លោក កឹម សុខា រិះគន់ មន្ត្រី ស្ថាប័ន រដ្ឋខ្លះ ថា អសមត្ថភាព ក្នុងការបំពេញ ការងារ
RFA / វិទ្យុ អាស៊ី សេរី | ៤ កុម្ភៈ ២០១៦
លោក កឹម សុខា ប្រធាន ស្ដីទី គណបក្ស សង្គ្រោះជាតិ រិះគន់ ពីគុណវិបត្តិ ដែលកើតចេញ ពីអសមត្ថភាព របស់ ស្ថាប័នរដ្ឋ មួយ ចំនួន ថា កំពុងធ្វើ ឲ្យពលរដ្ឋ រងគ្រោះ។ ប៉ុន្តែ មន្ត្រី រដ្ឋាភិបាល បដិសេធ ថា, អ្វី ដែលគណបក្ស ប្រឆាំង លើកឡើង គឺ ដើម្បី ចង់បាន ប្រជាប្រិយភាព ព្រោះ បក្សប្រឆាំង មើលឃើញ តែ ភាពអសកម្ម របស់ រដ្ឋាភិបាលទេ។
ថ្លែងក្នុងពេលជួបអ្នកគាំទ្រនៅក្រុងតាខ្មៅ លោក កឹម សុខា លើកឡើងថា ស្ថាប័នរបស់រដ្ឋាភិបាលដែលបំពេញការងាររបស់ខ្លួនមិនបានល្អនោះ រួមមានវិស័យអប់រំ វិស័យសុខាភិបាល វិស័យកសិកម្ម វិស័យការងារ បញ្ហាដីធ្លី និងអយុត្តិធម៌សង្គម។
លោក កឹម សុខា បាននិយាយចំៗ ទៅវិស័យសុខាភិបាលថា ដោយសារគ្មានទំនុកចិត្តលើពេទ្យនៅស្រុកខ្មែរ មិនថា មន្ត្រីរដ្ឋាភិបាល ឬគណបក្សប្រឆាំង នៅពេលឈឺតែងតែចេញក្រៅប្រទេសដើម្បីព្យាបាល៖ «សុខាភិបាលកែទម្រង់នេះកែទម្រង់នោះ សួរថាពេលអ្នកក្រឈឺអត់លុយ ពេទ្យព្យាបាលឲ្យទេ? ចេះតែរត់ទៅស្រុកថៃ វៀតណាម សិង្ហបុរី ទៅទាំងមេទៅទាំងកូន ទៅទាំងមន្ត្រីរដ្ឋាភិបាល ទៅទាំងបក្សប្រឆាំង។»
ភាពអសកម្មដែលលោក កឹម សុខា លើកឡើងនោះរួមមាន ក្មេងបោះបង់ការសិក្សាក្រោមថ្នាក់ទី៩ មហាជនមិនទុកចិត្តវិស័យសុខាភិបាល ដោយនាំគ្នាទៅព្យាបាលនៅក្រៅប្រទេស ពលរដ្ឋចំណាកស្រុកទៅធ្វើការងារឲ្យគេនៅក្រៅប្រទេស កសិករធ្វើស្រែគ្មានទឹកស្រោចស្រពគ្រប់គ្រាន់ ខ្វះដី គ្មានទុន គ្មានបច្ចេកទេស និងគ្មានទីផ្សារ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ឆ្លើយតបការលើកឡើងរបស់លោក កឹម សុខា ថា ការបំពេញសេវាសាធារណៈ មិនអាចបំពេញចិត្តមនុស្សគ្រប់គ្នាបានទេ។ លោកបន្តថា នេះយុទ្ធនាការដើម្បីទទួលបានការគាំទ្រ ព្រោះគណបក្សប្រឆាំងមើលឃើញតែចំណុចអវិជ្ជមានរបស់រដ្ឋាភិបាលប៉ុណ្ណោះ៖ «នេះ សិទ្ធិសេរីភាពការមើលឃើញរបស់បក្សប្រឆាំង ការដោះស្រាយប្រចាំឆ្នាំចេះតែធ្វើហើយ នៅក្នុងផ្លូវដែលកំណែទម្រង់ គឺជួបហើយឧបសគ្គ។»
នៅរយៈពេលចុងក្រោយនេះ លោក កឹម សុខា ប្រកាសជំហរមិនរិះគន់រឿងបុគ្គល បែរមកជជែករឿងជាតិបែបនេះ បន្ទាប់ពីគណបក្សរងគ្រោះ ព្រោះគណបក្សកាន់អំណាចនៅចុងឆ្នាំ២០១៥ ដោយសង្គ្រាមពាក្យសម្ដីរវាងប្រមុខគណបក្សមានសំឡេងឆ្នោតទាំងពីរ។ ទោះបែបនេះក្ដី លោក កឹម សុខា ថា នៅពេលយុទ្ធនាការឃោសនាបោះឆ្នោតមកដល់លោកនឹងលេងឲ្យអស់ដៃ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង គាំទ្រការរិះគន់របស់លោក កឹម សុខា។ លោកបន្តថា វិស័យទាំងនេះរបស់រដ្ឋាភិបាល មានចំណុចខ្វះខាតច្រើនណាស់។ លោកថា ការបដិសេធមិនទទួលស្គាល់ចំណុចអវិជ្ជមានរបស់រដ្ឋាភិបាលពីសំណាក់លោក ផៃ ស៊ីផាន ពីព្រោះលោក ផៃ ស៊ីផាន ដឹងពីស្ថានភាពពិតនៅកម្ពុជា ប៉ុន្តែព្យាយាមការពារអ្វីដែលខ្លួនធ្វើ៖ «រដ្ឋាភិបាល មិនចូលចិត្តការរិះគន់ ប៉ុន្តែគាត់អត់បានប្រឹងប្រែងដើម្បីធ្វើយ៉ាងម៉េចឲ្យការប្រែប្រួល ថ្មីមានភាពល្អប្រសើរ។»
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ហៅអំពើហិង្សារឿងដីធ្លី ករណីវាយតំណាងរាស្ត្រ ថាជាសង្គ្រាម ដូច្នេះលោកទាមទារឲ្យបញ្ឈប់នូវរាល់បញ្ហាទាំនេះ។ ទោះថ្លែងរិះគន់ស្ថាប័នរដ្ឋាភិបាលក្ដី ប៉ុន្តែលោក កឹម សុខា ថា លោកសាទរចំពោះអ្វីដែលរដ្ឋាភិបាលបំពេញការងាររបស់ខ្លួនបានល្អ៕
No comments:
Post a Comment