Paris Peace Accords 23 Oct. 1991

Friday, February 5, 2016

លោក សម រង្ស៊ី​ទទូច​ ឲ្យ​ស.រ.អ. ​ជួយ​ផ្សះផ្សា​ វិបត្តិ​ នយោបាយ នៅ​កម្ពុជា | Sam Rainsy appeals for US mediation in political crisis in Cambodia

លោក សម រង្ស៊ី​ទទូច​ ឲ្យ​ស.រ.អ. ​ជួយ​ផ្សះផ្សា​ វិបត្តិ​ នយោបាយ នៅ​កម្ពុជា

មេដឹកនាំ​ គណបក្ស ​ជំទាស់​ ដែល​កំពុង​ និរទេស​ខ្លួន​​ បាន​ទទូច​ ឲ្យ​សហរដ្ឋ អាមេរិក​ ធ្វើ​ជា​អាជ្ញា​កណ្តាល​ ក្នុង​ការ​ សម្រប​សម្រួល​ និង​ធានា​ ដល់​ការ​ផ្សះផ្សា​ ជម្លោះ​ នយោបាយ​ កម្ពុជា​ ពេល​ដែល​លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​និង​លោក​ សម រង្ស៉ី​ បំពេញ​ទស្សនកិច្ច​ ក្នុង​សហរដ្ឋ​ អាមេរិក​ ក្នុង​ខែ​កុម្ភៈ​នេះ។​
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អញ្ជើញ​មក​ដល់​បន្ទប់​ផ្សាយ​របស់ VOA នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុង​ពេល​លោក​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA ពិសេស នៅ​ថ្ងៃពុធ​ទី ៣ ខែកុម្ភៈ​ឆ្នាំ២០១៦។ ( សឹង សុផាត/VOA)
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អញ្ជើញ​មក​ដល់​បន្ទប់​ផ្សាយ​របស់ VOA នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុង​ពេល​លោក​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA ពិសេស នៅ​ថ្ងៃពុធ​ទី ៣ ខែកុម្ភៈ​ឆ្នាំ២០១៦។ ( សឹង សុផាត/VOA)
VOA / វីអូអេ | ៤ កុម្ភៈ ២០១៦
មេដឹកនាំ​ គណបក្ស​ ជំទាស់​ ដែល​កំពុង ​និរទេស​ខ្លួន បាន​ទទូច ​ឲ្យ​សហរដ្ឋ អាមេរិក​ (ស.រ.អ.) ធ្វើ​ជា​អាជ្ញា​កណ្តាល​ ក្នុង​ការ​ សម្រប​សម្រួល​ និង​ធានា​ ដល់​ការ​ផ្សះផ្សា​ ជម្លោះ​ នយោបាយ​ កម្ពុជា​ ពេល​ ដែល​លោក​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​និង​លោក​ សម រង្ស៉ី​ បំពេញ​ ទស្សនកិច្ច​ ក្នុង​សហរដ្ឋ​ អាមេរិក​ ក្នុង​ខែ​កុម្ភៈ​នេះ។​
មេ​ដឹកនាំ​ គណបក្ស​ ជំទាស់, ​គឺ​ លោក​ សម រង្ស៉ី​, ថ្លែង​ប្រាប់ ​VOA​ នា​ថ្ងៃ​ពុធ​ នេះ​ ថា,​ វា​ ជា​ការ​ ល្អ​ប្រសើរ ​ប្រសិន​បើ​ ស.រ.អ.​ ដែល​ជា​ប្រទេស ​មហា​អំណាច​ និង​ប្រទេស​ ផ្សេង​ទៀត ​ជួយ​ ឲ្យ​មាន​ ការ​ពិភាក្សា​គ្នា​ លើ​បញ្ហា​ នយោបាយ​ កម្ពុជា នឹង​ធានា​ ដល់​ការ​ ផ្សះផ្សា​ជម្លោះ​ នយោបាយ​ ក្នុង​ប្រទេស​នេះ​។​

«យើង​ គួរ​ ជជែក​គ្នា,​ អត់​ទាស់ អីទេ។​  ផ្ទុយ​ទៅ​វិញ​ មាន​ប្រយោជន៍​ បើ​ មាន​មហា​អំណាច​ ដូច​ស.រ.អ.​ ប្រទេស​ ដែល​គេ​ តាម​ដាន​ ឃ្លាំ​មើល ​ស្ថាន​ការណ៍​ កម្ពុជា,​ គេ​ ចង់​ជំរុញ​ ឲ្យ​មាន ​ការ​ជានា​ នឹង​គ្នា​, សម្រុះ​សម្រួល​ ឲ្យ​មាន​ ការ​បោះ​ឆ្នោត​ ត្រឹមត្រូវ,​ ហើយ​ បោះ​ឆ្នោត, ​ហើយ ​ជួយ​ឲ្យ​ ប្រទេស​យើង ​មាន​សន្តិភាព, ​ហើយ​ មាន​ស្ថិរភាព។  ខ្ញុំ​ ថា,​ យើង ​ត្រូវការ​ ឲ្យ​មាន​ សាក្សីផង, ​ ត្រូវការ​ ឲ្យ​មាន ​អ្នកធានា​ផង។  ធានា ថា, ​អ្វី ដែល​យើង​ បាន​និយាយ​ ឯកភាព​គ្នា, ​យើង ​នឹង​គោរព​ ទាំងអស់​គ្នា​ ទៅ​ថ្ងៃមុខ។ ​ អញ្ចឹង​ បើ​ មាន ស.រ.អ. ​ជា​មហា​អំណាច​ និង​ប្រទេស​ ដ៏ទៃ​ទៀត​ ជា​មិត្ត​ ចូលរួម,​ ជា​សាក្សី​ ចូលរួម​ ជា​អ្នក​ជួយ​ ធានា​ នូវ​រាល់ ​សេចក្តី​សម្រេច ​ឬ​រាល់​ ពាក្យ​សន្យា​ របស់​យើង ​ម្នាក់ៗ,​ ​ខ្ញុំ ថា​ ជា​ការ​ ល្អ​ប្រសើរ»


លោក​ ថា​ ខែ​កុម្ភៈ​នេះ​គឺ​ជា​ឱកាស​ល្អ​សម្រាប់​ស.រ.អ. ក្នុង​ការ​សម្រប​សម្រួល​ វិបត្តិ​នយោបាយ​កម្ពុជា​ ដោយជួយ​ឲ្យ​មាន​ជំនួប​នយោបាយ​មួយ​រវាង​លោក​ និង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែលនឹង​ធ្វើ​ដំណើរ​មក​ចូល​រួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាមេរិក​ អាស៊ាន ​នៅកន្លែង​លំហែ​កាយ ​Sunnylands ​រដ្ឋ​កាលីហ្វ័រញ៉ា​ ស.រ.អ. ​នៅ​ថ្ងៃ​ទី​១៥​ដល់​ថ្ងៃទី​១៦​នេះ​។​

​មេ​បក្ស​ជំទាស់ ​លោក​សម រង្ស៉ី ​ដែល​ស្ថិត​ក្នុង​ការ​និរទេស​ខ្លួន​ដោយ​បញ្ហា​នយោបាយ​កំពុង​ធ្វើ​ដំណើរ​ ទស្សន​កិច្ច​មួយក្នុង​ស.រ.អ.​ ដើម្បី​ជួប​ជាមួយ​មន្ត្រី​អាមរិកាំង​និង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ​នៅ​តាម​បណ្តា​រដ្ឋ​នានា​។​

លោក​សម រង្ស៉ី​ត្រូវ​បាន​តុលាការ​កម្ពុជា​កាត់ទោស​ពី​បទបរិហាកេរ្តិ៍​ ញុះញង់​ និង​ជាប់​ពិរុទ្ធ​ក្នុង​សំណុំ​រឿងក្លែងក្លាយ​ឯកសារ​ព្រំដែន​ជា​ដើម។ ​លោក​សម រង្ស៉ី​បាន​មក​ដល់​ប្រទេស​អាមេរិក​មិន​ប៉ុន្មាន​ថ្ងៃក្រោយ​ដំណើរ​ទស្សនកិច្ច ​របស់លោក​ចន ឃែរី ​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អ.​ទៅ​ប្រទេស​កម្ពុជា​។

ក្នុង​នោះ​លោក​ ​ចន ឃែរី ​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ជាមួយ​លោក​នាយរដ្ឋមន្ត្រី​ ហ៊ុន សែន​និង​ក្រុម​មន្ត្រី​កម្ពុជា​ផងដែរ​។​ ក្រៅ​ពី​នេះ​ លោក​ ឃែរី បាន​លើក​យក​ប្រធានបទ​សំខាន់​ៗ​មួយ​ចំនួន​រូម​ទាំងបញ្ហា​តំបន់ ​បញ្ហា​ទ្វេភាគី​ និង​បញ្ហា​សកល​មក​ពិភាក្សា​ផង​ដែរ​។​

​នា​ចុង​ឆ្នាំ​២០១៥​កន្លង​ទៅ​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​នៃ​កម្ពុជា​ បាន​ប្រកាស​ជា​សាធារណៈ​ថា​លោក​នឹង​មិន​ស្នើ​ឲ្យ​មាន​ការ​លើក​លែង​ទោស​ដល់​ លោក ​សម រង្ស៉ី​នោះ​ទេ។

គេ​ដឹង​ថា​ លោក ​សម រង្ស៉ីជា​មេដឹកនាំ​គណបក្ស​នយោបាយ​មួយ​ ដែល​អាច​ប្រកួត​ប្រជែង​ជាមួយ​នឹង​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ស្ថិត​ក្នុង​អំណាច​ជាង​៣០ឆ្នាំ។​  លោក ​សម រង្ស៉ី​ធ្លាប់​ជាប់​ពិរុទ្ធ​៤​លើក​រួច​មក​ហើយ​ ដែល​ធ្វើ​ឲ្យ​លោកនិរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ក៏​ប៉ុន្តែ​នា​ពេល​ចុង​លោក​ត្រូវ​បាន​លើក​លែង​ទោស​ដោយ​ព្រះមហាក្សត្រ​ កម្ពុជា​ ដើម្បី​ចូលរួម​បោះ​ឆ្នោត​ក្នុង​ប្រទេស។ ​ការ​លើកលែង​ទោស​ទាំង​៤​លើក​នេះ​គឺ​ក្រោម​រូបភាព​នៃ​ការ​សម្រប​សម្រួល​ នយោបាយ​ដោយ​មាន​កិច្ច​អន្តរាគមន៍​ពី​ក្នុង​និង​ក្រៅ​ប្រទេស។​

លោក ​គុជ ចាន់លី​ អ្នក​វិភាគ​ឯករាជ្យ​ម្នាក់​ក្នុង​រដ្ឋ​ម៉ារីឡែន ​ស.រ.អ. ​បាន​ថ្លែង​ថា​ វា​ជា ការ​ផ្តល់​ផល​ប្រយោជន៍​ដល់​កម្ពុជា​ ​ហើយ​ស.រ.អា.​អាច​មាន​ការចាប់​អារម្មណ៍​ក្នុង​ការ​ធ្វើ​ជា​អាជ្ញា​កណ្តាល​ សម្រាប់​ប្រទេស​ដ៏​ក្រីក្រ​នេះ​ ប្រសិន​ណា​បើ​ភាគ​ទាំង​ពីរ​ទុក​ផល​ប្រយោជន៍​ជាតិ​ជា​ធំ។​

«ចំពោះ ​វត្តមាន​ របស់​លោក ​សម រង្ស៉ី​ មក​ស្រុក ​អាមេរិក​ គាប់​ជួន​ នឹង​ពេល​ ដែល​លោក​ ហ៊ុន សែន​ មក​ ស.រ.អ. ​ដែរ​ នៅ​ថ្ងៃ​ ទី​១៥ ​មួយ​សប្តាហ៍ ​បន្ទាប់​ មក​ទៀត​នេះ,​ ខ្ញុំ​ យល់​ឃើញ​ ថា​, វា​ មាន​កិច្ចការ​ ល្អ​ បើ​សិន​ជា​ លោក ​សម រង្ស៉ី​ អាច​ជួប​ ជា​មួយ​ លោក​ ហ៊ុន សែន​ នៅ​កាលីហ្វ័រញ៉ា ​ដើម្បី ​បន្ត​ សមិទ្ធិផល​ ដែល​គាត់​ ទាំង​ពីរ​នាក់​ នឹង​បង្កើត ​រួម​គ្នា, ​គឺ​ វប្បធម៌​សន្ទនា​ហ្នឹង​ ចរចា​គ្នា»

លោក​បន្ថែម​ថា​ការជួបគ្នា​អាច​មាន​ផល​អាក្រក់​ប្រសិន​បើ​មេដឹកនាំ​ទាំង​ ពីរ​ គិត​តែ​ពីប្រយោជន៍​គណបក្ស​និងបុគ្គល​រៀង​ខ្លួន​ ហើយ​ទុក​ប្រយោជន៍​ប្រទេស​និង​ពលរដ្ឋ​ដោយ​ឡែក​នោះ។

គណបក្ស​នយោបាយ​ទាំងពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​ សង្គ្រោះជាតិ​ធ្លាប់​បាន​បង្កើត​វប្បធម៌​សន្ទនា​រយៈពេល​ខ្លី មួយ​បន្ទាប់​ពី​បំបែក​ភាពទាល់​ច្រកនយោបាយ​រយៈពេល​មួយ​ឆ្នាំ​ពេញ​ ក្រោយ​ការ​បោះឆ្នោត​សកល​នា​ឆ្នាំ​២០១៣។​ តែ​ការ​សន្ទនា​នោះ​ពុំ​បាន​ធ្វើ​ឲ្យ​មាន​ភាពធូរ​ស្រាល​ផ្នែក​នយោបាយ​នោះ​ទេ។ ​ក្រុម​មន្ត្រី​ជំទាស់​រួម​ទាំង​មេដឹក​នាំ​ផង​ ត្រូវ​ជាប់​ពាក់ព័ន្ធ​នឹង​ក្តីក្តាំ​នៅ​តុលាការ​ និរទេស​ខ្លួន​និង​ត្រូវ​គេ​ដក​តំណែង​ពី​អនុ​ប្រធាន​សភា​។​ ក្នុង​នោះសមាជិក​សភា​ពីរ​រូប​របស់​គណបក្ស​ជំទាស់​បាន​រងការ​វាយ​ដំ​ ឯ​ក្រុម​មន្ត្រី​មួយ​ចំនួនផ្សេងទៀត​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ផង​ដែរ៕​


No comments:

Post a Comment