Paris Peace Accords 23 Oct. 1991

Tuesday, March 15, 2016

លោក ហ៊ុន សែន បញ្ជា​ ឲ្យ​ចាប់​ អ្នក​នយោបាយ​ ដែល​ឃោសនា​ ថា ​អាច​ លុប​បំណុល​ ពលរដ្ឋ | Hun Sen to arrest any politician who says can erase debt

លោក ហ៊ុន សែន បញ្ជា​ ឲ្យ​ចាប់​ អ្នក​នយោបាយ​ ដែល​ឃោសនា​ ថា ​អាច​ លុប​បំណុល​ ពលរដ្ឋ

RFA / វិទ្យុ អាស៊ី សេរី | ១៤ មីនា ២០១៦

ហ៊ុន សែន ៨៥៥ ២០១៦
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ «អគារ​មរតក​តេជោ» នា​ក្រសួង​បរិស្ថាន នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។  RFA/Brach Chev


លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ ឲ្យ​ចាប់​ខ្លួន ​អ្នក​នយោបាយ ឬ​អ្នក​ តំណាង​រាស្ត្រ​ណា​ ដែល​លោក ​ហៅ​ថា ប្រើ​សារ​ ប្រជាភិថុតិ​ នៅ​ពេល ​ចុះ​ឃោសនា​ បោះឆ្នោត ថា​ អាច​លុប​ បំណុល ​ប្រជាពលរដ្ឋ​ នៅ​ពេល​ ឈ្នះ​ឆ្នោត។  លោក ហ៊ុន សែន ថ្លែង​បែប​នេះ​ នៅ​ក្នុង​ពិធី បើក​សន្និសីទ​ ជាតិ ស្ដីពី​ ការ​អភិវឌ្ឍ​ វិស័យ​ មីក្រូហិរញ្ញវត្ថុ​ នៅ​កម្ពុជា នៅ​វិមាន សន្តិភាព ថ្ងៃ​ទី​១៤ ខែ​មីនា។ 

អ្នក​វិភាគ និង​មន្ត្រី​ គណបក្ស​ នយោបាយ ចាត់​ទុក​ ការ​ថ្លែង​ របស់​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បែប​នេះ ថា​ ជា​ការ​ គំរាម​កំហែង​ ទៅ​លើ​សិទ្ធិ ​ក្នុង​ការ​ឃោសនា និង​សម្ដែង​មតិ ដែល​ការពារ ​ដោយ​ច្បាប់។


អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មាន​ទស្សនៈ​ថា ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​បែប​នេះ គឺ​ជា​ការ​គំរាម​កំហែង​មួយ ដែល​មិន​មាន​ផល​ចំណេញ​ដល់​រដ្ឋាភិបាល​នោះ​ទេ។ ទោះ​បី​ជា​យ៉ាង​ណា លោក មាស នី បញ្ជាក់​ថា បើ​គណបក្ស​ណា​មួយ​បាន​និយាយ​ថា ខ្លួន​មាន​សមត្ថភាព​លុប​បំណុល​ពលរដ្ឋ​នោះ គឺ​ជា​គោល​នយោបាយ​មួយ​មាន​ភាព​ប្រថុយប្រថាន​ណាស់ ពីព្រោះ​កម្រិត​នៃ​ការ​ជំពាក់​បំណុល​របស់​ពលរដ្ឋ​នៅ​ពេល​បច្ចុប្បន្ន កំពុង​មាន​ភាព​ស្មុគស្មាញ។

លោក មាស នី យល់​ថា ពាក្យ​ថា​លុប​បំណុល អ្នក​ឃោសនា​អាច​បកស្រាយ​ក្នុង​ន័យ​ផ្សេង​ក៏​ថា​បាន៖ «រដ្ឋាភិបាល ​មក​ដល់​ឥឡូវ​នេះ រឿង​មិន​សម​គំរាម​ក៏​គំរាម​គេ​ដែរ ធ្វើ​ត្រឹម​តែ​ខូច​ឈ្មោះ​នោះ​ឯង ព្រោះ​គណបក្ស​នយោបាយ​មួយៗ​គេ​មាន​សិទ្ធិ​ក្នុង​ការ​ឃោសនា។ កុំ​ឲ្យ​តែ​គេ​ឃោសនា​ថា គេ​នឹង​ព្យាយាម​ធ្វើ​ដើម្បី​សម្លាប់​នាយក​រដ្ឋមន្ត្រី​មុន​តំណែង​មុន​អី​នុះ ថា​វា​ខុស​ច្បាប់ វា​ខុស​រដ្ឋធម្មនុញ្ញ។ ប៉ុន្តែ​បើ​និយាយ​អំពី​គោល​នយោបាយ​លុប​បំបាត់​បំណុល មិន​មែន​មាន​ន័យ​ថា គេ​សង​ជំនួស​ទេ ប៉ុន្តែ​គេ​នឹង​រក​មធ្យោបាយ​អី​ទៀត ដើម្បី​ថ្ងៃ​ក្រោយ​កុំ​ឲ្យ​ពលរដ្ឋ​ជំពាក់​បំណុល​គេ»

ប្រតិកម្ម​នេះ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ចាប់​ខ្លួន​អ្នក​នយោបាយ ឬ​អ្នក​តំណាង​រាស្ត្រ​ណា​ដែល​លោក​ចោទ​ថា ប្រើ​ប្រជាភិថុតិ​នៅ​ពេល​ចុះ​ឃោសនា​បោះឆ្នោត ថា​បក្ស​របស់​ខ្លួន​អាច​លុប​បំណុល​ប្រជាពលរដ្ឋ​នៅ​ពេល​ឈ្នះ​ឆ្នោត។ លោក ហ៊ុន សែន ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ឈប់​ចាញ់​បោក​បក្ស​នយោបាយ ដោយ​អះអាង​ថា ទង្វើ​នេះ​ជា​ការ​ល្មើស​ច្បាប់ ខុស​ពី​បទបញ្ញត្តិ​ផ្នែក​ហិរញ្ញវត្ថុ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា ល្មើស​នឹង​មាត្រា​ណា​នោះ​ទេ៖ «សូម​ផ្ដាំ​ទៅ​បក្ស​នយោបាយ​នានា សូម​កុំ​ធ្វើ​អំពើ​ថោកទាប​ដើរ​ទៅ​បោក​ប្រជាពលរដ្ឋ ថា​បើ​សិន​ជា​ឈ្នះ​ឆ្នោត គឺ​គេ​នឹង​លុប​ចោល​នូវ​បំណុល។ ខ្ញុំ​ថា​សកម្មភាព​បែប​នេះ ឃាត់​ឲ្យ​ជាប់ ចាប់​ខ្លួន​តែ​ម្ដង ហ្អែង​ធ្វើ​នយោបាយ​ឆ្កួត​ទេ? អា​នេះ​ជា​ការ​បំពាន​លើ​បញ្ញត្តិ​ហិរញ្ញវត្ថុ​និយាយ​អ៊ីចឹង​ម៉ងចាប់​ខ្លួន​នៅ​នឹង​កន្លែង តំណាង​រាស្ត្រ​ក៏​ត្រូវ​ចាប់​ដែរ ព្រោះ​ចាប់​លើ​បទល្មើស​ជាក់ស្ដែង។ និយាយ​អ៊ីចឹង​ថា​គំរាម​គេ​ទៀត​ហើយ ប៉ុន្តែ​អា​នេះ​ជា​បទល្មើស​ជាក់ស្ដែង ដែល​អ្នក​ឯង​ទៅ​ប្រព្រឹត្ត វា​ហួស​ហេតុ​ពេក ដើម្បី​តែ​ចំណេញ​នយោបាយ​បោកប្រាស់​ប្រជាពលរដ្ឋ។»

អគ្គលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម អ៊ីន មិន​គាំទ្រ​ចំពោះ​គណបក្ស​នយោបាយ ដែល​ធ្វើ​ការ​ឃោសនា​លុប​បំណុល​នោះ​ឡើយ ប៉ុន្តែ​ទន្ទឹម​នឹង​គ្នា​នេះ លោក​យល់​ថា រដ្ឋាភិបាល​គួរ​សម្រប​សម្រួល និង​ពិនិត្យ​មើល​វិស័យ​នេះ កុំ​ឲ្យ​មាន​ការ​កេង​ប្រវ័ញ្ច​លើ​ការ​ផ្ដល់​ប្រាក់​កម្ចី។ លោក​ថា មិន​ត្រឹម​តែ​ប៉ុណ្ណោះ រដ្ឋាភិបាល​ត្រូវ​ធានា​ឲ្យ​មាន​ការ​គ្រប់គ្រង និង​ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​បំណុល​ប្រាក់​កម្ចី​ឲ្យ​ល្អ​ប្រសើរ ដើម្បី​ជំរុញ​នូវ​ដំណើរ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស៖ «ខ្ញុំ​មិន​ចូល​ចិត្ត​វិធានការ​របស់​លោក​ប្រើ​ចង ចាប់​ដាក់​គុក​អី វា​ជា​សារ​មួយ​ឆ្លុះ​បញ្ចាំង​បែប​ជា​សារ​ហិង្សា និង​សារ​បែប​គំរាម​កំហែង។ ខ្ញុំ​មិន​សូវ​ជា​ចូល​ចិត្ត​សារ​បែប​នេះ​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​និយាយ​ជា​គោល​ទស្សនៈ​ទាក់ទង​នឹង​បញ្ហា​ប្រាក់​បំណុល​ប្រាក់​កម្ចី​អី​នេះ អ្នក​នយោបាយ​ទាំងឡាយ​ណា​ដែល​សន្យា​ពេល​គាត់​ឈ្នះ​ទៅ មិន​ឲ្យ​មាន​បំណុល និង​រួច​បំណុល​ជាដើម​នោះ គឺ​រឿង​មិន​ត្រឹមត្រូវ​ទេ​នៅ​ក្នុង​ផ្នែក​សេដ្ឋកិច្ច»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​បែប​នេះ នៅ​គ្រា​ដែល​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ ជិត​ចូល​មក​ដល់៕



No comments:

Post a Comment