Paris Peace Accords 23 Oct. 1991

Monday, March 7, 2016

ប្រធាន ​បក្ស​សង្គ្រោះ​ជាតិ​ ចាត់​ទុក ​ការ​អុកឡុក​ វេទិកា​បក្ស​ ថា ​ជា​ល្បិច​ នយោបាយ​ ស្មោកគ្រោក

ប្រធាន ​បក្ស​សង្គ្រោះ​ជាតិ​ ចាត់​ទុក ​ការ​អុកឡុក​ វេទិកា​បក្ស​ ថា ​ជា​ល្បិច​ នយោបាយ​ ស្មោកគ្រោក

RFA / វិទ្យុ អាស៊ី សេរី | ៦ មីនា ២០១៦

 

យុវជន​ប្រឆាំង កឹម សុខា ២០១៦ ៨៥៥
ក្រុម​យុវជន​ដែល​មាន​គោល​បំណង​ចង់​ជួប លោក កឹម សុខា នៅ​ក្នុង​វេទិកា​នា​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Den Ayuthyea
 
ប្រធាន​ គណបក្ស​ប្រឆាំង បាន​រិះគន់ ​សកម្មភាព ​រំខាន​នានា និង​ការ​អុកឡុក​ គណបក្ស​ សង្គ្រោះ​ជាតិ ដែល​នាំ​ ឲ្យ​បរិយាកាស​ នយោបាយ​ កាន់​តែ​ អាប់អួ​ទៅៗ ថា ​ជា​ល្បិច ​នយោបាយ​ ដ៏​ស្មោកគ្រោក។  មន្ត្រី​នាំ​ពាក្យ​ គណបក្ស​ ប្រជាជន​កម្ពុជា ឆ្លើយ​តប​ វិញ​ ថា, ពុំ​ មាន​បក្ស​ នយោបាយ​ ណា​មួយ​ សាង​ឡើង ក្រៅ​ពី​ខ្លួន​ឯង​ នោះ​ទេ។  ដូច្នេះ អ្នក​ ដែល​ដឹង​ច្បាស់​ ជាង​គេ គឺ​ សាមី​ខ្លួន​ នេះ​ហើយ។

ថ្វី​បើ លោក សម រង្ស៊ី មិន​សំដៅ​ ចំ​ឈ្មោះ​ ពី​គណបក្ស​ នយោបាយ ដែល​លោក ​អះអាង​ថា ជា​បក្ស​នយោបាយ ​ដែល​នៅ​ពី​ក្រោយ​ខ្នង ​នៃ​ចលនា​ នយោបាយ នាំ​ឲ្យ​មាន​ សភាពការណ៍​ កាន់​តែ​ តានតឹង​ឡើងៗ នៅ​ក្នុង​ ដំណាក់​កាល​ ចុង​ក្រោយ​នេះ ត្រូវ​ គេ ​ដឹង​ជា​ទូទៅ​ហើយ​ ថា ទំនង​ ជា​ប្រធាន​ គណបក្ស​ ប្រឆាំង សំដៅ​ គណបក្ស​ ដែល​កាន់​អំណាច។

ថ្លែង​តាម ​វីដេអូ​ ខនហ្វើរ៉ែន (Video Conference) ពី​ទី​ ដែល​លោក​ កំពុង ​និរទេស​ខ្លួន​ ពី​ការ​តាម​ចាប់​ ដោយ​អំណាច​ ដីកា​តុលាការ ​ក្រុង​ភ្នំពេញ, លោក សម រង្ស៊ី បាន​ហៅ​ ការ​យាយី​ ដែល​ជំរុញ ​ឲ្យ​បរិយាកាស ​នយោបាយ​ មាន​ភាព​ស្មុគស្មាញ ​នៅ​ពេល​ នេះ ថា​ ជា​ការ​ខ្វះ ​សេចក្ដី​ថ្លៃថ្នូរ និង​ជា​ការ ​គំរាម​កំហែង​ ផ្នែក​នយោបាយ។  ម្យ៉ាង​វិញ​ទៀត គណបក្ស​ ប្រឆាំង ​នៅ​តែ ​ខ្លាំង បើ​ ទោះ​មាន​ ការ​រំខាន​ ពី​គណបក្ស​ នយោបាយ​ តាម​រយៈ ​រូបភាព​ ផ្សេងៗ ដូច​នៅ​ពេល​នេះ​ ក៏ដោយ​ចុះ។  លោក សម រង្ស៊ី បន្ថែម​ថា, ការ​ធ្វើ​ដូច​នេះ រឹត​តែ​ បង្ហាញ ​ឲ្យ​ឃើញ​ ថា, នេះ ​គឺ​ ការ​ភ័យ​ស្លន់ស្លោ និង​ព្រួយ​បារម្ភ​ ពី​ការ​ចាញ់​ឆ្នោត​ នៅ​ពេល​ ខាង​មុខ​ទៀត​ នេះ។  លោក ​បន្ត​ថា, «ម្ខាងទៀត​ គេ​ ស្លន់ស្លោ; គេ​ ភ័យ​; គេ ​ប្ដឹង;  គេ ​មិន​ដឹង​ ធ្វើ​ម៉េច,​ មាន​តែ​ ប្រើ​ល្បិច​ ថោក​ទាប ដើម្បី​ មួលបង្កាច់​យើង។  ដូច្នេះ សូម ​ប្អូន​ អ្នក​ ស្រឡាញ់​ ជាតិ, អ្នក​ ស្រឡាញ់​ យុត្តិធម៌, អ្នក ​ប្រជាធិបតេយ្យ​ ទាំងអស់, ​កុំ​ ខ្វល់, កុំ​រ វីរវល់, ធ្វើ​ការ​ បន្ត​ទៀត។»


ឆ្លើយ​តប​រឿង​នេះ លោក សុខ ឥសាន មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា ពុំ​មាន​បក្ស​នយោបាយ​ណា​មួយ​ដែល​តាម​យាយី ដូច​អ្វី​ដែល​គណបក្ស​ប្រឆាំង​ចោទ​ប្រកាន់​ឡើយ។ លើស​ពី​នេះ​ទៀត លោក សុខ ឥសាន យល់​ឃើញ​ថា ដើម្បី​បញ្ចប់​បញ្ហា គួរ​តែ លោក កឹម សុខា ហ៊ាន​ចេញ​មុខ​បកស្រាយ​ពី​ភាព​ស្អាតស្អំ​របស់​ខ្លួន​ទៅ គឺ​ចប់​ទៅ​ហើយ។ ម្យ៉ាង​វិញ​ទៀត ក្រុម​យុវជន​ដែល​តែង​ទាមទារ​ឲ្យ​មាន​ការ​ឆ្លើយ​បំភ្លឺ​ម្ដង​ជា​ពីរ​ដង​នេះ ពុំ​មាន​បក្ស​នយោបាយ​ណា​មួយ​នៅ​ពី​ក្រោយ​ឡើយ ពោល នេះ​គឺ​ជា​ឆន្ទៈ​ក្នុង​នាម​យុវជន​ប៉ុណ្ណោះ។ លោក​បន្ត​ថា «បើ ​ឯកឧត្ដម សម រង្ស៊ី គាត់​យល់​ឃើញ​ថា​ជា​ល្បិច​កល​របស់​អ្នក​ណា​មួយ អា​ហ្នឹង​ឲ្យ​គាត់​ប្ដឹង​គេ​ទៅ។ គាត់​មាន​ភស្តុតាង​ច្បាស់លាស់ ប្ដឹង​គេ​ទៅ អា​ហ្នឹង​សិទ្ធិ​របស់​គាត់​តើ។ បើ​គេ​បង្ខូច​គាត់ ឲ្យ​គាត់​មាន​សិទ្ធិ​ទៅ​ធ្វើ​តាម​ផ្លូវ​ច្បាប់​ទៅ ប៉ុន្តែ​ខ្ញុំ​យល់​ថា មហា​ជន​ភាគ​ច្រើន​គេ​ជឿជាក់​ហើយ​លើ​សម្ដី​របស់​សាមី​ជន​ផ្ទាល់​តែ​ម្ដង វា​គ្មាន​ពី​ណា​ប្រឌិត​ទេ។»


ក្រោយ​ពី​ខ្សែ​អាត់​សំឡេង​អំពី​រឿង​សម្ព័ន្ធភាព​ស្នេហា​បាន ​ផ្ទុះ​ឡើង ដែល​គេ​សន្និដ្ឋាន​ថា ខ្សែ​អាត់​សំឡេង​ឆ្លង​ឆ្លើយ​គ្នា​តាម​ទូរស័ព្ទ​នោះ អាច​ជា​សំឡេង លោក កឹម សុខា ជាមួយ​នារី​ឈ្មោះ ស្រីមុំ ហើយ​ត្រូវ​បាន​កាសែត​ក្នុង​ស្រុក​ចុះ​ផ្សាយ​ជា​ហូរហែ​នៅ​តាម​បណ្ដាញ​សង្គម​ ហ្វេសប៊ុក (Facebook)។

ជុំវិញ​រឿង​នេះ គេ​សង្កេត​ឃើញ​យុវជន​មួយ​ក្រុម​ក៏​បាន​លេច​មុខ​ឡើង​រាល់​មាន​វេទិកា​បក្ស​ ប្រឆាំង។ នៅ​ព្រឹក​ថ្ងៃ​ទី​៦ មីនា នៅ​ពេល​គណបក្ស​ប្រឆាំង​រៀបចំ​វេទិកា​ថ្នាក់​មូលដ្ឋាន​ក្នុង​សង្កាត់​ ក្រាំងធ្នង់ ខណ្ឌ​ពោធិ៍សែនជ័យ យុវជន​ដដែល​ដែល​អះអាង​ថា គឺ​ជា​និស្សិត បាន​លេច​មុខ​ជា​ថ្មី​ទៀត​ចង់​ជួប លោក កឹម សុខា ដោយ​ផ្ទាល់។ នេះ​គឺ​ជា​ការ​ប៉ុនប៉ង​លើក​ទី​ពីរ​ហើយ បន្ទាប់​ពី​ការ​ព្យាយាម​ជួប លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​៥ មីនា ក្នុង​ខេត្ត​ព្រះសីហនុ ត្រូវ​បរាជ័យ​ម្ដង​រួច​មក ក៏ប៉ុន្តែ​ការ​ព្យាយាម​ជា​ថ្មី​ម្ដង​ទៀត​នេះ ពុំ​បណ្ដាល​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង​ទេ ក្រៅ​ពី​រុញ​ច្រាន​គ្នា​ទៅ​វិញ​ទៅ​មក និង​ប៉ះ​ដោយ​ពាក្យ​សម្ដី។

មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ដែល​អង្កេត​ព្រឹត្តិការណ៍​នេះ​យល់​ឃើញ​ថា មាន​ជម្រើស​ច្រើន​ណាស់​ក្នុង​ការ​ជួប​ជជែក​ដេញដោល​អំពី​រឿង​អាស្រូវ​ស្នេហា​ នេះ ប៉ុន្តែ​សំខាន់ ការ​ជ្រើសរើស​នៅ​ពេល​នេះ លោក អំ សំអាត ចាត់​ទុក​ថា ជា​ការ​ប្រើប្រាស់​ពេលវេលា​មិន​ចំ​ទិសដៅ ដែល​គួរ​ណាត់​ជួប​ឡើយ។ លោក​បន្ត​ថា «ការ ​ជួប​ក៏​វា​មាន​កាលៈទេសៈ​របស់​គេ​ដែរ បើ​សិន​ជា​ចង់​ជួប​អ្នក​ដែល​កំពុង​ជាប់​រវល់ អា​ហ្នឹង​វា​គួរ​តែ​មាន​ការ​រង់ចាំ ពីព្រោះ​គាត់​ជាប់​រវល់​ក្នុង​កម្មវិធី​អ្វី​ផ្សេង។ ខ្ញុំ​គិត​ថា​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ បញ្ចេញ​មតិ​វា​ជា​សិទ្ធិ​សេរីភាព​របស់​បុគ្គល​គ្រប់​រូប ហើយ​បើ​គាត់​ចង់​សម្ដែង​មតិ អា​ហ្នឹង​គាត់​ត្រូវ​ធ្វើ​ចុះ ប៉ុន្តែ​កុំ​ឲ្យ​រំខាន​ដល់​កម្មវិធី​របស់​គេ។»

លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង ត្រូវ​គេ​មើល​ឃើញ​ថា ជីវិត​នយោបាយ​របស់​លោក​ឆ្លង​កាត់​ភាព​ជូរ​ចត់ និង​ផ្សង​គ្រោះ​ថ្នាក់​ជាច្រើន​លើក​ច្រើន​សា។ កាល​ពី​ដើម​ឆ្នាំ​២០១៤ ក្រោយ​ពី​ការ​បោះ​ឆ្នោត ក្នុង​ខេត្ត​កំពង់ចាម លោក កឹម សុខា អវត្តមាន​នៅ​ក្នុង​វេទិកា​ជួប​អ្នក​គាំទ្រ​ខ្លួន ដោយសារ​តែ​ពលរដ្ឋ​មួយ​ក្រុម​ឡោមព័ទ្ធ និង​មាន​រថយន្ត​បើក​ដេញ​តាម​ពី​ក្រោយ ខណៈ​បក្ស​ប្រឆាំង​មិន​ព្រម​ចូល​ប្រជុំ​សភា។ ចុង​ឆ្នាំ​២០១៥ លោក កឹម សុខា ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​ធ្វើ​បាតុកម្ម​ទម្លាក់​ពី​អនុប្រធាន​រដ្ឋសភា។ ការ​វិវឌ្ឍន៍​ចុង​ក្រោយ​នេះ​ទៀត លោក​ត្រូវ​ជួប​រឿង​អាស្រូវ​ស្នេហា​ដ៏​ចម្រូងចម្រាស ដែល​ក្រុម​យុវជន​មួយ​ក្រុម​បង្ខំ​ឲ្យ លោក កឹម សុខា ឆ្លើយ​បំភ្លឺ​ជា​សាធារណៈ​អំពី​រឿង​អាស្រូវ​ស្នេហ៍ ដែល​យុវជន​មួយ​ក្រុម​នេះ​អះអាង​ថា ជា​ក្រុម​និស្សិត​ទាមទារ​ភាព​ស្អាតស្អំ៕



No comments:

Post a Comment