លោក ស ខេង និងលោក កឹម សុខា គ្រោងជួបគ្នា បន្តទៀត នៅចុង ខែកុម្ភៈ
RFA / វិទ្យុ អាស៊ី សេរី | ១០ កុម្ភៈ ២០១៦
តំណាង ក្រុម ភាគតិច និងក្រុម ភាគច្រើន នៃរដ្ឋសភា គ្រោង នឹងជួបគ្នា នៅចុង ខែកុម្ភៈ ទៅតាមការ ព្រមព្រៀង ដែលថា នឹងជួបគ្នា ១ខែម្ដង ដើម្បី ពិភាក្សា ពីការវិវឌ្ឍន៍ នយោបាយ ពិសេស គណបក្ស សង្គ្រោះជាតិ ព្យាយាម រកច្រក ដោះស្រាយបញ្ហា សកម្មជន របស់ខ្លួន កំពុងជាប់ឃុំ នៅក្នុងពន្ធនាគារ នោះ។
អ្នកឃ្លាំមើលការបោះឆ្នោត លើកឡើងថា គណបក្សជាប់ឆ្នោតទាំងពីរប្រើប្រាស់យន្តការវប្បធម៌សន្ទនាក្នុងការ ជួបពិភាក្សាគ្នានេះ មិនទាន់អាចស្ដារស្ថានការណ៍នយោបាយបានប្រសើរឡើងវិញនៅឡើយ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងនៅថ្ងៃទី១០ ធ្នូ ថា តំណាងក្រុមភាគតិច និងភាគច្រើន ដឹកនាំដោយ លោក កឹម សុខា និងលោក ស ខេង នឹងជួបគ្នាដើម្បីពិភាក្សាអំពីលទ្ធផលការងាររបស់គណបក្សទាំងពីរ រួមទាំងដោះស្រាយបញ្ហានយោបាយជាកញ្ចប់។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា ក្រុមការងារគណបក្សទាំងពីរ មិនទាន់កំណត់កាលបរិច្ឆេទជួបគ្នានៅពេលណាច្បាស់លាស់នៅឡើយ ប៉ុន្តែលោកអះអាងថា អាចនឹងជួបគ្នានៅចុងខែកុម្ភៈ៖ «យើង និយាយជាកញ្ចប់រួមដែលឲ្យឈ្មោះថា ស្ថានភាពនយោបាយនៃកម្ពុជា។ ដូច្នេះស្ថានភាពគណបក្សសង្គ្រោះជាតិ ដែលរងគ្រោះកន្លងមកនោះ ថាតើត្រូវដោះស្រាយរបៀបណា? ដើម្បីឲ្យមានទំនុកចិត្តគ្នាក្នុងការបំពេញការងារទៅមុខ។»
លោក ស ខេង តំណាងឲ្យក្រុមភាគច្រើន និងលោក កឹម សុខា តំណាងឲ្យក្រុមភាគតិចនៅរដ្ឋសភា បានដឹកនាំក្រុមការងារគណបក្សទាំងពីរជួបគ្នាកាលពីខែមករា កន្លងទៅនោះ មិនទាន់មានលទ្ធផលអ្វីល្អជាដុំកំភួននៅឡើយ។ របៀបវារៈសំខាន់ដែលគណបក្សប្រឆាំងជជែកគ្នាជាមួយគណបក្សកាន់អំណាចនោះ គឺការទាមទារឲ្យដោះលែងសកម្មជនរបស់ខ្លួន និងករណី លោក សម រង្ស៊ី កំពុងនិរទេសខ្លួននៅក្រៅប្រទេស។
លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា ការជួបគ្នានៅពេលខាងមុខ គឺគណបក្សទាំងពីរនឹងជជែកគ្នាអំពីមធ្យោបាយធ្វើការងាររវាងគណបក្ស ទាំងពីរ និងការពង្រឹងស្ថាប័ននីតិប្បញ្ញត្តិ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា លោកមិនទាន់ដឹងពេលវេលាជាក់លាក់នៃការជួបគ្នារវាងក្រុមការងារ គណបក្សទាំងពីរនៅឡើយ រហូតមកទល់ពេលនេះ៖ «ពីព្រោះសប្ដាហ៍ក្រោយយើងជួបប្រតិភូ អាយ.ស៊ី.យូ (ICU) លោកអញ្ជើញមក ហើយគណបក្សទាំងពីររវល់ជួបគណប្រតិភូ អាយ.ស៊ី.យូ ហ្នឹង។»
ទាក់ទងនឹងបញ្ហានេះ អ្នកធ្វើការឃ្លាំមើលការបោះឆ្នោត ពន្យល់ថា នីតិវិធីគណបក្សទាំងពីរកំពុងតែដើរនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនៅពេលខាងមុខ ពីព្រោះថា គណបក្សទាំងពីរមិនទាន់អាចស្ដារស្ថានការណ៍នយោបាយឲ្យវិលទៅរកភាព ប្រក្រតី ដូចនៅក្រោយពីមានកិច្ចព្រមព្រៀងបញ្ចប់ជម្លោះនយោបាយ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ នៅឡើយ។
នាយកប្រតិបត្តិដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅថាខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា ទាមទារឲ្យរដ្ឋាភិបាលទទួលខុសត្រូវនូវអ្វីដែលកើតឡើងកាលពីពេល ថ្មីៗ ដូចជាការប្រើប្រាស់តុលាការដាក់ទោសទណ្ឌ លោក សម រង្ស៊ី ការប្រើអំពើហិង្សាលើតំណាងរាស្ត្រគណបក្សប្រឆាំង ដែលប៉ះពាល់ដល់ស្ថានភាពនយោបាយប្រេះឆារវាងគណបក្សជាប់ឆ្នោតទាំងពីរ៖ «នេះជារឿងដែលយើងត្រូវយកចិត្តទុកដាក់មែន ទែន ហើយរដ្ឋាភិបាលត្រូវតែទទួលខុសត្រូវលើរឿងហ្នឹង គឺត្រូវឲ្យស្ថានភាពវិលមកឡើងប្រក្រតីឡើងវិញ គឺឲ្យមេដឹកនាំបក្សប្រឆាំង វិលមកដឹកនាំគណបក្សរបស់គេឡើងវិញ។»
នៅក្នុងកិច្ចប្រជុំរវាងលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) និងមេដឹកនាំអាស៊ាន នៅថ្ងៃទី១៥ និងថ្ងៃទី១៦ កុម្ភៈ នៅរដ្ឋកាលីហ្វ័រញ៉ា (California) អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ស្នើ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ផ្ដោតសំខាន់លើបញ្ហាសិទ្ធិមនុស្សក្នុងឱកាសកិច្ចប្រជុំកំពូលមេដឹក នាំអាស៊ាន ពីព្រោះថា មេដឹកនាំអាស៊ានមួយចំនួន បានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ការធ្វើរដ្ឋប្រហារ និងឧក្រិដ្ឋកម្មសង្គ្រាម ហើយត្រូវជជែកជាសាធារណៈនឹងមេដឹកនាំអាស៊ានទាំងនោះ ដើម្បីឲ្យដោះលែងអ្នកទោសនយោបាយ ទម្លាក់ចោលការចោទប្រកាន់នយោបាយ និងការធ្វើទុក្ខបុកម្នេញនយោបាយ។
លោក គល់ បញ្ញា បន្ថែមថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងមកដល់នៅឆ្នាំ២០១៧ ខាងមុខ ដូច្នេះទាមទារឲ្យប្រទេសមានស្ថិរភាពនយោបាយ ហើយរដ្ឋាភិបាលត្រូវតែធានាឲ្យពលរដ្ឋគ្រប់រូប និងបក្សប្រឆាំង មានសេរីភាពពេញលេញនៅក្នុងការសម្ដែងមតិ និងករណីផ្សេងៗទៀត ដើម្បីធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយគ្មានការបំភិតបំភ័យណាមួយកើតឡើង។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ថា ការជួបគ្នារវាងក្រុមការងារទាំងពីរ ក៏នឹងជជែកគ្នាបញ្ហានយោបាយជាកញ្ចប់ដែរ ពិសេសបញ្ហាដែលបានកើតឡើងមកលើគណបក្សប្រឆាំងកន្លងមក។ តែការជួបគ្នា ខាងគណបក្សសង្គ្រោះជាតិ នឹងជូនដំណឹងទៅគណបក្សប្រជាជនកម្ពុជា អំពីពេលវេលាពិតប្រាកដនៅចុងខែកុម្ភៈ៕
No comments:
Post a Comment