តុលាការ កាត់ទោស លោក សុខ ប៊ុន ឱ្យជាប់គុក ៣ឆ្នាំ
ក្រុមប្រឹក្សា
ជំនុំជម្រះ សម្រេច ថា, ជនជាប់ចោទ សុខ ប៊ុន
ត្រូវ មានទោស ជាប់ពន្ធនាគារ ៣ឆ្នាំ, តែ អនុវត្តទោស ១០ខែ
និងត្រូវ បង់លុយ ៦លានរៀល ចូលថវិការដ្ឋ,
ហើយ ទុកឲ្យប្តឹង ឧទ្ធរណ៍ តាមផ្លូវច្បាប់។
VOA / វីអូអេ | ១៦ កុម្ភៈ ២០១៦
ភ្នំពេញ—ចៅក្រម សាលាដំបូង រាជធានី
ភ្នំពេញ នៅថ្ងៃច័ន្ទនេះ
បានប្រកាស សាលក្រម ដាក់ទោស អតីត ឧកញ៉ា អចលនទ្រព្យម្នាក់, គឺ លោក សុខ
ប៊ុន, ឲ្យជាប់ឃុំឃាំង ចំនួន ៣ឆ្នាំ,
ប៉ុន្តែ ឱ្យអនុវត្តទោស តែ ត្រឹម ១០ខែ ប៉ុណ្ណោះ
ក្នុងសំណុំរឿង ប្រព្រឹត្ត អំពើហិង្សា ដែលទណ្ឌិត រូបនេះ
និងអង្គរក្ស ពីរនាក់ ដែលបាន វាយសម្រាត ខោអាវ នាង ឯក សុជាតា
អតីត ពិធីការិនី ទូរទស្សន៍។
អ្នកស្រី ស៊ លីនណា ចៅក្រមជំនុំជម្រះបានប្រកាសថា ក្រោយពីបានពិនិត្យ និងពិចារណាផ្លូវច្បាប់ ក្រុមប្រឹក្សាជំនុំជម្រះសម្រេចថា ជនជាប់ចោទ សុខ ប៊ុន ត្រូវមានទោសជាប់ពន្ធនាគារ៣ឆ្នាំ តែអនុវត្តទោស១០ខែ និងត្រូវបង់លុយ៦លានរៀលចូលថវិការដ្ឋ ហើយទុកឲ្យប្តឹងឧទ្ធរណ៍តាមផ្លូវច្បាប់។
សំណុំរឿងអំពើហិង្សានេះធ្លាប់មានអន្តរាគមន៍ពីលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។ ការប្រកាសសាលក្រមនេះមិនមានវត្តមានរបស់ចុងចោទឈ្មោះ សុខ ប៊ុន និងដើមបណ្តឹងឈ្មោះ ឯក សុជាតា ហៅ សាសា នោះទេ។
មេធាវីរបស់លោក សុខ ប៊ុន គឺលោក សេង សូវីណា ដែលបានចូលរួមស្តាប់សវនាការនេះ បានប្រាប់អ្នកយកព័ត៌មានថា កូនក្តីរបស់លោកមិនមានវត្តមាន ដោយសារបញ្ហាសុខភាព។ លោកនិយាយថា លោកពេញចិត្តនឹងសាលក្រមរបស់តុលាការនេះ។
មេធាវីរបស់នាង ឯក សុជាតា គឺលោក ពុធ ធាវី បានប្រាប់ VOA តាមទូរស័ព្ទថាលោកក៏មិនជំទាស់នឹងសាលក្រមនេះដែរ។ ប៉ុន្តែ លោកមិនបានចូលរួមស្តាប់សាលក្រមនេះទេ។
«ខ្ញុំអត់មានមតិអ្វីទើសទាស់ប្រឆាំងនឹងសាលក្រមហ្នឹងទៀតទេ ពីព្រោះសាលក្រមហ្នឹងចាត់ដូចជាត្រឹមត្រូវដែរ សម្រាប់ទណ្ឌកម្ម១០ខែ ពីរឿងវាយដំ បង្ករបួសស្នាម។»
ទោះជាយ៉ាងណាក្តី លោកមេធាវីបានបន្ថែមថា លោកមិនទាន់បានពិភាក្សាជាមួយកូនក្តីរបស់លោកទេ អំពីសាលក្រមនេះ ហើយលោកមិនដឹងថា នាង ឯក សុជាតា ពេញចិត្តនឹងសាលក្រមនេះ ឬបន្តប្តឹងទៅសាលាឧទ្ធរណ៍ ឬយ៉ាងណាទេ។
«ខ្ញុំអត់បានសួរទេ ពីព្រោះកូនក្តីខ្ញុំ និងខ្ញុំ ហាក់ដូចជាឆ្ងាយពីគ្នាបន្តិចក្នុងការទំនាក់ទំនងនឹងគ្នា។»
អ្នកស្រីចៅក្រម ស៊ លីនណា ប្រកាសថា សាលក្រមដែលសម្រេចឲ្យជនជាប់ចោទ សុខ ប៊ុន ជាប់ការឃុំឃាំង១០ខែ និងព្យួរទោសនៅក្រៅឃុំ២ឆ្នាំ ២ខែនេះ គឺជាលទ្ធផលនៃការស៊ើបអង្កេត និងសវនាការកាលខែមករា។
អំពើហិង្សារបស់អតីតឧកញ៉ាអចលនទ្រព្យទៅលើអតីតពិធីការិនី ទូរទស្សន៍នេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលក្នុងរាជធានីភ្នំពេញ តាមបណ្តាញសង្គម Facebook ហើយទីបំផុតមានអន្តរាគមន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
កាលពីខែកក្កដា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រីបានហៅអំពើហិង្សានោះថា ជាអំពើសាហាវ យង់ឃ្នង ហើយលោកបានប្រាប់ឲ្យអាជ្ញាធរចាត់វិធានការតាមច្បាប់ព្រហ្មទណ្ឌ។ លោកនិយាយថា ចំពោះរឿងព្រហ្មទណ្ឌ ការសម្រុះសម្រួលគ្នារវាងជនរងគ្រោះ និងដើមបណ្តឹង ក្រៅតុលាការមិនអាចធ្វើឲ្យរលត់បណ្តឹងអាជ្ញាបានទេ។
មិនបានប៉ុន្មានថ្ងៃ ក្រោយពីមានប្រតិកម្មរបស់លោកហ៊ុន សែន ជនសង្ស័យ សុខ ប៊ុន បានវិលត្រឡប់មកពីប្រទេសសិង្ហបុរី ប្រគល់ខ្លួនឲ្យអាជ្ញាធរ ហើយត្រូវតុលាការសម្រេចឃុំខ្លួន កាលពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០១៥។
អន្តរាគមន៍របស់លោក ហ៊ុន សែន ក្នុងរឿងនេះ បានធ្វើឲ្យមានការទាមទាររកយុត្តិធម៌សម្រាប់កម្មការិនីបីនាក់ ដែលត្រូវទណ្ឌិត ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត បាញ់ឲ្យរងរបួសកាលពីឆ្នាំ២០១២ នៅពេលកម្មករធ្វើបាតុកម្មនៅតំបន់ឧស្សាហកម្មក្រុងបាវិត ទាមទារដំឡើងប្រាក់ខែ និងលក្ខខណ្ឌការងារប្រសើរឡើង។ នៅទីបំផុតទណ្ឌិត ឈូក បណ្ឌិត ដែលបានគេចខ្លួននៅក្រៅឃុំប្រហែលពីរឆ្នាំនោះ ក៏បានប្រគល់ខ្លួនដែរ៕
No comments:
Post a Comment