ពលរដ្ឋ ជាង១០០ គ្រួសារ នៅខែត្រ ក្រចេះ បារម្ភ ពីការបណ្ដេញចេញ
RFA / វិទ្យុ អាស៊ី សេរី | ២៧ កុម្ភៈ ២០១៦
អាជ្ញាធរ ខែត្រ ក្រចេះ ដាក់ឱសានវាទ ឲ្យពលរដ្ឋ ចំនួន ១០៤ គ្រួសារ រស់នៅភូមិ អូរសំពុង ឃុំ ដំរីផុង ស្រុក ឆ្លូង ខែត្រ ក្រចេះ ចាកចេញ ពីដី ដែលកំពុង អាស្រ័យផល ត្រឹមថ្ងៃ ទី២៦ ខែកុម្ភៈ។ អាជ្ញាធរ បញ្ជាក់ថា ដីនោះ នឹងត្រូវ ផ្ដល់សម្បទាន សង្គមកិច្ច ជូនពលរដ្ឋ ៩៩៨ គ្រួសារ ផ្សេងទៀត ដែលអាជ្ញាធរ បានធ្វើ អត្តសញ្ញាណកម្ម កាលពីខែ កក្កដា ឆ្នាំ២០១៥។ មន្ត្រី សង្គមស៊ីវិល ចាត់ទុកវិធានការ របស់ អាជ្ញាធរ ខែត្រនេះ ថា រំលោភ សិទ្ធិពលរដ្ឋ។
ពលរដ្ឋ រស់នៅឃុំដំរីផុង ស្រុកឆ្លូង ១០៤គ្រួសារ បារម្ភពីការបណ្ដេញចេញពីលំនៅឋាន បន្ទាប់ពីអាជ្ញាធរខែត្រក្រចេះ បានចេញលិខិតបណ្ដេញពួកគាត់ដោយមិនផ្ដល់សំណងទូទាត់ ខណៈពួកគាត់បានកាន់កាប់ដីនៅតំបន់នោះកាលពីឆ្នាំ២០១១។
តំណាងពលរដ្ឋ លោក សន សុផាត រៀបរាប់ថា អាជ្ញាធរខែត្រគ្រោងយកគ្រឿងចក្រឈូសឆាយផលដំណាំពលរដ្ឋទាំង ១០៤គ្រួសារដែលកំពុងអាស្រ័យផល។ លោកថា គ្រួសារលោកមានដីប្រភេទកសិកម្មជិត ៣ហិកតារគ្រប់គ្រងតាំងពីឆ្នាំ២០១១ មានដំណាំដំឡូងមី និងស្វាយចន្ទីជាដើម។
លោកអំពាវនាវឲ្យអាជ្ញាធរខែត្រ និងរដ្ឋាភិបាលផ្ដល់សិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់នៅតំបន់នោះ៖ «ប្រជាពលរដ្ឋ ពួកខ្ញុំកាលដែលកាប់រានដាំជាដីក្រុមហ៊ុនទេ ដល់ពេលពួកខាងខ្ញុំកាប់ស្រឡះបានដាំដំឡូងចាប់ពីឆ្នាំ២០១១ ដល់បច្ចុប្បន្ន បែរជាថាដីហ្នឹងទុកចែកឲ្យពលរដ្ឋ ៩៩៨ទៅវិញ។»
ឆ្លើយតបការលើកឡើងនេះ អភិបាលរងខែត្រក្រចេះ ទទួលបន្ទុកដោះស្រាយជម្លោះដីធ្លី លោក ខណ្ឌ ចំណាន បំភ្លឺថា មានពលរដ្ឋមួយចំនួនបានលួចទន្ទ្រានដីធ្លី ឋិតក្នុងគម្រោងដីសម្បទានសង្គមកិច្ចរបស់អាជ្ញាធរផ្ដល់ឲ្យពលរដ្ឋ ៩៩៨គ្រួសារ ជាមុខសញ្ញាទទួលបានដីសម្បទានសង្គមកិច្ចពីរដ្ឋាភិបាល។
លោកបន្តថា អាជ្ញាធរត្រូវការពារក្រុមពលរដ្ឋ ៩៩៨គ្រួសារ ដែលអាជ្ញាធរធ្លាប់បែងចែកដីជូនពួកគាត់ចំនួន ៦៤ឡូត៍ស្មើនឹងជាង ១០០ហិកតារដោយស្របច្បាប់។ លោកថា ប្រសិនពលរដ្ឋដែលខ្វះខាតដីធ្លីអាស្រ័យផល ត្រូវដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចមកអាជ្ញាធរខែត្រ៖ «បាន មើលឃើញថា ៦៤ឡូត៍ត្រូវបានគេរារាំងមុខសញ្ញាស្របច្បាប់មិនឲ្យធ្វើ នឹងធ្វើឲ្យរៀបរយក្រុមគ្រួសារក្នុងមុខសញ្ញាទទួលដី ៩៩៨ហ្នឹង។»
កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ សាលាខែត្រក្រចេះ បានជូនដំណឹងឲ្យពលរដ្ឋដែលទៅកាប់រានដាំដុះសង់រោង ខ្ទម ក្រោយថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ត្រូវបញ្ឈប់ការចូលទៅកាប់រានចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ជាកំហិត។
ករណីនេះដែរ មន្ត្រីសង្គមស៊ីវិលកត់សម្គាល់ថា គម្រោងផ្ដល់ដីសម្បទានសង្គមកិច្ចរបស់អាជ្ញាធរមិនបានបិទប្រកាសជា តំបន់ដីសម្បទានសង្គមកិច្ចត្រង់ចំណុចណាមួយឲ្យជាក់លាក់នោះទេ។ លើសពីនេះ អំឡុងពេលពលរដ្ឋចំនួន ១០៤គ្រួសារ កាប់រានកាលពីឆ្នាំ២០១១ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធពុំហាមឃាត់ពលរដ្ឋរហូតពលរដ្ឋបានអាស្រ័យផលជា បន្តបន្ទាប់ជាង ៤ឆ្នាំកន្លងមក ទើបអាជ្ញាធរហាមឃាត់។
មន្ត្រីស៊ើបអង្កេតនៃសមាគមអាដហុក (ADHOC) ខែត្រក្រចេះ លោក ឌិន ខន្នី រិះគន់វិធានការរបស់អាជ្ញាធរខែត្រនេះថា ការផ្ដល់ដីសម្បទានសង្គមកិច្ចដែលប៉ះពាល់ដល់ពលរដ្ឋផ្សេងទៀត ត្រូវបណ្ដេញចេញថា ពុំមែនជាដំណោះស្រាយត្រឹមត្រូវផ្អែកលើមូលដ្ឋានច្បាប់ឡើយ ហើយថែមទាំងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរទៀតផង។ លោកថា អាជ្ញាធរមិនត្រូវបណ្ដេញពួកគាត់ដោយបង្ខំឡើយ ព្រោះអាចប៉ះពាល់ជីវភាពពួកគាត់ធ្ងន់ធ្ងរ បើអាជ្ញាធរយកគ្រឿងចក្រឈូសឆាយផលដំណាំពួកគាត់។
លោកអំពាវនាវឲ្យអាជ្ញាធរខែត្រក្រចេះ ផ្ដល់ដីសម្បទានសង្គមកិច្ចណាដែលធានាមិនប៉ះពាល់ដល់ពលរដ្ឋផ្សេងទៀត ត្រូវបណ្ដេញចេញ៖ «យល់ឃើញថា បើទោះបីជាគាត់កាន់កាប់យ៉ាងណាអាជ្ញាធរគួរតែដោះស្រាយដោយ សន្តិវិធីឲ្យពួកគាត់ ទី១ អាចផ្ដល់ជាសំណង ទី២ អាចរកដីនៅកន្លែងណាមួយដើម្បីដោះដូរ។»
ពលរដ្ឋចំនួន ៩៩៨គ្រួសារ ត្រូវបានក្រុមហ៊ុនកាសូទីត បណ្ដេញចេញកាលពីឆ្នាំ២០០៧។ បន្ទាប់មកក្រុមពលរដ្ឋចំនួន ៩៩៨គ្រួសារ បានស្នើសុំដីសម្បទានសង្គមកិច្ចទៅរដ្ឋាភិបាល ហើយរដ្ឋាភិបាលបានសម្រេចផ្ដល់ដីសម្បទានសង្គមកិច្ចដល់ពលរដ្ឋទាំង នោះកាលពីឆ្នាំ២០១២។ អាជ្ញាធរខេត្តបានស្វែងរកទីតាំងផ្ដល់ដីសម្បទានសង្គមកិច្ចដល់ ពលរដ្ឋចំនួន ៩៩៨គ្រួសារ វគ្គ១ ចាប់ពីឆ្នាំ២០១៣ ចំនួន ២៩១គ្រួសារ នៅខ្វះ ៧០៧គ្រួសារទៀត ហើយក្នុងមួយគ្រួសារទទួលបានដីកសិកម្ម ៣ហិកតារ៕
No comments:
Post a Comment