អាមេរិក-អាស៊ាន
ចេញសេចក្ដីថ្លែងការណ៍ រួម
១៧ចំណុច ក្រោយបញ្ចប់ កិច្ចប្រជុំ
ក្រោយបិទបញ្ចប់ កិច្ចប្រជុំ កំពូល អាមេរិក- អាស៊ាន រយៈពេល ពីរថ្ងៃ ដែលបាន ប្រព្រឹត្ដទៅ កាលពីថ្ងៃ ទី១៥-១៦ កុម្ភៈ ឆ្នាំ២០១៥ នៅSunnylands រដ្ឋCalifornia សហរដ្ឋ អាមេរិក, អាមេរិក និងអាស៊ាន បានចេញ សេចក្ដីថ្លែងការណ៍ រួមគ្នាមួយ។
នៅក្នុង សេចក្ដីថ្លែងការណ៍ បានឲ្យដឹង ថា, ទាំងអាមេរិក និងអាស៊ាន បានបញ្ជាក់ ជាថ្មី នូវគោលការណ៍ សំខាន់ៗ ដែលអាច ដឹកនាំ កិច្ចសហប្រតិបត្ដិការ អាមេរិក-អាស៊ាន ឲ្យឆ្ពោះ ទៅមុខ បាន។
គោលការណ៍ សំខាន់ៗ ទាំងនោះ មានដូចជា៖
១. ការគោរពគ្នា ទៅវិញទៅមក លើអធិបតេយ្យភាព, បូរណភាព, ទឹកដី, សមភាព, និងឯករាជ្យភាព នយោបាយ នៃជាតិសាសន៍ ទាំងអស់ ដោយឈរលើ គោលការណ៍ និងគោលបំណង នៃរដ្ឋធម្មនុញ្ញ អង្គការ សហប្រជាជាតិ, រដ្ឋធម្មនុញ្ញ អាស៊ាន, និងច្បាប់ អន្ដរជាតិ។
២. សារៈ ត្រូវ ចែករំលែក ភាពរុងរឿង, និរន្ដរភាព, កំណើនសេដ្ឋកិច្ច, និងការអភិវឌ្ឍន៍, ព្រមទាំង បណ្ដុះគំនិត អ្នកជំនាន់ក្រោយ, ឲ្យបន្ដ ទ្រទ្រង់ សន្ដិភាព, ការភិវឌ្ឍន៍, និងស្ថេរភាព សម្រាប់ ផលប្រយោជន៍ ទៅវិញទៅមក។
៣. ការទទួលស្គាល់ ទៅវិញទៅមក នូវការបន្ដ គោលនយោបាយ ដែលអាច ដឹកនាំ ទៅរកភាព រឹងមាំ, ការបើកទូលាយ, និងការប្រកួតប្រជែង ផ្នែកសេដ្ឋកិច្ច ដើម្បី ជំរុញ ឲ្យមាន កំណើន សេដ្ឋកិច្ច, ការបង្កើត ការងារថ្មី ភាពជាសហគ្រិន, និងបង្កើត សកម្មភាព គាំទ្រសហគ្រាស ខ្នាតតូច និងមធ្យម ដើម្បី កាត់បន្ថយ គម្លាតអភិវឌ្ឍ។
៤. ការប្ដេជ្ញាចិត្ដ របស់ អាមេរិក និងសមាគម អាស៊ាន គឺ ធានា ឲ្យបាន នូវឱកាស សម្រាប់ មនុស្សគ្រប់រូប តាមរយៈ ការពង្រឹង លទ្ធិប្រជាធិបតេយ្យ, ការលើកកម្ពស់ អភិបាលកិច្ចល្អ, និងការប្រកាន់ខ្ជាប់ នីតិរដ្ឋ, ការលើកកម្ពស់ ការការពារ សិទ្ធិមនុស្ស និងមូលដ្ឋាន សេរីភាព, ការលើកទឹកចិត្ដ ឲ្យមាន ការផ្សព្វផ្សាយ ពីការអត់ឱន, ការសម្រុះសម្រួល, និងការពារពារ បរិស្ថាន។
៥. គោរព និងគាំទ្រ ចំណុចស្នូល អាស៊ាន និងយុទ្ធសាស្ដ្រ ដឹកនាំ របស់ អាស៊ាន ក្នុងការវិវត្ដន៍ នៃស្ថបត្យកម្ម ក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក។
៦. ការប្រកាន់ខ្ជាប់ នូវច្បាប់ ក្នុងតំបន់ និងច្បាប់ អន្ដរជាតិ ដែលមាន មូលដ្ឋាន លើកកម្ពស់ និងការពារ សិទ្ធិ និងឯកសិទ្ធិ របស់ បណ្ដារដ្ឋ ទាំងអស់។
៧. ចែករំលែក ការប្ដេជ្ញាចិត្ដ ក្នុងការ ដោះស្រាយ ជម្លោះ ដោយសន្ដិវិធី រួមបញ្ជូល ទាំងការគោរព ឲ្យបាន ពេញលេញ នូវដំណើរការ ការទូត ដោយមិន ចាំបាច់ ភ័យខ្លាច ការគំរាមកំហែង ឬការប្រើកម្លាំង ណាមួយឡើយ ដោយអនុលោម ទៅតាម គោលការណ៍ ទទួលស្គាល់ ជាសាកល នៃច្បាប់ អន្ដរជាតិ និងអនុសញ្ញា ឆ្នាំ១៩៨២ របស់ អង្គការ សហប្រជាជាតិ ស្ដីពី ច្បាប់សមុទ្រ (UNCLOS)។
៨. ការប្ដេជ្ញាចិត្ដ ដើម្បី រក្សា សន្ដិភាព, សន្ដិសុខ, និងស្ថេរភាព នៅក្នុងតំបន់ ក៏ដូចជា ធានា ឲ្យបាន នូវសន្ដិសុខ និងសុវត្ថិភាព ដែនសមុទ្រ ក្នុងនោះ រាប់បញ្ចូល ទាំងសិទ្ធិ សេរីភាព នៃការ ធ្វើនាវាចរណ៍, ការហោះហើរ, និងការប្រើប្រាស់ ដែនសមុទ្រ ដោយស្របច្បាប់ ផ្សេងទៀត មានការ ធ្វើពាណិជ្ជកម្ម ជាដើម ដូចបាន រៀបរាប់ ក្នុងច្បាប់ សមុទ្រ របស់ អង្គការ សហប្រជា ជាតិ ឆ្នាំ១៩៨២។
៩. ការប្ដេជ្ញាចិត្ដ ដើម្បី លើកកម្ពស់ កិច្ចសហប្រតិបត្ដិការ ក្នុងការ ដោះស្រាយ បញ្ហាប្រឈម ជាទូទៅ ក្នុងដែនសមុទ្រ។
១០. តាំងចិត្ដ ដឹកនាំ ឲ្យរឹងមាំ ដើម្បី ដោះស្រាយ បញ្ហា ជាសាកល ដូចជាអំពើ ភេរវកម្ម, អំពើ ជ្រុលនិយម, ការជួញដូរ មនុស្ស. ការជួញដូរ គ្រឿងញៀន, អំពើ ខុសច្បាប់ ដែលមិនបាន រាយការណ៍, ការនេសាទ គ្មាន ច្បាប់ទម្លាប់ គ្រប់គ្រង, ព្រមទាំង ការជួញដូរ សត្វព្រៃ និងព្រៃឈើ ខុសច្បាប់។
១១. ការប្ដេជ្ញាចិត្ដ ដើម្បី ដោះស្រាយ ការប្រែប្រួល អាកាសធាតុ និងការអភិវឌ្ឍន៍ ភាពធន នឹងអាកាសធាតុ ដើម្បី ថែរក្សា និរន្ដរភាព បរិស្ថាន ក្នុងតំបន់ អាស៊ាន ក៏ដូចជា នៅក្នុងប្រទេស នីមួយៗ ដូចដែលបាន ប្ដេជ្ញា ក្នុងកិច្ចព្រមព្រៀង ស្ដីពី បញ្ហាអាកាសធាតុ ក្នុងក្រុង ប៉ារីស កន្លងមក។
១២. ការប្ដេជ្ញាចិត្ដ ដើម្បី លើកកម្ពស់ និងការផ្សព្វផ្សាយ ពីសន្ដិសុខ, ស្ថេរភាព តាមប្រព័ន្ធ អ៊ីនធឺណេត ស្របតាម បទដ្ឋាន នៃឥរិយាបទ របស់រដ្ឋ ដែលទទួល ខុសត្រូវ។
១៣. គាំទ្រ ការឈាន ទៅរក ភាពរឹងមាំ ធ្វើឲ្យមាន ស្ថេរភាព, ភាពស្អិតរមួត ផ្នែកនយោបាយ, រួមបញ្ចូលគ្នា លើវិស័យ សេដ្ឋកិច្ច, ការទទួល ខុសត្រូវ ក្នុងសង្គម, តម្រង់ទិស ប្រជាជន, ការយក ប្រជាជន ជាស្នូល, និងគាំទ្រច្បាប់ ជាមូលដ្ឋាន ក្នុងសមាគម អាស៊ាន។
១៤. ការប្ដេជ្ញាចិត្ដ ដើម្បី ពង្រឹង ការត ភ្ជាប់គ្នា រវាង ប្រជាជន និង ប្រជាជន តាមរយៈ កម្មវិធី ដែលតភ្ជាប់ អាស៊ាន ជាមួយ ប្រជាជន អាមេរិក, ជាពិសេស គឺ ក្មេងជំនាន់ក្រោយ, និងផ្ដល់ ឱកាស សម្រាប់ ប្រជាជន ទាំងអស់ ដើម្បី ឲ្យពួកគេ អាចបំពេញ ចក្ខុវិស័យ របស់ សមាគម អាស៊ាន។
១៥. ការប្ដេជ្ញាចិត្ដ ដើម្បី លើកកម្ពស់ ភាពជាដៃគូ ជាសាកល សម្រាប់ ការអភិវឌ្ឍន៍ ប្រកបដោយ និរន្ដរភាព តាមរយៈ ការអនុវត្ដន៍ របៀបវារៈ នៃផែនការ អភិវឌ្ឍ ឆ្នាំ២០៣០ ដើម្បី ធានា ឲ្យបាន នូវសង្គមមួយ ប្រកបដោយ និរន្ដរភាព, សមភាព ដោយមិនទុក ឲ្យនរណាម្នាក់ នៅក្រៅសង្គម ឡើយ។
១៦. ការប្ដេជ្ញាចិត្ដ ដើម្បី បង្កើន កិច្ចសហការគ្នា ទាំងនៅ វេទិកា អន្ដរជាតិ និងក្នុងតំបន់ ជាពិសេស យន្ដការ ដឹកនាំ ដោយអាស៊ាន ដែលមានស្រាប់។
១៧. ការប្ដេជ្ញាចិត្ដ ដើម្បី ឲ្យមាន កិច្ចពិភាក្សា នយោបាយ កម្រិត ខ្ពស់ ប្រចាំឆ្នាំ បន្ដទៀត ក្រោមវត្ដមាន ចូលរួម ពីមេដឹកនាំ អាមេរិក និងមេដឹកនាំ អាស៊ាន នៅក្នុងកិច្ចប្រជុំ កំពូល អាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូល អាស៊ី ខាងកើត៕
Translation by Vayofm Teams
No comments:
Post a Comment