តំណាងរាស្ត្រ បក្សប្រឆាំង ប្រកាស មិន ចូលរួម បាតុកម្ម ប្រឆាំង លោក ហ៊ុន សែន
RFA / វិទ្យុ អាស៊ី សេរី | ៤ កុម្ភៈ ២០១៦
តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ ដែលកំពុង មានវត្តមាន ក្នុងសហរដ្ឋ អាមេរិក បង្ហាញ ជំហរ យ៉ាងដាច់ណាត់ ថា នឹងមិន ចូលរួម បាតុកម្ម ឬដើរ ទៅក្បែរ កន្លែង ធ្វើបាតុកម្ម ណាមួយ ដែលពលរដ្ឋ ខ្មែរ- អាមេរិកកាំង គ្រោងធ្វើឡើង ដើម្បី ប្រឆាំង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេល ដែលលោក ធ្វើដំណើរ មកចូលរួម កិច្ចប្រជុំ កំពូល អាស៊ាន-អាមេរិក នៅថ្ងៃ ទី១៥ ខែកុម្ភៈ ខាងមុខ នេះទេ។
មន្ត្រីអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង ដែលមានគម្រោងធ្វើបាតុកម្មនេះ បដិសេធមិនធ្វើអធិប្បាយវែងឆ្ងាយជុំវិញរឿងនេះទេ ដោយចាត់ទុកថា ការចូលរួម ឬមិនចូលរួម គឺជាសិទ្ធិសេរីភាពរបស់បក្សប្រឆាំង។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ញ៉យ ចំរើន និងលោក គង់ សភា អះអាងថា ថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រឆាំងបានណែនាំមិនឲ្យជាប់ពាក់ព័ន្ធ នឹងបាតុកម្មឡើយ។
ក្នុងឱកាសដែលអ្នកទាំងពីរចូលរួមជាវាគ្មិនក្នុងវេទិកាសាធារណៈ ដែលរៀបចំឡើងដោយអង្គការ Youth Professional in International Affairs (YPIA) នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៣ ខែកុម្ភៈ តំណាងរាស្ត្រទាំងពីរអះអាងស្រដៀងគ្នាថា មេដឹកនាំលោកចង់ឲ្យតំណាងរាស្ត្រទុកពេលវេលាដើម្បីធ្វើកិច្ចការនានា សម្រាប់គណបក្សវិញ៖ «រឿងបាតុកម្មដែលកើតឡើងនៅពេលខាងមុខនេះ គឺមិនមែនជាជំហររបស់គណបក្សសង្គ្រោះជាតិទេ។ បាតុកម្មនោះ គឺជាសិទ្ធិរបស់ពលរដ្ឋខ្មែរ-អាមេរិកាំង។»
អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង គ្រោងរៀបចំបាតុកម្មដោយអហិង្សា ដែលមានបាតុករចូលរួមប្រមាណពី ៣០០ ទៅ ៥០០នាក់ ដើម្បីប្រឆាំងវត្តមានលោក ហ៊ុន សែន នៅថ្ងៃទី១៥ ខែកុម្ភៈ នៅទីក្រុងសាន់នីឡេនដ៍ (Sunnyland) រដ្ឋកាលីហ្វ័រញ៉ា (California)។
បាតុករទាំងអស់ចង់ឲ្យរដ្ឋាភិបាលអាមេរិក ជំរុញឲ្យមេដឹកនាំកម្ពុជា គោរពសិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឲ្យបានពេញលេញ។
លោក ហ៊ុន សែន នឹងមកសហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងសន្និសីទកំពូលអាស៊ាន-អាមេរិក នៅថ្ងៃច័ន្ទ ទី១៥ និងថ្ងៃអង្គារ ទី១៦ ដែលរៀបចំឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama)។
លោក ហ៊ុន សែន ធ្លាប់បានគំរាមធ្វើបាតុកម្មតបតចំពោះក្រុមបាតុករប្រឆាំងរូបលោកនៅ ឯប្រទេសបារាំង កាលពីល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥។ នៅថ្ងៃបន្ទាប់ ថ្ងៃទី២៦ ខែតុលា ក៏មានបាតុករមួយក្រុមដែលគេដឹងថា ជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ធ្វើបាតុកម្មនៅពីមុខរដ្ឋសភា ទាមទារទម្លាក់លោក កឹម សុខា ឲ្យចុះចេញពីតំណែងអនុប្រធានទីមួយនៃរដ្ឋសភា រហូតឈានដល់កើតអំពើហិង្សាដោយមានការវាយដំ លោក ញ៉យ ចំរើន របួសដៃ ក្បាល បាក់ធ្មេញ និងលោក គង់ សភា បាក់ខ្ទង់ច្រមុះ និងរបួសកន្លែងផ្សេងទៀតយ៉ាងធ្ងន់ធ្ងរ។
កាលពីខែមករា លោក ហ៊ុន សែន ក៏បានគំរាមថា នឹងមានបាតុកម្មនៅភ្នំពេញ ប្រឆាំងថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ បើសិនជាមានបាតុកម្មប្រឆាំងនឹងរូបលោកនៅសហរដ្ឋអាមេរិក។
ប្រធានអង្គការសម្ពន្ធមិត្តខ្មែរ-អាមេរិកាំង លោក ទូច វិបុល បញ្ជាក់កាលពីថ្ងៃទី៣ ខែមករា ថា លោកមិនបោះបង់ និងមិនរាថយចំពោះគម្រោងធ្វើបាតុកម្មប្រឆាំងនឹងលោក ហ៊ុន សែន នោះឡើយ ហើយលោកថ្លែងថា ការមិនចូលរួមធ្វើបាតុកម្មរបស់បក្សប្រឆាំងនោះជាសិទ្ធិរបស់ពួកគេ។
លោក ទូច វិបុល បន្តទៀតថា លោកមិនមែនជាសកម្មជន ឬជាសមាជិករបស់គណបក្សសង្គ្រោះជាតិ នោះទេ៖ «ខ្លឹមសារ សំខាន់ គឺចង់ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវគោរពសិទ្ធិមនុស្ស លោកនាយករដ្ឋមន្ត្រីត្រូវអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ ហើយជាពិសេស លោក ហ៊ុន សែន ត្រូវចុះចេញពីអំណាច។»
លោក ទូច វិបុល រិះគន់លោក ហ៊ុន សែន ថា មិនគួរគំរាមសងសឹកបាតុករឡើយ។ លោកថា ការធ្វើបាតុកម្មសងសឹករបស់គណបក្សប្រជាជនកម្ពុជា ជាចារិករបស់ជនផ្ដាច់ការ៕
No comments:
Post a Comment