឈើ​នៅ​តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ តាំង​ពី​ឆ្នាំ​២០១៣ ព្រម​ទាំង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​របស់​ជនជាតិ​ ដើម​ភាគ​តិច បន្ទាប់​ពី​ព្រៃ​ឈើ​ស្ទើរ​គ្រប់​តំបន់ សុទ្ធតែ​ជា​របស់​ក្រុមហ៊ុន ទ្រី ភាព ផ្តាច់​មុខ៖ «ខ្ញុំ​ឆ្ងល់! មាន​សិទ្ធិ​អី​ឈើ​អាជីវកម្ម​មួយ​នាក់​ពីរ​នាក់ ពលរដ្ឋ​គ្នា​ងាប់។»


បុរស​ដដែល​សម្ដែង​ក្តី​អស់​សង្ឃឹម បន្ទាប់​ពី​សកម្មភាព​កាប់​ឈើ​ប្រណីត​យ៉ាង​អនាធិបតេយ្យ​ជាច្រើន​ឆ្នាំ​កន្លង​ ទៅ បើ​ទោះ​បី​ជា​មាន​ឆ្មាំ​ការពារ​ចុះ​ល្បាត បាន​ដាក់​ប៉ុស្តិ៍​ទប់ស្កាត់​ការ​ចរាចរ​ឈើ​ប្រណីត​ចេញ​ពី​ឧទ្យាន​ជាតិ​ក្តី។ លោក​ស្តី​បន្ទោស​ចំពោះ​ភាព​ព្រងើយ​កន្តើយ​របស់​រដ្ឋាភិបាល ឬ​ក៏​ជា​ឆន្ទៈ​របស់​រដ្ឋាភិបាល ដែល​មិន​ចង់​ទុក​ព្រៃ​តំបន់​អភិរក្ស​ឲ្យ​គង់វង្ស៖ «សង្ឃឹម ​ទៅ​មិន​ដឹង​ថា​សង្ឃឹម​យ៉ាង​ម៉េច បើ​រដ្ឋាភិបាល​ស្រប​ច្បាប់​ហើយ។ អាស្រ័យ​លើ​រដ្ឋាភិបាល​ឲ្យ​តម្លៃ ឬ​មិន​ឲ្យ​តម្លៃ​ទេ។ ឲ្យ​តម្លៃ យើង​អាច​ការពារ​បាន មាន​សិទ្ធិ​តែ​ពួក​ពីរ​នាក់ យើង​ម៉េច​នឹង​ទប់ទល់​បាន។»


វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ទ្រី ភាព ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៣០ មករា។ យ៉ាង​ណា លោក ទ្រី ភាព ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ក្រុមហ៊ុន​លោក​មាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​ក្នុង​ការ​ប្រមូល​ទិញ​ឈើ។


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ឆ្លើយ​បំភ្លឺ​ទៅ​រដ្ឋសភា ចំពោះ​ការ​ចោទ​សួរ​របស់​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង តាម​រយៈ​លិខិត​កាល​ពី​ចុង​ឆ្នាំ​២០១៥ ថា ក្រុមហ៊ុន ទ្រី ភាព គ្រាន់​តែ​ប្រមូល​អនុផល​ព្រៃ​ឈើ​នៅ​តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ មិន​ជាប់​ពាក់ព័ន្ធ​កាប់​ឈើ​នៅ​តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ​ឡើយ។


ជំទប់​ទី​២ នៃ​ឃុំ​ព្រែកមាស លោក អឿ វែង សម្ដែង​ការ​ខឹងសម្បា​ពី​ភាព​មិន​ទទួល​ខុស​ត្រូវ​របស់​មន្ត្រី​អភិរក្ស​ ឧទ្យាន​ជាតិ​វីរៈជ័យ និង​ក្រុមហ៊ុន ទ្រី ភាព បន្ទាប់​ពី​ឥទ្ធិពល​របស់​ក្រុមហ៊ុន​នេះ បង្ក​ឲ្យ​ហិនហោច​ព្រៃ​ឈើ​នៅ​តំបន់​នោះ​ធ្ងន់ធ្ងរ។ លោក​សង្ស័យ​ថា ការ​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ​បាន ដោយសារ​មាន​ការ​បើក​ដៃ​ពី​ឆ្មាំ​ឧទ្យាន ដើម្បី​ផល​ប្រយោជន៍៖ «សោកស្ដាយ ​ហើយ​ព្រោះ​ឈើ​តាំង​ពី​ដូនតា​មក មិន​ដែល​ឃើញ​មាន​ពីណា​កាប់ ប៉ុន្មាន​សង្គម​ហើយ សង្គម​ខ្មែរ​ក្រហម សង្គម លន់ នល់ សង្គម​សម្ដេច​តា យើង​អត់​មាន​ធ្វើ​ចឹង​ទេ។ ដល់​សង្គម​ឥឡូវ​ធ្វើ​ចឹង។ ពលរដ្ឋ​ប្រើប្រាស់​ឈើ បើ​ឈើ​អស់ បាន​អី​ជា​ជម្រក​រស់នៅ​ពលរដ្ឋ។»

កាល​ពី​ឆ្នាំ​២០១៣ ពលរដ្ឋ​រស់នៅ​ឃុំ​ចំនួន​២ គឺ​ឃុំ​សន្តិភាព និង​ឃុំ​ព្រែកមាស ជាង ១​ពាន់​នាក់ បាន​ផ្ដិត​មេដៃ​ទៅ​ក្រសួង​បរិស្ថាន គាំទ្រ​ឲ្យ​ទុក​តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ​ជា​ព្រៃ​អភិរក្ស។ ការ​ផ្ដិត​មេដៃ​នោះ ពួក​គាត់​រំពឹង​ថា ព្រៃ​ឈើ​នៅ​តំបន់​ឧទ្យាន​ជាតិ នឹង​គង់វង្ស ហើយ​ជា​ដែន​ជម្រក​សត្វ​ព្រៃ​ច្រើន​ប្រភេទ។


ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា (CHRTF) លោក អ៊ូច ឡេង យល់​ថា ការ​អះអាង​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន ទាក់ទិន​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ គឺ​ជា​ភស្តុតាង​សំខាន់ ដែល​រដ្ឋាភិបាល​គួរ​យក​ចិត្ត​ទុក​ដាក់​ចាត់​វិធានការ​បង្ក្រាប ឬ​បញ្ឈប់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ពាក់ព័ន្ធ​បទល្មើស​ព្រៃ​ឈើ៖ «គាត់ ​ព្យាយាម​កាន់​ជើង​ក្រុមហ៊ុន ទ្រី ភាព ទោះ​បី​យ៉ាង​ណា​ក៏ដោយ ទោះ​បី​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់ បញ្ឈប់​អាជ្ញាប័ណ្ណ​ជា​បន្ទាន់ ហើយ​បញ្ឈប់​អាជីវកម្ម​របស់ ទ្រី ភាព ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ បើ​សិន​ជា​នៅ​បន្ត​អាជ្ញាប័ណ្ណ​ទៀត មាន​ន័យ​ថា រដ្ឋាភិបាល​ក៏​រួម​ចំណែក​ជាមួយ​ក្រុមហ៊ុន ទ្រី ភាព ជាមួយ​អាជីវកម្ម​ឈើ​នេះ​ដែរ។»


ឧទ្យាន​ជាតិ​វីរៈជ័យ ឋិត​នៅ​ក្នុង​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ជាប់​ខេត្ត​រតនគិរី មាន​ផ្ទៃដី​ជាង ៣០​ម៉ឺន​ហិកតារ (៣៣៤.៥០០​ហិកតារ)។ របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) ចុះ ​ផ្សាយ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៥ បង្ហាញ​ថា លោក ទ្រី ភាព កំពុង​បំផ្លាញ​ព្រៃ​ឈើ​ដែល​ជា​ដង្ហើម​ចុង​ក្រោយ​របស់​កម្ពុជា នៅ​តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ជនជាតិ​ដើម​ភាគ​តិច៕



No comments:

Post a Comment