លោក កឹម សុខា ជួបពិភាក្សា ជាមួយ អ្នករាយការណ៍ សិទ្ធិមនុស្ស របស់ អ.ស.ប.
RFA / វិទ្យុ អាស៊ី សេរី | ៣០ មីនា ២០១៦
ប្រធាន ស្ដីទី គណបក្ស សង្គ្រោះជាតិ លោក កឹម សុខា កាលពីថ្ងៃ ទី៣០ ខែមីនា បានជួប ពិភាក្សា ជាមួយ អ្នករាយការណ៍ ពិសេស របស់ អង្គការ សហប្រជាជាតិ (អ.ស.ប.) ទទួលបន្ទុក សិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith)។
លោក កឹម សុខា សរសេរ នៅលើទំព័រ ហ្វេសប៊ុក (Facebook) របស់លោក ថា, ក្នុងជំនួបនោះ លោក និងអ្នកស្រី រ៉ូណា ស្មីត បានពិភាក្សា ស្ថានភាព សិទ្ធិមនុស្ស, ពីដំណើរការ លទ្ធិប្រជាធិបតេយ្យ, និងស្ថានការណ៍ នយោបាយ កម្ពុជា បច្ចុប្បន្ន ជាពិសេស នយោបាយ នៅមុនពេល បោះឆ្នោត។
កាលពីពេលថ្មីៗនេះ អ្នកស្រី រ៉ូណា ស្មីត ក៏បានជួបពិភាក្សាជាមួយមន្ត្រីបក្សប្រឆាំង ២រូប គឺលោក គង់ គាំ និងលោក អេង ឆៃអ៊ាង ក្នុងក្របខ័ណ្ឌលោកទាំង២ ជាប្រធានគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹង និងអង្កេត នៃព្រឹទ្ធសភា និងរដ្ឋសភា។
ទំព័រហ្វេសប៊ុក របស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំ កម្ពុជា ឲ្យដឹងថា នៅថ្ងៃទី៣០ ខែមីនា ដដែលនោះ អ្នកស្រី រ៉ូណា ស្មីត ក៏ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងមន្ត្រីនៃក្រសួងកិច្ចការនារីផងដែរ។
ក្នុងជំនួបជាមួយលោក ស ខេង អ្នកស្រី រ៉ូណា ស្មីត បានសម្ដែងការបារម្ភពាក់ព័ន្ធនឹងបញ្ហាមួយចំនួន រួមមានការឃុំខ្លួនបណ្ដោះអាសន្ន ចំនួនអ្នកទោសច្រើនលើសចំណុះក្នុងពន្ធនាគារ ការចេញអត្តសញ្ញាណប័ណ្ណពីការបោះពុម្ពផ្សាយ ចែកចាយ និងការផ្ដល់ឱកាសឲ្យភាគីពាក់ព័ន្ធពិគ្រោះយោបល់ពេញលេញពីសេចក្ដី ព្រាងច្បាប់ ព្រមទាំងពីការចូលរួមរបស់ស្ត្រីក្នុងជីវភាពនយោបាយ ទាំងនៅកម្រិតជាតិ និងថ្នាក់ក្រោមជាតិ។ ដោយឡែកក្នុងជំនួបជាមួយមន្ត្រីក្រសួងកិច្ចការនារី បញ្ហាអំពើហិង្សាលើស្ត្រី ចំណាកស្រុករបស់ស្ត្រី និងការជួញដូរស្ត្រី សុទ្ធតែជាប្រធានបទដែលត្រូវបានអ្នកស្រីលើកឡើងពិភាក្សា។
ក្នុងដំណើរទស្សនកិច្ចលើកទី២ មកកម្ពុជា អ្នកស្រី រ៉ូណា ស្មីត មិនមានគម្រោងជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះឡើយ។
នៅថ្ងៃទី៣១ ខែមីនា ដែលជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ច អ្នកស្រី រ៉ូណា ស្មីត នឹងធ្វើសន្និសីទកាសែតបូកសរុបលទ្ធផលការងារ មុនពេលអ្នកស្រីធ្វើដំណើរចាកចេញពីកម្ពុជា៕
No comments:
Post a Comment