Paris Peace Accords 23 Oct. 1991

Friday, February 12, 2016

មន្ត្រី​ រដ្ឋាភិបាល៖ ការ​រិះគន់​ របស់​ សមាជិក​ ព្រឹទ្ធសភា​ អាមេរិក ​គ្មាន ​ឥទ្ធិពល ​លើ​កម្ពុជា | Criticism of US Senators have no influence on Cambodia

មន្ត្រី​ រដ្ឋាភិបាល៖ ការ​រិះគន់​ របស់​ សមាជិក​ ព្រឹទ្ធសភា​ អាមេរិក ​គ្មាន ​ឥទ្ធិពល ​លើ​កម្ពុជា

RFA / វិទ្យុ អាស៊ី សេរី | ១២ កុម្ភៈ ២០១៦

 

ញ៉យ ចំរើន គង់ សភា ៦២០
តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ​ទាំង​ពីរ​រូប ដែល​ត្រូវ​បាតុករ​មួយ​ក្រុម វាយ​ដំ​ឲ្យ​របួស នៅ​មុខ​បរិវេណ​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។  RFA/Uon Chhin

មន្ត្រី​ រដ្ឋាភិបាល​ លើក​ឡើង​ ថា, ការ​រិះគន់​ ពី​ការ​គោរព​ សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ នៅ​កម្ពុជា ដោយ​សមាជិក​ ព្រឹទ្ធសភា​ សហរដ្ឋ អាមេរិក គ្មាន ​ឥទ្ធិពល​ មក​លើ ​រដ្ឋាភិបាល​ កម្ពុជា ឡើយ។

ការ​លើក​ឡើង ​ដូច្នេះ​ របស់​ មន្ត្រី​ រដ្ឋាភិបាល គឺ​បន្ទាប់​ពី​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ចំនួន ៧​រូប កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ បាន​ផ្ញើ​លិខិត​ទៅ​កាន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្ដែង​ការ​បារម្ភ​ពី​ស្ថានការណ៍​នយោបាយ ការ​រំលោភ​សិទ្ធិ​មនុស្ស​នានា នៅ​កម្ពុជា។
មន្ត្រី​រដ្ឋាភិបាល​ចាត់​ទុក​ការ​រិះគន់​របស់​សមាជិក​ព្រឹទ្ធសភា​ សហរដ្ឋអាមេរិក មក​លើ​កម្ពុជា នៅ​ពេល​នេះ​ថា គ្រាន់​តែ​ជា​ការ​យល់​ឃើញ​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក មួយ​ក្រុម​តូច ដែល​មិន​មែន​ជា​ជំហរ​រួម​របស់​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ទាំង​មូល​នោះ​ទេ។

អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ដែល​អះអាង​ថា បាន​ឃើញ​លិខិត​របស់​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក រួច​ហើយ​នោះ មាន​ប្រសាសន៍​ថា លិខិត​នោះ​មិន​មាន​តម្លៃ​ផ្លូវច្បាប់​ដែល​រដ្ឋាភិបាល​ត្រូវ​ព្រួយបារម្ភ​នោះ ​ទេ។ លោក​ថ្លែង​ថា អ្វី​ដែល​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក លើក​ឡើង​ក្នុង​លិខិត គឺ​ពួកគេ​មិន​បាន​ដឹង​ច្បាស់​ពី​ស្ថានភាព​ពិតប្រាកដ​នៅ​កម្ពុជា​ឡើយ។ លើស​ពី​នេះ លោក​យល់​ថា អ្វី​ដែល​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ធ្វើ គឺ​ដើម្បី​បំពេញ​ចិត្ត​អ្នក​បោះ​ឆ្នោត​គាំទ្រ​ពួកគេ​នៅ​អាមេរិក​ប៉ុណ្ណោះ។ ជាង​នេះ​ទៀត លោក ផៃ ស៊ីផាន ថា ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​សហរដ្ឋអាមេរិក មិន​បាន​ទទួល​យក​លិខិត​របស់​សមាជិក​ព្រឹទ្ធសភា​ទាំង​នោះ​ទេ ហើយ​បាន​បញ្ជូន​ត្រឡប់​ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ ដោយ​ស្ថានទូត​យល់​ថា លិខិត​នោះ​គ្មាន​សារប្រយោជន៍​អ្វី​ឡើយ។

​លោក ផៃ ស៊ីផាន៖ «គ្មាន​អ្វី​ដែល​ជា​ឥទ្ធិពល ហើយ​គ្មាន​អ្វី​ដែល​ជា​ការ​យក​ចិត្ត​ទុកដាក់​ដោយសារ​ចំណង​មិត្តភាព​របស់​ កម្ពុជា និង​សហរដ្ឋអាមេរិក ស្ដែង​ចេញ​តាម​ឯកឧត្ដម ចន ឃែរី (John Kerry) លោក​បាន​និយាយ​ច្បាស់​ណាស់ លោក​បាន​វាយតម្លៃ ទី​១ គឺ​ការ​ជឿនលឿន​របស់​កម្ពុជា ទី​២ គឺ​ចង់​បង្កើន​ទំនាក់ទំនង​ឲ្យ​រឹត​តែ​ល្អ​ទៅ​ទៀត។ ដូច្នេះ​ខ្ញុំ​យល់​ឃើញ​ថា ទំនាក់ទំនង​កម្ពុជា-​អាមេរិក នៅ​ល្អ ហើយ​អ្វី​ដែល​លើក​ឡើង​របស់​សមាជិក​ព្រឹទ្ធសភា​មួយ​ចំនួន​តូច​នេះ គ្រាន់តែ​ជា​ព័ត៌មាន​ប៉ុណ្ណោះ មិន​មាន​តម្លៃ​ច្បាប់ ឬ​ការ​ដាក់​សម្ពាធ​នោះ​ទេ។»

ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​លោក ហ៊ុន សែន សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាំង ៧​រូប សម្ដែង​ការ​បារម្ភ​ពី​ស្ថានការណ៍​រំលោភ​បំពាន​សិទ្ធិមនុស្ស​នានា​នៅ​កម្ពុជា ដូចជា​ការ​វាយ​ដំ​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ការ​រំលោភបំពាន​ដីធ្លី​ពលរដ្ឋ និង​ការ​ជួញដូរ​មនុស្ស​ជាដើម។ ពួកគេ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង​ លោក មាជ សុវណ្ណារ៉ា ដែល​មាន​សញ្ជាតិ​អាមេរិកាំង ចេញ​ពី​ពន្ធនាគារ និង​ឲ្យ​នាំ​ខ្លួន​ជន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​រំលោភ​បំពាន​ដីធ្លី​ពលរដ្ឋ​មក​ កាត់​ទោស​តាម​ច្បាប់។ ការ​ទទូច​នេះ ធ្វើ​ឡើង ៤​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពេល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ដំណើរ​ចាកចេញ​ពី​កម្ពុជា ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-​អាមេរិក នៅ​រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក។

អ្នកស្រាវជ្រាវ​ឯករាជ្យ​ផ្នែក​សង្គម និង​នយោបាយ លោក​សាស្ត្រាចារ្យ ហេង ស្រ៊ាង មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​មើល​ពី​កំហុស​ឆ្គង​របស់​ខ្លួន​ឲ្យ​បាន​ច្រើន ជា​ជាង​រង់ចាំ​តែ​ច្រាន​ចោល​ការ​រិះគន់​របស់​អ្នក​ដទៃ។ លោក​ថា រដ្ឋាភិបាល​ក៏​មិន​ត្រូវ​មើលស្រាល​ចំពោះ​ការ​បារម្ភ​របស់​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា​អាមេរិក ចំពោះ​ស្ថានការណ៍​នៅ​កម្ពុជា នោះ​ដែរ។ លោក​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ដូច​សហរដ្ឋអាមេរិក សមាជិក​រដ្ឋ​សភា និង​ព្រឹទ្ធសភា មាន​ឥទ្ធិពល​ខ្លាំង​លើ​រដ្ឋាភិបាល។ ពួកគេ​អាច​ជំរុញ​ទៅ​រដ្ឋាភិបាល​អាមេរិក ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​គោលនយោបាយ​អាមេរិក ចំពោះ​កម្ពុជា ដែល​លោក​ថា ពេល​នោះ​ហើយ​ដែល​នឹង​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​លើ​កម្ពុជា។

សហរដ្ឋអាមេរិក គឺ​ជា​ប្រទេស​មហាអំណាច​មួយ​ដែល​តែង​ហ៊ាន​រិះគន់​ពី​ការ​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ កាល​ពី​ចុង​ឆ្នាំ​២០១៥ ក្រោយ​ពេល​ដែល​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ២​រូប ត្រូវ​បាន​បាតុករ​គាំទ្រ​បក្ស​កាន់​អំណាច​វាយ​ឲ្យ​របួស និង​ក្រោយ​ពេល​ប្រធាន​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ចេញ​ដីកា​តាម​ចាប់​ខ្លួន សមាជិក​សភា​អាមេរិក ក៏​បាន​ចេញ​លិខិត​អំពាវនាវ​ឲ្យ​បក្ស​កាន់​អំណាច​ឈប់​ធ្វើ​ទុក្ខបុកម្នេញ​លើ​ បក្ស​ប្រឆាំង។

ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុជា កាល​ពី​ចុង​ខែ​មករា បើ​ទោះ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក លោក ចន ឃែរី កត់សម្គាល់​ពី​ការ​រីក​ចម្រើន​មួយ​ចំនួន​នៅ​កម្ពុជា ក្តី ប៉ុន្តែ​លោក​ថា សហរដ្ឋអាមេរិក​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ពី​ការ​គោរព​សិទ្ធិមនុស្ស ការ​គោរព​សេរីភាព​ពលរដ្ឋ និង​អភិបាលកិច្ច​ល្អ ដែល​លោក​ថា ទាំង​អស់នេះ​ជា​កត្តា​សំខាន់​ក្នុង​ការ​កំណត់​នូវ​ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក៕



No comments:

Post a Comment