Paris Peace Accords 23 Oct. 1991

Tuesday, February 9, 2016

លោក ហ៊ុន សែន ណែនាំ​ ឲ្យ​មន្ត្រី ​រដ្ឋាភិបាល​ ទទួល​ ពាក្យ​បណ្ដឹង ​ពី​ពលរដ្ឋ​ តាម​ហ្វេសប៊ុក | Hun Sen directs govt officials to receive complaints from people via Facebook

លោក ហ៊ុន សែន ណែនាំ​ ឲ្យ​មន្ត្រី ​រដ្ឋាភិបាល​ ទទួល​ ពាក្យ​បណ្ដឹង ​ពី​ពលរដ្ឋ​ តាម​ហ្វេសប៊ុក

RFA / វិទ្យុ អាស៊ី សេរី | ៨ កុម្ភៈ ២០១៦

 

ហ្វេសប៊ុក ហ៊ុន សែន ២០១៦ ៨៥៥
ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ Screenshot
លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​ សេចក្ដី​ណែនាំ​ មួយ​ ឲ្យ​មន្ត្រី​ ជាន់​ខ្ពស់ ​រដ្ឋាភិបាល ចាត់​តាំង​ ឲ្យ​មាន​ ក្រុម​តាម​ដាន​ ស្រង់​ព័ត៌មាន ​ប្រចាំ​ថ្ងៃ ពី​ពលរដ្ឋ​ ដែល​បាន​ប្ដឹង និង​សំណូមពរ​ បញ្ហា​ផ្សេងៗ ​តាម​រយៈ​ ហ្វេសប៊ុក (Facebook) របស់ ​លោក ដើម្បី​ យក​មក​ ត្រួត​ពិនិត្យ និង​ដោះស្រាយ។  លោក ហ៊ុន សែន បាន​ណែនាំ​ ដូច្នេះ បន្ទាប់​ ពី​លោក​ បាន​ប្រកាស​ ជា​សាធារណៈ​ ថា, ហ្វេសប៊ុក​ របស់​លោក​ មាន​អ្នក​ ចុច​ ចូល​ចិត្ត (Like) និង​ផ្ដល់​យោបល់ (Comment) ច្រើន​លាន​នាក់។

តើ ​សង្គម​ស៊ីវិល​ យល់​យ៉ាង​ណា ចំពោះ​ ការ​ចេញ​ សេចក្ដី​ណែនាំ​ នេះ?


អ្នក​ឃ្លាំ​មើល​ការ​វិវឌ្ឍន៍​សង្គម បាន​វាយ​តម្លៃ​ថា ការ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ចេញ​ការ​ណែនាំ​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​ រដ្ឋាភិបាល ចាត់​ឲ្យ​មាន​ក្រុម​តាម​ដាន​ស្រង់​ព័ត៌មាន​ប្រចាំ​ថ្ងៃ ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​តាម​ហ្វេសប៊ុក​របស់​លោក គឺ​គ្រាន់​តែ​ជា​នយោបាយ​ប្រជាភិថុតិ​មួយ​ប៉ុណ្ណោះ។

អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី មាន​ទស្សនៈ​ថា ការ​ធ្វើ​បែប​នេះ​គ្រាន់​តែ​ជា​មធ្យោបាយ​មួយ​សម្រាប់​ដឹង និង​ទទួល​ព័ត៌មាន​ប៉ុណ្ណោះ។ លោក​ថា បច្ចុប្បន្ន​នៅ​តាម​ឃុំ​នីមួយៗ​មាន​ប្រអប់​គណនេយ្យ​ភាព​ក្រុម​ប្រឹក្សា​ឃុំ។ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក៏​មាន​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ជាតិ​សាធារណៈ ហើយ​នៅ​តាម​ក្រសួង​នីមួយៗ ក៏​មាន​ក្រុម​ការងារ​ចម្រុះ​ដើម្បី​យក​ព័ត៌មាន​ដែរ។ ក្រៅ​ពី​នោះ មាន​ដៃគូ​អភិវឌ្ឍន៍ មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​ទៀត​ដែល​ផ្ដល់​យោបល់។ លោក​បញ្ជាក់​ថា ការ​យក​ព័ត៌មាន​តែ​មួយ​មធ្យោបាយ​នោះ មិន​គ្រប់​នោះ​ទេ ការ​ធ្វើ​នេះ​មិន​បាន​ជោគជ័យ​នោះ​ឡើយ គឺ​ត្រូវ​វិភាគ និង​សិក្សា​ស្រាវជ្រាវ​បន្ថែម និង​កំណត់​អាទិភាព​នៃ​បញ្ហា ហើយ​ត្រូវ​ឆ្លើយ​តប​ជា​ប្រព័ន្ធ ទើប​មាន​ប្រសិទ្ធភាព។

លោក​បណ្ឌិត កែម ឡី«បើ​សិន​ជា​គាត់​គិត​ថា​អា​ហ្នឹង​វា​មាន​ប្រសិទ្ធភាព​ខ្ពស់ គាត់​ត្រូវ​លុប​ចោល​អា​មាន​ស្រាប់​សិន។ គាត់​គិត​ថា​អា​ហ្នឹង​វា​មាន​ប្រសិទ្ធភាព អាច​ឆ្លើយ​តប​ទៅ​នឹង​ប្រជាពលរដ្ឋ​បាន ចឹង​លុប​ចោល​ទៅ​ប្រព័ន្ធ​គណនេយ្យ​ភាព ប្រព័ន្ធ​អី​ដែល​គាត់​ខំ​វិនិយោគ​រាប់​ឆ្នាំ​មក​ហើយ។ វា​បង្ហាញ​នូវ​យន្តការ​ដទៃៗ​ទៀត អត់​មាន​ប្រសិទ្ធភាព ហើយ​យើង​ពិនិត្យ​មើល​យន្តការ​ទាំងអស់​ហ្នឹង បើ​អត់​មាន​ប្រសិទ្ធភាព​ទេ យើង​ទុក​ឲ្យ​ចាយ​លុយ​អត់​ប្រយោជន៍​ធ្វើ​អី? ប៉ុន្តែ​តាម​ពិត យន្តការ​ដទៃ​ទៀត​មាន​ប្រសិទ្ធភាព បើ​សិន​ជា​យើង​ពង្រឹង​វិនិយោគ​តាម​ដាន ហើយ​រៀបចំ​ជា​ផែនការ​សកម្មភាព​វា​ទូលំទូលាយ វា​គ្រប់​ជ្រុងជ្រោយ​ជាង​ប្រព័ន្ធ​សង្គម»

ការ​បញ្ចេញ​ទស្សនៈ​នេះ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សេចក្ដី​ណែនាំ​មួយ​នៅ​ថ្ងៃ​ទី​៨ កុម្ភៈ ទៅ​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ប្រតិភូ រដ្ឋមន្ត្រី​គ្រប់​ក្រសួង ប្រធាន​គ្រប់​ស្ថាប័ន និង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី-ខេត្ត ឲ្យ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​លើ​បញ្ហា​នានា​ដែល​សព្វថ្ងៃ​លោក​ទទួល​បាន​ ព័ត៌មាន​ចម្រុះ រួម​ទាំង​ពាក្យ​បណ្ដឹង និង​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ឲ្យ​មាន​តម្លាភាព និង​មាន​ប្រសិទ្ធភាព​ខ្ពស់។ សេចក្ដី​ណែនាំ​ដដែល បាន​តម្រូវ​ឲ្យ​ចាត់​តាំង​ក្រុម​ការងារ​តាម​ដាន​ស្រង់​របាយការណ៍​ព័ត៌មាន​ ប្រចាំ​ថ្ងៃ និង​សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ​ដែល​លោក​បាន​ទទួល​ផ្ទាល់ ក្នុង​ប្រអប់​សំបុត្រ​ហ្វេសប៊ុក​ពី​ប្រជាពលរដ្ឋ។
តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា នេះ​ជា​ឱកាស​មួយ​ទៀត​សម្រាប់​ពលរដ្ឋ​រងគ្រោះ​ដែល​អាច​បញ្ជូន​ព័ត៌មាន​របស់​ ខ្លួន ទៅ​កាន់​បណ្ដាញ​សង្គម​របស់​នាយក​រដ្ឋមន្ត្រី ប៉ុន្តែ​កន្លង​មក បើ​សិន​ជា​អាជ្ញាធរ​មូលដ្ឋាន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ជូន​ដល់​ ពលរដ្ឋ ប្រហែល​ជា​ពួក​គាត់​មិន​មាន​ការ​តវ៉ា​បញ្ហា​ដីធ្លី និង​បញ្ហា​ផ្សេងៗ​នៅ​ភ្នំពេញ​នោះ​ទេ។ លោក​សង្កេត​ឃើញ​ថា បទបញ្ជា​នេះ​អាច​នឹង​មាន​ប្រសិទ្ធភាព​ខ្លះ«ការ​ចេញ​បទបញ្ជា​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី មិន​មែន​អត់​មាន​ប្រសិទ្ធភាព ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ទាំង​ស្រុង​នោះ​ទេ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​មួយ​ឆាវៗ​នៅ​ពេល​នាយក​រដ្ឋមន្ត្រី​ដាក់​បញ្ជា​ទៅ។ យើង​ឃើញ​ថា មន្ត្រី​ខាង​ក្រោម​ខ្វែង​ដៃ​ខ្វែង​ជើង​ក្នុង​ការ​អនុវត្ត​តាម​បទបញ្ជា»

នៅ​មុន​ចេញ​សេចក្ដី​ប្រកាស​ផ្លូវ​ការ​នេះ កាល​ពី​ថ្ងៃ​ទី​៥ កុម្ភៈ លោក ហ៊ុន សែន បាន​ថ្លែង​នៅ​ចំពោះ​មុខ​និស្សិត​ជាង ៤.០០០ ​នាក់ នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ ដោយ​លោក​បាន​អួត​ពី​ប្រជាប្រិយភាព​ហ្វេសប៊ុក​របស់​ខ្លួន ដែល​ទទួល​បាន​មាន​អ្នក​ចុច​ចូល​ចិត្ត​ជាង ២​លាន​នាក់ ហើយ លោក ហ៊ុន សែន បង្អាប់​ថា នាយក​រដ្ឋមន្ត្រី​ហ្វេសប៊ុក​ធ្លាក់​ពី​តំណែង​ហើយ។ ទោះ​ថ្លែង​មិន​ចេញ​ឈ្មោះ ប៉ុន្តែ​អ្នក​ដែល លោក ហ៊ុន សែន ហាក់​ចំអក​ឲ្យ​នោះ គឺ​លោក សម រង្ស៊ី ខណៈ​ដែល​ហ្វេសប៊ុក​របស់ លោក សម រង្ស៊ី នៅ​ពេល​នេះ​មាន​អ្នក​ចុច​ចូល​ចិត្ត​តិច​ជាង​ហ្វេសប៊ុក​របស់ លោក ហ៊ុន សែន។

ម្យ៉ាង​វិញ​ទៀត ទោះ​ជា​លោក​នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​របស់​លោក បង្កើត​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​បណ្ដឹង​តាម​រយៈ​ហ្វេសប៊ុក​របស់​លោក​ យ៉ាង​នេះ​ក្ដី ប៉ុន្តែ​មាន​ចម្ងល់​ពី​សាធារណជន​ជាច្រើន​បាន​ចោទ​សួរ​ថា តើ​ប្រជាពលរដ្ឋ​ដែល​កន្លង​មក​មាន​អ្នក​រងគ្រោះ​រឿង​ដីធ្លី ឡើង​មក​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​លោក និង​ពេល​ខ្លះ មាន​ការ​បង្ក្រាប​ពី​សមត្ថកិច្ច​ផង​នោះ ហេតុ​អ្វី​បាន​ជា​លោក​ហាក់​មិន​ដឹង​ឮ​អំពី​ករណី​នេះ?


No comments:

Post a Comment