Paris Peace Accords 23 Oct. 1991

Tuesday, February 23, 2016

ពលរដ្ឋ​ ៥៤៦ ​គ្រួសារ​ នៅ​​​ក្រចេះ ​ប្ដឹង​ឧកញ៉ា​ ពីរ​ រូប​ ពី​បទ​ កាប់​រាន​ដី​ព្រៃ​ សាធារណៈ | 549 families in Kratie filed complaint against 2 okhnas [tycoons] for destroying public land

ពលរដ្ឋ​ ៥៤៦ ​គ្រួសារ​ នៅ​​​ក្រចេះ ​ប្ដឹង​ឧកញ៉ា​ ពីរ​ រូប​ ពី​បទ​ កាប់​រាន​ដី​ព្រៃ​ សាធារណៈ

RFA / វិទ្យុ អាស៊ី សេរី | ២៣ កុម្ភៈ ២០១៦

 

កំណាត់​ឈើ​ខេត្ត​ក្រចេះ ២០១៦ ៨៥៥
កំណាត់​ឈើ​ក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​ចិន ឈ្មោះ ហ្វូឡាយ ឈុន គ្រុប (FU LAI CHUN GROUP) ឋិត​នៅ​ឃុំ​រលួស ស្រុក​សំបូរ ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៦។  RFA/Men Sothyr

ពលរដ្ឋ​ រស់​នៅ​ ឃុំ​ ឫស្សីកែវ ស្រុក ​ព្រែកប្រសព្វ ខែត្រ​ ក្រចេះ ៥៤៥​ គ្រួសារ បាន​ប្ដិត​មេដៃ​ ប្ដឹង​ឧកញ៉ា ២​រូប និង​អ្នក​ មាន​អំណាច​ មួយ​ចំនួន​ ពី​បទ​ កាប់​រាន​ ដី​ព្រៃ​ សាធារណៈ​ របស់​រដ្ឋ​ ទៅ សាលា​ដំបូង ​ខែត្រ​ក្រចេះ។  ពលរដ្ឋ​ ទាមទារ​ ឲ្យ​ឧកញ៉ា​ ទាំង​នោះ និង​អ្នក​ពាក់ព័ន្ធ​ ទទួល​ខុស​ត្រូវ​ ការ​បាត់បង់​ តំបន់​ព្រៃស្រោង​ ជាង ៣​ពាន់​ ហិកតារ, ហើយ​ បច្ចុប្បន្ន​ បាន​ក្លាយ​ ជា​ទី​ដី​វាល និង​គ្រប់គ្រង​ ជា​កម្មសិទ្ធិ​ ឯកជន។

តំណាង​ពលរដ្ឋ​រស់​នៅ​ឃុំ​ឫស្សីកែវ ស្រុក​ព្រែកប្រសព្វ ខែត្រ​ក្រចេះ ៦​រូប ត្រៀម​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​តាម​ដីកា​កោះ​របស់​តំណាង​អយ្យការ​អម​សាលា​ ដំបូង​ខែត្រ​ក្រចេះ នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ។ លើស​ពី​នេះ ពួកគាត់​អះអាង​ថា អ្នក​ភូមិ​មាន​ភស្តុតាង​ជាក់លាក់​ទាក់ទិន​ការ​កាប់​ឆ្ការ​ដី​ព្រៃ​ជា​តំបន់​ ព្រៃស្រោង​ឋិត​នៅ​ឃុំ​ឫស្សីកែវ ដោយ​ចោទ​ប្រកាន់​ឧកញ៉ា​ចំនួន​ពីរ​រូប ឈ្មោះ ប៊ុត ប៊ុនអេង ហៅ អេង និង​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។

​តំណាង​ពលរដ្ឋ លោក អិប វេងអៀ រៀបរាប់​ថា តំបន់​ព្រៃស្រោង​មាន​ទំហំ​ជាង ៣​ពាន់​ហិកតារ (៣.២១០) ឋិត​នៅ​តំបន់​អូរ​ស្ទឹងឡា នៃ​ឃុំ​ឫស្សីកែវ ត្រូវ​បាន​ឧកញ៉ា អេង និង​ឧកញ៉ា ខ្នា ព្រម​ទាំង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​សម្រុក​កាប់​ឆ្ការ​រាន​យក​ដី​ជាស​ កម្មសិទ្ធិ​តាំង​ពី​ឆ្នាំ​២០០៩ ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ។

លោក​ស្ដីបន្ទោស​ថា អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ហាក់​មិន​យក​ចិត្ត​ទុក​ដាក់​ទប់ស្កាត់​ការ​ឆ្ការ​ដី​ព្រៃ ​សាធារណៈ​របស់​រដ្ឋ តែ​បែរ​ជា​បើកដៃ​ឲ្យ​ឈ្មួញ​មាន​អំណាច​កាប់​ឆ្ការ​ទន្ទ្រាន​ព្រៃ​យ៉ាង​ អនាធិបតេយ្យ​ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ និង​ធ្វើ​អាជីវកម្ម៖ «គេ​មាន​លុយ ​គេ​កាប់​ទន្ទ្រាន​ជា​ទ្រង់ទ្រាយ​ធំ ឈូស​ឆាយ​យក​ដី​ធ្វើ​ជា​ចម្ការ​តែម្ដង។ យើង​ទៅ​រក​អុស​ក៏​អត់​បាន​ដែរ ព្រោះ​សុទ្ធតែ​ដីចម្ការ​របស់​គេ​ទាំង​អស់។ អ៊ីចឹង​បាន​ពលរដ្ឋ​បាត់បង់​ធ្ងន់ធ្ងរ​ណាស់។»

​វិទ្យុ​អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា និង​ឧកញ៉ា ប៊ុត ប៊ុនអេង ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​បាន​ទេ នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ។

​លោក​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា និង​ឧកញ៉ា​ម្នាក់​ទៀត​ឈ្មោះ សឹង សំអុល កាល​ពី​ពេល​ថ្មីៗ​នេះ ធ្លាប់​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា ជា​អ្នក​ជួញដូរ​ដ៏​ធំ ហើយ​បញ្ជា​ឲ្យ​អាជ្ញាធរ​ចុះ​ស៊ើបអង្កេត។

ដោយ​ឡែក​មេ​ឃុំ​ឫស្សីកែវ លោក ម៉ែន អុក ទទួល​ស្គាល់​ថា ព្រៃ​នៅ​តំបន់​នោះ​ពិត​ជា​រង​ការ​កាប់​រាន តែ​លោក​ធ្លាប់​រាយការណ៍​ករណី​នេះ​ទៅ​អាជ្ញាធរ​ស្រុក​ដែរ។ លោក​កត់សម្គាល់​ថា ព្រៃ​នៅ​តំបន់​នោះ ក៏​ឋិត​ក្នុង​គម្រោង​ដី​សម្បទាន​សង្គមកិច្ច​ជិត ៣​ពាន់​ហិកតារ (២.៩៤៨) ដែល​អាជ្ញាធរ​ធ្លាប់​ចុះ​វាស់វែង​និង​គូស​ផែនទី៖ «ព្រោះ​ដី​យើង​សុំ​ធ្វើ​ជា​ដី​សម្បទាន​សង្គមកិច្ច ព្រោះ​ចេះតែ​រំលោភ​ទៅ​ខ្ញុំ​ដោះ​មិន​ចេញ ខ្ញុំ​ប្រគល់​ឲ្យ​ទៅ​ស្រុក​ទៅ។»

​តំណាង​អយ្យការ​អម​សាលាដំបូង​ខែត្រ​ក្រចេះ លោក ហាក់ ហ៊ាន់ ឲ្យ​ដឹង​ថា តំណាង​អយ្យការ​នឹង​កោះ​ហៅ​តំណាង​ពលរដ្ឋ​ឲ្យ​ចូល​ស្រាយ​បំភ្លឺ​ជា​មុន​សិន ហើយ​នឹង​កោះហៅ​ឧកញ៉ា​ចំនួន​ពីរ​រូប​ទៀត​នៅ​ពាក់​កណ្ដាល​ខែ​មីនា ខាង​មុខ។

លោក​សង្កត់​ធ្ងន់​ថា ប្រសិនបើ​តំណាង​អយ្យការ​រក​ឃើញ​ថា មាន​ឧកញ៉ា និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ជាប់​ពាក់ព័ន្ធ​កាប់​រាន​ដី​ព្រៃឈើ​ខុស​ ច្បាប់​ត្រូវ​ទ​ទូល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់៖ «ទទួល​ទោស​ពាក់ព័ន្ធ​កាប់​រាន​យក​ដី​រដ្ឋ ហើយ​ការ​រំលោភ​យក​ដី​ពលរដ្ឋ​ផង។»

​កាល​ពី​ឆ្នាំ​២០០៧ ពលរដ្ឋ​ជាង ៤០០​គ្រួសារ រស់​នៅ​ឃុំ​ឫស្សីកែវ បាន​ផ្ដិត​មេដៃ​ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច​ពី​អាជ្ញាធរ​ចំនួន​ជិត ៣​ពាន់​ហិកតារ ឋិត​នៅ​តំបន់​អូរ​ស្ទឹងឡា ក្នុង​ឃុំ​ឫស្សីកែវ ហើយ​រដ្ឋាភិបាល​បាន​បែងចែក​ដី​នៅ​តំបន់​នោះ​ជា​ពីរ​ផ្នែក ទី​១ បែក​ចែក​សម្រាប់​ទុកជា​ព្រៃ​សហគមន៍ និង​មួយ​ផ្នែក​ទៀត​ជា​ដី​សម្បទាន​សង្គមកិច្ច។

មន្ត្រី​អង្កេត​ជាន់​ខ្ពស់​ផ្នែក​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ដែល​ចុះ​អង្កេត​ករណី​នេះ​ឲ្យ​ដឹង​ថា តំបន់​ព្រៃស្រោង​ធ្លាប់​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់​ពី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ចំនួន​ជាង ៣​ពាន់​ហិកតារ បច្ចុប្បន្ន​ក្លាយ​ជា​វាល​កម្មសិទ្ធិ​ឯកជន។

លោក​អះអាង​ថា ការ​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​កាប់​រាន​ដី​ព្រៃ​ស្រោង​នោះ ពុំ​មាន​អ្វី​លំបាក​ទេ ព្រោះ​ពលរដ្ឋ​មាន​មូលដ្ឋាន​ជាក់លាក់​ដូចជា​ដី​ដែល​គេ​កាប់​រាន​បច្ចុប្បន្ន និង​ដី​តំបន់​ព្រៃស្រោង​ឋិត​នៅ​ឃុំ​ឫស្សីកែវ​ របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់៖ «យើង​មាន​ផែនទី​១ ដែល​ទទួល​ស្គាល់​ដោយ​ក្រសួង ទី​ពីរ យើង​ឃើញ​ថា ផែនទី​ដែល​ឃុំ​ធ្វើការ​វិនិយោគ ដែល​បញ្ជាក់​ថា ដី​ព្រៃ​ស្រោង​នៅ​តំបន់​នោះ​សម្រាប់​ធ្វើ​ការ​វិនិយោគ ទី​៣ យើង​ឃើញ​ថា បទល្មើស​ជាក់ស្ដែង​កើត​ហើយ វា​អស់​ហើយ​ព្រៃ​កន្លែង ៣​ពាន់ អ៊ីចឹង​យើង​មាន​ភស្តុតាង​ទម្ងន់ យើង​អត់​មាន​អី​ត្រូវ​បារម្ភ​អ្វី​ដែល​មិន​ពិត​ទេ។»

​តំបន់​ព្រៃស្រោង ឬ​ព្រៃ​ក្រាស ឋិត​នៅ​ឃុំ​ឫស្សីកែវ ស្រុក​ព្រែកប្រសព្វ គឺ​ជា​ផ្នែក​មួយ​នៃ​ព្រៃឡង់ ហើយ​នៅ​មុន​ឆ្នាំ​២០០៨ ព្រៃ​នៅ​តំបន់​នោះ​ក៏​ជា​ជម្រក​សត្វ​កម្រ​ដូចជា ប្រើស ខ្ទីង ជាដើម។ ពលរដ្ឋ​នៅ​តំបន់​នោះ​ធ្លាប់​អាស្រ័យ​ផល​ដូចជា​រក​អុស បោច​វល្លិ រក​ឃ្មុំ និង​ដង​ជ័រទឹក​ជាដើម៕


No comments:

Post a Comment