ក្រុម អ្នកស្រាវជ្រាវ ព្រំដែន កម្ពុជា អះអាង ថា, ដី នៅតំបន់ ថ្ម៣ដុំ មិន បាត់បង់ទេ
RFA / វិទ្យុ អាស៊ី សេរី | ១០ កុម្ភៈ ២០១៦
ប្រធាន ក្រុមស្រាវជ្រាវ កិច្ចការ ព្រំដែន នៃរាជបណ្ឌិត្យ សភា កម្ពុជា អះអាង ថា, ផ្អែក លើការសិក្សា ដោយផ្ទាល់ ["based on personal research" -- yes, what a man of integrity you are that we should trust you - sic!!], ដី នៅចំណុច ថ្ម៣ដុំ ជាប់ព្រំដែន កម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រ ខេត្ត តាកែវ មិន បាត់បង់ទេ។ ផ្ទុយពីនេះវិញ, អ្នកឃ្លាំមើល បញ្ហាព្រំដែន យល់ឃើញ ថា, ការសិក្សានេះ អាចរាប់បាន ថា ជាការសិក្សា សម្រាប់ ប្រថាប់ត្រា និងបង្គ្រប់កិច្ច ប៉ុណ្ណោះ។
មកដល់ពេលនេះ ដី មានជម្លោះ ជាប់ព្រំដែន កម្ពុជា-វៀតណាម ស្ថិតនៅទីតាំង ថ្ម៣ដុំ ក្នុងស្រុក បូរី ជលសារ ខេត្ត តាកែវ បានក្លាយ ជាចំណុច ខ្វែងគំនិតគ្នា ក្នុងចំណោម អ្នកនយោបាយ និងអ្នកពិនិត្យ កិច្ចការ ព្រំដែន ខ្មែរ។
លោកបណ្ឌិត សុខ ទូច និងជាប្រធានក្រុមស្រាវជ្រាវកិច្ចការព្រំដែននៃរាជបណ្ឌិត្យសភា កម្ពុជា បញ្ជាក់នៅថ្ងៃទី១០ ខែកុម្ភៈ ថា តាមពិតដីនៅតំបន់ថ្ម៣ដុំ មិនបានបាត់បង់ទៅវៀតណាម ដូចការរកឃើញរបស់មនុស្សមួយចំនួនទេ។ លោកបន្ថែមថា បច្ចុប្បន្ននេះ ទីតាំងនៅថ្ម៣ដុំ គឺស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជា។ មិនតែប៉ុណ្ណោះ ពលរដ្ឋខ្មែរគ្រប់រូបនៅតែអាចចេញចូល និងពិនិត្យព្រំដែនត្រង់ទីតាំងនេះបានដោយសេរី។
ផ្ទុយពីការថ្លែងនេះ លោក សុខ រឿន មេឃុំកំពង់ក្រសាំង របស់គណបក្សប្រជាជនកម្ពុជា ទទួលស្គាល់ថា ដីនៅថ្ម៣ដុំ ពិតជាបានបាត់មែន។ លោកបញ្ជាក់ប្រាប់កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) កាលពីថ្ងៃទី២៨ ខែមករា ថា តាមពិតដីនៅបរិវេណថ្ម៣ដុំ ត្រូវបានវៀតណាម គ្រប់គ្រងបានដីក្នុងចំណែកថ្ម២ដុំ រួចទៅហើយនៅពេលនេះ។
ស្របពេលនៃការថ្លែងនេះ លោក សុខ ទូច ទទួលស្គាល់ថា បើពិនិត្យលើទីតាំងថ្ម៣ដុំ រកឃើញថា ខ្សែបន្ទាត់ព្រំដែន បានរត់កាត់ចំណែកដី ថ្ម២ដុំ ចូលទៅក្នុងអធិបតេយ្យរបស់វៀតណាមមែន។យ៉ាងនេះក្ដី លោក សុខ ទូច បញ្ជាក់ថា ថ្វីបើមើលឃើញដូចនេះមែន ក៏ប៉ុន្តែដីនៅចំណុចថ្ម៣ដុំ នៅតែជារបស់កម្ពុជា ព្រោះមានភស្តុតាងជាច្រើន ដូចជាឈ្មោះភូមិ ឬ ឃុំ ផ្សារ និង ច្រកជាដើម ដែលបញ្ជាក់ថា ជារបស់កម្ពុជា។
បើទោះបីជាមានការអះអាងដូចនេះរបស់លោកបណ្ឌិត សុខ ទូច ក្ដី ក៏ប៉ុន្តែសម្រាប់អ្នកឃ្លាំមើលព្រំដែនវិញយល់ឃើញថា ធាតុពិតនៅទីតាំងថ្ម៣ដុំនេះ គឺសមត្ថកិច្ចរឹតបន្តឹងសន្តិសុខយ៉ាងតឹងរ៉ឹង ដូចជាមិនអនុញ្ញាតឲ្យរូបលោកទៅក្នុងបរិវេណថ្ម៣ដុំ កុំថាឡើយចូលទៅដល់ថ្ម៣ដុំ ដោយផ្ទាល់។
លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកចុះសិក្សាដោយផ្ទាល់លើទីតាំងចំណុចថ្ម៣ដុំ ចាត់ទុកថា មូលហេតុដែលក្រុមស្រាវជ្រាវនៃរាជបណ្ឌិត្យសភា អាចចេញចូលដោយសេរី រហូតបានឈរលើថ្ម៣ដុំ បានថែមទៀតនោះ វាពុំមែនជាអ្វីដែលចម្លែកនោះឡើយ។ លោកថ្លែងថា ការចុះសិក្សានេះ អាចរាប់បានថា មានការសម្របសម្រួលរួចទៅហើយ ហេតុនេះទោះចង់មិនចង់ គឺសន្តិសុខ និងលទ្ធភាពក្នុងការត្រួតពិនិត្យមានភាពងាយស្រួលបែបនេះ។ ម្យ៉ាងវិញទៀត លោក កែម ឡី អះអាងថា ថ្វីបើការរកឃើញរបស់ក្រុមស្រាវជ្រាវកិច្ចការព្រំដែនរបស់ រាជបណ្ឌិត្យសភា ថាមិនមានការបាត់បង់ ក៏ប៉ុន្តែទីតាំងថ្ម៣ដុំនេះ ហាក់បានបាត់រួចទៅហើយ ព្រោះតំបន់នោះ ពុំមានពលរដ្ឋណាម្នាក់អាចចេញចូលបានដោយងាយឡើយ។ បន្ថែមពីលើនេះទៀត លោក កែម ឡី រិះគន់ថា ការចុះសិក្សាស្រាវជ្រាវនេះ គឺជាការបង្គ្រប់កិច្ច និងប៉ះប៉ូវភាពខុសឆ្គងក្នុងរឿងព្រំដែនរបស់រដ្ឋាភិបាលប៉ុណ្ណោះ។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី១០ កុម្ភៈ ពុំទាន់អាចសុំការបំភ្លឺបន្ថែមជុំវិញជម្លោះព្រំដែន ត្រង់ចំណុចដីថ្ម៣ដុំ ពីលោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែន បានទេ ដោយសារទូរស័ព្ទលោកពុំអាចហៅចូលបាន។
កាលពីចុងខែមករា កន្លងទៅនេះ អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ បានព្រមានវ៉ៃខ្នោះដៃ និងរហូតព្រមានចាប់ដាក់គុកថែមទៀងផង ចំពោះអ្នកណាដែលចូលទឹកដីខេត្តតាកែវ ហើយនិយាយថា ដីនៅថ្ម៣ដុំ ត្រូវធ្លាក់ទៅលើវៀតណាម គ្រប់គ្រងវិញ។ ដីនៅចំណុចថ្ម៣ដុំ ដែលជាប់នឹងខេត្តអានយ៉ាង (An Dang) ប្រទេសវៀតណាម នេះ គឺស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ២៦៦ និង ២៦៧។
លោក សុខ ទូច មានប្រសាសន៍ថា ពលរដ្ឋនៅតែអាចចេញចូល និងត្រួតពិនិត្យព្រំដែនដោយពុំមានការហាមប្រាម ជាពិសេសនៅចំណុចថ្ម៣ដុំ។ លើសពីនេះទៀត លោក សុខ ទូច ចាត់ទុកថា រឿងព្រំដែនគឺជារឿងអាយុជីវិតរបស់ជាតិ ពោលគឺពុំមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់បក្សនយោបាយណាមួយឡើយ។ ម្យ៉ាងទៀត ការរឹតបន្តឹងក្រុមណាមួយដែលពិនិត្យព្រំដែនក្រៅពីមន្ត្រី រដ្ឋាភិបាល គឺជារឿងដែលចម្លែក ព្រោះបង្គោលព្រំដែនស្ថិតក្នុងអធិបតេយ្យភាពរបស់កម្ពុជា។
បើទោះជាបែបនេះក៏ដោយចុះ សម្រាប់លោក កែម ឡី វិញ អះអាងថា ដីនៅចំណុចថ្ម៣ដុំ កម្ពុជានៅតែពុំអាចមានសិទ្ធិគ្រប់គ្រងបានដដែល ព្រោះនៅជុំវិញបរិវេណដីថ្ម៣ដុំនេះ ត្រូវគេចាត់ទុកថា ជាតំបន់សរួចទៅហើយ។ ហេតុនេះ កម្ពុជានៅតែបាត់បង់សិទ្ធិក្នុងការគ្រប់គ្រងដីនៅបរិវេណថ្ម៣ដុំ នេះ។ ម្យ៉ាងវិញទៀត អ្វីដែលមើលឃើញថា ជារបស់កម្ពុជា នៅពេលនេះ នោះគ្រាន់តែជារូបភាពខាងក្រៅប៉ុណ្ណោះ៕
No comments:
Post a Comment