ពលរដ្ឋ រស់នៅ តាមបណ្ដោយ ច្រាំងទន្លេ ក្នុងឃុំ ថ្មគ្រែ ខេត្ត ក្រចេះ បារម្ភ ខ្លាចបាក់ ច្រាំងទន្លេ
RFA / វិទ្យុ អាស៊ី សេរី | ២២ កុម្ភៈ ២០១៦
ពលរដ្ឋ រស់នៅ តាមបណ្តោយ ច្រាំងទន្លេ ក្នុងឃុំ ថ្មគ្រែ ស្រុក ចិត្របុរី ខេត្ត ក្រចេះ បារម្ភ ពីការ បាក់ច្រាំង ទន្លេ បន្តទៀត ខណៈ គម្រោង ផ្តល់ដី សម្បទាន សង្គមកិច្ច របស់ អាជ្ញាធរ មិន ទាន់មាន ពន្លឺ នៅឡើយ។ ក្តីបារម្ភនេះ បន្ទាប់ ពីអាជ្ញាធរ ខេត្ត នៅមិន ទាន់មាន មធ្យោបាយ ទប់ស្កាត់ ការបាក់ ច្រាំងទន្លេ ខណៈ ស្ថានភាព ច្រាំងទន្លេ កំពុង រងហានិភ័យ ខ្ពស់។
ពលរដ្ឋរស់នៅឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី២១ កុម្ភៈ អំពាវនាវឲ្យអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់ទប់ស្កាត់គ្រោះធម្មជាតិបាក់ច្រាំងទន្លេនៅរដូវ វស្សា។ ការអំពាវនាវនេះ បន្ទាប់ពីពលរដ្ឋនៅមិនទាន់ទទួលដំណឹងស្ដីពីយន្តការទប់ស្កាត់ការ បាក់ច្រាំងទន្លេពីអាជ្ញាធរនៅឡើយ។
ពលរដ្ឋរស់នៅឃុំថ្មគ្រែ លោក ស៊ា វឌ្ឍនា បារម្ភថា បច្ចុប្បន្នពលរដ្ឋជាង ១០០គ្រួសារ កំពុងរស់នៅតាមច្រាំងទន្លេ ក្នុងនោះមានពលរដ្ឋជាង ៧០គ្រួសាររង់ចាំការផ្តល់ដីសម្បទានសង្គមកិច្ចរបស់អាជ្ញាធរ បន្ទាប់ពីស្ថានភាពច្រាំងទន្លេកំពុងរងហានិភ័យធ្ងន់ធ្ងរ។ លោកកត់សម្គាល់ថា ការពន្យារពេលដោះស្រាយការផ្តល់ដីសម្បទានសង្គមកិច្ចជូនពលរដ្ឋ ដែលរស់នៅតាមច្រាំងទន្លេជិត ២០ឆ្នាំកន្លងមក គឺជាចេតនាមិនយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត។ លោកថា បច្ចុប្បន្ន ពលរដ្ឋរស់នៅតាមច្រាំងទន្លេដោយភាពភ័យខ្លាច ព្រោះពុំមានជម្រើស ទោះបីប្រឈមគ្រោះធម្មជាតិដោយការបាក់ច្រាំងទន្លេក្តី៖ «ច្រាំង កាន់តែកៀកទៅ។ កាន់តែពន្យារទៅៗហើយ ចឹងប្រជាពលរដ្ឋអស់សង្ឃឹមរបស់រដ្ឋាភិបាល ជាពិសេសគឺថ្នាក់ដឹកនាំខេត្ត។ កាន់តែពន្យារតាំងពីឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ២០១៦ ហើយរង់ចាំដល់ពេលណាទៀតទេ។»
អ្នកភូមិម្នាក់ទៀតរស់នៅឃុំថ្មគ្រែ លោក កែវ ហម កត់សម្គាល់ថា ស្ថានភាពច្រាំងទន្លេបច្ចុប្បន្នជ្រៅចាប់ពី ១០ម៉ែត្រដល់ជាង ៣០ម៉ែត្រ ដែលមិនអាចធានាទឹកនៅរដូវវស្សាបាន។ លើសពីនេះ ស្ថានភាពបាក់ច្រាំងនៅខាងមុខផ្ទះលោកតាំងពីឆ្នាំ២០១៤ រហូតបច្ចុប្បន្ន បាក់បន្តបន្ទាប់ប្រមាណជាង ១០ម៉ែត្រទៀតដល់ផ្ទះរបស់លោក។ លោកអំពាវនាវឲ្យអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ ពន្លឿនការទប់ស្កាត់គ្រោះធម្មជាតិនេះ៖ «បើអាជ្ញាធរមិនទប់ស្កាត់ អាច្រាំងទន្លេអាចបាក់ស៊ីរូងដល់ផ្ទះពលរដ្ឋដល់ខាងក្នុងទៀត។»
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តក្រចេះ លោក សរ ចំរុង ដើម្បីសុំការអធិប្បាយជុំវិញក្តីបារម្ភនេះបានទេ នៅថ្ងៃទី២១ កុម្ភៈ។
ចំណែកមេឃុំថ្មគ្រែ លោក តែម ណាស៊ី មានប្រសាសន៍ថា ការទប់ស្កាត់បាក់ច្រាំងទន្លេត្រូវចំណាយថវិកាច្រើន។ ដូច្នេះ យន្តការដោះស្រាយបញ្ហានេះហួសពីសមត្ថភាពអាជ្ញាធរឃុំ។ លោកកត់សម្គាល់ថា កន្លងមក មន្ត្រីជំនាញនៃមន្ទីរសាធារណការ ក៏ធ្លាប់ចុះសិក្សាពីស្ថានភាពច្រាំងទន្លេ ហើយបានសម្រេចធ្វើផ្លូវថ្មីជំនួសផ្លូវតាមបណ្ដោយមាត់ទន្លេ ដើម្បីទប់ស្កាត់ការស្ទះចរាចរណ៍តាមសំណើរបស់អាជ្ញាធរ៖ «បញ្ហា នេះចំណាយថវិកាធំណាស់ ប្រហែលជាអាចដល់ថ្នាក់ខេត្ត ឬថ្នាក់ជាតិ។ យើងគ្រាន់តែផ្តល់ព័ត៌មានទេ ព្រោះពាក់ព័ន្ធសាធារណការនោះ គ្រោងធ្វើផ្លូវវាងទៅក្រោយហើយ។»
កាលពីឆ្នាំ២០១៤ ច្រាំងទន្លេនៅឃុំថ្មគ្រែ បានបំផ្លាញផ្ទះពលរដ្ឋចំនួន ៦គ្រួសារនៅរដូវវស្សា។ ចំណែកអាជ្ញាធរ បានចុះបញ្ជីពលរដ្ឋ ៦គ្រួសារនោះឲ្យទទួលបានដីសម្បទានសង្គមកិច្ចជាមួយពលរដ្ឋ ៦៨គ្រួសារនៅស្រុកចិត្របុរី។
ប្រធានសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ មានប្រសាសន៍ថា អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយដល់សហគមន៍ឲ្យចូលរួមសាមគ្គី ទប់ស្កាត់គ្រោះធម្មជាតិដោយការបាក់ច្រាំងទន្លេ ដូចជាការដាំដើមឈើ និងការធ្វើរបងជាដើម ដែលជាផ្នែកមួយដើម្បីការពារការបាក់ច្រាំងទន្លេ។ លោកថា មន្ត្រីជំនាញនៃក្រសួងពាក់ព័ន្ធ គួរចុះស្រាវជ្រាវពីស្ថានភាពច្រាំងទន្លេនៅតំបន់នោះ ហើយរកវិធីសាស្ត្រទប់ទល់ ជាពិសេសផ្តល់ព័ត៌មានស្ដីពីស្ថានភាពច្រាំងទន្លេរបស់អាជ្ញាធរជំនាញ ដើម្បីចៀសវាងការរស់នៅដោយភាពភ័យខ្លាច៖ «ខ្ញុំ គិតថា បើមានការពិភាក្សាគ្នារវាងអាជ្ញាធរ ស្ថាប័នជំនាញរបស់រដ្ឋាភិបាល និងសហគមន៍ ខ្ញុំគិតថា អាចមានដំណោះស្រាយ ព្រោះវាមិនមែនជារញ្ជួយដីទេ វាគ្រាន់តែគ្រោះធម្មជាតិអាចទប់ទល់បាន។»
អ្នកភូមិកត់សម្គាល់ថា ពលរដ្ឋរស់នៅតាមច្រាំងទន្លេជាង ១០០គ្រួសារ ភាគច្រើនរស់នៅតាំងពីសម័យសង្គមរាស្ត្រនិយម។ ចំណែកអាជ្ញាធរស្រុកចិត្របុរី ធ្លាប់ដោះស្រាយការបាក់ច្រាំងទន្លេនៅតំបន់នោះ ដូចជាគម្រោងផ្តល់ដីសម្បទានសង្គមកិច្ចតាំងពីឆ្នាំ១៩៩៩ នៅមិនទាន់ដោះស្រាយបញ្ចប់ និងការអភិវឌ្ឍផ្លូវបន្ថែមទៀត ជំនួសការធ្វើដំណើរតាមមាត់ទន្លេ។ យ៉ាងណា មន្ត្រីសង្គមស៊ីវិលរិះគន់យន្តការនោះ ថាមិនអាចធានានិរន្តរភាពរបស់ពលរដ្ឋ ដែលកំពុងរស់នៅបណ្តោយមាត់ទន្លេនៅអមសងខាងផ្លូវឡើយ៕
No comments:
Post a Comment