សហគមន៍ ការពារ ព្រៃឡង់ ចុះប្រមូល ទិន្នន័យ បំផ្លាញ ព្រៃឈើ ឲ្យរដ្ឋាភិបាល
នៅថ្ងៃ ទី១ ខែកុម្ភៈ នេះ, ក្រុមសហគមន៍ ការពារ ព្រៃឡង់ ទាំង ៤ខេត្ត បាននាំគ្នា ចូលព្រៃឡង់ ដើម្បី បង្រ្កាប និងទប់ស្កាត់ បទល្មើស ព្រៃឈើ, រួមទាំង ប្រមូល ទិន្នន័យ នៃការ បាត់បង់ ព្រៃឈើ ថ្មីៗនេះ ឲ្យរដ្ឋាភិបាល។ ការចុះ បង្ក្រាបនេះ ធ្វើឡើង ក្រោយ ពីរដ្ឋាភិបាល កម្ពុជា បានបង្កើត គណៈកម្មការ បង្ក្រាប បទល្មើស ព្រៃឈើ កាលពីខែ មករា កន្លងទៅ ដើម្បី បង្ក្រាប បទល្មើស ព្រៃឈើ ទូទាំងប្រទេស។
ប្រជាសហគមន៍ព្រៃឡង់ ៤ខេត្ត គឺខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ ដែលមានគ្នាសរុបប្រមាណ៣០០នាក់ នឹងចុះទប់ស្កាត់បទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ ហើយប្រមូលភស្តុតាង និងរបាយការណ៍ ឲ្យទៅក្រសួងបរិស្ថាន និងក្រសួងកសិកម្ម។ ក្រៅពីនេះ តំណាងសហគមន៍ការពារព្រឈើ ក៏ចង់ដឹងថា តើករណីកាប់ព្រៃឈើក្នុងព្រៃឡង់មានការកើនឡើង ឬថយចុះ។ នេះបើតាមលោកសេង សុខហេង តំណាងប្រជាសហគមន៍ការពារព្រៃឡង់។
លោកថា ការចុះត្រួតពិនិត្យធ្វើឡើងទាំង ៤ខេត្តព្រមគ្នា ដោយខេត្តខ្លះមានប្រជាសហមន៍ការពារព្រៃឡង់ ពី៥០នាក់ទៅ១០០នាក់ ចូលរួម។ សកម្មភាពចុះបង្ក្រាបបទល្មើសព្រៃឈើនេះ ធ្វើឡើងចាប់ពីថ្ងៃទី០១ ខែកុម្ភៈនេះ រហូតដល់ថ្ងៃទី៥ ខែកុម្ភៈ។ កាលពីខែតុលា ឆ្នាំ២០១៥ កន្លងទៅបណ្តាញសហគមន៍ការពារព្រៃឡង់បានដាក់របាយការណ៍របស់ខ្លួន និងស្នើសុំឲ្យមានការអន្តរាគមពីរដ្ឋាភិបាលលើបញ្ហាព្រៃឡង់។ លោក សេង សុខហេង ថាចំណាត់ការពីខាងរដ្ឋាភិបាលមិនសូវមានប្រសិទ្ធិភាពទេ ដោយសារតែការកាប់ព្រៃឈើក្នុងតំបន់ព្រៃឡង់នៅតែកើនឡើង។ យ៉ាងណាមិញ ការសហការរវាងប្រជាសហគមន៍ការពារព្រៃឈើ និងរដ្ឋាភិបាលមានភាពល្អប្រសើរជាងមុន។
សូមបញ្ជាក់ថា ព្រៃឡង់ គឺជាព្រៃស្រោងតំបន់ទំនាបធំជាងគេបង្អស់នៅកម្ពុជា គ្រប់ដណ្តប់លើខេត្តចំនួន។ តាមរយៈការសិក្សាថ្មីមួយរបស់អង្គការ អភិរក្សអន្តរជាតិ និងអង្គការវីនរ៉ក់អន្តរជាតិ កាលពីឆ្នាំ២០១៥ បានឲ្យដឹងថា តំបន់ព្រៃឡង់ គឺជាទីជម្រករបស់ប្រភេទសត្វ និងរុក្ខជាតិជិត១ពាន់ប្រភេទ។ ព្រៃឡង់ គឺជាប្រភពនៃជីវិតសម្រាប់មនុស្សប្រមាណ២សែន ៥ម៉ឺននាក់ ដែលរស់នៅជុំវិញនោះ។
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ដែលធ្វើការពាក់ព័ន្ធនឹងព្រៃឡង់នោះដែរ បានឲ្យដឹងថា កន្លងមករដ្ឋាភិបាលបានចាត់វិធានការអន្តរាគម ក្រោយពីមានការដាក់របាយការណ៍ពីប្រជាសហគមន៍ការពារព្រៃឡង់ ប៉ុន្តែការអន្តរាគមន៍របស់រដ្ឋាភិបាលមានភាពយឺតយ៉ាវ។
អ្នកនាំពាក្យក្រសួងកសិកម្ម លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា ដើម្បីបង្ក្រាបបទល្មើសព្រៃឈើ មិនត្រឹមតែព្រៃឡង់ទេ គឺរដ្ឋាភិបាលបានបង្កើត គណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើ ក្រៅពីនេះក៏មានអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងអនុក្រិត្យលេខ១៥៦ ដើម្បីទប់ស្កាប់បទល្មើសព្រៃឈើផងដែរ។ លោកបន្តថា ការចាត់ទុកចំណាត់ការរបស់រដ្ឋាភិបាលមិនសូវមានប្រសិទ្ធិភាព គឺគ្រាន់តែជាការវាយតម្លៃមិនឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ រដ្ឋាភិបាលទេ ហើយពួកគាត់គួរតែសហការធ្វើការជាមួយគណៈបញ្ជារការឯកភាពរដ្ឋបាល រាជធានី-ខេត្ត ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ។
បើតាមតំណាងសហគមន៍ការពារព្រៃឡង់ របាយការណ៍នៃការបង្ក្រាបបទល្មើសព្រៃឈើនឹងត្រូវដាប់បង្ហាញជាសាធារណៈ ក្នុងសប្តាហ៍ទី២ នៃខែកុម្ភៈ ឆ្នាំ២០១៦ ដំណាលគ្នានឹងការយករបាយការណ៍នេះ ឲ្យតំណាងរដ្ឋាភិបាល។ ចំពោះកិច្ចការពារកន្លងមក ក្រុមសហគមន៍ព្រៃឡង់ បានបង្ក្រាបបទលើ្មសព្រៃឈើ ដោយចាប់បានម៉ាស៊ីនអារឈើរាប់សិបគ្រឿង និងឈើរាប់សិបម៉ែត្រគូប៕
This kind of khmer's written language:
ReplyDelete"សហគមន៍ ការពារ ព្រៃឡង់ ចុះប្រមូល ទិន្នន័យ បំផ្លាញ ព្រៃឈើ ឲ្យរដ្ឋាភិបាល"
is really scary to say the least!