Paris Peace Accords 23 Oct. 1991

Tuesday, February 16, 2016

ពលរដ្ឋ​ ខ្មែរ-​អាមេរិកាំង​ ធ្វើ​បាតុកម្ម​ ប្រឆាំង​ លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន | Cambodian-Americans demonstrate against PM Hun Sen

ពលរដ្ឋ​ ខ្មែរ-​អាមេរិកាំង​ ធ្វើ​បាតុកម្ម​ ប្រឆាំង​ លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន

RFA / វិទ្យុ អាស៊ី សេរី | ១៥ កុម្ភៈ ២០១៦

 

បាតុកម្ម ប្រឆាំង ហ៊ុន សែន ៨៥៥ ២០១៦
អតីត​ទាហាន​ខ្មែរ​សម័យ​ លន់ នល់ នៅ​សហរដ្ឋអាមេរិក ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ខាង​មុខ​មជ្ឈមណ្ឌល និង​ឧទ្យាន ​សាន់នីឡែនដ៍ (Sunnylands) ក្នុង​​រដ្ឋ​កាលីហ្វ័រញ៉ា (California) នៃ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ ឆ្នាំ​២០១៦។  RFA/Chun Chanboth  

កិច្ចប្រជុំ​ រវាង​ ប្រមុខ​ ដឹកនាំ ​រដ្ឋាភិបាល នៃ​ប្រទេស​ អាស៊ាន និង​លោក​ ប្រធានាធិបតី​ នៃ​សហរដ្ឋ អាមេរិក បាន​ចាប់​ផ្ដើម​ ថ្ងៃ​ទី​មួយ​ហើយ ​នៅ​ក្រុង ​រ៉េនឆូ ម៉ារ៉ាហ្ស (Rancho Mirage) នៃ​រដ្ឋ​ កាលីហ្វ័រញ៉ា (California) នៃ​សហរដ្ឋ អាមេរិក។  នៅ​ពេល​ ដែល​មេដឹកនាំ​ ទាំង​នេះ​ កំពុង ​ជជែក​គ្នា​ នៅ​ឯ​ខាងក្រៅ ​បរិវេណ​ឯ​ណេះ, ក្រុម​បាតុករ ​ចម្រុះ ជាតិ​សាសន៍ មាន​ទាំង ​ក្រុម​ពលរដ្ឋ​ ខ្មែរ-​អាមេរិកាំង ផង នាំ​គ្នា ​ធ្វើ​បាតុកម្ម​ តវ៉ា​ ផង​ដែរ។  ពួកគេ​ ភាគ​ច្រើន​ ទាមទារ​ ឲ្យរដ្ឋាភិបាល​ នៃ​ប្រទេស​ កំណើត​ របស់​ខ្លួន ​គោរព​ សិទ្ធិ​មនុស្ស និង​សិទ្ធិ​ ក្នុង​ការ​ចូលរួម​ ធ្វើ​នយោបាយ ​ដោយ​ស្មើភាព​ ជាដើម។

ពលរដ្ឋ​ ខ្មែរ-​អាមេរិកាំង ប្រមាណ​ ជិត ១​ពាន់​នាក់ នាំ​គ្នា​ មក​ធ្វើ​បាតុកម្ម​ នៅ​ក្បែរ ​រមណីយដ្ឋាន​ សាន់នីឡែនដ៍ ទី​ ដែល​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន មក​ចូល​រួម​ សន្និសីទ​ កំពូល​ អាស៊ាន-​អាមេរិក តាម​ការ​អញ្ជើញ ​របស់ ​ប្រធានាធិបតី​ អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barak Obama)។

បាតុករ​ទាំង​នេះ ភាគ​ច្រើន​មក​ពី​រដ្ឋ​កាលីហ្វ័រញ៉ា នេះ​តែម្ដង តែ​អ្នក​ខ្លះ​ក៏​មកពី​រដ្ឋ​ឆ្ងាយ​ដែរ ដូចជា​រដ្ឋធានី​វ៉ាស៊ីនតោន រដ្ឋ​វ៉ាស៊ីនតោន​ជាដើម ហើយ​ក៏​មាន​អ្នក​ខ្លះ​មក​តាំង​ពី​ឆ្ងាយ ដូចជា​ពី​ប្រទេស​កាណាដា អ្នក​ខ្លះ​មក​តាំង​ពី​ប្រទេស​អូស្ត្រាលី។ ពួកគាត់​ទាំង​អស់​គ្នា​មក​ទី​នេះ មាន​គោលបំណង​ពីរ​ជា​សំខាន់ ទី​មួយ​គឺ​ដើម្បី​ទាមទារ​ឲ្យ​លោក ហ៊ុន សែន បញ្ឈប់​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ទី​ពីរ​គឺ​ដើម្បី​ស្នើ​ឲ្យ​លោក បារ៉ាក់ អូបាម៉ា ជំរុញ​ឲ្យ​លោក ហ៊ុន សែន អនុវត្ត​លទ្ធិប្រជាធិបតេយ្យ៖ «ខ្ញុំ​ធ្វើ​ដំណើរ​ពី​តូរ៉ុនតូ ប្រទេស​កាណាដា ធ្វើ​ដំណើរ​ដោយ​ជិះ​យន្តហោះ​មក ដោយសារ​ឆន្ទៈ​ពិត​ប្រាកដ ស្រលាញ់​ទឹក​ដី ប្រជារាស្ត្រ​ខ្មែរ អាណិត​ប្រជារាស្ត្រ ហើយ​សំខាន់​គឺ​មិន​ពេញ​ចិត្ត​រដ្ឋាភិបាល​សព្វ​ថ្ងៃ​ដែល​ធ្វើ​បាប​ ប្រជារាស្ត្រ (ប្រព្រឹត្ត) អំពើ​ពុករលួយ កុម្មុយនិស្ត​ផ្ដាច់ការ។ លោក ហ៊ុន សែន ល្មម​ឈប់​ហើយ ទុក​ឲ្យ​គេ​ជំនាន់​ក្រោយៗ​គេ​ធ្វើ ខ្ញុំ​ជឿ​ថា គេ​ធ្វើ​គ្រាន់​បើ​ជាង​លោក...។ ខ្ញុំ​មក​ពី​អូស្ត្រាលី មក​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន ព្រោះ​គាត់​អត់​គោរព​សិទ្ធិ​មនុស្ស...។»

បាតុកម្ម​នៅ​ថ្ងៃ​នេះ រៀបចំ​ឡើង​ដោយ​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-​អាមេរិកាំង ដែល​មាន​លោក ទូច វិបុល ជា​ប្រធាន។ លោក វិបុល មាន​ប្រសាសន៍​ថា កត្តា​សំខាន់​បំផុត​ដែល​ជំរុញ​អោយ​លោក​ដឹកនាំ​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង មក​ធ្វើ​បាតុកម្ម​នៅ​ពេល​នេះ បើ​ទោះ​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុម​យុវជន​អ្នក​គាំទ្រ​លោក និង​គណបក្ស​ប្រជាជន​កម្ពុជា គំរាម​ថា នឹង​ធ្វើ​បាតុកម្ម​សងសឹក​វិញ​នៅ​ក្រុង​ភ្នំពេញ ក៏ដោយ គឺ​លោក​ចង់​អោយ​ពិភពលោក​ឃើញ​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​ផ្ដាច់ការ៖ «សំខាន់ ​យើង​ឲ្យ​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ពិសេស​សមាជិក​អាស៊ាន​ដទៃ​ទៀត ហើយ​និង​ពិភពលោក ឲ្យ​ឃើញ​ថា មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ មាន​ការ​វាយ​ប្រហារ​ទៅ​លើ​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។ អ៊ីចឹង​យើង​ជំរុញ​ឲ្យ​លោក​ប្រធានាធិបតី (អាមេរិក) បង្កើត​ក្រុម​ទំនាក់ទំនង​នៅ​កម្ពុជា មួយ ដែល​រួម​មាន​ប្រទេស​ដែល​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស (២៣ តុលា ១៩៩១) ដើម្បី​ត្រួត​ពិនិត្យ និង​ជំរុញ​ឲ្យ​មាន​កំណែទម្រង់​ទៅ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ។ ទី​២ យើង​ចង់​ឲ្យ​លោក អូបាម៉ា រិះគន់​ដោយ​ចំហ​ទៅ​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​របស់​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន។»

បាតុកម្ម ប្រឆាំង ហ៊ុន សែន ៨៥៥ ២០១៦
ពលរដ្ឋ​ខ្មែរ-​ អាមេរិកាំង ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ខាង​មុខ​មជ្ឈមណ្ឌល និង​ឧទ្យាន ​សាន់នីឡែនដ៍ (Sunnylands) ក្នុង​​រដ្ឋ​កាលីហ្វ័រញ៉ា (California) នៃ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ ឆ្នាំ​២០១៦។ RFA/Chun Chanboth

នៅ​ក្នុង​ចំណោម​បាតុករ​ក៏​មាន​ភរិយា​របស់​លោក មាជ សុវណ្ណារ៉ា ដែល​ពេល​នេះ​កំពុង​ជាប់​ពន្ធនាគារ​ព្រៃសរ។ អ្នកស្រី​ថា ការ​ចាប់​ខ្លួន​ប្ដី​អ្នកស្រី​រួច​អោយ​ជាប់​ទោស ២០​ឆ្នាំ គឺ​ជា​អំពើ​អយុត្តិធម៌​ជា​ទីបំផុត​ចំពោះ​គ្រួសារ​អ្នកស្រី៖ «នាង​ខ្ញុំ​និង​កូន​៣​នាក់​មក​ចូល​រួម​ជាមួយ​បង​ប្អូន​ខ្មែរ​នៅ​​ទី​នេះ ដើម្បី​ចង់​ឲ្យ​លោក ហ៊ុន សែន តុលាការ​កម្ពុជា គោរព​ច្បាប់ វិជ្ជាជីវៈ។ យើង​អត់​ត្រូវ​យក​តុលាការ​មក​ដើម្បី​ជា​ចំណាប់​ខ្មាំង ដើម្បី​ចាប់​អ្នក​នយោបាយ​ដាក់​គុក​គ្មាន​ហេតុផល​ទេ។ ការ​ធ្វើ​បាតុកម្ម​មាន​បង​ប្អូន​យ៉ាង​ច្រើន គណបក្ស​សង្គ្រោះ​ជាតិ​ច្រើន​នាក់ ហេតុ​អី​ចាប់​តែ​គ្រួសារ​ខ្ញុំ​ម្នាក់​ឯង ហើយ​និង​បង​ប្អូន​យើង​ដែល​គ្រាន់តែ​និយាយ​ដើម្បី​រក​លទ្ធិប្រជាធិបតេយ្យ​ឲ្យ ​បង​ប្អូន​នៅ​កម្ពុជា បែរ​ជា​មាន​ទោស​រហូត​ដល់​ជាប់​គុក ២០​ឆ្នាំ។»

មិន​មែន​តែ​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង​ទេ ដែល​ធ្វើ​បាតុកម្ម​នោះ ពលរដ្ឋ​វៀតណាម ថៃ ឡាវ និង​ហ្វីលីពីន ដែល​រស់​នៅ​សហរដ្ឋអាមេរិក​នេះ ក៏​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​មេដឹកនាំ​នៃ​ប្រទេស​កំណើត​របស់​ខ្លួន​ ដែរ។ នៅ​មាន​ជនជាតិ​ចម្រុះ​សាសន៍​ដទៃ​ទៀត ជា​ពិសេស​ពលរដ្ឋ​អាមេរិកាំង​ដែល​មាន​ដើម​កំណើត​ពី​អាមេរិក​ឡាទីន ក៏​គ្រោង​ធ្វើ​បាតុកម្ម​ដែរ។ ពួកគាត់​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក អូបាម៉ា ប្រធានាធិបតី​សហរដ្ឋអាមេរិក នេះ​តែម្ដង។ ពួកគាត់​ខ្លះ​តវ៉ា​ជាមួយ​នឹង​រដ្ឋាភិបាល​អាមេរិកាំង ពី​រឿង​គោលនយោបាយ​ចាប់​បញ្ជូន​ជនអន្តោប្រវេសន៍​ណា​ដែល​ប្រព្រឹត្ត​បទល្មើស​ កម្រិត​ធ្ងន់​នៅ​សហរដ្ឋអាមេរិក អោយ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។ ពួកគេ​ទាមទារ​អោយ​លោក អូបាម៉ា លុប​ច្បាប់​នេះ​ចោល។

ខ្លះ​ទៀត តវ៉ា​អំពី​រឿង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ឆ្លងដែន ប៉ាស៊ីហ្វិក ឬ​ក៏​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក ដែល​គេ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ធី.ភី.ភី (TPP)។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម អន្តរ​ប៉ាស៊ីហ្វិក​នេះ​ដែរ។

បាតុកម្ម​ថ្ងៃ​នេះ ថ្វី​តែ​មាន​ចម្រុះ​ជាតិ​សាសន៍ ប្រព្រឹត្ត​ទៅ​ដោយ​មិន​មាន​អំពើ​ហិង្សា​ទេ។ អាជ្ញាធរ​ក៏​នៅ​រង់ចាំ​ការពារ​ទាំង​បាតុករ និង​អ្នក​ដែល​ត្រូវ​គេ​ប្រឆាំង ព្រមទាំង​រៀបចំ​សណ្ដាប់ធ្នាប់​ផង។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ប្រកាស​ពី​យប់មិញ​ថា លោក​អាច​នឹង​ចុះ​មក​ជួប​បាតុករ​ក៏​មិន​ឃើញ​លោក​អញ្ជើញ​មក​ដែរ។ ក្រុម​បាតុករ​ថា នឹង​នៅ​ឈរ​តវ៉ា​ពេញ​មួយ​ថ្ងៃ​នេះ ហើយ​ថា ពួកគេ​នឹង​រៀបចំ​បញ្ជូន​ញត្តិ​មួយ​ជូន​ទៅ​លោក​ប្រធានាធិបតី អូបាម៉ា នៅ​ចុង​បញ្ចប់​នៃ​បាតុកម្ម​ថ្ងៃ​នេះ៕


3 comments:

  1. Foolish!! Knowledgeable Americans says Obama destroyed America since he took Office. And he is not done yet. But he loves your legion.

    ReplyDelete
  2. I meant to say, allegiance.

    ReplyDelete
  3. Anonymous11:57 AM

    For Zion Sake,

    You're sick!

    ReplyDelete