Paris Peace Accords 23 Oct. 1991

Wednesday, March 30, 2016

បទសម្ភាសន៍៖ លោកស្រី ធីតា ឃិះ ថា, បើ លោក ឈាង វុន និយាយ ជាការពិត, បុរស ៦០ ភាគរយ នឹង​ត្រូវ ជាប់ចោទ ពីបទរំលោភ សិទ្ធិស្រ្តី | Interview: Thida Khus says if Cheang Vun is right in what he says, then 60% of men should be criticized for violating women's rights

បទសម្ភាសន៍៖ លោកស្រី ធីតា ឃិះ ថា, បើ លោក ឈាង វុន និយាយ ជាការពិត, បុរស ៦០ ភាគរយ នឹង​ត្រូវ ជាប់ចោទ ពីបទរំលោភ សិទ្ធិស្រ្តី

VOD / វីអូឌី | ៣០ មីនា ២០១៦

 

  Audio Player Listen here

លោក ឈាង វុន ​អ្នកនាំពាក្យ​ ឲ្យ​តំណាងរាស្រ្ត​ របស់ គណប​ក្ស​ ប្រជាជន កម្ពុជា​ បានថ្លែង​ប្រាប់ អ្នក​សារព័ត៌មាន ​ក្រោយ​ពេល​ ទទួល​ញត្តិ​ របស់ ​ក្រុមយុវជន ​​ដែលប្រឆាំង​ នឹង​លោក កឹម សុខា ថា​, ប្រសិន​បើ រឿងអាស្រូវ ស្នេហា​ ជា​រឿងពិត​, លោក​ កឹម សុខា រំលោភលើ «តម្លៃស្រ្តីខ្មែរ​ និង​សិទ្ធិ​នារី» ដោយ​​លោក​ ចាត់ទុក​ថា ​ជា «គ្រោះ​ថ្នាក់ មែនទែន»

ប៉ុន្តែ ក្នុងបទសម្ភាសន៍ ជាមួយVOD, លោកស្រី ធីតា ឃិះ នាយិកា អង្គការ សីលការ ជាអង្គការ មួយ លើកកម្ពស់ សិទ្ធិ​ស្រ្តីនោះ, លោ​កស្រី យល់ថា, បើ លោក ឈាង វុន និយាយនោះ វា ជាការពិត គឺ បុរស ៦០ ភាគរយ នឹង​ត្រូវ ជាប់ចោទ ពីបទរំលោភ សិទ្ធិស្រ្តី។

VOD៖ លោក ឈាង វុន មានប្រសាសន៍ថាករណីលោក កឹម សុខា គឺរំលោភលើ «តម្លៃស្រ្តីខ្មែរ​ និង​សិទ្ធិ​នារី»។  ក្នុងនាម លោកស្រី ធ្វើការ ផ្នែកសិទ្ធិស្រ្តី, តើ លោកស្រី យល់ យ៉ាងណាដែរ?

លោកស្រី ធីតា ឃិះ៖ ខ្ញុំ ថា ប្រសិនបើ អ្វី ដែលគាត់ និយាយ ជាការពិត, ខ្ញុំ ថា បុរស នៅក្នុងស្រុកខ្មែរ ទាំង ៦០% ហ្នឹង បែបត្រូវ ជាប់ចោទ ពីបទរំលោភ សិទ្ធិស្រ្តី។  ក៏ប៉ុន្តែ បច្ចុប្បន្ននេះ, ខ្ញុំ មើលឃើញ ថា, គ្រោះថ្នាក់ នៃការ ប្រើប្រាស់ និងរំលោភ សិទ្ធិស្រ្តី ដោយស្ថាប័ន នយោបាយ ធ្វើឱ្យ ប៉ះពាល់ច្រើន មិនមែន ត្រឹមតែ លើស្រ្តីទេ គឺ រហូតទៅដល់ ការស្ថាប័នលទ្ធិប្រជាធិបតេយ្យ របស់យើង, ហើយ នឹងការអភិវឌ្ឍ ប្រទេសជាតិ, ហើយ នឹងយុត្តិធម៌ ក្នុងសង្គម។   ពីព្រោះ ក្នុងពេល ដែលយើង អនុវត្ត លទ្ធិប្រជាធិបតេយ្យ របៀប យ៉ាងនេះ, យើង មើលឃើញ ថា, អត់មានច្បាប់អី នៅក្នុងប្រទេស យើងទេ។  នីតិរដ្ឋ យើងហ្នឹង ឥឡវ ធ្លាក់ដល់កម្រិត ទាបមែនទែន។  ចឹងទៅ យើង​ មានការ ព្រួយបារម្ភ រឿងនេះ។   ដូច្នេះ ការប្រើប្រាស់ ស្រ្តី ជាមូលហេតុ ដើម្បី គោលនយោបាយ អី្វមួយ, វា ធ្វើ ឱ្យមាន ការច្របូក ច្របល់គ្នា, ហើយ វាច្បាស់តែ រឿងរំលោភ សិទ្ធិស្រ្តី។  ប៉ុន្តែ អ្វី ដែលលោក ឈៀង វុន និយាយ មិនមែន តែ លោក កឹម សុខា មួយទេ។  ប្រហែល ជាថា ទាំងអស់ ទៅលើអ្នករំលោភ សិទ្ធិស្រ្តី។  ក៏ប៉ុន្តែ រឿងច្បាប់, យើង ត្រូវ យកមកអនុវត្ តនៅពេល បចុប្បន្ននេះ។

VOD៖ តើ លោកស្រី គិតថា រឿងអនុវត្ត ច្បាប់ហ្នឹង បានស្មើភាពគ្នា ហើយ ឬនៅ បើ ពិនិត្យមើល រឿង​អ្នក​ នយោបាយ មានស្រីក្រៅនោះ?

លោកស្រី ធីតា ឃិះ៖ អត់ទាន់ស្មើគ្នាទេបានជាយើងមើលឃើញចឹង​នៅក្នុងរឿងថតសម្លេង ខ្ញុំមើលឃើញថាជាការរំលោភសិទ្ធិឯកជនមិនមានការសុខស្រួលទេបើទូរស័ព្ទយើងអាចត្រូវមានការតាមស្តាប់តាមថតតែរហូតហ្នឹង។ ដូច្នេះអ្វីដែលយើងនិយាយ អ្វីដែលយើងប្រើប្រាស់ គឺគេត្រូវយកថត កាត់ត និងបង្កើតទៅជាបញ្ហាទៅថ្ងៃក្រោយ នេះគឺជាគ្រោះថ្នាក់ទៅដល់ សន្តិសុខសង្គមទៅថ្ងៃក្រោយទៀត។
VOD៖ លោកស្រីមើលឃើញថាមានករណីអ្វីខ្លះដែលអ្នកនយោបាយមានស្រីក្រៅ ហើយមិនត្រូវបានច្បាប់យកមកអនុវត្តដូចៗគ្នានោះ?
លោកស្រី ធីតា ឃិះ៖ ច្រើនណាស់មិនត្រឹមតែចឹងទេថាយើង(សើច)មើលតែអ្នកមានអំណាចនៅពេលបចុប្បន្ន អ្នកមានថវិកានៅពេលបច្ចុប្បន្នមិនមែនតិចតួចទេច្រើនព្រោះគេមានកន្លែងគេរកស៊ីរឿងនិងកន្លែងគេទៅសប្បាយដែលអាចថាជាសន្ទុះនៃការ ​រំលោភច្បាប់ឯកពន្ធភាពរបស់យើង។ ក៏ប៉ុន្តែសួរថាយើងអនុវត្តយ៉ាងម៉េចដើម្បីក្លាយជាជ្រើសយកក្រុមជាអ្នករងគ្រោះពីការជាន់ឈ្លីច្បាប់ហ្នឹង ហើយវាមិនគា្រន់តែប៉ុណ្ណឹងទេការថតសម្លេងច្បាប់ ច្បាប់មានឱ្យមកប្រើប្រាស់ចឹងអ្នកអនុវត្តខុសច្បាប់អត់ដែលឃើញមានមកអនុវត្តនៅក្នុងរឿងនេះ។ ខ្ញុំថាការមានស្រីសាហាយអីខាងក្រៅបើសួរស្រ្តីមិនមានអ្នកណាមួយពេញចិត្តរឿងអស់ហ្នឹង ក៏ប៉ុន្តែយើងជឿថាការដែលធំបំផុតនៅក្នុងបញ្ហានេះបើយើងមើលឱ្យខ្ពស់ទៅវិញទៅសួរថាយើងគួរអនុវត្ត យក​ច្បាប់របស់រដ្ឋ ហើយស្ថាប័នរបស់រដ្ឋធ្វើមធ្យោបាយដើម្បីដាក់សម្ពាធឬមួយយ៉ាងណាក៏ធ្វើទៅលើមូលដ្ឋានគណបក្សផ្សេងដែលធ្វើឱ្យយើងមានការសោកស្តាយខ្លាំងណាស់ ហើយវាជាគ្រោះថ្នាក់ធំដល់ប្រទេសជាតិ។
VOD៖ កន្លងមកនេះមេដឹកនាំរដ្ឋាភិបាលបានមានប្រសាសន៍ទាក់ទងទៅនឹងស្រ្តីដែលអង្គការស្រ្តីចាត់ទុកថាប៉ះពាល់ដល់តម្លៃស្រ្តីនៅកម្ពុជា។ បន្ទាប់មកអង្គការស្រ្តីក៏ចេញសេចក្តីថ្លែងការណ៍អំពាវនាវឲ្យជួយលើកកម្ពស់សិទ្ធិស្រ្តី។ មកដល់ពេលនេះតើរដ្ឋាភិបាលយកចិត្តទុកដាក់​ដល់ស្រ្តីកម្រិតណាដែរឬករណីលោក កឹម សុខា នេះបង្ហាញរដ្ឋាភិបាលយកចិត្តទុកដាក់លើ​តម្លៃស្រ្តី?
លោកស្រី ធីតា ឃិះ៖ ខ្ញុំថាមិនមែនជាការយកចិត្តទុកដាក់ទៅលើសិទ្ធិរបស់ស្រ្តីតម្លៃរបស់ស្រ្តីទេនៅពេលបចុប្បន្ន ពីព្រោះស្រ្តីត្រូវបានគេយកមកធ្វើជាឧបករណ៍ចោទដាក់គ្នាទៅវិញទៅមកទៅលើបញ្ហារឿងនយោបាយមើលទៅដូចជាមិនមែនជារឿងនយោបាយដល់ទីបញ្ចប់វាជារឿងនយោបាយ។ ពួកខាងខ្ញុំខាងស្រីបានជជែកគ្នាច្រើនដែរ ហើយយើងកំពុងពិចារណាថាត្រូវចេញអីសមស្របជាមួយស្ថានភាពបច្ចុប្បន្នប៉ះពាល់ទៅដល់សិទ្ធិសេរីភាពអនុវត្តច្បាប់នៅក្នុងករណីជនរងគ្រោះ ហើយករណីស្ថិរភាពក្នុងសង្គមយើងទាំងអស់គ្នានៅក្នុងផ្ទះយើងទាំងអស់គ្នានៅក្នុងប្រទេសជាតិនេះ។ តែរឿងហ្នឹងចេះតែវិវដ្តលឿនទៅៗ យើងកំពុងតែពិចារណាមិនដឹងត្រូវធ្វើយ៉ាងម៉េចដើម្បីចាក់ប្រយុងដើមធ្វើជាផលប្រយោជន៍យើងទាំងអស់គ្នា។
VOD៖ ក្នុងនាមលោកស្រីជាស្រ្តីម្នាក់បើសិនជាស្វាមីមានស្រីក្រៅ តើលោកស្រីតវ៉ារបៀបម៉េចដើម្បី​រក្សាតម្លៃស្រ្តីនិងរក្សាតម្លៃស្វាមី?
លោកស្រី ធីតា ឃិះ៖ ខ្ញុំថានៅក្នុងករណីមួយហ្នឹងជារឿងឯកជនចឹងប្រសិនប្តីខ្ញុំគាត់អនុវត្តនូវអំពើមិនសមស្របខុសនឹង  សីលធម៌នៅក្នុងរឿងហ្នឹង ខ្ញុំត្រូវជាអ្នកប្រតិកម្មជាមួយគ្រួសារខ្ញុំ។ [ករណីលោក កឹម សុខា]វាជារឿងឯកជនមិនមែនត្រូវយកមកដាក់ជាកន្លែងសាធារណៈចឹងទេ។ ខ្ញុំមើលឃើញថាវាមិនមែនជារឿងសមស្របជាមួយសីលធម៌និងការអនុវត្តច្បាប់របស់យើងបានទេ។
VOD៖ កន្លងមកមានសាធារណៈមតិលើកឡើងថាប្រតិកម្មនោះរហូតធ្វើឲ្យស្រ្តីដែលគេថាជាគូកំណាន់របស់ប្តីនោះស្លាប់បាត់បង់ជីវិតទៀតផង។ ក្នុងនាមលោកស្រី តើប្រតិកម្មនោះក្នុងកម្រិតណា?
លោកស្រី ធីតា ឃិះ៖ ខ្ញុំថានៅក្នុងគំនិតរបស់យើងទាំងអស់គ្នានិងនៅក្នុងការចងចាំរបស់យើង យើងនៅចងចាំរឿងដែលកើតមានឡើងដូចរឿងកើតជារឿយៗពីអតីតកាលកន្លងមក។ មានច្រើនដែលគេយកមកប្រើប្រាស់ឯកជន រឿងឯកជនលើកមុនឬមួយជារឿងឈ្លោះគ្នាបៀតបៀនលើស្រ្តីឃាតកម្មលើស្រ្តីដែលជារឿងឯកជន។ ប៉ុន្តែនេះដំណាក់កាលមួយដែលកាន់តែធ្ងន់ធ្ងរគឺស្ត្រីធ្វើជាកម្មវត្ថុនៃការចោទប្រកាន់គ្នានៅក្នុងរឿងនយោបាយ។ ដូច្នេះស្រ្តីមិនមែនជាមនុស្សវាទៅជាវត្ថុដែលយកមកប្រើប្រាស់ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពនៃការរស់នៅរបស់ស្រ្តីហ្នឹងដូចជានាង ស្រី មុំ ឥឡូវអស់ការងារធ្វើកំពុងរស់នៅដោយមានការភ័យខ្លាច៕




No comments:

Post a Comment