មេ បក្សប្រឆាំង ថា, អ្នកនិយាយ ពីបដិវត្តន៍ មិនគួរ ត្រូវ កាត់ទោស នោះទេ
VOD / វីអូឌី |
យុវជន គង់ រ៉ៃយ៉ា ដែលត្រូវ បានចាប់ខ្លួន កាលពីខែ សីហា ឆ្នាំ២០១៥
ប្រធាន គណបក្ស សង្រ្គោះជាតិ លោក សម រង្ស៊ី ដែលកំពុង និរទេសខ្លួន នៅក្រៅប្រទេស បានសរសេរ នៅលើទំព័រ ហ្វេសប៊ុក របស់លោក ថា, យុវជន គង់ រ៉ៃយ៉ា ដែលរងការ ចោទប្រកាន់ ពីបទញុះញង់ ឲ្យមាន «បដិវត្តន៍ ពណ៌» ប្រឆាំង រដ្ឋាភិបាល មិនគួរ ត្រូវ កាត់ទោស ឲ្យជាប់ពន្ធនាគារ នោះទេ ដោយលោក ចាត់ទុក ថា, នេះ គ្រាន់តែ ជាការបញ្ចេញមតិ តែប៉ុណ្ណោះ។
យុវជន គង់ រ៉ៃយ៉ា ត្រូវ ចាប់ខ្លួន កាលពីថ្ងៃ ទី២១ ខែសីហា ឆ្នាំ២០១៥ ពាក់ព័ន្ធ ការចោទ ថា ញុះញង់ ឲ្យមាន «បដិវត្តន៍ ពណ៌» តាមរយៈ បណ្តាញសង្គម ហ្វេសប៊ុក។ តុលាការ នឹងប្រកាស សាលក្រម នៅថ្ងៃ ទី១៥ ខែមីនា ឆ្នាំ២០១៦ ក្រោយ ពីបើកសវនការ ជំនុំជម្រះ កាលពីសប្តាហ៍មុន។
លោក សម រង្ស៊ី បានសរសេរ ថា៖ «ការលើកឡើង ពី បដិវត្តន៍ពណ៌ ណាមួយ មិនមែន ជាកំហុស អ្វីឡើយ, ហើយ ក៏មិនត្រូវ មានទោស អ្វីឡើយដែរ» ដោយលោក ថា, «បដិវត្តន៍ ពណ៌ ទាំងឡាយ ដែលបាន កើតមានឡើង ក្នុងពិភពលោក ក្នុងរយៈពេល ៣០ឆ្នាំ កន្លងមកនេះ គឺ សុទ្ធតែ ជាការផ្លាស់ប្តូរ នយោបាយ ដោយសន្តិវិធី ទាំងអស់ ដោយគ្មាន អំពើហិង្សា អ្វីឡើយ, ហើយ ដោយគ្មាន ការញុះញង់ ពីនរណាឡើយ។»
លោក បញ្ជាក់ថា៖ «ព្រឹត្តិការណ៍ ទាំងអស់នោះ គឺ កើតចេញ ពីទឹកចិត្ត ប្រជារាស្ត្រ ទាំងមូល ដែលស្រលាញ់ សេរីភាព, យុត្តិធម៌, និងលទ្ធិប្រជាធិបតេយ្យ។»

កាលពីសប្តាហ៍មុន នៅក្នុងសវនការជំនុំជម្រះ លោក គង់ រ៉ៃយ៉ា បានអំពាវនាវដល់តុលាការរាជធានីភ្នំពេញឲ្យបន្ថូរបន្ថយទោស ដោយអះអាងថាខ្លួនមិនមានបំណងធ្វើបដិវត្តន៍អ្វីនោះទេ។
នៅពេលសវនាការ ចៅក្រមជំនុំជម្រះ លោក ហេង សុខណា បានសាកសួរជនជាប់ចោទ គង់ រ៉ៃយ៉ា ទាក់ទងនឹងសារដែលគាត់បានបង្ហោះនៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី៧ និងទី១៤ ខែសីហា ឆ្នាំ២០១៥ ដែលមានខ្លឹមសារដើមមួយចំនួនថា៖ «តើ មានអ្នកណា ហ៊ានធ្វើ បដិវត្តពណ៌ ជាមួយខ្ញុំ ទេ? ថ្ងៃណាមួយ នៅពេល ខាងមុខនេះ, ខ្ញុំ នឹងធ្វើ បដិវត្តន៍ពណ៌ ដើម្បី ផ្លាស់ប្តូរ របបមួយនេះ ចេញពីសង្គម ខ្មែរ ទោះបី ជាត្រូវ ជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំ ត្រូវតែ ធ្វើដែរ។»
ចៅក្រម ក៏បានសួរ ថា, តើ ជនជាប់ចោទ បានយល់ ពីអត្ថ ន័យពាក្យ បដិវត្តន៍ពណ៌ ដែរ ឬយ៉ាងណា? និងសួរទៀតថាតើជនជាប់ចោទបានដឹងថាពាក្យពេចន៍មួយចំនួនទៀត ដែលគាត់បានសរសេរ ថា, «ស្តេច ទីងម៉ោង, ស្តេច អាចម៌គោ និងបន្តោស គណបក្សយួន ចូលដៃ សម្លាប់ខ្មែរ ជាដើម» ជាការប្រមាថដល់ព្រះមហាក្សត្រ និងគណបក្សយោបាយដែរឬយ៉ាងណា។
ជាការឆ្លើយតប ជនជាប់ចោទ គង់ រ៉ៃយ៉ា ទទួលស្គាល់ថាពាក្យពេចន៍ទាំងនោះពិតជាមិនសមរម្យមែន ហើយយុវជនរូបនេះបានអះអាងថាខ្លួនក៏បានលុបសារទាំងនោះចេញពីទំព័រហ្វេសប៊ុកចេញវិញនៅ២ថ្ងៃបន្ទាប់ពីថ្ងៃដែលកាត់បានបង្ហោះ។ យុវជន គង់ រ៉ៃយ៉ា ក៏បញ្ជាក់ ថា, ខ្លួន មិនបាន យល់ច្បាស់ ពីពាក្យ បដិវត្តន៍ពណ៌ នោះទេ។
គង់ រ៉ៃយ៉ា អះអាង ថា, គ្រូ របស់ខ្លួន បានពន្យល់ ថា បដិវត្តន៍ពណ៌ គឺ ជាការប្រមូលផ្តុំ កម្លាំង ដើម្បី ធ្វើការ ផ្លាស់ប្តូរ ដោយសន្តិវិធី, ពោល គឺ មានន័យ ប្រហាក់ប្រហែល នឹងពាក្យ ថា បាតុកម្ម៕
No comments:
Post a Comment