Paris Peace Accords 23 Oct. 1991

Monday, February 22, 2016

លោក ហ៊ុន សែន ព្រមាន បក្ស​ប្រឆាំង កុំ​យក​ សមិទ្ធផល រដ្ឋាភិបាល​ មក​កេងចំណេញ នយោបាយ | Hun Sen threatens opposition party to stop using govt's achievements for own's political gains

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក កឹម សុខា កាលពីកន្លងទៅ

លោក ហ៊ុន សែន ព្រមាន បក្ស​ប្រឆាំង កុំ​យក​ សមិទ្ធផល រដ្ឋាភិបាល​ មក​កេងចំណេញ នយោបាយ

VOD / វីអូឌី | ២២ កុម្ភៈ ២០១៦

 

លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានផ្ញើសារ ព្រមាន កុំឲ្យ គណបក្សប្រឆាំង យកសមិទ្ធផល ដែលរដ្ឋាភិបាល សម្រេចបាន ទៅធ្វើ ជាការឃោសនា កេងចំណេញ នយោបាយ។

លោក ហ៊ុន សែន បានសរសេរ បែបនេះ នៅលើហ្វេសប៊ុក របស់លោក ជាការប្រតិកម្ម ទៅនឹងប្រធាន ស្តីទី គណបក្ស សង្រ្គោះជាតិ លោក កឹម សុខា ដែលបានថ្លែង ទៅកាន់ អ្នកគាំទ្រ ក្នុងខេត្ត កំពង់ស្ពឺ កាលពីថ្ងៃ ទី២០ ខែកុម្ភៈ ថា, ដោយសារ គណបក្ស សង្រ្គោះជាតិ ទើប រដ្ឋាភិបាល ឈប់យកលុយ ផ្លូវជាតិ លេខ៤ និងមាន ការដំឡើង ប្រាក់ខែ ជូនមន្ត្រី រាជការ។

លោក កឹម សុខា បាន​ថ្លែង ថា៖ «បើ គ្មាន កម្លាំងរួបរួម បង្កើត ជាគណបក្ស សង្គ្រោះជាតិ មួយ ដ៏ខ្លាំងក្លា នេះទេ ថ្ងៃនេះ ប្រហែល ជាផ្លូវជាតិ លេខ៤ អម្បាញ់មិញនេះ គេ នៅយកលុយ នៅឡើយទេ… ប្រាក់ខែ មន្ត្រីរាជការ កិច្ចការ មួយចំនួន ទៀត របស់ ប្រទេសជាតិ ទោះបី គណបក្ស សង្គ្រោះជាតិ មិនទាន់ទៅ ដឹកនាំ ប្រទេស ក៏ដោយ ក៏គេ កំពុង យកមក ពិចារណា យកមក គិតហើយ ដែលពីមុន គេ មិនខ្ចីគិតសោះ។  ឥឡូវនេះ គេ កំពុងតែ គិតពិ រណាហើយ។  នេះបានមកដោយសារភាពខ្លាំង ការរួមគ្នារបស់គណបក្សសង្គ្រោះជាតិដែរ»


ក្នុងសារ នៅលើទំព័រ ហ្វេសប៊ុក របស់លោក ក្នុងថ្ងៃនេះ, លោក ហ៊ុន សែន បានលើកឡើង ថា, ការសម្រេច របស់លោក កាលពីកន្លងមក គឺ «ដើម្បី ផលប្រយោជន៍ ប្រទេសជាតិ» ដោយបាន សម្រេច ឈប់ឲ្យ ប្រជាពលរដ្ឋ បង់ប្រាក់ លើការ ធ្វើដំណើរ ឆ្លងកាត់ផ្លូវ វ៉េងស្រេង, បញ្ឈប់ មិន ​ឲ្យ​មាន​ ប័ណ្ណបើកបរ សម្រាប់ម៉ូតូ កម្លាំង ពី 125cc ចុះក្រោម, បញ្ចុះតម្លៃ ធ្វើប័ណ្ណ បើកបរ យានយន្ត (50%), បញ្ឈប់ យកថ្លៃ សេវា ផ្ទេរអចលនទ្រព្យ ពីជីតាជីដូន ទៅចៅ ពីឪពុកម្តាយ ទៅកូន ពីប្រពន្ធ ទៅប្តី និងប្តី ទៅប្រពន្ធ និងឈប់ឲ្យប្រជាពលរដ្ឋបង់លុយពេលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ជាដើម។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការសម្រេចនេះគឺដោយសារសមាជិកសមាជិការគណបក្សប្រជាជនបានរៀបចំវេទិការសាធារណៈស្រង់យកមតិប្រជាពលរដ្ឋ រួមជាមួយនឹងការទទួលមតិយោបល់របស់ប្រជាពលរដ្ឋតាមបណ្តាញប្រព័ន្ធព័ត៌មានផ្សេងៗ និងតាមរយៈសំណូមពរពីប្រជាពលរដ្ឋទៅកាន់រូបលោកតាមហ្វេសប៊ុក។
លោក ហ៊ុន សែន បានបញ្ជាក់បន្ថែមថា៖ «ខ្ញុំ សូម ផ្ញើសារ ខ្លីនេះ ទៅកាន់ មេបក្សប្រឆាំង ព្រមទាំង ក្រុមបក្សប្រឆាំង ទាំងអស់៖ ត្រូវ ឈប់ បោកប្រាស់ ប្រជាពលរដ្ឋ តទៅទៀត។  ព្រោះ កន្លងទៅ ប៉ុន្មានអាទិត្យនេះ បក្សប្រឆាំង បានយក លទ្ធផល ដែលគណបក្ស ប្រជាជន និងលទ្ធ ផល ដែលនាយករដ្ឋមន្រ្តី បានសម្រេច ខាងលើ យកទៅធ្វើ នយោបាយ ប្រជាភិថុតិ ឃោសនា បោកប្រជាពលរដ្ឋ ថា ដោយសារ ពួកគេ ទាមទារ ទើប នាយករដ្ឋមន្រ្តី សម្រេចធ្វើ បែបនេះ។»  លោកបន្ត ថា៖ «នេះជាការនិយាយកុហក់បោកប្រាសប្រជាពលរដ្ឋសុទ្ធសាធ ដែលគណបក្ស ប្រឆាំង ចេះធ្វើទៅ រួចដែរ ដោយគ្មាន ការអៀនខ្មាស។  តែ ការពិតគឺវានៅជាការពិតដដែល គឺគណបក្សប្រឆាំងគ្មានបានធ្វើអ្វីក្រៅតែអំពីការឃោសនាបោកប្រជាពលរដ្ឋតែប៉ុណ្ណោះ។»
លោកនាយករដ្ឋមន្រ្តីបន្តថាលោកនៅតែធ្វើកិច្ចការទាំងនេះ បើទោះគណបក្សប្រឆាំងមិនរិះគន់ក៏ដោយ។

លោក ហ៊ុន សែន បន្ត​ថា៖ «អ្វី ដែលគណបក្ស ប្រឆាំង បានធ្វើ ពិតប្រាកដ គឺបោកប្រាស់, ជេរប្រមាថ, ញុះញុង, បង្កចលាចល និងដើរទៅសូម ឲ្យ​បរទេស ផ្តាច់ជំនួយ ឬកុំ មកវិនិយោគ នៅកម្ពុជា។ល។ និង។ល។  សូម ថ្នាក់ដឹកនាំ បក្សប្រឆាំង គ្រប់ជាន់ថ្នាក់ មានភាព ថ្លៃថ្នូរ, កុំ ឆក់ប្លន់ សមិទ្ធផល របស់គេ ធ្វើជា របស់ខ្លួន»
វីអូឌី(VOD) មិនទាន់អាចទាក់ទងអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ បាននៅឡើយដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល និងអ្នកនាំពាក្យម្នាក់ទៀត លោក យ៉ែម បុញ្ញាឫទ្ធិទូរស័ព្ទចូលតែគ្មានអ្នកទទួល។ ចំណែកប្រធានស្តីទីគណបក្សនេះលោក កឹម សុខា ត្រូវជំនួយការដែលលើកទូរស័ព្ទរបស់លោកអះអាងថាកំពុងជាប់ប្រជុំ។

ទោះយ៉ាងណា តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិដែលធ្លាប់ស្នើឲ្យរដ្ឋាភិបាលឈប់យកលុយផ្លូវជាតិលេខ៤ និងដកហូតការគ្រប់គ្រងអង្គរពីក្រុមហ៊ុនឯកជនមកឲ្យរដ្ឋគ្រប់គ្រងវិញនោះគឺលោក សុន ឆ័យ មានប្រសាសន៍ថា ធម្មតាគណបក្សនីមួយៗក្នុងសង្គមប្រជាធិបតេយ្យតែងតែបង្ហាញគោលនយោបាយរបស់ខ្លួនទៅកាន់អ្នកគាំទ្រ។ លោកបន្តថា គណបក្សសង្គ្រោះជាតិមានគោលនយោបាយដែលលោកថា បានផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងបានទទួលការគាំទ្រពីប្រជាពលរដ្ឋ។

លោក បន្ថែមថា៖ «ការ ដែលគណបក្ស ប្រជែង គណបក្ស សង្គ្រោះជាតិ បានបញ្ចេញ គោលនយោបាយ មួយ ដែលជាគោល នយោបាយ ទាក់ទាញ មានការគាំទ្រ ម្លោះហើយ ត្រូវតែ មានការ ប្រកែក បែបហ្នឹង ខ្ញុំ ថា គ្មាន អីប្លែកទេ។»

អ្នកវិភាគឯករាជ្យលោក អ៊ូ វីរៈ មានប្រសាសន៍ថា កំណែទម្រង់របស់រដ្ឋាភិបាលភាគច្រើនធ្វើក្រោយការបោះឆ្នោតឆ្នាំ២០១៣ ពោលគឺក្រោយពេលដែលគណបក្សប្រឆាំងរកបានការគាំទ្រច្រើនពីប្រជាពលរដ្ឋ។

លោក បន្ថែមថា៖ «បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៣ ហើយទើបមានការយកចិត្តទុកដាក់ពីគណបក្សប្រជាជន ពីដើមមកអត់ដែលទេ គឺជិះសេះលែងដៃ អ៊ីចឹងហើយការដំឡើងប្រាក់ខែក៏មានឥទ្ធិពលពីគណបក្សប្រឆាំង អង្គវត្ត និងផ្លូវជាតិលេខ៤ ហ្នឹង ក៏មាន ឥទ្ធិពល ពីគណបក្ស ប្រឆាំង ជាការពិត»

ទោះយ៉ាងណា លោក អ៊ូ វីរៈ ចាត់ទុកថា អ្វីដែលលោក កឹម សុខា បានថ្លែង ក៏ដូចជាប្រតិកម្មរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺសុទ្ធតែដើម្បីទាក់ទាញការគាំទ្រពីម្ចាស់ឆ្នោតក្នុងសង្គមប្រជាធិបតេយ្យប៉ុណ្ណោះ។

គួររំឭក ដែរ ថា មុនមាន ការឈប់យកលុយ ពីអ្នក ធ្វើដំណើរ តាមផ្លូវ ជាតិលេខ៤ និងការដកហូត អង្គរវត្ត ពីក្រុមហ៊ុន ឯកជន មកឲ្យស្ថិត នៅក្រោម ការគ្រប់គ្រង របស់រដ្ឋវិញ តំណាងរាស្រ្តបក្សប្រឆាំង លោក សុន ឆ័យ ធ្លាប់បានធ្វើការទាមទារជាច្រើនលើក ប៉ុន្តែពុំមានការឆ្លើយតបជាវិជ្ជមានណាមួយពីរដ្ឋាភិបាលទេនៅពេលនោះ៕



No comments:

Post a Comment