Paris Peace Accords 23 Oct. 1991

Friday, February 26, 2016

លោក ហ៊ុន សែន ព្រមាន ផ្លាស់ប្តូរ រដ្ឋមន្រ្តី មួយចំនួន នៅឆ្នាំនេះ | Hun Sen threatens to dismiss some Cabinet ministers this year

លោក ហ៊ុន សែន ព្រមាន ផ្លាស់ប្តូរ រដ្ឋមន្រ្តី មួយចំនួន នៅឆ្នាំនេះ

VOD / វីអូឌី |  ២៥ កុម្ភៈ ២០១៦

  លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​


លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែង ថា, លោក កំពុងតែ ពិចារណា ផ្លាស់ប្តូរ រដ្ឋមន្រ្តី មួយចំនួន នៅឆ្នាំនេះ ដោយលោក បានរិះគន់ រដ្ឋមន្រ្ តីក្រសួង សាធារណការ និងរដ្ឋមន្រ្តី ក្រសួងកសិកម្ម ថា ជារដ្ឋមន្រ្តី ធ្វើការ យឺតយ៉ាវ។

ក្នុងពិធី បិទសន្និបាត បូកសរុប ការងារ របស់ ក្រសួង មហាផ្ទៃ, លោក ហ៊ុន សែន បានថ្លែង ទៅកាន់ ឧបនាយក រដ្ឋ​មន្រ្តី, រដ្ឋមន្រ្តី, និងមន្រ្តី ជាន់ខ្ពស់ ផ្សេងទៀត ថា, ក្រសួង សាធារណការ និងក្រសួង កសិកម្ម ស្ថិតនៅ លំដាប់ថ្នាក់ ​ក្រោមគេ បង្អស់ នៃប្រសិទ្ធភាព ការងារ។  លោក បានថ្លែង ចំៗ ថា, ក្រសួង សាធារណ មិនបាន ធ្វើការងារ ឲ្យបាន​លឿន ជូនប្រជាពលរដ្ឋ។
លោក បានថ្លែង ថា៖ «មើល, មើល ឲ្យវិធានការ ឲ្យវា ហ្មត់ចត់ តិចមើល។  ខ្ញុំ ថា, ស្រែក អត់មាន ប្រណីទេ ព្រោះ ខ្ញុំ មិនព្រមងាប់ ជាមួយ អស់លោកទេ។  ខ្ញុំ និយាយ ឲ្យប្រជាជនឭ។  ឲ្យខ្ញុំ ទ្រាំ ជាមួយ អស់លោក ម៉េចបានទៀត។  បើ អស់លោក ស្ទុយ ម្លឹងៗ។  អាឡាន អត់មានស្អី, អាស្អី ក៏មិនដឹង ជាស្អី, រកយល់ មិនបាន។  ដូចក្រសួងហ្នឹង មួយ មិនធ្វើការហ្មង។»
លោក ហ៊ុន សែន បានលើកឡើងបែបនេះ ខណៈលោកលើកឡើងពីករណីដែលរថយន្តមួយគ្រឿងបានដឹក​ លើសកំណត់ឆ្លងកាត់ស្ពានអ្នកលឿងហើយធ្វើឲ្យស្ពានខូច។ លោកបញ្ជាក់ថា៖ «ក្រសួងដែលស្ទក់ជាងគេ​គឺសាធារណការហ្នឹងហើយ ដែលការងារដែលត្រូវលឿនជាងគេ គាត់ស្ទក់ជាងគេទាំងអស់។»

ពេលលោក ហ៊ុន សែន ថ្លែងនោះ មិនមានវត្តមានរបស់រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក នោះទេ។ រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក អ៊ុក រ៉ាប៊ុន មានវត្តមាននៅទីនោះ។
លោក ហ៊ុន សែន បានព្រមានថាអាចនឹងមានការដោះដូររដ្ឋមន្រ្តីនៅក្នុងឆ្នាំនេះ។ លោកមានប្រសាសន៍ថា៖ «ខ្ញុំកំពុងតែគិត ថាតើខ្ញុំនឹងដោះដូរគណៈរដ្ឋមន្រ្តីនៅក្នុងឆ្នាំនេះឬទេ។ ខ្ញុំកំពុងតែគិត។ ព្រោះបើទុកម្លឹងៗគឺមិនកើតទេ។ វាងាប់លើខ្ញុំ។ អាពាក្យគ្នាឯងៗហ្មឹង អាហ្នឹងគ្រោះថ្នាក់ដល់ខ្លួនឯងទៀត។ ចេះតែយោគយល់ ចេះតែយោគយល់ទៅ សណ្តោងទៅ អីផងទៅ។ ខ្ញុំកំពុងតែគិតម៉ោងហ្នឹង តើខ្ញុំនឹងផ្លាស់ប្តូរគណៈរដ្ឋមន្រ្តីនៅក្នុងឆ្នាំនេះឬអត់ ព្រោះវាលំបាកខ្ញុំដែរ។»
លោក បញ្ជាក់បន្ថែម ថា៖ «ដល់ទៅពេលខ្ញុំលូកដៃទៅធ្វើ គេថាអំណាចនៅលើមនុស្សមួយនាក់…។»
វីអូឌីមិនទាន់អាចទាក់ទង​រដ្ឋមន្រ្តីក្រសួង​សាធារណការ​និងរដ្ឋមន្រ្តីក្រសួង​កសិកម្ម​បាន​ភ្លាមៗនៅឡើយទេ។​
ក្នុងពិធីសម្ពោធអគារថ្មីរបស់ក្រសួងបរិស្ថានដែលធ្វើឡើងនៅថ្ងៃនេះផងដែរ លោក ហ៊ុន សែន បានថ្លែងព្រមានទៅរដ្ឋមន្រ្តីទាំងអស់ថាកុំអោបអំណាចឬការគ្រប់គ្រងមកក្នុងក្រសួងរបស់ខ្លួនតែម្នាក់ឯង ដោយលោកបានកោតសរសើររដ្ឋមន្រ្តីក្រសួងបរិស្ថានថាជារដ្ឋមន្រ្តីតែមួយគត់ខុសគេ ក្នុងរយៈពេល៣០ឆ្នាំនៃដឹកនាំរបស់លោក។ លោកបានថ្លែងថាលោកសូមសរសើររដ្ឋមន្រ្តីថ្មីក្រសួងបរិស្ថាន លោក សាយ សំអាល់ ដែលជាកូនប្រុសរបស់លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ថាជារដ្ឋមន្រ្តីដែលបានស្នើរូបលោកផ្ទេរការងារមួយចំនួនទៅឲ្យក្រសួងផ្សេង។  លោកបន្តថាលោក សាយ សំអាល់ បានសុំបែងចែកការងារឲ្យដាច់ពីគ្នាគឺដីសម្រាប់អភិរក្សប្រគល់មកក្រសួងបរិស្ថាន ចំណែកដីសម្រាប់ដាំដុះការអភិវឌ្ឍ គឺប្រគល់ទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទវិញ។
លោកនាយករដ្ឋមន្រ្តីបន្ថែមថា៖ «ខ្ញុំសូមកោតសរសើរឯកឧត្តមសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលនេះជាលើកទីមួយក្នុងរយៈពេលជាង៣០ឆ្នាំនៃការគ្រប់គ្រងរដ្ឋាភិបាល គឺទើបតែមានរដ្ឋមន្រ្តីម្នាក់គត់ដែលបានស្នើសុំការងារខ្លួនទៅឲ្យស្ថាប័នផ្សេង។ ខ្ញុំមិនដែលជួបប្រទះនូវរដ្ឋមន្រ្តីណាមួយ ដែលមុននេះ គឺតែងតែស្រវាអោបទាញយកនូវអំណាចយកមកទុកក្នុងក្រសួងរបស់ខ្លួនជាប់ជានិច្ច ប៉ុន្តែរដ្ឋមន្រ្តីរូបនេះបែរជាធ្វើផ្ទុយពីនេះ គឺបានសេចក្តីថាចង់បែងចែកមុខងារឲ្យដាច់។ នេះជាកំណែទម្រង់ដែលខ្ញុំចង់បាន។»
នៅថ្ងៃនេះ លោក ហ៊ុន សែន ក៏បានសរសេរលើហ្វេសប៊ុកថាក្រសួងស្ថាប័ននិងអាជ្ញាធរពាក់ព័ន្ធគឺត្រូវធ្វើឲ្យបានលឿននិងតម្លាភាពក្នុងការបម្រើប្រជាពលរដ្ឋ។ លោកក៏បានស្តីបន្ទោសមន្រ្តីដែលលោកថាមិនបានដោះស្រាយសេវាតម្រូវការរបស់ប្រជាពលរដ្ឋ ដែលរួមមានការធ្វើសៀវភៅគ្រួសារនិងអត្តសញ្ញាណប័ណ្ណជាដើម។
លោកក៏បានរិះគន់ថាករណីប្លន់ជាមុខចោរដដែលៗ ដែលលោកថាក្រសួងនិងអាជ្ញាធរមានសមត្ថកិច្ចត្រូវតែមាន «វិធានការច្បាស់លាស់និងទទួលខុសត្រូវខ្ពស់បំផុត។»
អ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ មានប្រសាសន៍ថា​ប្រសិន​បើ​មាន​ការ​ផ្លាស់ប្តូររដ្ឋមន្រ្តីមែន​ នឹង​​អាច​ទាញប្រជា​ប្រិយភាព​សម្រាប់​គណបក្ស​ប្រជាជនឡើងវិញ។ លោក​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ពិនិត្យ​មើល​រដ្ឋមន្រ្តី​មួយចំនួ​នដែល​លោក​ថា​ មាន​វ័យចំណាស់​និង​មិនមាន​គម្រោង​ធ្វើកំណែ​ទម្រង់​។​ លោក​លើក​ឧទាហរណ៍​ក្រសួង​មួយចំនួន ដូចជា​ក្រសួង​យុត្តិធម៌ ក្រសួងការបរទេស​និង​គណៈរដ្ឋមន្រ្តី​ជាដើម។​
លោក​ បញ្ជាក់​ថា៖ «ប្រសិន​បើ​គាត់​អត់មាន​​ការផ្លាស់ប្តូរ ប្រជា​ពលរដ្ឋ​នឹង​អស់ជំនឿ​ បើសិន​ជា​គាត់ធ្វើ វាអាចជួយ​​ប្រជា​ពលរដ្ឋ​ទាំងមូល…ហើយ​អាច​ទាញប្រជា​ប្រិយភាព​បាន។ បើដោះដូរឥឡូវ ទើបមាន​ពេល​២ឆ្នាំ​ទៀត​​។​ បើ​ចាំ​តិច​ទៀត​ អាច​យូរពេក៕»


No comments:

Post a Comment