Paris Peace Accords 23 Oct. 1991

Monday, February 15, 2016

លោក ហ៊ុន សែន ថា​, លិខិត ​របស់​ ព្រឹទ្ធសភា អាមេរិក មានអត្ថន័យ «ជេរ» រូបលោក | Hun Sen says letter of US Senators demeans his person

លោក ហ៊ុន សែន ថា​, លិខិត ​របស់​ ព្រឹទ្ធសភា អាមេរិក មានអត្ថន័យ «ជេរ» រូបលោក​

VOD / វីអូឌី | ១៥ កុម្ភៈ ២០១៦



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត​ កាលពីកន្លងទៅ

លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ចន្ទនេះ ​បានថ្លែង​ រិះគន់​ លិខិត ​របស់ ព្រឹទ្ធសភា អាមេរិក​ ដែល​ ផ្ញើមក រូបលោក ស្តីពី បញ្ហា សិទ្ធិមនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ ដោយ​លោក​ ថា,​ ការបញ្ជូន លិខិតនោះ ទៅវិញ​ ដោយ​សារ​ លិខិត​នោះ​ មានអត្ថន័យ​ «ជេរ» រូបលោក។​

សមាជិក ​ព្រឹទ្ធសភា​​ អាមេរិក ៧រូប​ មកពីគណបក្ស​ ប្រជាធិបតេយ្យ បានសរសេរ​ លិខិត មួយច្បាប់ ចុះថ្ងៃ ទី​១១ ខែកុម្ភៈ ទៅនាយករដ្ឋមន្រ្តី ខ្មែរ​ ដោយ​អំពាវនាវ​ ឲ្យ​អនុញ្ញាត​ ប្រធាន​ បក្ស​ប្រឆាំង លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ,​ ដោះលែង​ សកម្មជន សិទ្ធិមនុស្ស, និង​បង្ហាញ ក្តីបារម្ ភលើ​បញ្ហា មួយចំនួន ទៀត។

ក្នុងពេល សំណេះសំណាល ជាមួយ ​ពលរដ្ឋខ្មែរ ​ប្រមាណ​ ៥០០នាក់ នៅរដ្ឋ កាលីហ្វញ៉ា ខណៈលោក កំពុង​បំពេញ ទស្សនកិច្ច នៅទីនោះ, លោក ហ៊ុន សែន បានថ្លែង​ ថា,​ ការបញ្ជូន លិខិត ​របស់​ ព្រឹទ្ធសភា អាមេរិក ទៅវិញ គឺ​ ជាសិទ្ ធិរបស់​លោក។

លោក មានប្រសាសន៍ ថា៖ «អ្នកឯង មានសិទ្ធិ ផ្ញើសំបុត្រ ឲ្យខ្ញុំ។  ខ្ញុំ មានសិទ្ធិ អត់ទទួល, ហើយ ផ្ញើសំបុត្រហ្នឹង​ ទៅ​ឲ្យ​ អ្នកឯង វិញ។  អាហ្នឹង សិទ្ធិ ទល់សិទ្ធិ តើ»  លោក ​បន្ថែម​ ថា៖ «ខ្ញុំ ថាខ្ចប់ស្រោមសំបុត្របញ្ជូនទៅឲ្យ​ម្ចាស់ដើមវិញទៅ ចប់ហើយ​រឿងហ្នឹង មិនបាច់ឲ្យ​ខ្ញុំដឹង​ហើយ​។​ …ផ្សាយ​ទៅថាផ្ញើឲ្យ​លោក ហ៊ុន សែន លោក​ ហ៊ុន សែន​ អត់ទទួល។  វា ចប់ត្រឹម ប៉ុណ្ណឹងហើយ អាសំបុត្រផ្ញើឲ្យ​គេ គេអត់ទទួល។  ខ្ញុំ វាអត់ ឯករាជ្យ»


លោក ហ៊ុន សែន ឲ្យ​ដឹង​ទៀតថា​រហូត​មកដល់ពេលនេះ ប្រធានាធិបតីអាមេរិក​មិន​ដែលផ្ញើលិខិត​បែប​រិះគន់​នេះ​មក​រូប​លោក​នោះទេ។  លោក មានប្រសាសន៍ ថា៖ «សូម្បីតែ សំបុត្រ អូបាម៉ាក៏ដោយ, បើ​ ថា, ​សំបុត្រហ្នឹង ឃើញគេ មកជេរខ្ញុំ, ខ្ញុំ ចាំតែ ទទួលតើ។  តែ​ អូបាម៉ា មិនទាន់ មកធ្វើ អញ្ចឹងទេ ក្នុងឋានៈ គេ ជាប្រធានាធិបតី, គេ មិនធ្វើ អញ្ចឹងទេ»

លោកស្រី ឡាំ បញ្ចពរ លេខាធិការ​ ទី១ នៃ​​​ស្ថាន​​ទូត កម្ពុជា ប្រចាំ សហរដ្ឋ អាមេរិក ប្រចាំ ទីក្រុង​ វ៉ាស៊ីនតោន ឌីស៊ី បានប្រាប់ វីអូឌី តាមរយៈ អ៊ីម៉េល ថា៖ «ស្ថានទូត មិនអាច ទទួលយក លិខិតនោះ បានទេ។  ស្ថាន​ទូត​ ក៏បា​ន ​​ផ្ញើ​​លិខិត​ ខាងលើ​ ត្រឡប់ ​ទៅសមាជិក ព្រឹទ្ធសភា ទាំង៧រូប តាម​email និង​ជូនផ្ទាល់ ទៅដល់ ការិយាល័យ ​របស់គេ វិញហើយ»

លិខិតរបស់សមាជិកព្រឹទ្ធសភា​ធ្វើឡើង​ប៉ុន្មានថ្ងៃប៉ុណ្ណោះ​ មុន​ពេល​លោក ហ៊ុន សែន ទៅ​បំពេញទស្សនកិច្ច​​នៅសហរដ្ឋអាមេរិក​ ដើម្បីចូលរួមកិច្ចប្រជុំ​កំពូលអាមេរិក-អាស៊ាន។ រហូត​មកដល់ពេលនេះ មិនទាន់ដឹង​ថា​តើ​លោក ហ៊ុន សែន នឹង​ជួបទ្វេភាគីជាមួយ​ប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា​ ឬ​យ៉ាងណានោះទេ។​

នៅក្នុងលិខិត សមាជិកព្រឹទ្ធសភាទាំងនោះ​​​បាន​លើក​ឡើង​ថា​ពួកគេ​​មានកង្វល់​នឹង​សេចក្តី​ រាយការណ៍​ជាច្រើន​ដែល​ថា​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ​នៅតែ​បន្ត​បដិសេធ​នូវការទាមទារស្របច្បាប់​របស់​ពលរដ្ឋកម្ពុជា​ ក្នុងគោល​បំណងឲ្យ​​កម្ពុជា​កាន់តែ​មានតម្លាភាព យុត្តិ​ធម៌និង​ប្រជា​ធិបតេយ្យ។ ​ពួកគេបានលើក​ឡើង​ពីការព្រួយបារម្ភនៃការរាយការណ៍លើ​​ភាពមិនប្រក្រតីច្រើន​​ ដែលត្រូវបានសង្កេតអំឡុង​ពេល​បោះឆ្នោតថ្នាក់ជាតិ​ឆ្នាំ​២០១៣ ការរំលោភ​បំពានដីធ្លី​ ការ​ជួញដូរមនុស្សនិង​ការ​វាយតំណាងរាស្រ្ត​គណបក្សប្រឆាំង​កាលពីឆ្នាំមុន។​

បើតាមលិខិតនោះ ​សមាជិកព្រឹទ្ធសភាសង្ឃឹមថា​គណបក្ស​ប្រជាជនកម្ពុជានឹង​គោរព​ឆន្ទៈ​ប្រជា​ជន​ និង​អនុ​ញ្ញាត​ឲ្យ​តំណាងរាស្រ្ត​បក្សសង្រ្គោះជាតិ​អាច​បំពេញអាណត្តិ​ របស់ខ្លួន​​ដោយ​សេរីនិង​គ្មានការ​គំរាមកំហែង។  ពួកគេ​ បញ្ជាក់​ ថា៖ «ជាការសោកស្តាយ ​ឧបទ្ទវហេតុ​ បន្តបន្ទាប់​ កាល ពីប៉ុន្មានខែ ថ្មីៗ នេះ រួមទាំង ការ​វាយប្រហា​រ តំណាងរាស្រ្ត​ ដោយ​ក្រុម អ្នកគាំទ្រ​ គណបក្ស​ ប្រជាជន កម្ពុជា​ ប្រឆាំង នឹង​តំណាងរាស្រ្ត​ សង្រ្គោះជាតិ នៅមុខ ​អគារ​ រដ្ឋសភា កាលពីខែ តុលា បាន​ធ្វើ ឲ្យ​ដំណើរការ ប្រជាធិបតេយ្យ​ កាន់តែ ខ្សោយទៅៗ»

សមាជិកព្រឹទ្ធសភា​​ក៏បានអំពាវនាវ​ឲ្យរដ្ឋាភិបាលកម្ពុជា​ចាត់វិធានការ​​​បញ្ឈប់ការរំលោភ​ដីធ្លី​និង​ចាប់អ្នករំលោភបំពាន​​មកផ្តន្ទាទោស។

បើតាមលិខិតនោះ សមាជិកព្រឹទ្ធសភា​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​ តំណាងរាស្រ្ត​បក្ស​ប្រឆាំង​អាច​ត្រឡប់ចូល​​កម្ពុជាវិញ​ដោយ​គ្មាន​ការ​ ភ័យខ្លាច​នៃការចាប់ខ្លួន​និងការកាត់ទោសនិង​បញ្ចប់​ការ​យាយីនិង​​ ការគំរាមកំហែង​សិទ្ធិរបស់សកម្មជនសិទ្ធិមនុស្សកម្ពុជា។ ពួកគេក៏បាន​​ស្នើ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្សសញ្ជាតិអាមេរិក​លោក មាជ សុវណ្ណារ៉ាផងដែរ​។

សមាជិក ព្រឹទ្ធសភា បាន​បញ្ជាក់ ថា៖ «សហរដ្ឋ អាមេរិក ជាប្រទេស​ ហត្ថលេខី នៃកិច្ចព្រមព្រៀង ទីក្រុង ប៉ារីស ឆ្នាំ​១៩៩១, ហើយ​ យើង​ នឹង​បន្ត​ តាមដាន​ ការរីកចម្រើន របស់ កម្ពុជា​ យ៉ាងយកចិត្ត ទុកដាក់។»

អ្នកនាំពាក្យ​ គណបក្ស​ ប្រជាជន កម្ពុជា លោក ឈឹម ផលវរុណ ប្រាប់វីអូឌី ថា​, ករណី លោក សម រង្ស៊ី និង​លោក មាជ សុវណ្ណារ៉ា ជារឿង របស់ តុលាការ។  ករណី ជម្លោះ​ដីធ្លី លោក ស្នើ​ឲ្យ សមាជិក ​​ព្រឹទ្ធសភា​ សួរនាំ​ ទូតអាមេរិក ប្រចាំនៅកម្ពុជា ដើម្បី ដឹងពីស្ថានភាព ពិត​ នៅកម្ពុជា។  អ្នកនាំពាក្យ រូបនោះ​ បញ្ជាក់ ថា៖ «សមាជិក ព្រឹទ្ធសភា គួរតែ ​ទៅសូម ប្រធានា​ធិបតី អាមេរិ​ក ​ខ្លួ​ន​ឯង ឲ្យដឹងថា, ខ្លួន ជាប់ឆ្នោត ជាសាមជិក ព្រឹទ្ធសភា សម្រាប់ ធ្វើការ ឲ្យអាមេរិក មិនមែន ធ្វើការ ឲ្រខ្មែរទេ។  អ៊ីចឹង គួរ  ទៅ​ប្រាប់​ អូបាម៉ា ដែលជាប្រធានាធិបតី របស់ខ្លួន ឯរឿងកម្ពុជា លោក សម រង្ស៊ី ក្តី ទណ្ឌិតដទៃទៀតក្តី, អាហ្នឹង ជារឿង របស់ កម្ពុជា»

កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៥ សមាជិក​សភាអាមេរិក​ចំនួន​១៦រូបបាន​សរសេរ​លិខិត​ទៅ​កាន់​លោក​ ​ ហ៊ុន សែន ក្រោយពីមានការ​លុប​សមាជិកភាព​របស់​​លោក សម រង្ស៊ី​ ដីកាចាប់ខ្លួន​លោក សម រង្ស៊ី និង​ការ​វាយប្រហារ​មក​​លើ​​តំណាងរាស្រ្ត​បក្ស​ប្រឆាំង​ លោក​ ញ៉យ ចំរើន​ និង​លោក គង់​ សភា។

អ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ មានប្រសាសន៍ ថា តាមរយៈលិខិតរបស់ព្រឹទ្ធសមាជិកអាមេរិកនេះ លោកយល់ថា​ជំនួបទ្វេភា​គីរវាងមេដឹកនាំអាមេរិកនិង​កម្ពុជាអាចនឹងកើតមានឡើង ហើយអាមេរិកអាចរឹត​ចំណងមិត្ត​ភាពកាន់​តែល្អ​ ជាមួយ កម្ពុជា បើសិនជា កម្ពុជា សន្យាធ្វើ ឲ្យស្ថានភាព នយោបាយ នៅកម្ពុជា មានភាព ល្អប្រសើរ ជាងសព្វថ្ងៃ។  លោក បន្ថែមថា៖ «ជំនួប  មួយ ទល់មួយ, ខ្ញុំ ថាប្រហែល ជាអាច លើកឡើង ដូចខ្ញុំ ថា ពីតាំង ពីដើម អ៊ីចឹង។  សហរដ្ឋ អាមេរិក ត្រូវការ ការកែប្រែ ណាមួយ ពីប្រទេស ​កម្ពុជា​ ជាសម្បទាន ដើម្បី ចងមិត្តភាព ជិតស្និទ្ធិ ជាងហ្នឹង​ បើ ករណី ក្នុងរូបភាព បែបរាល់​ថ្ងៃនេះ ខ្ញុំ​ មើលទៅ​ សហរដ្ឋ​ អាមេរិក​ មានការលំបាក ណាស់ ព្រោះ ខ្លាចមាន ការតវ៉ា ពីសភា និងប្រជាពលរដ្ឋ របស់ខ្លួន ព្រោះ សភា អា​មេរិក​ មាន​អំណាច​ ខ្លាំង​ណាស់​​។»

ក្នុងដំណើរទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​សហរដ្ឋអាមេរិក ​​ប្រជា​ពលរដ្ឋខ្មែរ​អាមេរិកកាំងមួយចំនួន​បាន​ប្រកាសជាថ្មី​ថា​ខ្លួន​នឹង​ ធ្វើបាតុកម្មប្រឆាំង​នឹង​លោក​ ហ៊ុន សែន បើទោះ​ជា​លោក សម រង្ស៊ី ព្រមានកុំឲ្យធ្វើបាតុកម្មក៏ដោយ៕



No comments:

Post a Comment