សហរដ្ឋ អាមេរិក ប្រឆាំង នឹងការដាក់ ឲ្យមាន វត្តមាន យោធា របស់ចិន នៅក្នុងសមុទ្រ ចិន ខាងត្បូង
រដ្ឋមន្ត្រី
ក្រសួង ការបរទេស សហរដ្ឋ អាមេរិក លោក ចន ឃែរី (John Kerry)
បានធ្វើការ រិះគន់ ចិន, ហើយ បានថ្លែង ថា
មិន គួរមាន វត្តមាន យោធា របស់ចិន នៅក្នុងសមុទ្រ ចិន ខាងត្បូង ទេ។
រូបឯកសារ៖
កប៉ាល់របស់ចិនត្រូវយកទៅប្រើប្រាស់ដើម្បីពង្រីករូបរាង
និងទំហំដីនៅតំបន់កោះ Spratly នៅតំបន់សមុទ្រចិនខាងត្បូង
កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤។
ប៉េកាំង— រដ្ឋមន្ត្រី ក្រសួង ការបរទេស សហរដ្ឋ អាមេរិក លោក ចន ឃែរី (John Kerry)
បានធ្វើការ រិះគន់ចិន, ហើយ បានថ្លែង ថា
មិន គួរមាន វត្តមាន យោធា របស់ចិន នៅក្នុងសមុទ្រ ចិន ខាងត្បូងទេ។
ការថ្លែងនេះ កើតឡើង ក្រោយ ពីទទួលបាន ព័ត៌មាន មក ថា,
រដ្ឋាភិបាល ក្រុងប៉េកាំង ដាក់ពង្រាយ កាំជ្រួច មីស៊ីល
ដែលបាញ់ ពីផ្ទៃដី ទៅលើអាកាស នៅឯកោះ កំពុង មានជម្លោះ
ដែលខ្លួន ត្រួតត្រា នៅតាមផ្លូវ ទឹកយុទ្ធសាស្ត្រ។
VOA / វីអូអេ | ១៨ កុម្ភៈ ២០១៦
លោក Kerry បានថ្លែង កាលពីថ្ងៃពុធ ថា៖ «ពួកយើង បាននិយាយ ដដែលៗ ដោយការ គោរព ចំពោះចិន ថា, បទដ្ឋាន ដែលប្រទេស ទាំងអស់ ត្រូវតែ គោរព ទៅតាម នៅក្នុងសមុទ្រ ចិន ខាង ត្បូងនោះ គឺ មិនត្រូវ មានវត្តមាន យោធា នោះទេ។» លោក បានបញ្ជាក់ ដោយចំពោះ ថា នៅពេល ដែលលោក ប្រធានាធិបតី ចិន ស៊ី ជិនពីង បានធ្វើដំណើរ ទស្សនកិច្ច មកកាន់ រដ្ឋធានី វ៉ាស៊ីនតោន កាលពីឆ្នាំមុន និងបានជួប ជាមួយ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា នោះ, លោក បានសន្យាថា នឹងមិន ដាក់យោធា នៅក្នុងដែនសមុទ្រ នោះទេ។
លោក ឃែរី ថ្លែងបន្ថែម ថា៖ «ប៉ុន្តែ មានគ្រប់ ភស្តុតាង ជារៀងរាល់ថ្ងៃ អំពី ការកើនឡើង នៃការដាក់ វត្តមាន យោធា គ្រប់បែប យ៉ាង។ នេះ ជាការព្រួយកង្វល់ ដ៏ធ្ងន់ធ្ងរ មួយ។ ពួកយើង បានធ្វើ ការពិភាក្សា ជាមួយ នឹងចិន, ហើយ ខ្ញុំ មានជំនឿ ថា នៅប៉ុន្មានថ្ងៃ ខាងមុខ, យើង នឹងមាន ការពិភាក្សា កាន់តែ ធ្ងន់ធ្ងរ ស៊ីជម្រៅ ជាងនេះ ទៅលើបញ្ហានេះ។»
រូបឯកសារ៖
លោក ចន ឃែរី រដ្ឋមន្ត្រីការបរទេសអាមេរិក
ថ្លែងសុន្ទរកថានៅក្នុងសន្និសីទសន្តិសុខ Munich នៅទីក្រុង Munich
ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦។
ថ្លែងនៅឯមន្ទីរបញ្ចកោណ ក្រុមមន្ត្រីសហរដ្ឋអាមេរិកបានប្រាប់
VOA ថា ការដាក់កាំជ្រួចមីស៊ីលរបស់ចិន
គឺជាទិដ្ឋភាពនៃជម្លោះទឹកដីដ៏ស្មុគស្មាញមួយ
ដែលជាប់ពាក់ព័ន្ធនឹងប្រទេសជាច្រើន
ដែលមានព្រំប្រទល់ជាមួយនឹងសមុទ្រចិនខាងត្បូង។
ប្រភពដដែលបានបន្ថែមថា
សហរដ្ឋអាមេរិកកំពុងឃ្លាំមើលស្ថានការណ៍នេះយ៉ាងដិតដល់។មន្ត្រីអាមេរិកាំងមួយរូបទៀតបានថ្លែងប្រាប់ VOA ថា កាំជ្រួចរបស់ចិន គឺជាផ្នែកមួយនៃប្រព័ន្ធការពារតាមអាកាស HQ-9 ដែលអាចមានវង់ប្រតិបត្តិការក្នុងរយៈចម្ងាយ ២០០គីឡូម៉ែត្រ។
ការមកដល់នៃកាំជ្រួចចិននៅលើកោះ Woody ដែលជាកោះតូចមួយនៅក្នុងតំបន់ ដែលចិនបានពង្រីកដែនដីរបស់ខ្លួនតាមរយៈការបូមខ្សាច់ និងការសាងសង់នានា ត្រូវបានរាយការណ៍ដំបូងតាមរយៈបណ្តាញទូរទស្សន៍ Fox News របស់អាមេរិក ដោយសម្អាងទៅលើរូបភាពតាមផ្កាយរណប ដែលផ្តល់ដោយក្រុមហ៊ុនស៊ីវិលមួយ។ អ្វីដែលត្រូវបានគេមើលឃើញនោះគឺ ទម្រនៃកាំជ្រួចមុខប្រាំបីដែលបាញ់ពីផ្ទៃដីទៅកាន់អាកាស និងប្រព័ន្ធ Radarមួយ។
អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំនៅមន្ទីរបញ្ចកោណបានប្រាប់ថា៖«មិនមានហេតុផលណាមួយត្រូវមាន ការសង្ស័យទៅលើរូបភាពទាំងនោះឡើយ»។
បញ្ហាកាំជ្រួចមីស៊ីលនេះបានផ្ទុះឡើង ខណៈដែលលោកប្រធានាធិបី អូបាម៉ា កំពុងបញ្ចប់កិច្ចប្រជុំដ៏សំខាន់មួយជាមួយនឹងមេដឹកនាំប្រទេសនៅ អាស៊ីអាគ្នេយ៍ នៅក្នុងរដ្ឋ កាលីហ្វរញ៉ា។ លោក អូបាម៉ា បានជំរុញឲ្យភាគីទាំងអស់អត់ធ្មត់នៅក្នុងតំបន់ និងផ្អាកការដាក់វត្តមានយោធានៅក្នុងតំបន់ដែនសមុទ្រដែលមាន ជម្លោះ។
ការបញ្ជាក់របស់អាមេរិកនិងតៃវ៉ាន់
មន្ត្រីក្រសួងការពារប្រទេសរបស់អាមេរិកមួយរូប បានធ្វើការបញ្ជាក់ក្រោយមកទៀតអំពីការដាក់កាំជ្រួចមីស៊ីល ដូចទៅនឹងអ្វីដែលអ្នកនាំពាក្យក្រសួងការពារជាតិតៃវ៉ាន់ លោកឧត្តមសេនីយ៍ទោ David Lo បានលើកឡើងផងដែរ។
លោក Lo បានថ្លែង កាលពីថ្ងៃពុធ ថា៖ «ភាគីដែលចាប់អារម្មណ៍គួរតែធ្វើការ រួមគ្នា ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ហើយត្រូវអត់ធ្មត់ដោយមិនត្រូវចាត់វិធានការឯកតោភាគី ដែលនឹងបង្កើនភាពតានតឹងនោះទេ។»
កោះ Woody ឬដែលចិនហៅថាកោះ Yongxing និងវៀតណាមហៅថាកោះ Phu Lam គឺជាកោះដ៏ធំបំផុតនៃប្រជុំកោះ Paracel ហើយស្ថិតនៅភាគខាងជើងបំផុតនៃសមុទ្រចិនខាងត្បូង ភាគខាងកើតនៃទីក្រុង Da Nangដែលជាទីក្រុងស្ថិតនៅភូមិភាគកណ្តាលនៃប្រទេសវៀតណាម។ កោះ Woody ស្ថិតក្រោមការគ្រប់គ្រងរបស់ចិនតាំងពីឆ្នាំ១៩៥៦ ហើយនិងជាទីក្រុង ដែលស្ថិតក្រោមការត្រួតត្រារបស់អភិបាលខេត្ត Hainan ដែលស្ថិតនៅភាគខាងត្បូងរបស់ចិន។ កោះនេះក៏ត្រូវបានទាមទារដោយវៀតណាម និងតៃវ៉ាន់ផងដែរ។
លោក
Wang Yi រដ្ឋមន្ត្រីការបរទេសចិន
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង ប៉េកាំង ប្រទេសចិន
កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦។
ប្រតិកម្មរបស់ចិនរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ចិនលោក Wang Yi បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា ប្រព័ន្ធផ្សព្វផ្សាយបស្ចិមប្រទេសគួរផ្តោតទៅលើ ប៉មបំភ្លឺផ្លូវ និងអគារឧត្តុនិយម ដែលចិនកំពុងសាងសង់នៅក្នុងសមុទ្រចិនខាងត្បូង។
នៅក្នុងអំឡុងពេលសន្និសីទកាសែត ក្រោយពីមានការប្រជុំជាមួយនឹងលោកស្រី Julie Bishop សមភាគីអូស្ត្រាលី ដែលកំពុងតែធ្វើទស្សនកិច្ចនៅចិន លោក Wang មិនបានបដិសេធសេចក្តីរាយការណ៍ជុំវិញបញ្ហាការដាក់កាំជ្រួចមីស៊ីល នោះទេ ប៉ុន្តែបានហៅព័ត៌មានជុំវិញការដាក់កាំជ្រួចមីស៊ីលនោះ គឺជាការប៉ុនប៉ងបង្កើតព័ត៌មានដោយប្រព័ន្ធផ្សព្វផ្សាយរបស់បស្ចិម ប្រទេសតែប៉ុណ្ណោះ»។
លោក Wang បានសម្គាល់ពីអ្វី ដែលលោកបានលើកឡើងជុំវិញសិទ្ធិរបស់ចិនក្នុងការដាក់កំហិត ហើយនឹងការសាងសង់អគារ ដែលចាំបាច់សម្រាប់ការពារខ្លួននៅក្នុងប្រជុំកោះ និងតំបន់ថ្មប៉ប្រះទឹកនោះ។
លោក Wang ថ្លែងថា៖«ទង្វើនេះវាស្របទៅតាមការប្រុងប្រៀងខ្លួននិងការពារ ខ្លួន ដែលចិនមានសិទ្ធិធ្វើឡើងក្រោមច្បាប់អន្តរជាតិ។ ដូច្នេះមិនគួរមានបញ្ហាណាមួយជុំវិញបញ្ហានេះនោះទេ។»
ការទាមទារ របស់ ចិន
ការទាមទាររបស់ចិនស្ទើរតែទាំងស្រុងនៅក្នុងសមុទ្រចិនខាងត្បូង និងការទាមទារ ក្នុងការសាងសង់កោះសិប្បនិម្មិតទៅភាគខាងត្បូង បានបង្កឲ្យប្រទេសជិតខាងមានការព្រួយបារម្ភកាន់តែខ្លាំងនៅក្នុង តំបន់ ទោះបីជាក្នុងខណៈដែលរដ្ឋាភិបាលក្រុងប៉េកាំងកំពុងធ្វើការយ៉ាង ខ្លាំងក្លាក្នុងការពង្រីកចំណងពាណិជ្ជកម្មរបស់ខ្លួនក៏ដោយ។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការសាងសង់ផ្លូវ យន្តហោះ និងកោះសិប្បនិម្មិតដើម្បីពង្រឹងការពង្វាតទឹកដីរបស់ខ្លួន។
រដ្ឋាភិបាលក្រុងប៉េកាំងបានថ្លែងដដែលៗថា ខ្លួនមិនបានដាក់យោធានៅក្នុងសមុទ្រចិនខាងត្បូងនោះទេ ប៉ុន្តែចិនមានការបារម្ភកាន់តែខ្លាំងឡើង ចំពោះបេសកកម្មរបស់អាមេរិកជុំវិញការលើកកម្ពស់សេរីភាព ក្នុងការធ្វើនាវាចរណ៍នៅក្នុងតំបន់ ទាំងតាមសមុទ្រនិងតាមផ្លូវអាកាស។
រូបឯកសារ៖
ឧទ្ធម្ភាគចក្រ និងកប៉ាល់យាមកាមរបស់កោះតៃវ៉ាននៅតំបន់ឆ្នេរ Kaohsiung
ភាគខាងត្បូងកោះតៃវ៉ាន់ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦។
អត្ថន័យនៃការដាក់កាំជ្រួចមីស៊ីល
លោក Alexander Huang សាស្ត្រាចារ្យជំនួយការមួយរូបនៅឯសាកលវិទ្យាល័យ Tamkang របស់តៃវ៉ាន់ បានថ្លែងថា ការដាក់កាំជ្រួចកំពុងបញ្ជូនសារមួយ បើទោះបីជាទង្វើនេះបង្ហាញពីសញ្ញាផ្ទុយនឹងគោលបំណងនាពេលអនាគត របស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។
លោក Huang បានថ្លែងថា ការដាក់កាំជ្រួចមីស៊ីលបានបញ្ជូនសញ្ញាផ្ទុយគ្នាមួយ ពីព្រោះចិនបានថ្លែងដដែលៗថា ទង្វើរបស់ខ្លួនមិនមែនជាការដាក់វត្តមានយោធានៅក្នុងកោះជម្លោះ នោះទេ។ លោកបន្ថែមថា ខណៈដែលជម្លោះនៅកោះ Woody គឺរវាងចិន និងវៀតណាម ហើយមិនចាំបាច់មានការលូកដៃរបស់អាមេរិកនោះ៖ «វាអាចជាសញ្ញា ឬតម្រុយបង្ហាញពីការដាក់យោធានៅកោះ Spratlys នាពេលអនាគត។»
លោក បន្ថែមថា៖ «ចិន រងសម្ពាធ យ៉ាងខ្លាំង ក្នុងពេលឥឡូវនេះ ដោយសារតែ សន្និសីទ នៅរមណីដ្ឋាន Sunnylands, ហើយ នឹងការពិភាក្សា រវាង អាមេរិក និងកូរ៉េ ខាងត្បូង ជុំវិញ ការពង្រាយ ប្រព័ន្ធការពារ អាកាស THAAD។»
លោក អូបាម៉ា/ កិច្ចប្រជុំ កំពូល អាស៊ាន
ខណៈដែលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា កំពុងបញ្ចប់កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃរបស់លោកជាមួយនឹង មេដឹកនាំនៃប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នោះ លោកបានថ្លែងក្នុងកិច្ចប្រជុំថា អ្វីដែលសំខាន់ជាងគេនៅអាមេរិកមានពីរយ៉ាងគឺ៖ «ការប្តេជ្ញាចិត្តដ៏ មុតមាំក្នុងការគោរពទៅតាមច្បាប់ក្នុងតំបន់ ដែលច្បាប់ និងបទដ្ឋានអន្តរជាតិ ហើយនិងសិទ្ធិរបស់បណ្តាប្រទេសទាំងឡាយ មិនថាតូចឬធំត្រូវបានគោរព។»
លោកក៏បានថ្លែងនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះថា មេដឹកនាំសហរដ្ឋអាមេរិក និងអាស៊ាន «បានពិភាក្សាអំពីតម្រូវការឲ្យមានជំហានជាក់ស្តែងណាមួយ ក្នុងការបន្ធូរបន្ថយភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូង រួមមាន ការផ្អាកការទាមទារទឹកដី ការសាងសង់ថ្មីៗ និងការដាក់វត្តមានយោធាបន្ថែមទៀតនៅក្នុងតំបន់ជម្លោះ។»
ទោះជាយ៉ាងនេះក្តី ការឆ្លើយតបរបស់អាមេរិក និងបណ្តាប្រទេសអាស៊ាននៅតែមិនមានភាពច្បាស់លាស់។ ខណៈដែលបណ្តាប្រទេសអាស៊ានប្រហែលជាចង់មានចំណងជិតស្និទ្ធដ៏ពិត ប្រាកដជាមួយនឹងអាមេរិក ពួកគេក៏កំពុងពឹងផ្អែកយ៉ាងខ្លាំង ក៏ដូចជាបង្កើនពាណិជ្ជកម្មជាមួយនឹងចិន។
ហើយប្រសិនបើអាមេរិកចង់ឆ្លើយតបនោះ សំណួរដ៏លំបាកជាងនេះនោះគឺថា តើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអាចធ្វើអ្វីបានដើម្បីផ្លាស់ប្តូរ ឥរិយាបថរបស់ចិន។
សេរីភាពក្នុងការធ្វើនាវាចរណ៍
លោក Ross Darrell Feingold ទីប្រឹក្សាជាន់ខ្ពស់ប្រចាំនៅទីក្រុង តៃប៉ិ របស់ក្រុមប្រឹក្សាអន្តរជាតិ DC ដែលជាកន្លែងប្រឹក្សាហានិភ័យនយោបាយ បានសម្គាល់ថា សកម្មភាពនៃសេរីភាពក្នុងការធ្វើនាវាចរណ៍របស់កងទ័ពជើងទឹករបស់ សហរដ្ឋអាមេរិកមិនបានធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំងផ្លាស់ប្តូរ ឥរិយាបថនោះទេ។
លោក Feingold បានបន្ថែមថា អ្វីដែលសំខាន់ជាងនេះប្រហែលជាអ្វីដែលសកម្មភាពទាំងនេះបានបង្ហាញ ពីសមត្ថភាពរបស់ចិន ក្នុងការគ្រប់គ្រងលើបញ្ហាដ៏សំខាន់ក្នុងពេលជាមួយគ្នា។
លោក ថ្លែងថា៖ «ក្រោយពីមានព្រឹត្តិការណ៍ ដូចជាការសាកល្បងកាំជ្រួចមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង កិច្ចប្រជុំកំពូលអាស៊ាន ការផ្លាស់ប្តូរនយោបាយដ៏សំខាន់នៅកោះតៃវ៉ាន់ បញ្ហាសេដ្ឋកិច្ចក្នុងស្រុកដែលកំពុងតែបន្ត ការស៊ើបអង្កេតជុំវិញអំពើពុករលួយក៏ដោយ នៅក្នុងពេលជាមួយគ្នានេះដែរ មេដឹកនាំរបស់ចិននៅតែមានជំនឿថា ចិននៅតែអាចគ្រប់គ្រងប្រតិកម្មរបស់អន្តរជាតិទៅលើការដាក់កាំជ្រួច មីស៊ីលរបស់ខ្លួន។»
No comments:
Post a Comment