Paris Peace Accords 23 Oct. 1991

Tuesday, February 16, 2016

បាតុកម្ម ​នៅ​ Sunnylands ​ទាមទារ​ ឱ្យ​លោក​ ហ៊ុន សែន​ គោរព​ សិទ្ធិ​មនុស្ស | Demonstration at Sunnylands demand that Hun Sen respect human rights

បាតុកម្ម ​នៅ​ Sunnylands ​ទាមទារ​ ឱ្យ​លោក​ ហ៊ុន សែន​ គោរព​ សិទ្ធិ​មនុស្ស

ពលរដ្ឋ ខ្មែរ​-អាមេរិកាំង​ រាប់រយ​នាក់ បានធ្វើ​ បាតុកម្ម​ នៅថ្ងៃ​ច័ន្ទនេះ ​ប្រឆាំង​ នឹង​លោក​ នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​ខណៈ​ពេល​ ដែល​លោក​ មក​ចូលរួម​ កិច្ច​ប្រជុំ​ កំពូល​ រវាង​ មេដឹកនាំ​ អាស៊ាន​ និង​សហ រដ្ឋ​អាមេរិក,​ ហើយ និង​ទាមទារ​ ឱ្យ​មាន​ យុត្តិធម៌​ និង​ការ​គោរព​ សិទ្ធិ​មនុស្ស​ ក្នុង​ប្រទេស​ កម្ពុជា។
បាតុករ​ខ្មែរ​អាមេរិកាំង​រាប់​រយ​នាក់​មក​ពី​រដ្ឋ​ជា​ច្រើន​នៅ​សហរដ្ឋ​អាមេរិក បាន​ធ្វើ​បាតុកម្ម​នៅ​ឯ​កន្លែង​លំហែកាយ Sunnylands រដ្ឋកាលីហ្វរញ៉ា កាល​ពី​ថ្ងៃទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដើម្បី​តវ៉ា​ឲ្យ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ម៉ោង​មុន​លោក​ ហ៊ុន សែន​ ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា និង​មេដឹកនាំ​របស់​អាស៊ាន​ផ្សេងៗ​ទៀត នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន។ (សុខ ខេមរា/VOA)
បាតុករ ​ខ្មែរ​អាមេរិកាំង​រាប់​រយ​នាក់​មក​ពី​រដ្ឋ​ជា​ច្រើន​នៅ​សហរដ្ឋ​អាមេរិក បាន​ធ្វើ​បាតុកម្ម​នៅ​ឯ​កន្លែង​លំហែកាយ Sunnylands រដ្ឋកាលីហ្វរញ៉ា កាល​ពី​ថ្ងៃទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដើម្បី​តវ៉ា​ឲ្យ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ម៉ោង​មុន​លោក​ ហ៊ុន សែន​ ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា និង​មេដឹកនាំ​របស់​អាស៊ាន​ផ្សេងៗ​ទៀត នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន។ (សុខ ខេមរា/VOA)

ពលរដ្ឋ ខ្មែរ​-អាមេរិកាំង ​រាប់រយ​នាក់ ​បានធ្វើ​ បាតុកម្ម​ នៅថ្ងៃ​ច័ន្ទនេះ ​ប្រឆាំង ​នឹង​លោក​ នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​ខណៈ​ពេល​ ដែល​លោក​ មក​ចូលរួម ​កិច្ច​ប្រជុំ​ កំពូល​ រវាង​ មេដឹកនាំ​ អាស៊ាន​ និង​សហរដ្ឋ​ អាមេរិក,​ ហើយ និង​ទាមទារ​ ឱ្យ​មាន​ យុត្តិធម៌​ និង​ការ​គោរព​ សិទ្ធិ​មនុស្ស​ ក្នុង​ប្រទេស​ កម្ពុជា។

បាតុកម្ម​នេះ ​រៀបចំ ​នៅ​ពី​មុខ ​រមនីយដ្ឋាន​ លំហែកាយ​ Sunnylands ក្នុង​រដ្ឋ​ កាលីហ្វ័រញ៉ា ជា​ទី​ ដែល​លោក​ ប្រធានាធិបតី​ សហរដ្ឋ​អាមេរិក ​បារ៉ាក់ អូបាម៉ា​ កំពុង​ ស្វាគមន៍​ មេដឹកនាំ ​ប្រទេស​ ទាំង​១០​ នៅក្នុង​សមាគម​ ប្រជាជាតិ​ អាស៊ី អាគ្នេយ៍ ឬ​អាស៊ាន។

លោក ម៉ែន វណ្ណៈ អ្នក​ដឹកនាំ​ បាតុករ ​ដែល​ទៅ​ ពី​រដ្ឋ​ ម៉ាស្សាឈូសិត (Massachusetts) បាន​បញ្ជាក់ ​ប្រាប់​ VOA ថា៖

​«ទីមួយ​ យើង​ ទាមទារ ​ឱ្យ​លោក​ បារ៉ាក់ អូបាម៉ា​ ផ្តោត​ទៅលើ​ ការ​គោរព​ សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ ​ក្នុង​ប្រទេស​ កម្ពុជា,  ពីព្រោះ ​ជាក់​ស្តែង​ យើង​ មើល​ឃើញ​ ថា,​ គណបក្ស​ ប្រជាជន​ ដែល​ដឹកនាំ ​រដ្ឋាភិបាល​ ដែល​មាន​ លោក​ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​ បាន​រំលោភ​ យ៉ាង​ធ្ងន់ធ្ងរ​ លើ​សន្ធិសញ្ញា​ នៃ​កិច្ច​ព្រម ​ព្រៀង​ អន្តរជាតិ​‍ ស្តីពី ការ​គោរព សិទ្ធិ​មនុស្ស​,  គោរព​ លទ្ធិ​ប្រជាធិបតេយ្យ។»

ក្រុម​បាតុករ​ បាន​កាន់​ ទង់​ជាតិ​ ខ្មែរ​ និង​អាមេរិកាំង និង​បដា​ ដែល​សរសេរ​ ថា ​«កុំ​ សម្លាប់​ ប្រជាជន‍,  កុំ​ លក់​ជាតិ»,​ «ប្រឆាំង​ ដាច់​ខាត ​រដ្ឋាភិបាល​ យួន, ​ខ្លួន​ ខ្មែរ‍»​, «ហ៊ុន សែន​ ជា​ឃាតករ‍», «កម្ពុជា​ ត្រូវ​ ការ​យុត្តិធម៌‍», និង​ «កម្ពុជា ​ត្រូវការ​ សេរីភាព‍»​ ជាដើម។


ពួកគេ​បាន​ស្រែក​ទាម​ទារ​តាម​ឧគ្ឃោសនសព្ទ​ដែល​មាន​ខ្លឹម​សារ​ថា​ «ហ៊ុន សែន ​ត្រូវ​តែ ​គោរព​ សិទ្ធិ​មនុស្ស‍», «​ហ៊ុន សែន​ចុះចេញ​ទៅ‍», និង​ «ហ៊ុន សែន ​បំផ្លាញ​ ព្រៃឈើ​ កម្ពុជា‍»​ ជាដើម។

​លោក ​ទូច វិបុល ប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ​អាមេរិកាំង ដែល​ជា​អ្នក​រៀបចំ​បាតុកម្ម​នេះ​ បាន​បញ្ជាក់​ប្រាប់​ VOAថា៖

​«យើងចង់​ប្រាប់ [លោកហ៊ុនសែន] ​ថា​ ពលរដ្ឋខ្មែរ​យើង​ទាំងអស់​នៅ​ទីនេះ​ចង់​បាន​នូវ​សេរីភាព​សន្តិភាព​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ឱ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ សំខាន់​ចង់​ឱ្យ​គាត់​អនុវត្ត​នូវ​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​ពេញលេញ‍។»

លោក​បាន​បន្ថែម​ថា៖​ «តើ​លោក​ ហ៊ុន សែន ​មាន​ការ​ឈឺ​ចាប់​ទេ​ ដែល​បញ្ជា​ឱ្យ​កងកម្លាំង​របស់​គាត់​ទាត់​ធាក់​ព្រះសង្ឃ ទាត់​ធាក់​ស្រ្តី​ ហើយ​រហូតទាត់​ធាក់​តំណាងរាស្រ្ត​ទៅ​ទៀត? ដូច្នេះ​គាត់​មិន​អាច​ធ្វើ​ឱ្យ​ពិភពលោក​បំភ្លេច​នូវ​ការ​រំលោភ​សិទ្ធិ​ មនុស្ស​ធ្ងន់​ធ្ងរ​របស់​គាត់​បាន​ឡើយ‍។»

លោក​បាន​សូម​ឱ្យ​សហរដ្ឋ​អាមេរិក​សំឡឹង​ឃើញ​លើ​ការ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ លំនៅដ្ឋាន​ផងដែរ​ដោយ​លោក​លើក​ឡើង​ថា​ មន្ត្រីជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​គឺ​ជា​អ្នក​រំលោភ​ដីធ្លី​ពលរដ្ឋ​ ក្រីក្រ។​

លោក​បាន​បន្ថែម​ថា៖​ «ប្រភព​សំខាន់​ដែល​ធ្វើ​ឱ្យ​ពួកគាត់​មានបាន​សម្រាប់​ បក្ស​ពួករបស់​គាត់​គឺ​តាម​រយៈ​នៃ​ការ​ទន្ទ្រាន​យក​ដី​របស់​ប្រជាពលរដ្ឋ​ ខ្មែរ‍។»

កិច្ច​ប្រជុំ​កំពូល​ជា​ប្រវត្តិសាស្រ្ត​នៅ​រមនីយដ្ឋាន​ Sunnylands ដែល​មាន​រយៈពេល​ពីរថ្ងៃ​ គឺ​ពី​ថ្ងៃ​ច័ន្ទ និងថ្ងៃ​អង្គារ​សប្តាហ៍​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ផ្តោត​ជា​សំខាន់លើ​បញ្ហា​ពាណិជ្ជកម្ម សមុទ្រ​ចិន​ខាង​ត្បូង និង​ការ​ប្រឆាំង​ភេរវកម្ម។

នៅមុន​កិច្ច​ប្រជុំ​ចាប់ផ្តើម​ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ ក៏​ដូច​ជា​អ្នក​តំណាងរាស្រ្ត​អាស៊ាន​មួយ​ចំនួន​បាន​ទទូច​ឱ្យ​សហរដ្ឋ​អាមេរិក ​លើក​យក​បញ្ហា​សិទ្ធិ​មនុស្ស​មក​ជជែក​ជាមួយ​នឹង​មេដឹកនាំ​អាស៊ាន​ទាំង​នោះ​ ផងដែរ។​

លោក​ ទូច វិបុល បាន​បន្ថែម​ទៀត​ថា៖​ «ការ​រំលោភ​សិទ្ធិមនុស្ស​មិនមែន​មានតែ​នៅ​ប្រទេស​ កម្ពុជា​ទេ​គឺ​មាន​នៅ​ប្រទេសវៀតណាម ប្រទេស​ឡាវ​ ប្រទេស​មីញ៉ាន់ម៉ា ​ប្រទេស​ថៃ​ ប្រទេស​ឥណ្ឌូនេស៊ី​ផងដែរ‍។»

បាតុករ​ក៏​បាន​ទាមទារ​ឱ្យ​ដោះលែង​អ្នកនយោបាយ​គណបក្ស​មិន​កាន់​អំណាច ​ដែល​មាន​លោក​ ហុង សុខហួរ សមាជិក​ព្រឹទ្ធសភាគណបក្ស​ សម រង្ស៊ី​ ដែល​ជាប់​ពន្ធនាគារ​ពាក់​ព័ន្ធ​នឹង​ការក្លែង​បន្លំ​ឯកសារ​ព្រំដែន និង​លោក ​មាជ សុវណ្ណារ៉ា មន្ត្រី​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​រងការ​ដាក់​ទោស​ពាក់​ព័ន្ធ​ នឹង​បាតុកម្ម​ហិង្សា​ ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣។

កាលពី​ថ្ងៃ​អាទិត្យ ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បាន​ជួប​ជាមួយ​នឹង​ក្រុម​អ្នក​គាំទ្រ​ខ្មែរ​អាមេរិកាំង​ប្រហែល​៥០០នាក់ ដោយ​លោក​លើកស្នើ​ឱ្យ​មាន​ការ​សាមគ្គី​គ្នា ​ហើយ​ថា​ លោក​មិន​ចង់​ឃើញ​ខ្មែរ​ទាស់​គ្នា​នៅ​ស្រុក​ខ្មែរ​ ហើយ​នៅ​ស្រុក​អាមេរិក​ទៀត​ទេ។​

រីឯ​លោក​ ផៃ ស៊ីផាន រដ្ឋ​លេខាធិការ​នៃ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​ និង​ជា​អ្នក​នាំ​ពាក្យ​បាន​ប្រាប់​ VOA ​ថា​ការតវ៉ា​គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ​ហើយលោក​គោរព​សិទ្ធិ។ ​ប៉ុន្តែ លោក​បន្ថែម​ថា ​បាតុកម្ម​នេះ​មិន​ចំណេញ​ដល់​ទំនាក់​ទំនង​រវាង​កម្ពុជា ​និង​សហរដ្ឋ​អាមេរិក​ទេ។​

មេដឹកនាំ​គណបក្ស​ប្រឆាំង​គឺ​លោក​ សម រង្ស៊ី​ បាន​អំពាវនាវ​ក្នុង​អំឡុង​ពេល​លោក​ធ្វើ​ទស្សនកិច្ច​នៅ សហរដ្ឋ​អាមេរិក​កាលពី​ដើម​ខែ​កុម្ភៈ ដោយ​សុំ​ឱ្យ​សមាជិក​គណបក្ស​របស់​លោក​កុំ​ចូលរួម និង​រៀបចំ​បាតុកម្ម ហើយ​ប្រកាស​មិន​ទទួល​ស្គាល់​បាតុកម្ម​ណា​មួយ​ឡើយ។

ចំណែក​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុង​ប្រទេស​វិញ​ បានគំរាមថា​ នឹង​ធ្វើ​បាតុកម្ម​តបត​វិញ​រហូត​ដល់​ទាមទារ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ប្រសិន​បើ​មាន​បាតុកម្ម​នៅ​សហរដ្ឋ​អាមេរិក។


ក្នុង​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ធ្វើ​បាតុកម្ម​តវ៉ា​ក៏​មាន​ក្រុម ​ជនជាតិ ថៃ ឡាវ និង​វៀតណាម​ បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​មេដឹកនាំ​របស់​ខ្លួន​ផង​ដែរ។ ពួកគេ​តវ៉ា​ប្រឆាំង​ និង​ការ​រំលោភសិទ្ធិ​មនុស្ស។ ជាមួយ​គ្នា​នោះ ​ក៏​មាន​អ្នក​តវ៉ា​ប្រឆាំង​នឹង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ឆ្លង​មហា​ សមុទ្រ​ប៉ាស៊ីហ្វិក (TPP) ដែល​រដ្ឋបាល​លោក​ អូបាម៉ា ​កំពុង​ជំរុញ៕



1 comment:

  1. Anonymous8:10 AM

    At this point, the two plausible solutions including, but not limited to are:

    1. Let Kem Sokha work on the 2018 election inside Cambodia, and Sam Rainsy outside.
    2. After wining, when Dictator & Traitor Hun Sen
    refuses to relinquish his power, Sam Rainsy in the name of the Khmer people shall advise and mobelize the signatories of the 1991 Peace Accords for help.

    ReplyDelete