Paris Peace Accords 23 Oct. 1991

Thursday, March 17, 2016

លោក​ សម រង្ស៊ី​ ប្រកាស​ យក​គំរូ ​ភូមា​ ដោយ​មិន សងសឹក​ ក្រោយ​ ពី​ឈ្នះឆ្នោត | Sam Rainsy declares to follow Burmese model after election victory

លោក​ សម រង្ស៊ី​ ប្រកាស​ យក​គំរូ ​ភូមា​ ដោយ​មិន សងសឹក​ ក្រោយ​ ពី​ឈ្នះឆ្នោត

​ប្រធាន​ គណ​បក្ស ​ជំទាស់​ លោក​ សម រង្ស៊ី​ប្រកាស​ ថា,​គណបក្ស​ របស់​លោក​​ នឹង​ដើរ​តាម​ គន្លង​ របស់​​ លោក​ស្រី​ ​អង់សាន ស៊ូជី​ ​(Aung San Suu Kyi)​ នៃ​ប្រទេស​ មីយ៉ាន់ម៉ា ​​ដោយ​មិន​ ​«គុំគួន,​ មិន​សង​សឹក,​ ​មិន​ប្រើ​ អំពើ​ហិង្សា»​ ​ជា​មួយ​ គណ​បក្ស​កាន់​អំណាច ​នោះ​ទេ ​បើ​ ខ្លួន ​ជាប់ឆ្នោត​នា​ ពេល​ខាង​មុខ។​
ប្រធាន​គណបក្ស​ជំទាស់​លោក សម រង្ស៊ី (ឆ្វេង) និង​លោកស្រី Aung San Suu Kyi  (ស្តាំ) មេដឹកនាំ​គណបក្ស​ជំទាស់​នៅ​ប្រទេស​មីយ៉ាន់ម៉ា ឬ ភូមា។
ប្រធាន ​គណបក្ស​ជំទាស់​លោក សម រង្ស៊ី (ឆ្វេង) និង​លោកស្រី Aung San Suu Kyi (ស្តាំ) មេដឹកនាំ​គណបក្ស​ជំទាស់​នៅ​ប្រទេស​មីយ៉ាន់ម៉ា ឬ ភូមា។

VOA / វីអូអេ | ១៧ មិនា ២០១៦
​ប្រធាន​ គណ​បក្ស​ ជំទាស់ ​លោក​ សម រង្ស៊ី​ ប្រកាស ​ថា,​ គណបក្ស​ របស់​លោក នឹង​ដើរ​តាម​ គន្លង ​របស់ លោក​ស្រី​ ​អង់សាន ស៊ូជី​ ​(Aung San Suu Kyi)​ នៃ​ប្រទេស​ មីយ៉ាន់ម៉ា ដោយ​​«មិន​ គុំគួន,​ មិន​ សង​សឹក,​ ​មិន ​ប្រើ​អំពើ​ហិង្សា»​ ​ជា​មួយ​ គណ​បក្ស​កាន់​អំណាច​ នោះ​ទេ ​បើ ​ខ្លួន ​ជាប់ឆ្នោត​ នា​ពេល ​ខាង​មុខ។​ ​ ក៏​ប៉ុន្តែ មន្ត្រី​ជាន់​ខ្ពស់ ​របស់​ គណបក្ស ​ប្រជាជន ​កម្ពុជា ​យល់​ថា​ សម្តី​នេះ គឺ​ មិន​ អាច​ជឿ ទុក​ចិត្ត​ បាន​ទេ។​


ការ​លើក​ឡើង​របស់​ ​ប្រធាន​គណបក្ស​ជំទាស់​គឺ​លោក​សម រង្ស៊ី​ ​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ ​គឺ​ធ្វើ​ឡើង​ ​បន្ទាប់​ពី​កិច្ច​ប្រជុំ​ពិសេស​មួយ​របស់​គណបក្ស​របស់​លោក​ ​នា​ថ្ងៃ​អង្គារ​កន្លង​ទៅ​ ​ក្នុង​ទី​ក្រុង​ ​មានីល​ប្រទេស​ ​ហ្វីលីពីន។​ ក្នុង​កិច្ចប្រជុំ​នោះ​ គណបក្ស​សង្គ្រោះ​ជាតិ​សម្រេច​ ​យក​គោល​ការណ៍​ «ស្ងៀមស្ងាត់»​ ​ដោយ​មិន​ឆ្លើយ​ឆ្លង​ទៅ​នឹង​ការ​វិវឌ្ឍ​នយោបាយ​នានា​ ​សម្រាប់​ត្រៀម​ខ្លួន​ ​ទៅ​កាន់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​ និង​ ​២០១៨​ខាង​មុខ។​

ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​VOA​ តាម​ទូរស័ព្ទ​ពី​ទី​ក្រុង​មានីល​ ​លោក សម រង្ស៊ី​ថ្លែង​ថា​៖ «យើង​ត្រូវ​តែ​យក​គំរូ​តាម​ប្រទេស​ភូមា​ ពីព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​ដូច​គណ​បក្ស​កាន់អំណាច​ ឥឡូវនេះ​គឺជា​គណបក្ស​ប្រឆំាង​ទេ​តែ​បន្តិច​ទៀត​នឹង​ក្លាយ​ជា​គណបក្ស​ កាន់អំណាច​ហើយ​ ដែល​ដឹក​នាំដោយ​លោក​ស្រី​ ​អង់សាន ស៊ូជី​ ​(Aung San Suu Kyi)។​ ​អ្នកស្រី​ ​អង់សាន ស៊ូជី​ ​(Aung San Suu Kyi)​គឺ​គាត់​តែង​តែ​ប្រកាស​ថា​គាត់​នឹង​រក្សា​ វប្បធម៌​អហិង្សា​ ​គឺ​មិន​គុំគួន​ គឺ​មិន​សងសឹក​ គឺ​មិន​ប្រើ​អំពើ​ហិង្សា​ ​បើ​មាន​ការ​ផ្លាស់​ប្តូគឺ​ធានា​ ​ឲ្យ​ប្រជា​ពល​រដ្ឋ​ទាំង​អស់ ​គ្រប់​និន្នាការ​នយោ​បាយ​ទាំង​អស់​បានសុខ​។»

លោក​បន្ត​ថាគណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើការ​ជា​មួយ​គណបក្ស​ផ្សេង​រួម​ទាំង​គណ​បក្ស​កាន់​អំណាច​របស់​លោក​ហ៊ុន សែន ​ផង​ដែរ។​

«យើង​ ក៏​អី​ចឹង​ដែរ​។  នៅ​ប្រទេស ​កម្ពុជា ​គណបក្ស​ សង្គ្រោះ​ជាតិ​ ​ឈ្នះ​ឆ្នោត, ​ខ្ញុំ សូម​ ធានា​ ថា, ​ខ្មែរ​ ទាំងអស់​ នឹង​បាន​សុខ,​ ខ្មែរ​ ឈប់​ រក​រឿង​ខ្មែរ,​ ខ្មែរ​ ឈប់​ ធ្វើ​បាប​ខ្មែរ,​ ខ្មែរ ​ចាប់​ផ្តើម ចាប់​ដៃ​គ្នា​ ដើម្បី​ក សាង​ប្រទេស ​ជា​មួយ​គ្នា​។  ហ្នឹង​ហើយ​ ជា​គំរូ​ មក​ពី​ប្រទេស​ ភូមា។ ​ យើង​ ត្រូវ​ យក​គំរូ ​បែប​ហ្នឹង។​»

ប្រទេស​ ​ភូមា​ ឬ​មីយ៉ាន់ម៉ា​ ​ដែល​គេ​ដឹង​ថា​ ​កាន់​កាប់​ដោយ​ក្រុម​យោធា​ជា​ច្រើន​ទសវត្សរ៍​ ​កំពុង​តែ​រៀបចំ​ធ្វើ​ការ​ផ្ទេរ​អំ​ណាច​ ​ឲ្យ​គណ​បក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​(NLD)​ ​របស់​លោក​ស្រី​ អង់សាន ស៊ូជី​ក្រោយពីគណ​បក្ស​ ​លោកស្រី​ ទទួល​បាន​ជ័យជម្នះ​ភ្លូក​ទឹក​ភ្លូកដី​ លើស​គណ​បក្ស​កាន់​អំណាច​ នៅ​ក្នុង​ការ​បោះឆ្នោត​នា​ដើម​ខែ​វិច្ឆិកាកន្លង​មក​ ​លោក​ស្រី​ ​អង់សាន ស៊ូជី​សន្យា​ថា​មិន​យាយី​ ​មន្ត្រី​គណបក្ស​កាន់​អំណាច​នោះ​ទេ។​ ​ការ​សន្យា​បែបនេះ​បានធ្វើ​ឲ្យ​មានការ​ផ្ទេ​អំណាច​ដោយ​សន្តិវិធី។​ ​កាល​ពី​ថ្ងៃអង្គារ​កន្លង​ទៅ​ ​សភា​ជាន់​ទាប​របស់​មីយ៉ាន់ម៉ា​ ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​លោក​ ​ធីន ច​ ( Htin Kyaw)​ ជា​ប្រធានា​ធិបតី​ថ្មី​របស់​ប្រទេស​មីយ៉ាន់ម៉ា​ ហើយ​លោក​នឹង​ឡើង​កាន់​តំណែង​នា​ពេល​ឆាប់ៗ​ខាង​មុខ។​

ស្រប​គ្នា​នោះ​ដែរ​ ​ប្រ​ទេស​កម្ពុជា​នឹង​រៀបចំធ្វើ​ការ​បោះ​ឆ្នោត​ ​ឃុំ​សង្កាត់​ នា​ឆ្នាំ​ ២០១៧​ និងបោះ​ឆ្នោត​ដើម្បីជ្រើស​តាំង​តំណាង​រាស្ត្រ​និង​បក្ស​កាន់​អំណាច​បន្ត​នា​ ឆ្នាំ​បន្ទាប់។​

លោក​ សុខ ឦសាន្ត​ អ្នក​នាំ​ពាក្យ​នៃ​គណ​បក្ស​កាន់អំណាច​គឺ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ថ្លែង​ ប្រាប់​VOA​ថា​ការ​ធានា​របស់​ ​លោក​ សម រង្ស៊ី​ នេះ​គឺ​មិន​អាច​ «​ជឿ​ជាក់​»​ បាន​ទេ​ដោយ​ ​វា​ផ្ទុយ​នឹង​អ្វី​ដែល​លោក​ធ្លាប់បាន​លើក​កន្លង​មក​ ​ហើយ​តែង​តែ​សម្តែង​ភាព​មិន​ពេញ​ចិត្ត​ជា​មួយ​នឹង​អ្នកមាន​ ​អ្នក​កាន់​អំណាច ​និង​អ្នក​វិនិ​យោគទុន​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា។​

«ខ្ញុំ​ យល់​ថា​, ការ​សន្យា​នេះ ​គឺ​ វា​ មិន​ទាន់​ក្លាយ ​ជា​ការ​ពិត​ នោះ​ទេ​ ​ពីព្រោះ​ កន្លង​ទៅ ​ក្នុង​ការ​ ឃោសនា​ ផ្សេងៗ​នេះ,​ ​គាត់ ​តែង​តែ​ ចង​កំហឹង​ ​ជា​មួយ​ នឹង​អ្នកមាន,​ ជាមួយ ​នឹង​ថៅកែ​, ជាមួយ ​វិនិយោគិន​, ជា​មួយ ​លោក​ឧកញ៉ា ​មួយ​ចំនួន,​ ហើយ ​ជាពិសេស​ ​ជា​មួយ​ គណបក្ស​ កាន់​អំណាច​ហ្នឹង។​ ​ គាត់ ​ថា ​សុទ្ធ​តែ​ ​អ្នក​ កាន់​អំណាច​ហ្នឹង ​ផ្តាច់ការ​, ​ឧកញ៉ា​ហ្នឹង ​ចិត្តខ្មៅ​,  ​ថៅ​កែ​ ចិត្ត​ខ្មៅ​ អីចឹង ហ្នឹង​ កន្លង​ទៅ។​ ​ ហើយ​ អីចឹង, ​ទង្វើ​ របស់ ​គាត់​ហ្នឹង​ គឺ វា​ អញ្ចឹង​មែន។​  គាត់ ​ធ្វើ​ហ្នឹង​ គឺ​ ដើម្បី​ យក​ចិត្ត​ ប្រជា​ពលរដ្ឋ​,  ​បោក​ប្រាស់​ ប្រជា​ពល​រដ្ឋ។​»​

ស្រដៀង​នឹង​អ្វី​ដែល​លោក​ ហ៊ុន សែន​ធ្លាប់​បាន​លើក​ឡើង​កន្លង​នោះ​ លោក​ សុខ ​ ឦសាន្ត​ ​ថា​ការ​សន្យា​ដ៏​ច្រើន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កន្លង​មក​ ​រួម​ទាំង​ការឲ្យ​អំណាច​ដល់​មន្ត្រី​ខ្លួន​ ​ការ​ដក​ហូត​ដីធ្លី​សម្បទាន​ពី​ក្រុម​ហ៊ុន​ឯកជន​ ការ​បន្ថែម​ចំនួន​មន្ត្រី​រាជការ​ដោយ​មាន​កូតា​បក្ស​សង្គ្រោះ​ជាតិ​ និង​ការ​រឹតបន្តឹង​ចំពោះ​អ្នក​មាន​ទ្រព្យធន​ព្រម​ទាំង​អ្នក​កាន់​អំណាច​នោះ​ អាច​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ធ្លា​ក់​ក្នុង«​សង្គ្រាម​ស៊ីវិល​»​ ​វិញ​បើ​បក្ស​ជំទាស់​ឡើង​នេះ​កាន់​អំណាច។

«ហ្អា​នេះ​ ​ហើយ​សុទ្ធ​តែ​ជា​ការ​សន្យា​មួយ​ដែល​គេ​ហៅ​ថា​ចំណេះ​ជិះ​ក​ឯង​។​ ​វា​មាន​បញ្ហា​អីចឹង​ បាន​គេ​សន្និដ្ឋាន​ថា​ប្រ​សិន​បើ​គាត់​ឈ្នះ​ឆ្នោតមែន​ ​សង្គ្រាម​និង​កើតឡើង​ ​ដោយ​សារតែ​បញ្ហា​ទាំង​អស់​នេះ​ទេ​ មិនមែន​ដោយ​សារ​តែ​គណ​បក្ស​ប្រជាជន​កម្ពុជា​បង្កើត​សង្គ្រាម​ដោយ​សារ​តែ​ គាត់​ឈ្នះ​ឆ្នោត​នោះ​ទេ។​ ​នេះ​គឺ​ជា​នយោបាយ​របស់​គាត់​ដែល​បង្កើត​ឡើង​ឲ្យ​ទៅ​ជា​ទំនាស់​នៅ​ក្នុង​ សង្គម​កម្ពុជា​តែ​ម្តង ​បាទ!​»​ 

យ៉ាង​ណា​ក៏​ដោយ​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​កាន់​អំណាច​រូប​នេះ​ ​យល់​ថា​ ​«​ការ​ស្រម៉ៃ​ចង់​ឈ្នះ​»​ ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​ គឺ​មិន​អាច​ទៅ​រួច​ទេ​ ដោយ​សារ​ ការ​ធ្លាក់​ចុះ​ប្រជា​ប្រិយ​ភាព​របស់​គណ​បក្ស​ជំទាស់​របស់​លោក​សម រង្ស៊ី​ និង​ការ​បាត់​បង់​ជំនឿ​ពី​អ្នក​គាំ​ទ្រ​មួយ​ចំនួន​នោះ។​ លោក​ថា​ ​ការ​បោះ​ឆ្នោត​ ​នា​ឆ្នាំ​២០១៣​គឺ​ការ​ឡើង​ដល់​ចំណុច​កំពូល​របស់​គណបក្ស​ជំទាស់​មួយ​នេះ​ ​ហើយ​អាសនៈ​របស់​បក្ស​ជំទាស់​និង​មាន​ការ​ថមថយ​មក​វិញ​ នា​ពេល​បោះ​ឆ្នោត ​ខាង​មុខ​។​

ការ​បោះ​ឆ្នោត​ អណត្តិ​កន្លង​មក​ ក្នុងឆ្នាំ​ ២០១៣​ ​បាន​ធ្វើ​ឲ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​របស់​លោក​ ​សម រង្ស៊ី​ ​កើន​អាសនៈក្នុង​រដ្ឋសភា​ ដ​ល់​ ​៥៥​កៅ​អី​ ខណៈ​ពេល​ដែល​គណ​បក្ស​កាន់​អំ​ណាច​របស់​លោក​ហ៊ុន សែន​បាន ថម​ថយ​កៅ​អីពី​៩០​មក​នៅ​ត្រឹម​៦៨។​

លោក​អ៊ូ វីរៈនាយក​វេទិកា​អនាគត​ដែល​ជា​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​គោល​នយោបាយ​ក្នុង​ ស្រុក​មួយ​ ​យល់​ឃើញ​ថា​ការ​លើក​ឡើង​របស់​លោក​សម រង្ស៊ី​គឺ​មាន​ «ភាព​សាំញ៉ាំ​និង​ផ្តាស់ប្តូរ‍»​ដោយ​គ្មាន​ភាព​ទៀង​ទាត់​ ដោយ​ហេតុ​នេះ​ហើយ​ ​បាន​ធ្វើ​គណ​បក្ស​កាន់​អំណាច​ ​គ្មាន​ទំនុក​ចិត្ត​នោះ​។​ ​

លោក​ថ្លែង​ថា​៖ ​«ដោយសារ​តែ​ ​ស្រពិច​ស្រពិល​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​គេ​មិន​ទុកចិត្ត។​ ​ហើយ​ដូច​ខ្ញុំ​ថា​អីចឹង​ដែរ​គឺ​គឺវា​ត្រូវការ​ពេល​វេលា​ ​ដោយ​សារតែ​វា​មិន​នឹង​ធឹង​។​ ​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​ខ្ញុំមើល​ទៅ​វា​មិនសូវ​មាន​គេ​យក​ចិត្ត​ទុក​ ដាក់​ច្រើន​ទេ​ ​ក៏​ប៉ុន្តែ​ទៅ​អនាគត​ប្រសិន​បើ​គាត់នៅ​បន្ត​ផ្ញើសារ​ដែល​នឹង​ធឹង​ប្រ​ហែល​ ជា​អាច​ទៅ​រួច។ ​ប៉ុន្តែ​បើ​តាម​ការ​ ដែល​ខ្ញុំ​តាម​ដាន​លោក​សម រង្ស៊ី​ ​កន្លង​មក​គឺ​សារ​របស់​គាត់​ភាគ​ច្រើន​គឺ​មិន​នឹង​ធឹង​នោះ​ទេ។​ ​តាំង​ពី​ដើម​មក​ ​ទោះ​បី​ជា​គាត់​និយាយ​អីចឹង​មែន​ថា​ឈរ​លើ​ជំហរ​នឹង​ធឹងមែន​ ​ក៏​ប៉ុន្តែជាក់​ស្តែង​ ​ថ្ងៃ​ណា​មួយ​គាត់​នឹក​ឃើញ​អ្វី​មួយ​ ​គាត់​និយាយ​អ្វី​ផ្សេង​ទៅ​។​ ​ដោយ​សារ​អញ្ចឹង​ហើយ​បាន​ខ្ញុំ​ មិន​ជឿ​ថា​គាត់​មាន​សារ​អ្វី​មួយ​ដោយ​នឹង​ធឹង​និង​យូ​អង្វែង​នោះ​ទេ​បាទ!​»​ 

ថ្វី​បើ​យ៉ាង​នេះ​ក៏​ដោយ​ អ្នក​តាម​ដាន​ការវិវឌ្ឍ​នយោបាយ​រូបនេះ​ក៏​បាន​បន្ថែម​ផង​ដែរ​ថា​ ​ការ​លើក​ឡើង​របស់​លោក​សម រង្ស៊ី​ គឺ​ជាជម្រើស​តែ​មួយ​គត់​ ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​អំណាច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ សន្តិវិធី​និង​គ្មាន​ហិង្សា​ដូច​ ​នៅ​ក្នុង​ប្រទេស​ភូមា​ ​ក៏ប៉ុន្តែ​កម្ពុជា​ហាក់​ដូច​ជា​មិន​ទាន់​អាច​ដើរ​ដល់​ចំណុច​នោះ​ទេ​ ដោយ​សារ​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ស្ថិត​នៅ​ក្រោម​អំណាច​បក្ស​នៅ​ឡើយ។​

«វា​មិន​មែន​ជា​ច្រក​ចេញ​ដ៏​ល្អ​ទេ។ ​ក៏​ប៉ុន្តែ​វា​គឺជា​ជម្រើស​ដ៏​អន់​បំផុត​ ​ប៉ុន្តែ​វា​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ក្នុង​ជម្រើស​ផ្សេងៗ​ ​បើ​ជម្រើស​ផ្សេង​ៗ​គឺ​ជា​ជម្រើស​អស្ថិភាព​ និ​ង​ជម្លោះ​គ្នា​ សងសឹក​គ្នា​ ​ហ្នឹង​គឺ​ជា​ជម្រើស​មួយ​ដ៏​អាក្រក់​ជាង​នេះ​ទៀត។​ ​បើ​តាម​ល្អ​គឺ​ត្រូវ​មាន​ការ​ប្តូរ​ដោយ​ មិនមាន​ការ​ភ័យខ្លាច​ដោយ​មិន​ចាំ​បាច់​ចរចា​អ្វី​ទាំង​ ​ហើយ​ដូរ​អំណាច​ដោយ​រលូន​ ​ហើយ​ស្ថាប័ន​ជាតិ​ឯករាជ្យ​នៅ​តែ​ជា​ស្ថាប័ន​ជាតិ​ឯក​រាជ្យ​ដដែល ​ហ្អាហ្នឹង​ទើប​វា​ល្អ​ក៏ប៉ុន្តែ​ ​ជាក់​ស្តែង​បើ​តាម​ស្ថាន​ភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​សេវា​មិន​អីចឹង​ទេ។​ ​ដោយ​សារ​អីចឹង​ហើយ​ ខ្ញុំ​មើល​ទៅ​ អ្នក​នយោ​បាយ​គឺគ្មាន​ជម្រើស​អ្វីក្រៅ​ពី​ការ​ចរចា​គ្នា​ទេ​បាទ​!​»

គេ​មើល​ឃើញ​ថា​ គណ​បក្ស​សង្គ្រោះ​ជាតិ​ ​ដែល​មាន​ ​សំឡេង​ភាគ​តិច​ក្នុង​រដ្ឋសភា​ ​បាន​ទទួល​ការ​គាប​ ​សង្ក​ត់ជា​បន្ត​បន្ទាប់។​ ​ក្នុង​នោះ​សមាជិក​និង​សកម្មជន​របស់​គណ​បក្ស​នេះ​ជាង​១០​រូប​ ត្រូវ​បាន​តុលាការ​ចាប់​ឃុំឃាំង​ទាក់​ទិន​នឹង​បញ្ហា​ព្រំដែន​និង​ក្លែង​ បន្លំ​ឯក​សារ។​ ​ប្រធាន​គណ​បក្ស​ជំទាស់​ គឺ​លោក​សម រង្ស៊ី​ ​ត្រូវ​បាន​តុលាការ​ប្រកាស​តាម​ចាំ​ខ្លួន​ ​ទាក់​ទិន​នឹងរឿង​បណ្តឹង​របស់លោក​ ហោ ណាំហុង​រដ្ឋ​មន្ត្រី​ការបរទេស។​ ​ស្របគ្នា​នោះ​ដែរ​ ​តំណាង​រាស្ត្រ​ពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ជន​មួយ​ក្រុម​វាយដំ​នា​មុខ​រដ្ឋ​សភាជាតិ​។​ ​ដោយ​ឡែក​ ​អនុប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​គឺ​លោក​ ​កឹម សុខា​ ​ត្រូវ​បាន​រដ្ឋ​សភា​ជាតិ​ដែល​មាន​តែ​សមាជិក​ពី​បក្ស​កាន់​អំណាច​ ​ទម្លាក់​ពី​តំណែង​ ​អនុប្រធាន​ទីមួយ​នៃ​រដ្ឋសភា​ ​មុន​ពេល​ផ្ទុះ​រឿង​ខ្សែអាត់​សំឡេង​ដែល​គេ​ចោទ​ថា​ជា​សំឡេង​សារសង​ស្នេហា​ ​របស់​លោក​និង​ស្ត្រីវ័យ​ក្មេង​ជា​ច្រើនរូប៕




No comments:

Post a Comment