អ្នកណា នៅពីក្រោយ ខ្នងសម្លាប់ លោក ជា វិជ្ជា?
RFA / វិទ្យុ អាស៊ី សេរី | ២២ មករា ២០១៦
រូបសំណាករបស់លោក ជា វិជ្ជា
អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា
នៅជិតវត្តលង្កា រូបថតថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦។ RFA/Brach Chev
ឃាតក សម្លាប់ លោក ជា វិជ្ជា អតីត ប្រធាន សហជីព សេរី កម្មករ នៃព្រះរាជាណា កម្ពុជា ស្ថិតនៅក្នុង ភាពអាថ៌កំបាំង នៅឡើយ ទោះបីជា មន្ត្រី ជាន់ខ្ពស់ រដ្ឋាភិបាល អះអាង ថា សំ,ណុំរឿងនេះ កំពុង ស៊ើបអង្កេត អស់រយៈពេល ១២ឆ្នាំ មកហើយក្ដី។
បញ្ហានេះ មន្ត្រី ឃ្លាំមើល សិទ្ធិមនុស្ស លើកឡើង ថា, រដ្ឋាភិបាល គ្មាន ឆន្ទៈពិតប្រាកដ ក្នុងការ ស្វែងរក ចាប់ខ្លួន ឃាតក នោះឡើយ ដោយចោទប្រកាន់ ថា, រដ្ឋាភិបាល ជាអ្នក នៅក្រោយខ្នង ការសម្លាប់ លោក ជាវិជ្ជា។
ឃាតកម្ម ទៅលើលោក ជា វិជ្ជា ដែលកម្មករចាត់ទុកជាមេដឹកនាំសហជីពដ៏ក្លាហាន ហ៊ានពុះពារដើម្បីផលប្រយោជន៍ ជូនកម្មករបានអូសបន្លាយអស់រយៈពេល១២ឆ្នាំមកហើយក្ដី ប៉ុន្តែក្រុមគ្រូសាររបស់លោកនៅតែទាមទារស្វែងរកយុត្តិធម៌ដដែល។
ក្រុមមន្ត្រីសិទ្ធិមនុស្សលើកឡើងថា សមត្ថកិច្ចរដ្ឋាភិបាលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្វែងរក ឃាតកសម្លាប់ លោក ជា វិជ្ជា ក៏ប៉ុន្តែ សំខាន់នៅត្រង់ថា រដ្ឋាភិបាលមានឆន្ទៈក្នុងការស្វែងរកចាប់ខ្លួនដែរឬអត់?
ប្រធានអង្គការនៃវេទិកាអនាគត លោក អ៊ួ វីរៈ មានប្រសាសន៍ថា លោកគ្មានសង្ឃឹមឡើយថា រដ្ឋាភិបាលមានឆន្ទៈ ក្នុងការស្វែងរកចាប់ឃាតកសម្លាប់លោក ជា វិជ្ជា យកមកទទួល ខុសត្រូវនៅចំពោះមុខច្បាប់នោះ។ លោក បញ្ជាក់ថា រដ្ឋាភិបាលបានបង្ហាញឆន្ទៈតាំងពីដំបូងទី ដែលមិនបានបង្ហាញជំហរចាប់ខ្លួនឃាតកនោះ។ ផ្ទុយទៅវិញ លោកបានលើកពីសមត្ថកិច្ចបានចាប់ឃាតកសិប្បនិមិត្តពីររូប គឺ លោក ប៊ន សំណាង និង លោក សុក សំអឿន ទៅវិញ។
លោក ជា វិជ្ជា ជាអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានឃាតកបាញ់សម្លាប់នៅតូបលក់កាសែតជិតវត្តលង្កា ក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ក្នុងពេលដែលប្រទេសកម្ពុជា កំពុងជួបវិបត្តិនយោបាយរវាងគណបក្សចំនួន៣ ក្រោយពេលបោះឆ្នោត ឆ្នាំ២០០៣។
នៅឆ្នាំ២០០៣ ដែលជាឆ្នាំបោះឆ្នោតសាកលអាណត្តិទី៣ គឺជាការប្រកួតប្រជែងដ៏ចម្រូងចម្រាស់ រវាងគណបក្សទាំងបីនេះ គឺគណបក្សហ៊្វុនស៊ីនប៉ិច គណបក្សប្រជាជនកម្ពុជា និងគណបក្សសម រង្ស៊ី។
លោក ជា វិជ្ជា ក្រៅពីជាមេដឹកនាំសហជីពនោះ លោកក៏ជាសកម្មជនគណបក្ស សម រង្ស៊ីដែរ។ លោកក៏ធ្លាប់ដឹកនាំកម្មករធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដើម្បីទាមទារផលប្រយោជន៍ផ្សេងៗជូន កម្មករ។ ក្រៅពីនេះទៀត លោក ជា វិជ្ជា ក៏ស្ថិតក្នុងហ្វូងមនុស្សនៅក្នុងព្រឹត្តិការណ៍គប់គ្រាប់បែក កាលពីឆ្នាំ១៩៩៧ ធ្វើឲ្យមនុស្សស្លាប់និងរបួសរាប់រយនាក់ ក្នុងនោះ លោក ជា វិជ្ជា ក៏រងរបួសដែរ។
នៅក្នុងខែកក្កដា ឆ្នាំ២០០៣ លោក ជា វិជ្ជា ត្រូវបាន គេគំរាមសម្លាប់ បន្ទាប់ពីលោកប្រកាសឲ្យសមាជិកសហជីពសេរីកម្មករនៃព្រះរាជាណាចក្រ កម្ពុជាទាំងអស់គាំទ្រគណបក្ស សម រង្ស៉ី។ លោកបានប្រាប់អ្នកកាសែតថា មានមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួនផ្ដល់យោបល់ឲ្យលោកចាកចេញពី ប្រទេសកម្ពុជា ដើម្បីសុវត្ថិភាព តែលោកយល់ថា បើលោកចាកចេញមិនខុសអីពីការស្លាប់ឡើយ។ លោកគិតថា ការស្លាប់របស់លោកនឹងក្លាយជាគ្រឿងលើកទឹកចិត្តមួយ ដើម្បីឲ្យយុវជនជំនាន់ក្រោយក្រោកឈរឡើងតស៊ូដើម្បីសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ក្រោយពីការគំរាមសម្លាប់នេះ លោក ជា វិជ្ជា ប្ដេជ្ញាចិត្តថា លោកមិនរត់ចោលស្រុកទេ បើទោះជាលោកទទួលបានការគំរាមសម្លាប់ក៏ដោយចុះ ហើយលោកជឿថា បន្ទាប់ពីលោកស្លាប់ទៅ នឹងមាន ជា វិជ្ជា រាប់រយរាប់ពាន់នាក់ផ្សេងទៀត ក្រោកឈរតវ៉ាដើម្បីផលប្រយោជន៍កម្មករ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មាន ប្រសាសន៍ថា ដោយសារតែលោក ជា វិជ្ជា ជាវីរៈកម្មករ និងជាសកម្មជនគណបក្សប្រឆាំងផងនោះ ទើបបណ្ដាលឲ្យមាន អាថ៌កំបាំងនៅក្រោយខ្នង ការសម្លាប់លោក ព្រោះថា កម្លាំងកម្មករនៅពេលនោះ មានសកម្មភាពខ្លាំងក្លាក្នុងការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល និងទាមទារអត្ថប្រយោជន៍ផ្សេងៗ ក្រោមការដឹកនាំរបស់ លោក ជា វិជ្ជា។
ក្រោយការស្លាប់របស់លោក ជា វិជ្ជា កាលពីថ្ងៃទី២២ មករាឆ្នាំ២០០៤នោះ គឺមានការពុះកញ្ជ្រោល យ៉ាងខ្លាំងពីសហគមន៍ជាតិ និងអន្តរជាតិក្នុងការទាមទារឲ្យរដ្ឋាភិបាលស្វែងចាប់ខ្លួនឃាតក។ មន្ត្រី សិទ្ធិមនុស្សលើកឡើងថា ដើម្បីទប់ស្ថានការណ៍បានខ្លះនៅកាលណោះ សមត្ថកិច្ចបានចាប់ឃាតក សិប្បនិមិត្ត គឺ ប៊ន សំណាង និង សុក សំអឿន ក្នុងការបង្វែរពីការស្វែងរកឃាតកពិត និងដើម្បីឲ្យ សាធារណជនស្ងប់ចិត្ត ដោយតុលាការបានកាត់ទោសអ្នកទាំងពីរ គឺ ប៊ន សំណាង និង សុខ សំអឿន ឲ្យជាប់គុកចំនួន២០ឆ្នាំ ទោះបីជាសាក្សីឈ្មោះ វ៉ា សុធី ដែលម្ចាស់តូបលក់កាសែត ដែលគេចខ្លួនទៅនៅក្រៅប្រទេស បានអះអាងថា អ្នកទាំងពីរមិនមែនជាឃាតកពិតប្រាកដក៏ដោយ។
ក៏ប៉ុន្តែឃាតកសិប្បនិមិត្តនេះ មិនអាចបិទបាំងកាពិតបានយូរអង្វែងឡើយ ទោះបីជា ប៊ន សំណាង និង សុក សំអឿន ត្រូវបានចាប់ដាក់គុកចំនួនពីរដងក៏ដោយ ក៏ទីបំផុត តុលាការកំពូលបានសម្រេចចិត្តដោះលែងអ្នកទាំងពីរវិញ ហើយបង្វែរសំណុំរឿងឲ្យសាលាឧទ្ធរណ៍ស៊ើបអង្កេតសំណុំរឿង នេះឡើងវិញ។
កាសែតបរទេសមួយ ចេញផ្សាយកាលពីឆ្នាំ២០០៦ ថា លោក ហេង ពៅ អតីតស្នងការរាជធានីភ្នំពេញ នៅមុនពេលត្រូវបានចាប់ខ្លួននៅប្រទេសម៉ាឡេស៊ីនោះ បាននិយាយថា អតីតអគ្គស្នងការនគរបាលជាតិកម្ពុជា លោក ហុក ឡងឌី បានបញ្ជាឲ្យលោកចាប់ សុខ សំអឿន និង ប៊ន សំណាង។ តែមន្ត្រីរដ្ឋាភិបាលបានបដិសេធការអះអាងរបស់លោក ហេង ពៅ នៅពេលនោះ។
កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្កើតគណៈកម្មការអន្តរក្រសួងស៊ើបអង្កេតពិសេសលើឃាតកម្មសម្លាប់លោក ជា វិជ្ជា និង មេសហជីពពីររូបផ្សេងទៀត គឺលោក ហ៊ី វុទ្ធី និងលោក រស់ សុវណ្ណារ៉េត ប៉ុន្តែមកទល់ពេលនេះអាជ្ញាធររដ្ឋាភិបាលមិនទាន់បាន បង្ហាញតម្រុយណាមួយពីការស៊ើបអង្កេតនេះនៅឡើយ។
លោក ជា មុន្នី ជាប្អូនប្រុសបង្កើត លោក ជា វិជ្ជា ដែលបន្តដឹកនាំសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជានោះ មានប្រសាសន៍ថា នៅថ្ងៃទី២២ មករា ដែលជាថ្ងៃខួប១២ឆ្នាំនៃការសម្លាប់លោក ជា វិជ្ជា លោកនឹងរៀបចំពិធីជួបជុំនៅទីកន្លែងឃាតកបាញ់សម្លាប់លោក ជា វិជ្ជា នៅក្បែររបងវត្តលង្កា រាជធានីភ្នំពេញ។ បន្ទាប់មកហែទៅកាន់រួបសំណាក លោក ជា វិជ្ជា ដើម្បីគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាស្មិងស្មាធិ៍។ នៅក្នុងពិធីនេះដែរ លោក ក៏សួរនាំរដ្ឋាភិបាលអំពីការស៊ើបអង្កេតនេះដែរ។
ឆ្លើយតបបញ្ហានេះ ស្នងការរងនៃអគ្គស្នងការនគរបាលជាតិ លោក ម៉ក់ ជីតូ មានប្រសាសន៍ថា លោកមិនកាន់សំណុំរឿងនេះទេ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភក្រ មានប្រសាសន៍ថា មកទល់ពេលនេះ សមត្ថកិច្ច មិនទាន់មានពន្លឺ នៃការស៊ើបអង្កេតស្វែងរកឃាតកពិតសម្លាប់លោកជា វិជ្ជា នៅឡើយ។ លោក អំពាវនាវឲ្យសាធារណជនទាំងអស់ ជួយសហការជាសមត្ថកិច្ចក្នុងការស្វែងរកឃាតកនេះ។
ទោះបីជាយ៉ាងនេះក្ដី ទាំងមន្ត្រីសិទ្ធិមនុស្ស ទាំងលោក ជា មុន្នី បានអះអាងថា បើសិនជារដ្ឋាភិបាល មានឆន្ទៈក្នុងការស្វែងរកចាប់ខ្លួនឃាតកពិតប្រាកដមែននោះ គឺមិនអូសបន្លាយពេលយូរ១២ឆ្នាំដូច្នេះទេ ។ ពួកគាត់បញ្ជាក់ថា រយៈពេលតែ២ថ្ងៃប៉ុណ្ណោះអាជ្ញាធររដ្ឋាភិបាលចាប់ខ្លួន ឃាតកបានហើយ ដូចជាករណីយុវជនមួយរួបនៅខែត្រកំពង់ធំ ត្រូវបានអាជ្ញាធរចាប់ខ្លួនភ្លាមៗ ដោយតុលាការចោទប្រកាន់ពីបទគំរាមសម្លាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមហ្វេសប៊ុក (Facebook) ជាដើម។
បញ្ហានេះ មន្ត្រីសិទ្ធិមនុស្ស លើកឡើងថា ឃាតកសម្លាប់លោក ជា វិជ្ជា គឺអាចជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាល ពីព្រោះថា សូម្បីតែខ្សែភាពយន្តមានចំណងជើងថា នរណាសម្លាប់ ជា វិជ្ជា? ក៏ត្រូវបានរដ្ឋាភិបាល ហាមចាក់បញ្ចាំងនៅទីសាធារណៈដល់បច្ចុប្បន្ននេះដែរ។
ករណីសម្លាប់លោក ជា វិជ្ជា នេះ កន្លងមកក្រុមគ្រូសារលោក ជា វិជ្ជា រួមទាំង លោក ជា មុន្នី ផង ធ្លាប់ បានចង់ប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិដែរ តែពេលនេះ លោក ជា មុន្នី ឲ្យដឹងថា លោកនៅមិនទាន់អស់សង្ឃឹមលើសមត្ថកិច្ចនិងមន្ត្រីតុលាការមួយចំនួនទេ លោកនៅរង់ចាំមើលការស៊ើបអង្កេតនេះបន្តទៀតសិន។ លោក ជា មុន្នី អះអាងថា លោកនឹងរង់ចាំយុត្តិធម៌សម្រាប់បងប្រុសរបស់លោក អស់មួយជីវិត៕
No comments:
Post a Comment