Paris Peace Accords 23 Oct. 1991

Wednesday, March 30, 2016

អង្គភាព ​ប្រឆាំង​ អំពើ​ ពុក​រលួយ ព្រមាន​ ចាត់វិធានការ ​ផ្លូវ​ច្បាប់​ ប្រឆាំង​ អ្នក​រិះគន់ ​​ករណី​លោក កឹម សុខា | ACU threatens to take measures against anyone who criticizes unit re Kem Sokha's case

អង្គភាព ​ប្រឆាំង​ អំពើ​ ពុក​រលួយ ព្រមាន​ ចាត់វិធានការ ​ផ្លូវ​ច្បាប់​ ប្រឆាំង​ អ្នក​រិះគន់ ​​ករណី​លោក កឹម សុខា

លោក​ ឱម យ៉ិនទៀង​ ​នៅ​ថ្ងៃ​អង្គារ​នេះ​ ​​​បាន​ព្រមាន​ ធ្ងន់ៗ ​ដល់​លោក​ សម រង្ស៊ី​ ប្រធាន​ គណបក្ស ​សង្គ្រោះ​ជាតិ​ ​ដែល​ស្ថិត​ ក្នុង​ការ​ និរទេស​ខ្លួន​ ថា​ បាន​ធ្វើ​ការ ​រារាំង​ និង​លូក​ដៃ​ ចូល​ក្នុង​ ការ​ស៊ើប​អង្កេត​ របស់​ អង្គភាព​ ប្រឆាំង​ អំពើពុករលួយ​ ​ក្នុង​ករណី​លោក​ កឹម សុខា។​
រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អញ្ជើញ​មក​ដល់​បន្ទប់​ផ្សាយ​របស់ VOA នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុង​ពេល​លោក​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA ពិសេស នៅ​ថ្ងៃពុធ​ទី ៣ ខែកុម្ភៈ​ឆ្នាំ២០១៦។ ( សឹង សុផាត/VOA)
រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អញ្ជើញ​មក​ដល់​បន្ទប់​ផ្សាយ​របស់ VOA នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុង​ពេល​លោក​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA ពិសេស នៅ​ថ្ងៃពុធ​ទី ៣ ខែកុម្ភៈ​ឆ្នាំ២០១៦។ ( សឹង សុផាត/VOA)

VOA / វីអូអេ | ៣០ មិនា ២០១៦
ប្រធាន ​អង្គភាព ​ប្រឆាំង ​អំពើ​ពុក​រលួយ ​លោក​ ឱម យ៉ិនទៀង​ ​នៅ​ថ្ងៃ​អង្គារ​នេះ​ ​បាន​ព្រមាន ​ធ្ងន់ៗ ​ដល់​លោក​ សម រង្ស៊ី​ ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ​ ​ដែល​ស្ថិត ​ក្នុង​ការ​និរទេស​ ខ្លួន​ ថា​ បាន​ធ្វើ​ការ​ រារាំង​ និង​លូក​ដៃ​ ចូល​ក្នុង​ ការ​ស៊ើប​អង្កេត​ របស់​ អង្គភាព​ ប្រឆាំង ​អំពើ ពុករលួយ​ ​ក្នុង​ករណី​ លោក​ កឹម សុខា។​
លោក​ ថ្លែង​ ថា, អង្គភាព​នេះ ​កំពុង​ ពិនិត្យ​ទិដ្ឋភាព​ ច្បាប់​ ដើម្បី​ ដំណើរ​ការ​ ពាក្យ​បណ្ដឹង​ លើ​ការ​ រារាំង​នេះ។

​ការ​លើក​ឡើង ​របស់​លោក​ ឱម​ យ៉ិនទៀង​ គឺ​ ឆ្លើយ​តប​ នឹង​ ​ការរិះគន់ ​ខ្លាំងៗ ​របស់​លោក​ សម រង្ស៊ី ​ចំ​ពោះ អង្គភាព ​ប្រឆាំង ​ ​អំពើ​ពុក​រលួយ​ ​ដែល​ចាត់​ វិធាន​ការ​ ស៊ើបអង្កេត ​លើ​សំណុំ​រឿង​ ឯក​ជន​ របស់​ លោក​ កឹម សុខា​ ដែល​ជា​អនុ​ប្រធាន ​របស់​លោក។​


ក្នុង​កិច្ច​សម្ភាស​ពិសេស​ជា​មួយ ​VOA ​នៅ​ថ្ងៃ​អង្គារ​ ​លោក​ទេស​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រូប​នេះ​ បាន​ថ្លែង​ថា៖

«ឯកឧត្ដម ​សម​ រង្ស៊ី​ កំពុង​តែ​ការពារ​ជន​ពុក​រលួយ គាត់​ប្រហែល​ជា​កំពុង​រអៀស​ខ្លួន​ដែរដឹង​ ​គាត់​ប្រព្រឹត្ត​ដូចគ្នា​ដែរ​ដឹង ​ហើយ​គាត់​កំពុង​តែ​រារាំង​ដល់​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ»។
​ការ​លើក​ឡើង​នេះ​ ​គឺ​មិន​បាន​ប៉ុន្មាន​ម៉ោង​ បន្ទាប់​ពី​ ​លោក​ សម រង្ស៊ី​ ​បានបង្ហោះ​អត្ថបទ​លើទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​ក្រោម​ចំណង​ជើង​ថា​ «អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ​(ACU)​ ​មិន​ស្គាល់​ពី​តួនាទី​របស់​ខ្លួន!»​

ប្រធាន​គណ​បក្ស​ជំទាស់ ​បាន​រិះគន់​ថា​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ​បើក​ការ​ស៊ើប​អង្កេត​ អ្នក​មាន​ ​មន្ត្រី​និង​គណ​បក្ស​គ្រប់​គ្រង​អំណាច​ ​ដែលមាន​ឥទ្ធិពល​ ​ក្នុង​ការ​ «កេង​ប្រវ័ញ្ចនិង​លួច​ផល​ចំណេញ​ពី​ការ​លក់ដូរ​ ​ឬ​ការ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​ជាតិ​ ​ទ្រព្យសម្បត្តិ​រាស្ត្រ​និង​ទ្រព្យ​សម្បត្តិ​រដ្ឋ»​ ​ជា​ជាង ធ្វើ​ការ​ស៊ើប​អង្កេត​ ​លើមន្ត្រី​គណ​បក្ស​សង្គ្រោះ​ជាតិ ​មិន​មាន​ ​អំណាច​និង​មិន​មែន​តំណាង​រដ្ឋ​អ្វី​នោះ​ទេ។

ដោយ​មិន​បញ្ចេញ​ឈ្មោះ​របស់​ លោក​ កឹម សុខា​ លោក​ សម រង្ស៊ី​សរសេរ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖ «រឿង​ដែល​គេ​កំពុង​តែ​និយាយ​សព្វ​ថ្ងៃ ​គឺ​ជា​រឿង​ឯកជន​ទេ​ ពីព្រោះ​វា​គ្មាន​ប៉ះ​ពាល់​ដល់​ផល​ប្រ​យោជន៍​ជាតិ​ ឬ​ផលប្រយោជន៍​សាធារណៈ​ អ្វី​ទាល់​តែ​សោះ។​ ​ធនធាន​ ​និង​លុយកាក់​ ​ដែល​ឯក​ជន​ គេ​ចាយវាយ​ ​ហើយ​ដែល​មិន​បាន​មក​ពី​ការ​លួច​កិបកេង​ទ្រព្យ​សម្បត្តិ​ជាតិ​ ​ទ្រព្យ​សម្បត្តិ​រាស្ត្រ​ និង​ទ្រព្យ​សម្បត្តិ​រដ្ឋ​ ​គឺ​ជា​រឿង​ឯក​ជន​សុទ្ធសាធ​ ​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ​មិន​ត្រូវ​រវីរវល់​ទេ។»

​ប្រធាន​គណ​បក្ស​ជំទាស់​ ដែល​ស្ថិត​ក្នុង​ការ​និរទេស​ខ្លួន​រូប​នេះ​ ​ក៏​បាន​បញ្ជាក់​ទៀត​ថា​ ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ គួរតែ​បើក​ការ​ស៊ើប​អង្កេត​លើ​បញ្ហា​មួយ​ចំនួន​ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ ​រួម​មាន​ ​ការ​ប្លន់​ដី​ធ្លី​របស់​ប្រជារាស្ត្រ​ ​ការ​ផ្ដល់​សំណូក​ ការ​កាប់ព្រៃ​ឈើ​នាំ​ទៅ​បរទេស​ ការ​លួច​សម្បត្តិ​រដ្ឋ​ លក់​ឲ្យ​ក្រុមហ៊ុន​ឯកជន​ ​និង​ការ​កិបកេង​ថវិកា​ជាតិ​ជា​ដើម។

​ឆ្លើយតប​នឹង​ការរិះគន់​របស់​លោក​ សម រង្ស៊ី​ និង​ មតិ​ផ្សេងៗ​ទៀត​ ​លោក​ឱម យ៉ិនទៀង​ ​បញ្ជាក់​ថា​ ​អង្គភាព​របស់​លោក ​កំពុង​តែ​ពិនិត្យ​មើល​ទិដ្ឋភាព​ច្បាប់​ទាក់​ទិន​នឹង​ការ​រិះ​គន់ ​ការ​ប្រមាថ​នានា​ដល់​អង្គភាព​របស់​លោក ​រួម​ទាំង​លោក ​សម រង្ស៊ី ​ប្រធាន​គណ​បក្ស​ជំទាស់​ផង​ដែរ។​

«យើង​ខ្ញុំ​សិក្សា​ទាំង​អស់។ យើង​ខ្ញុំ​មិន​យក​ករណី​មួយៗ​ ​យើង​សិក្សា​ទិដ្ឋភាព​រួម​ទាំង​អស់​បាទ! ​អ្នក​ដែល​បាន​ប្រមាថ​ មក​លើ​បុគ្គល​យើង​ខ្ញុំ​ក្ដី​ ​អ្នក​ដែល​បាន​ប្រមាថ​មក​លើ​អង្គភាព​យើងខ្ញុំ​ក្ដី​ ​អាហ្នឹង​យើង​ខ្ញុំ​កំពុង​តែ​សិក្សា​មើល​ជា​រួម​បាទ!»

លោក​ សុក សំអឿន​ អ្នក​ជំនាញ​ផ្នែក​ច្បាប់​ និង​ជា​មេធាវី​ឯករាជ្យ​មួយ​រូប​បញ្ជាក់​ថា ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ អាច​ធ្វើការ​ប្ដឹង​ផ្ដល់​អ្នក​រិះ​គន់​និង​លោក​ សម រង្ស៊ី​ តាម​បទ​ ​ការ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ ក៏​ប៉ុន្តែ​លោក​បញ្ជាក់​ថា៖«បទ​ល្មើស​ ​វា​មាន​បទ​ល្មើស​បរិហារកេរ្តិ៍​ ជា​សាធារណៈ​មែន​ វា​មាន​លក្ខខ័ណ្ឌ​របស់​វា​ គ្រាន់​តែ​យើង​ វា​បញ្ច្រាស​ទិស​ដែរ។​ បញ្ច្រាស​ទិស​ត្រង់​ ថា,​ «តាម​ខ្ញុំ​ដឹង​ ​ដូច​ជា​សម្ដេច​នា​យក​ ​លោក​បើក​ឲ្យ​មាន​ការ​comment​ និង​មាន​ការ​ប្ដឹងផ្ដល់​ពី​ប្រជា​ពល​រដ្ឋ​ រឿង​នរណា​ធ្វើ​ខុស​ មិន​អញ្ចឹង។​ ហើយ​បើ​ បើក​ឲ្យ​គេ​ comment​ និង​រាយការណ៍​ពី​រឿង​មន្ត្រី​ធ្វើ​ខុស​ ​ហើយ​ដល់​គេ​អត់​មាន​ភស្តុតាង​អី​ បែរ​មក​ចាប់​គេ​ដាក់​គុក​ តើ​នរណា​គេ​ហ៊ាន comment ទៀត​អ៊ីចឹង។»

​កាល​ពី​សប្ដាហ៍​កន្លង​ទៅ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ​បាន​ប្រកាស​ ​បើក​ការ​ស៊ើប​អង្កេត​និង​បើក​ស្រោម​សំបុត្រ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​ លោក​ កឹម សុខា​ ​តាម​ពាក្យ​បណ្ដឹង​របស់​ក្រុម​យុវជន​ ​ដែល​សុំ​ឲ្យ​ស៊ើប​អង្កេត​ករណី​ខ្សែ​អាត់​សំឡេង​សាសង​ស្នេហា​រវាង​លោក​ ​កឹម សុខា​ និង​នាង ​ខុម ចាន់តារាទី ហៅ​ស្រី​មុំ ដែល​ទាក់ទិន​នឹងការ​សន្យា​ឲ្យ​លុយ​និង​ទិញ​ផ្ទះ​ឲ្យ​ជា​ដើម។

ក្នុង​នោះ​ដែរ​ អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​ក៏​ប្រកាស​ថា​ខ្សែ​អាត់​សំឡេង​នោះ​ គឺជា​សំឡេង​ពិត​របស់​តួអង្គ​ទាំង​ពីរ​នាក់​មែន។

ការ​ប្រកាស​ការ​ស៊ើប​អង្កេត​នេះ ​ទទួល​បាន​ការ​រិះគន់​ជា​ច្រើន​ពី​អ្នក​ជំនាញ​ច្បាប់​និង​អ្នក​ឃ្លាំ​មើល​ ការ​វិវឌ្ឍ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

លោក​ សុក សំអឿន​ ថា​ការប្រកាស​បើក​ការ​ស៊ើប​អង្កេត​នេះ ​គឺ​វា​ហាក់​ដូច​ជា​មាន​ល្បឿន​លឿន​ ពេក​ ដោយ​ផ្អែក​លើ​តែ​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​ឯកជន​របស់​លោក កឹម សុខា​ តែ​មួយ​គត់។

«គាត់​ACU ​មិនផ្អែក​ទៅ​លើ​ការសង្ស័យ។ ផ្អែក​ទៅ​លើ​រឿង​ថា​គាត់​សន្យា​ទិញ​ផ្ទះ​ និង​ឲ្យ​លុយ​មិន​អញ្ចឹង​ហ្អេ​! គ្រាន់​តែ​និយាយ​ក្នុង​ទូរស័ព្ទ​ ហ្អា​ហ្នឹង​គេ​និយាយ​លួង​ស្រី ​សោះ​ហ្នឹង​ហ្អា ។ វា​មាន​រឿង​អី​ក្លាយ​ជា​ការពិត​បាន!​ដូច្នេះ​ ​ACU​គួរតែ​ទៅ​ស៊ើប​អង្កេត​សិន​ទៅ​ថា​នាង​ហ្នឹង​មាន​ផ្ទះ​ថ្មី​ដែរ​អត់?​ បាន​លុយ​មក​ពីណា​ អញ្ចឹង​ទៅ?​ ស៊ើប​ឲ្យ​ហើយ​សិន​ទៅ​ចាំ​យើង បើ​វា​ពិត​មែន​ ​សឹម​យើង បើ​វា​អត់​ដឹង​ពិត​មែន​ផង​ គ្រាន់​តែ​គេ​លួង​ស្រី​សោះ​ហ្នឹង​ ហើយយើង​នេះ​ យើង​យក​មក​ធ្វើ​ជា​មូលដ្ឋាន ចោទ​មនុស្ស​ធំ​ មួយ​ប៉ុណ្ណា​ណី​ម៉េច​កើត។»

​ស្រប​គ្នា​នោះ​ដែរ​ ​លោក​ សន ជ័យ​ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ ​ថ្លែង​ប្រាប់​VOA​ នៅ​ថ្ងៃ​អង្គារ​នេះ​ផង​ដែរ​ថា ​ការ​បើក​ការ​ស៊ើបអង្កេត​នោះ​គឺ​ជា«រឿង​គួរ​ឲ្យ​អស់​សំណើច»​ ហើយ​ពាក្យ​បណ្ដឹង​របស់​ក្រុម​យុវជន​នោះ​ ​គឺ​វា​ហាក់​ដូច​ជា​នៅ​ឆ្ងាយ​ពី​បណ្ដឹង​អំពើ​ពុក​រលួយ។​

«ការ​យល់​ឃើញ​របស់​ខ្ញុំ​ តាម​នីតិវិធី ​គឺ​ជា​រឿង​ បុគ្គល​សុទ្ធសាធ​ អាហ្នឹង​ទី១។​ ទីពីរ​ អ្នក​ដែល​ប្ដឹង​លោក ​កឹម សុខា​ ហ្នឹង​គឺ​មិន​មែន​ជា​មនុស្ស​ដែល​រងគ្រោះ​អំពី​ អំពើ​ពុករលួយ​មួយ​ ដែល​ក្រោម​ការ​សម្រេច​ចិត្ត​ ក្រោម​ការ​ឯកភាព​របស់​ ឬ​ក៏​ក្រោម​ការ​ប្រើ​អំណាច​របស់ ​លោក​ កឹម សុខា​ ហ្នឹង​ដើម្បី​ឲ្យ​មាន​អ្នក​រង​គ្រោះ​នោះ​ទេ។ អញ្ចឹង ​អ្នក​ដែល​ឈឺចាប់​ នឹង​លោក​កឹម​ សុខា​ អ្នក​ដែល​ឈឺឆ្អាល​ លើ​រឿង​លោក​ កឹម សុខា ​នេះ គ្រាន់​តែ​ជា​ក្រុម​មួយ​ដែល​ គេ​អួត​ខ្លួន​គេ​ថា​ជា​ក្រុម​មួយ​ដែល​ឈឺឆ្អាល​នឹង​សីលធម៌​សង្គម។​ ក៏ប៉ុន្តែ​រឿង​សីលធម៌​សង្គម​ និង​រឿង​ពុករលួយ​ គឺ​ជា​រឿង​ពីរ​ផ្សេង​គ្នា។»

យ៉ាង​ណា​ក៏​ដោយ​ ​លោក​ ឱម យ៉ិនទៀង​ បាន​ថ្លែង​ការពារ​ចំណាត់​ការ​របស់​អង្គភាព​ខ្លួន​ដោយ​លើក​ឡើង​ថា អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​គឺ​ធ្វើ​តាម​ច្បាប់​និង​នីតិវិធី​ច្បាប់​ ​ដោយ​គ្មាន​ការ​លើក​លែង​នោះ​ទេ។ ​

លោក​បន្ថែម​ថា នា​ពេល​នេះ​អង្គភាព​របស់​ ​លោក ​បាន​បើក​សំបុត្រ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​លោក​ កឹម សុខា​ រួច​ហើយ​ ហើយ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេតតាម​ទ្រព្យ​សម្បត្តិ​នោះ។

«ករណី ​កឹម សុខា​ មិន​មែន​ អាទិត្យ​ក្រោយ​ចេញ​បាន​ហ្អេ​! ពីរ​ឆ្នាំ​ទៀត​ក៏​យើង​ខ្ញុំ​មិន​ដឹង​ថា​ស៊ើប​អង្កេត​ចប់ ឬ​មិន​ចប់។ វា​ដូច​តែ​គ្នា​ដែរ​ ករណី​ខ្លះ​ យើង​បី​ឆ្នាំ​ យើង​អី​ដែរ។ គ្មាន​ស្អី​ទេ។ ​អាស្រ័យ​លើ​ភស្តុតាង ​ហ្អេ​ភស្តុតាង​រក​បាន​លឿន​ ​ភស្តុតាង​រក​បាន​ឆាប់​ ​ហ្អា​ហ្នឹង​យើង​ធ្វើ​តាម​ហ្នឹង។​ អញ្ចឹង ​អ្នក​ដែល​គេ​រិះ​គន់​មក​ គឺសុទ្ធ​តែ​គណបក្ស​គាត់​តែ​ទាំង​អស់​ ​ហើយ​តែ​មួយ​ចំនួន​តូច​នៃ​គណ​បក្ស​ទេ​ ដែល​ហ៊ាន​និយាយ​ដោយ​ឥត​អៀនខ្មាស​ហ្អេ​ ហើយ​និយាយ​កាន់​ជើង​តែ​គ្នា​ឯង​នោះ​ទេ។»

កាល​ពី​ដើម​ខែ​នេះ​ ​ខ្សែអាត់​សំឡេង​ ​ដែល​គេ​ចោទ​ថា​ជា​ ​សំឡេង​ពិត​ ​របស់​លោក​ កឹម សុខា​និង​នារី​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​«អាមុំ»​ ត្រូវ​បាន​គេ​បង្ហោះ​ក្នុង​ ​គណនី​ហ្វេសប៊ុក​ផ្សេងៗ​ជា​បន្តបន្ទាប់​ ​និង​ត្រូវ​បាន​ដក​ស្រង់​ដោយ​សារ​ព័ត៌មាន​ក្នុង​ស្រុក​ផង​ដែរ។

​ក្នុង​កិច្ច​សម្ភាស​មួយ​ជា​មួយ​ VOA​ ​នាង ខុម ចាន់តារាទី ​ហៅ​អា​មុំ​ ​ក៏​បាន​បដិសេធ​ការ​ចោទ​ ដោយ​និយាយ​ថា ​នាង​មិន​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​លោក​ កឹម សុខា​នោះ​ទេ។​

ក្រោយ​ពី​មាន​ការ​ផ្ទុះ​រឿង​ខ្សែអាត់​សំឡេង​នេះ​ លោក​ កឹម សុខា ​ប្រធាន​ស្ដីទី​នៃ​គណបក្ស​សង្គ្រោះ​ ​ក៏​ធ្លាប់​ បាន​ប្រកាស​ថា​លោក​ជ្រើស​យក​ជំហរ​ «មិន​ឈ្លោះ មិន​ឆ្លើយ​ និង​មិន​ឆ្លង។»

កាល​ពី​សប្ដាហ៍​កន្លង​ទៅ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​និងរដ្ឋសភា ​បាន​ចាត់​វិធាន​ការ​លើ​ករណី​ខ្សែ​អាត់​នេះ​ជា​បន្ត​បន្ទាប់​ ​ក្រោយ​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ប្រកាស​ជា​សាធារណៈ​ថា​ រដ្ឋាភិបាល​លោក​ ​មាន​ភស្តុតាង ​និង​អាច​ចាត់​វិធានការ​លើ​លោក ​កឹម សុខា ​ប្រធាន​ស្ដីទី​គណ​បក្ស​ជំទាស់​នោះ៕



No comments:

Post a Comment