«កម្ពុជា ជាប្រទេស ប្រកាន់ របប ប្រជាធិបតេយ្យ បែបផ្ដាច់ការនិយម»
RFA / វិទ្យុ អាស៊ី សេរី | ២៩ មីនា ២០១៦
អង្គការ សង្គមស៊ីវិល ដែលធ្វើការ លើកស្ទួយ កិច្ចការ បោះឆ្នោត ធ្វើសន្និសីទ កាសែត បង្ហាញរបាយការណ៍ និងវាយតម្លៃ ថា, នៅឆ្នាំ២០១៥ មានការបង្ក្រាប ដោយអាជ្ញាធរ រដ្ឋាភិបាល, អំពើហិង្សា, បំពានលើរាងកាយ, និងការធ្វើ ទុក្ខបុកម្នេញ ទៅលើគណបក្ស សង្គ្រោះជាតិ គឺ ជាការ គំរាមកំហែង ធ្ងន់ធ្ងរ ដល់ដំណើរការ ប្រជាធិបតេយ្យ នៅកម្ពុជា។ ការលើកឡើងនេះ ត្រូវ មន្ត្រីរដ្ឋាភិបាល ច្រានចោល។
អ្នកសិក្សាកិច្ចការបរទេសនិងស្ថានការណ៍នយោបាយបានហៅប្រទេស កម្ពុជា ថាជាប្រទេសប្រកាន់របបប្រជាធិបតេយ្យបែបផ្ដាច់ការនិយម។
ទីប្រឹក្សាគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) លោក ម៉ៃឃើល ស៊ូលលីវ៉ាន់ (MICHAEL Sullivan) បានថ្លែងថា គណបក្សប្រឆាំងបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ប៉ុន្តែមិនអាចតទល់ប្រឆាំងនឹងប្រព័ន្ធនៃការរៀបចំការបោះឆ្នោតដែល មានស្រាប់បានឡើយ។
លោកថា មានការបង្ក្រាបទៅលើគណបក្សប្រឆាំង តាំងពីដំបូងមុនការបោះឆ្នោត ស្របពេលដែលគណបក្សកាន់អំណាចគឺរដ្ឋាភិបាលសន្យាកំណែទម្រង់ និងខិតខំធ្វើអ្វីផ្សេងៗនោះ៖ «របបផ្ដាច់ការនិយមតាមបែបការ បោះឆ្នោតវាតែងតែធ្វើឲ្យមានដំណើរការបោះឆ្នោតជាធម្មតា ហើយដំណើរការបោះឆ្នោតនេះ ជាចំណុចសំខាន់ដែលធ្វើឲ្យគណបក្សកាន់អំណាចមានលទ្ធភាពប្រើប្រាស់ ដំណើរការបោះឆ្នោតជាមធ្យោបាយ ដើម្បីគ្រប់គ្រង និងអនុវត្តដំណើរការផ្ដាច់ការរបស់ខ្លួនតាមរយៈការបោះឆ្នោត ពោលគឺការប្រើប្រាស់ការបោះឆ្នោតគ្រាន់តែជាឧបករណ៍ដើម្បីបានអំណាច។»
លោក ម៉ៃឃើល ស៊ូលលីវ៉ាន់ បញ្ជាក់ថា មានការបង្ក្រាបទៅលើសេរីភាពបញ្ចេញមតិ មានការប្រើអំពើហិង្សាវាយប្រហារលើអ្នកតវ៉ា ការចាប់អ្នកតំណាងរាស្ត្រ និងសកម្មជនបក្សប្រឆាំងនៅក្នុងអំឡុងពេលមុនការប្រកួតប្រជែងការ បោះឆ្នោតមកដល់។
លោកថ្លែងបែបនេះ នៅក្នុងសន្និសីទកាសែតស្ដីពី "របាយការណ៍ប្រជាធិបតេយ្យ ការបោះឆ្នោត និងកំណែទម្រង់ប្រចាំឆ្នាំ២០១៥" នៅថ្ងៃ២៩ ខែមីនា នាការិយាល័យគណៈកម្មាធិការខុមហ្វ្រែល។
របាយការណ៍បានវាយតម្លៃថា នៅឆ្នាំ២០១៥ មានការបង្ក្រាបដោយអាជ្ញាធររដ្ឋាភិបាល មានអំពើហិង្សាបំពានលើរាងកាយ និងការធ្វើទុក្ខបុកម្នេញទៅលើគណបក្សសង្គ្រោះជាតិ គឺជាការគំរាមកំហែងធ្ងន់ធ្ងរដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ របាយការណ៍ឲ្យដឹងទៀតថា ដោយមូលហេតុនយោបាយមានការកើនឡើងនូវអំពើហិង្សាបំពានលើរូបរាងកាយ និងការធ្វើទុក្ខបុកម្នេញផ្សេងៗ ក្នុងនោះរួមមាន ការចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី និងតំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភាដោយសាលាដំបូងរាជធានីភ្នំពេញ។ ការបោះឆ្នោតទម្លាក់លោក កឹម សុខា ចេញពីតំណែងអនុប្រធានទី១ នៃរដ្ឋសភា ការចោទប្រកាន់ និងការចាប់ខ្លួនតំណាងរាស្ត្រ និងសកម្មជនបក្សនេះដាក់ពន្ធនាគារ ព្រមទាំងចាប់ខ្លួន លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ផង ដែលបង្កើតជាចម្ងល់ និងសំណួរអំពីឯករាជភាព និងអព្យាក្រឹតភាពនៃប្រព័ន្ធតុលាការនៅកម្ពុជា។
ឆ្លើយតបបញ្ហានេះ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការបញ្ចេញរបាយការណ៍នេះគឺជាការបង្ហាញដោយគ្មានភាពស្មោះត្រង់ក្នុង ការវិភាគឲ្យបានត្រឹមត្រូវ ទន្ទឹមនឹងពេលដែលរដ្ឋាភិបាលមានទិសដៅច្បាស់លាស់ក្នុងការប្រយុទ្ធ ប្រឆាំងអំពើពុករលួយ និងពង្រឹងនីតិរដ្ឋ និងកំណែទម្រង់តាមដានមន្ត្រីរាជការយុត្តិធម៌រហូតដល់ចៅក្រមនោះ។
លោក ផៃ ស៊ីផាន៖ «ជាធម្មជាតិនៃអង្គការនោះ គឺជាអង្គការទទួលប្រាក់ពីបរទេស បម្រើផលប្រយោជន៍មួយដែលយើងសង្ស័យ គឺមិនមែនជាផលប្រយោជន៍ការពិត និងផលប្រយោជន៍របស់ពលរដ្ឋកម្ពុជាទេ។ ចំណែកទី២ ការលើកឡើងរបស់គេ តាំងពីការចាប់ផ្ដើមអង្គការហ្នឹងរហូតដល់ពេលនេះ មិនដែលឃើញសេវាកម្មរបស់រាជរដ្ឋាភិបាលមានភាពវិជ្ជមាន មានលក្ខណៈមួយដែលអាចធ្វើឲ្យមានភាពចម្រូងចម្រាសបាន គឺមិនដែលមានទេ គឺឃើញខ្មៅងងឹត។»
ទោះជាយ៉ាងណា គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា បានស្នើឲ្យម្ចាស់ជំនួយ និងសហគមន៍អឺរ៉ុប យល់ឲ្យបានច្បាស់ កុំឲ្យគ្រាន់តែគាំទ្រដើម្បីតែស្ថិរភាពដែលអាចយល់ច្រឡំថា ការគាំទ្រនោះបានតែបង្កើតនូវរបបផ្ដាច់ការនិយមបែបបោះឆ្នោត ប៉ុន្តែគួរតែគាំទ្រឲ្យមានដំណើរការបោះឆ្នោត និងប្រជាធិបតេយ្យឲ្យរីកចម្រើនពិតប្រាកដទៅមុខនៅកម្ពុជា។
អង្គការនេះបានប្រមើលមើលថា ឥរិយាបថរបស់ម្ចាស់ជំនួយ ជាពិសេសសហគមន៍អឺរ៉ុបអាចប្រែប្រួលដោយប្រើប្រាស់ការដាក់ទណ្ឌកម្ម ប្រសិនបើការបោះឆ្នោតនៅពេលខាងមុខមិនត្រឹមត្រូវ និងមានការបន្លំសន្លឹកឆ្នោត។
នៅថ្ងៃដដែលគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ក៏បានបង្ហាញរបាយការណ៍ស្ដីអំពីភាពមិនប្រក្រតីផ្នែកនយោបាយ អំពើពុករលួយនយោបាយ និងការប្រើប្រាស់ធនធានរដ្ឋមិនត្រឹមត្រូវ មានចំនួន ២៩៧ករណី។ ចំនួននេះ មានការកើនឡើង ៨០ករណីដែលបានកត់ត្រាទុកកាលពីឆ្នាំ២០១៤។
បញ្ហាទាំងនោះ ពាក់ព័ន្ធនឹងការរំលោភអំណាចធ្ងន់ធ្ងរប្រព្រឹត្តដោយថ្នាក់ដឹកនាំ នយោបាយជាន់ខ្ពស់ថ្នាក់ដឹកនាំស្ថាប័ននីតិប្រតិបត្តិ ស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័នតុលាការ ឬថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សនយោបាយជាដើម។ ក្រៅពីនោះគេក៏បានរាយការណ៍ពីភាពមិនប្រក្រតីនៃសំណូក ការកិបកេងប្រព្រឹត្តដោយមន្ត្រីសាធារណៈក្នុងមុខតំណែងក្នុងបំណង បម្រើផលប្រយោជន៍ឲ្យបក្សនយោបាយ និងការតែងតាំងសែស្រឡាយសាច់ញាតិចូលកាន់តំណែង។
តែទោះជាយ៉ាងណា អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានហៅរបាយការណ៍នេះថា ជារបាយការណ៍ព្រៃ៕
No comments:
Post a Comment