វិភាគ៖ មូលហេតុ ជុំវិញ ការរំសាយ ធ្វើបាតុកម្ម ទាមទារ ឲ្យរម្លាយ គណបក្ស សង្គ្រោះជាតិ
VOD / វីអូឌី |
ដំណឹង នៃការធ្វើ បាតុកម្ម របស់ ក្រុមអ្នកគាំទ្រ គណបក្ស ប្រជាជន កម្ពុជា ក្នុងបំណង ទាមទារ ឲ្យរំលាយ គណបក្ស សង្គ្រោះជាតិបាន ធ្វើ ឲ្យមាន ការចាប់អារម្មណ៍ ពីសារព័ត៌មាន ជាតិ និងអន្តរជាតិ ជាច្រើន ចុះផ្សាយ។ ចំណែក គណបក្ស សង្គ្រោះជាតិ ក៏បង្ហាញ ពីការព្រួយបារម្ភ របស់ខ្លួន ដោយបានស្នើ ឲ្យក្រសួង មហាផ្ទៃ ចាត់វិធានការ ក្នុងការ ការពារ សន្តិសុខ នៅជុំវិញ ផ្ទះលោក សម រង្ស៊ី និងលោក កឹម សុខា រួមទាំង ការពារ ដល់មន្ត្រី គណបក្ស សង្គ្រោះជាតិ ផ្សេងៗទៀត។
ការចាប់អារម្មណ៍ ចុះផ្សាយ របស់ បណ្តាញ ផ្សាយព័ត៌មាន និងការបង្ហាញ ការព្រួយបារម្ភ របស់ គណបក្ស សង្គ្រោះជាតិនេះ មិនមែន ចេះធ្វើឡើង ដោយមិនមាន មូលហេតុ នោះទេ ព្រោះ បាតុកម្ម របស់ អ្នកគាំទ្រ គណបក្ស ប្រជាជន កម្ពុជា ប្រឆាំងថ្នាក់ដឹកនាំ គណបក្ស សង្គ្រោះជាតិ កាលពីចុងឆ្នាំ ២០១៥ បានធ្វើ ឲ្យសាធារណៈជន ជាតិ និងអន្តរជាតិ មានការភ្ញាក់ផ្អើល និងតក់ស្លុត ម្តង រួចមកហើយ។
កាលពីថ្ងៃ ទី២៦ ខែតុលា ឆ្នាំ២០១៥, អ្នកគាំទ្រ គណបក្ស ប្រជាជន កម្ពុជា រាប់ពាន់នាក់ បានធ្វើ បាតុកម្ម ទាមទារ ឲ្យដកលោក កឹម សុខា ចេញពីតំណែង អនុប្រធាន ទី១ នៃរដ្ឋសភា ដោយចោទ ថា, លោក កឹម សុខា ជាមនុស្ស ក្រឡិចក្រឡុច ញុះញង់ ឲ្យមានចលាចល ក្នុងសង្គម។ នៅក្នុងថ្ងៃនោះ អ្នកចូលរួម ធ្វើបាតុកម្ម បានវាយ តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ ពីររូប ឲ្យរងរបួស ធ្ងន់ នៅជិត រដ្ឋសភា។ ហិង្សានោះ រងការ ថ្កោលទោស ពីអង្គការ សង្គមស៊ីវិល ជាតិ និងអន្តរជាតិ និងពីបណ្តា ប្រទេស មួយចំនួន ទៀតផង។
ខណៈគណបក្សសង្គ្រោះជាតិនិងប្រជាពលរដ្ឋមួយចំនួនបង្ហាញការព្រួយបារម្ភ ពីហិង្សាអាចកើតមានឡើងទៀតនៅពេលមានបាតុកម្មទាមទារឲ្យរំលាយ គណបក្សសង្គ្រោះជាតិនោះ នៅថ្ងៃទី១៦ខែកុម្ភៈលោក សាំង សុង តំណាងក្រុមសម្ព័ន្ធយុវជនអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាដែលជាអ្នក ព្រមានធ្វើបាតុកម្មនោះបានប្រកាសរំសាយចោលគម្រោងនេះវិញ។
លោក សាំង សុង បកស្រាយថាមូលហេតុនៃការរំសាយនេះដោយសារអ្នកធ្វើបាតុកម្មប្រឆាំងលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅអាមេរិកមានចំនួនតិចពេកគឺមានប្រមាណតែ១៥០នាក់ ហើយភាគច្រើនជាក្រុមមនុស្សដែលមានបញ្ញាស្មារតីមិនល្អ។ លោកបន្តថា៖ សហរដ្ឋអាមេរិកមានលក្ខខណ្ឌអនុគ្រោះយល់យោគមួយត្រង់ថាអ្នកមានបញ្ហានោះគាត់ឲ្យប្រាក់ខែគឺគាត់ស៊ីប្រាក់ខែឆ្កួតបាទគាត់លេបថ្នាំឆ្កួតគាត់ស៊ីប្រាក់ខែឆ្កួតចឹងហើយ។ នេះជាទម្ងន់ដ៏ស្រាលបំផុតដែលសម្ព័ន្ធយុវជនយើង មិនអាចធ្វើបាតុកម្មតបវិញទេគឺខ្ចិលតបខ្ចិលរវល់មិនរវល់មិនអំពុលទុក្ខតែម្តង ហើយម្យ៉ាងទៀតយើងជាអ្នកស្រលាញ់សុខសន្តិភាពស្ថិរភាព
ទោះយ៉ាងណាលោក ទូច វិបុល ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកកាំងនិងជាអ្នករៀបចំ បាតុកម្មប្រាប់វីអូឌីថាអ្នកចូលរួមបាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅថ្ងៃទី១៦ខែកុម្ភៈមានទៅដល់១៥០០នាក់ដែលមកពីរដ្ឋផ្សេងៗគ្នា នៅសហរដ្ឋអាមេរិកនិងប្រទេសកាណាដាផងដែរ។ លោកបន្តថាសារៈសំខាន់នៅក្នុងបាតុកម្មនោះគឺទាមទារឲ្យមាន ការគោរពសិទ្ធិមនុស្សនិងសេរីនិងគោលការណ៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
នៅក្នុងបដាដែលបាតុករខ្មែរនៅអាមេរិកលើកឡើងហើយត្រូវគេថតជា វីឌីអូចែករំលែកតាមហ្វេសប៊ុកក្នុងខ្លឹសារដូចជា ហ៊ុន សែន ជាឃាតករ ការដឹកនាំរបស់លោក ហ៊ុន សែន មានការរំលោភសិទ្ធិមនុស្ស ឬ ហ៊ុន សែន ជាអាយ៉ងយួនជាដើម។
ក្រៅពីហេតុផលបាតុករនៅអាមេរិកមានចំនួនតិចជាក្រុមមនុស្សមានបញ្ហាស្មារតីមិនល្អនោះតើមានហេតុផលអ្វីផ្សេងទៀតទេ ដែលជំរុញឲ្យអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជារំលាយបាតុកម្មនោះ?
អ្នកវិភាគខ្លះលើកឡើងថាដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស អាមេរិកលោក ចន ឃើរី មកបំពេញទស្សនកិច្ចនៅកម្ពុជានិងលិខិតរបស់សមាជិកព្រឹទ្ធសភាអាមេរិកផ្ញើ ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានលើកឡើងពីការរំលោភសិទ្ធិមនុស្សនិងការគំរាមកំហែងអ្នកនយោបាយ ក្រុមប្រឆាំងនោះជាទម្ងន់មួយដែលសង្កត់មិនឲ្យអ្នកគាំទ្រគណបក្សប្រជា ជនធ្វើបាតុកម្ម។
អ្នកខ្លះទៀតលើកឡើងថាការបំពេញបេសកកម្មរបស់ គណៈប្រតិភូរបស់គណៈកម្មាធិការសិទ្ធិមនុស្សសហភាពអន្តរសភា IPU នៅកម្ពុជាចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៨ខែកុម្ភៈដើម្បីស៊ើប អង្កេតពីស្ថានភាពសិទ្ធិនយោបាយ។ គណៈប្រតិភូនេះជួបមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជានិងគណបក្ស សង្គ្រោះជាតិដែលនេះក៏អាចជាចំណុចមួយធ្វើឲ្យក្រុមអ្នក គាំទ្រគណបក្សប្រជាជនកម្ពុជាពិបាកក្នុងការធ្វើបាតុកម្មដែរ។
បើទោះជាហេតុផលនៃការររំសាយការធ្វើបាតុកម្មនេះមានការបកស្រាយ ផ្សេងគ្នាក៏ដោយក៏លោក ណៃ វ៉ង់ដា អនុប្រធានផ្នែកស៊ើបអង្កេតសមាគមការពារសិទ្ធិអាដហុកយល់ថាជាឥរិយាបថល្អ មួយគួរយកគំរូតាមដែលអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាសម្រេច មិនធ្វើបាតុកម្មចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមានប្រតិកម្មតបទៅនឹងអ្នកធ្វើ្បាតុកម្មប្រឆាំងរូបលោកនៅអាមេរិក ហើយបែរជាទៅជួបជាមួយអ្នកគាំទ្ររបស់ខ្លួនរាប់រយនាក់នៅក្នុង សណ្ឋាគារទៅវិញ។
សាស្ត្រាចារ្យនិងជាអ្នកស្រាវជ្រាវកិច្ចការនយោបាយលោក ឯម សុវណ្ណរ៉ា យល់ថាយុវជនដែលចេញមុខបកស្រាយថា រំសាយការធ្វើបាតុកម្មនោះគឺអាចធ្វើតាមគំនិតមន្ត្រីរបស់គណបក្ស ប្រជាជនកម្ពុជាឬជាឆន្ទៈរបស់អ្នកនយោបាយនៅថ្នាក់លើ។ លោកយល់ថាការដែលគណបក្សសង្គ្រោះជាតិស្នើឲ្យក្រសួងមហាផ្ទៃការពារ សុវត្ថិភាពមន្ត្រីរបស់ខ្លួនហើយក្រសួងនេះយល់ព្រមគឺអាចជាហេតុផលមួយ ដែលអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជារំសាយការធ្វើបាតុកម្មព្រោះមិន ចង់ឲ្យក្រុមគ្នាឯង ប៉ះនិងគ្នាឯង។ លោកបន្ថែមថា៖
ទី១គណបក្សប្រឆាំងគាត់បានស្នើទៅក្រសួងមហាផ្ទៃឲ្យជួយការពារសមាជិក ហើយបើក្រសួងមហាផ្ទៃការពារមិនបានធ្វើម៉េច? បើគ្រាន់តែទៅស្រែកហ្នឹងក្រុមគាត់អត់ចេះស្រែកទេគឺក្រុមគាត់ទៅវាយគេផូងផាំងហ្នឹង! គាត់មិនមែនទៅធ្វើបាតុកម្មដោយសន្តិវិធីដូច ក្រុមនិស្សិតក្រុមអ្នកតវ៉ា ឯណាគឺគាត់ទៅអាងអីអាងកម្លាំងបាយហ្នឹងនេះមិនមែនជាអ្នកនៅក្នុងសង្គមប្រជា ធិបតេយ្យទេបើយើងនិយាយមែនទែន។
ហេតុការណ៍ដែរលបាតុករគាំទ្រគណបក្សប្រជាជនចោលដុំថ្មលើផ្ទះលោក កឹម សុខា និងការទាញតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទម្លាក់ពីរថយន្តវាយ ដំនិងជាន់ទន្ទ្រាំផ្ទប់នៅនឹងដីនៅជាប់របងរដ្ឋសភាទាំងកណ្តាល ថ្ងៃត្រង់នោះអ្នកវិភាគមួយចំនួនលើកឡើងថាវាមិនបានធ្វើឲ្យគណបក្ស ប្រជាជនកម្ពុជាទទួលបានការគាំទ្រកើនឡើងការគាំទ្រពីប្រជាពលរដ្ឋ នោះទេ ផ្ទុយទៅវិញធ្វើឲ្យពលរដ្ឋភ័យខ្លាចនិងខូចឈ្មោះនៅលើឆាកអន្តរជាតិទៅវិញ ៕
No comments:
Post a Comment