Paris Peace Accords 23 Oct. 1991

Friday, March 18, 2016

គណបក្ស​ ប្រឆាំង​ និង​សង្គម​ស៊ីវិល​ មិន​គាំទ្រ​ រដ្ឋាភិបាល​ បំបែក​ ក្រសួង ​បន្ថែម​ទៀត | Opposition party, civil society not support govt's plan to split, create additional ministries

គណបក្ស​ ប្រឆាំង​ និង​សង្គម​ស៊ីវិល​ មិន​គាំទ្រ​ រដ្ឋាភិបាល​ បំបែក​ ក្រសួង ​បន្ថែម​ទៀត

RFA / វិទ្យុ អាស៊ី សេរី | ១៧ មីនា ២០១៦

 

ហ៊ុន សែន ២០១៦ ៨៥៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។  RFA/Brach Chev  

លោក ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ ថា នៅ​ដើម ​ខែ​មេសា ខាង​មុខ​នេះ, រដ្ឋមន្ត្រី​ ចំនួន ៨​ក្រសួង នឹង​ត្រូវ ​ផ្លាស់ប្ដូរ​ តាម​រយៈ​ ការ​បោះឆ្នោត​ នៅ​សភា។  គណបក្ស​ ប្រឆាំង និង​សង្គម​ស៊ីវិល ស្វាគមន៍ ​ការ​ប្រកាស​ រុះរើ​ គណៈរដ្ឋមន្ត្រី​ របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ, ប៉ុន្តែ​ គេ ​មិន​គាំទ្រ​ ការ​បំបែក​ ក្រសួង​ បន្ថែម ​ឡើយ ព្រោះ​ ជា​ការ​ខ្ជះខ្ជាយ ​ថវិកា​ជាតិ។

ទន្ទឹម​ នឹង​ការ​ប្រកាស ​ផ្លាស់ប្ដូរ​ រដ្ឋមន្ត្រី លោក ហ៊ុន សែន ប្រាប់​ទៅ​រដ្ឋមន្ត្រី​ ទាំង​នោះ ​ឲ្យ​រក្សា ​ភាព​ស្ងប់ស្ងៀម បើ​ ទោះ​បី​ជា​ បាន​ដឹង​ ថា, ខ្លួន ​ត្រូវ​ ចាក​ចេញ ​ពី​ក្រសួង ឬ​ត្រូវ​ ប្ដូរ​ការងារ ក្តី។

លោក ហ៊ុន សែន ថា​ការ​ផ្លាស់ប្ដូរ​សមាសភាព​រដ្ឋាភិបាល គឺ​ដើម្បី​ប្រសិទ្ធភាព​ការងារ​កាន់​តែ​ល្អ ព្រោះ​មាន​រដ្ឋមន្ត្រី​ខ្លះ​ធ្វើ​ការងារ​ស្ទក់។ លោក​បន្ត​ថា នេះ​ជា​សិទ្ធិ​របស់​លោក​ក្នុង​ការ​សម្រេច ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី។

លោក ហ៊ុន សែន ថ្លែង​ដូច​នេះ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ន័រតុន នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា។

ក្រោយ លោក ហ៊ុន សែន ថ្លែង​ចប់​ជា​ពេល​ពិធី​ត្រូវ​រំសាយ អ្នក​រាយការណ៍​វិទ្យុ​អាស៊ីសេរី បាន​សុំ​ការ​យល់​ឃើញ​ពី​រដ្ឋមន្ត្រី​មួយ​ចំនួន ប៉ុន្តែ​គ្មាន​លោក​រដ្ឋមន្ត្រី​ណា​ហ៊ាន​បញ្ចេញ​ការ​យល់​ឃើញ​ឡើយ។ យ៉ាង​ណា​នេះ​ក្ដី មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​រូប​ថ្លែង​យ៉ាង​ប្រុង​ប្រយ័ត្ន​យ៉ាង​ ខ្លី​ថា លោក​ធ្វើ​ការ​ជាមួយ​មេ​កំពូល ត្រូវ​គាំទ្រ​មេ​កំពូល។

ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថា​នេះ​ជា​សញ្ញា​ល្អ​មួយ ប៉ុន្តែ​លោក​មិន​ទាន់​ទុក​ចិត្ត​ប្រសិទ្ធភាព​ការងារ​រដ្ឋាភិបាល​របស់ លោក ហ៊ុន សែន ដោយ​រង់ចាំ​មើល​សិន។

ក្រៅ​ពី​ប្រកាស​ផ្លាស់ប្ដូរ​រដ្ឋមន្ត្រី ៨​ក្រសួង លោក ហ៊ុន សែន ឲ្យ​ដឹង​ដែរ​ថា អភិបាល​ខេត្ត​ចំនួន​៤ នឹង​ត្រូវ​ដាក់​ឲ្យ​ចូល​និវត្តន៍ គឺ​ខេត្ត​កំពង់ស្ពឺ កំពត បន្ទាយមានជ័យ និង​ខេត្ត​ស្វាយរៀង។ ក្នុង​ចំណោម​រដ្ឋមន្ត្រី​ដែល​ត្រូវ​ផ្លាស់ប្ដូរ លោក ហ៊ុន សែន ទម្លាយ​ឲ្យ​ដឹង​ចំនួន ៣​ក្រសួង គឺ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រសួង​កសិកម្ម។

ទន្ទឹម​គ្នា​នោះ​ដែរ មាន​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ដែល​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល ទម្លាយ​ឲ្យ​ដឹង​ថា ប្ដូរ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ត្រូវ​ផ្លាស់ប្ដូរ រដ្ឋមន្ត្រី​ ក្រសួង​បរិស្ថាន ត្រូវ​ផ្លាស់​ទៅ​ក្រសួង​កសិកម្ម។ ចំណែក​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​ចែក​ក្រសួង​ចេញ​ជា​ពីរ។

ទាក់ទង​រឿង​នេះ ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ ថា​ប្រសិន​បើ​ការ​ផ្លាស់ប្ដូរ​ជា​ការ​បំបែក​ក្រសួង មិន​មែន​ជា​កំណែ​ទម្រង់​ល្អ​ទេ ព្រោះ​ជា​ការ​ខ្ជះខ្ជាយ​ថវិកា ខណៈ​ក្រសួង​សព្វថ្ងៃ​កំពុង​តែ​មាន​ចំនួន​ច្រើន​ស្រាប់។

ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​មួយ​រូប សរសេរ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​ខ្លួន​ថា លោក​បោះឆ្នោត​គាំទ្រ​ឲ្យ​កូន​ប្រុស លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​យុវជន និង​កីឡា។

ទាក់ទង​រឿង​ដែរ​នេះ អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​សំណើ​របស់​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា នេះ លោក​បាន​បញ្ជូន​សំណើ​នេះ​ទៅ​ប្រធាន​រដ្ឋសភា​ពិនិត្យ​ដើម្បី​កំណត់​ថ្ងៃ​កោះ​ ប្រជុំ​គណៈ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា។ លោក​មិន​ទាន់​ឲ្យ​ដឹង​ថា សំណើ​របស់​រដ្ឋាភិបាល​នោះ ត្រូវ​ផ្លាស់ប្ដូរ​រដ្ឋមន្ត្រី​ណា​ខ្លះ​ទេ ដោយ​បញ្ជាក់​ថា នៅ​ពេល​កោះ​ប្រជុំ​គណៈ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា សភា​នឹង​ជូន​ដំណឹង​ពី​របៀបវារៈ​ទាំង​នោះ៕


1 comment:

  1. Anonymous10:18 AM

    Please stop using the term: the Opposition Party, instead use the Cambodian National Rescue Party or simply the CNRP.
    Thanks

    ReplyDelete