លោក សម រង្ស៊ី ថា, តុលាការ ប្រទេសបារាំង សើរើ សំណុំរឿង គប់គ្រាប់បែក នៅឆ្នាំ១៩៩៧
RFA / វិទ្យុ អាស៊ី សេរី | ៣០ មីនា ២០១៦
ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងថា, សំណុំរឿង គប់គ្រាប់បែក លើក្រុមបាតុករ នៅមុខ អតីត រដ្ឋសភា ក្បែរព្រះបរមរាជវាំង កាលពីឆ្នាំ ១៩៩៧ ត្រូវ បានតុលាការ ប្រទេសបារាំង បើកការ ស៊ើបអង្កេត ឡើងវិញ។
ការអះអាងនេះ ធ្វើឡើងក្នុងពិធីបង្សុកូលរំឭកវិញ្ញាណក្ខន្ធជូនជនរងគ្រោះគម្រប់ ខួប ១៩ឆ្នាំ នៅថ្ងៃទី៣០ ខែមីនា។ រីឯមន្ត្រីក្រសួងមហាផ្ទៃ អះអាងថា ការស៊ើបអង្កេតករណីបោកគ្រាប់បែកនេះ មិនមានការជឿនលឿនទៅមុខនោះទេ តែសំណុំរឿងនេះមិនទាន់បិទនៅឡើយ។
ដូចរាល់ឆ្នាំដែរ គណបក្សសង្គ្រោះជាតិ និងក្រុមគ្រួសារជនរងគ្រោះ បានអំពាវនាវឲ្យរដ្ឋាភិបាល បន្តបើកការស៊ើបអង្កេតដោយស្មោះត្រង់ ដើម្បីនាំយកអ្នកបញ្ជា និងឃាតកពិតដែលបានវាយប្រហារដោយគប់គ្រាប់បែកដៃកាលពី ១៩ឆ្នាំមុននោះ មកផ្ដន្ទាទោសឲ្យបានឆាប់។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានថ្លែងតាមវីដេអូខនហ្វើរ៉ែន (Video Conference) នៅ ចំពោះមុខក្រុមគ្រួសាររងគ្រោះ និងអ្នកចូលរួមប្រមាណ ១០០នាក់ក្នុងពិធីបង្សុកូល នៅចេតិយរំឭកវិញ្ញាណក្ខន្ធអ្នកស្លាប់ក្បែរព្រះបរមរាជវាំងថា តុលាការប្រទេសបារាំង បានសម្រេចសើរើសំណុំរឿងនេះឡើងវិញហើយ ដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះ៖ «កន្លងគេ គ្រាន់តែព្យួរមួយរយៈទេ តែឥឡូវនេះ គេបានបើកសំណុំរឿងនេះឡើងវិញឲ្យដំណើរការទៅមុខ ដោយសកម្ម ស៊ើបអង្កេតដោយតុលាការជំនាញ ឯករាជ្យ មានវិជ្ជាជីវៈខ្ពស់ គេមិនខ្លាចនរណាទេ។ គេនឹងជំរុញឲ្យមានការលាតត្រដាងការពិត ដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះ។»
ទន្ទឹមគ្នានេះ លោក សម រង្ស៊ី បានហៅព្រឹត្តិការណ៍នៃការគប់គ្រាប់បែកកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ថាជាអំពើភេរវកម្មដោយរដ្ឋអំណាច ដែលនៅតែស្ថិតក្នុងការចងចាំរបស់លោក និងប្រជាពលរដ្ឋខ្មែរជានិច្ច។ លោក សម រង្ស៊ី បន្តថា រឿងនេះអាចរកឃាតកឃើញ ទាល់តែមានការផ្លាស់ប្ដូរអំណាចគ្រប់គ្រងបែបផ្ដាច់ការបច្ចុប្បន្ន នេះចេញ។
ព្រឹត្តិការណ៍បោកគ្រាប់បែកដៃ ៤គ្រាប់ទៅលើក្រុមបាតុករដឹកនាំដោយ លោក សម រង្ស៊ី នៅមុខមន្ទីររដ្ឋសភាចាស់ ដើម្បីទាមទាររកយុត្តិធម៌សង្គម លក្ខខណ្ឌការងាររបស់ក្រុមកម្មករ និងកែទម្រង់ប្រព័ន្ធតុលាការកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ បានបណ្ដាលឲ្យស្លាប់មនុស្សចំនួន ១៦នាក់ និងជិត ២០០នាក់បានរងរបួស ប៉ុន្តែរហូតមកទល់ពេលនេះ ជនប្រព្រឹត្តិមិនត្រូវបានគេចាប់ខ្លួនមកផ្ដន្ទាទោសឡើយ។
ការទន្ទឹងរង់ចាំយុត្តិធម៌នេះ ទាំងគណបក្សប្រឆាំង សង្គមស៊ីវិល និងគ្រួសារជនរងគ្រោះ បានទម្លាក់កំហុសទៅលើរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងប្រព័ន្ធយុត្តិធម៌ ថាមិនបានបំពេញតួនាទីរបស់ខ្លួនដោយឯករាជ្យ និងអព្យាក្រឹត្យនោះទេ។ ពួកគេថា ប្រសិនបើអាជ្ញាធរពិតជាមានឆន្ទៈនោះ រឿងនេះមិនអូសបន្លាយរាប់សិបឆ្នាំដូច្នេះទេ ប៉ុន្តែដោយសារអាជ្ញាធរគ្មានឆន្ទៈស្វែងរកការពិត បានត្រឹមតែនិយាយសន្យាឲ្យគ្រួសារជនរងគ្រោះស្ងប់ចិត្ត និងឲ្យល្អមើលប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ នេះថា ក្រសួងមហាផ្ទៃ មិនទាន់បិទសំណុំរឿងនេះនៅឡើយទេ។ លោកអះអាងថា កន្លងមក រដ្ឋាភិបាលបានរកឃើញជនសង្ស័យម្នាក់ឈ្មោះ ប្រ៊េស៊ីល តែក្រោយមកជនសង្ស័យរូបនោះបានបាត់ខ្លួនទៅ។ ក្នុងរយៈពេល ១៩ឆ្នាំកន្លងមកនេះ នៅពេលដល់ថ្ងៃរំឭកខួបព្រឹត្តិការណ៍គប់គ្រាប់បែកនេះម្តងៗ គេកត់សម្គាល់ឃើញថា មន្ត្រីក្រសួងមហាផ្ទៃ មិនដែលមានអ្វីថ្មីនិយាយឲ្យលើសពីនេះទេ។ ស្ថាប័នដែលមានតួនាទីវែកមុខឃាតកនេះ តែងនិយាយថា រដ្ឋាភិបាលមិនដែលព្រងើយកន្តើយក្នុងការតាមរកជនដៃដល់ម្ដងណាឡើយ ប៉ុន្តែការស្រាវជ្រាវនោះមិនទាន់ឆ្ពោះទៅមុខ ព្រោះបាត់តម្រុយ៖ «ថា អីថាទៅ ស្រេចតែគេថាទៅ ព្រោះយើងរកមិនឃើញមែន បើរកឃើញគេក៏ឈប់ថាហើយ កាលមុនរកឃើញបានតែត្រឹមហ្នឹង យើងខំរកដែរ។ ករណីនេះមិនទាន់បិទនៅបើកចំហរហូត។»
ព្រឹត្តិការណ៍គប់គ្រាប់បែកលើក្រុមបាតុករកាលណោះ ក៏ធ្លាប់ត្រូវការិយាល័យសហព័ន្ធស៊ើបអង្កេតរបស់អាមេរិក ឬ អេហ្វ.ប៊ី.អាយ (FBI) មក ធ្វើការស៊ើបអង្កេតដែរ តែបានបញ្ឈប់បេសកកម្មរបស់ខ្លួនវិញមុនកំណត់ ក្រោមហេតុផលថា អាជ្ញាធរកម្ពុជា មិនសហការស្វែងរកភស្តុតាងទាំងនោះឡើយ។
ករណីបោកគ្រាប់បែកនេះ លោក សម រង្ស៊ី ក៏ធ្លាប់បានដាក់ពាក្យប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិដែរ ក៏ប៉ុន្តែដោយសារកត្តានយោបាយមិនអំណោយផលសម្រាប់បុគ្គលលោក បានជំរុញឲ្យ លោក សម រង្ស៊ី ដកពាក្យបណ្ដឹងនេះវិញ ដែលគេដឹងថា ការដកពាក្យបណ្ដឹងរបស់ លោក សម រង្ស៊ី កាលណោះជាថ្នូរនឹងការអនុញ្ញាតរបស់ លោក ហ៊ុន សែន ឲ្យ លោក សម រង្ស៊ី វិលចូលស្រុកវិញ ខណៈលោកកំពុងនិទ្ទេសខ្លួននៅឯក្រៅប្រទេសនោះ។
របាយការណ៍ស្រាវជ្រាវរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចេញ ផ្សាយកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ បានលើកឡើងចំណុចជាច្រើនពាក់ព័ន្ធដល់ការប្រើប្រាស់អំណាចរបស់លោក នាយករដ្ឋមន្ត្រី ដើម្បីរក្សាតំណែងចាប់តាំងពីពេលលោកបានកាន់តំណែងជានាយក រដ្ឋមន្ត្រីកាលពីឆ្នាំ១៩៨៥។
អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ដែលបន្តការងារពីរដ្ឋកម្ពុជា ជាអ្នកទទួលខុសត្រូវចំពោះការប៉ុនប៉ងសម្លាប់ក្រុមនយោបាយប្រឆាំង ចំនួនជិត ៤០ករណី និងពលរដ្ឋជាជនស៊ីវិលជាង ២០ករណីទៀតនៅមុនពេលបោះឆ្នោតជាតិអាណត្តិទី១។ របាយការណ៍បន្តទៀតថា ការរំលោភបំពានទាំងនោះ ប្រព្រឹត្តដោយកងកម្លាំងនគរបាល និងយោធាដែលអនុវត្តក្រោមបញ្ជារបស់ភ្នាក់ងារគណបក្សប្រជាជនកម្ពុជា។ ក្រៅពីនេះ គេបានបង្កើតក្រុមកងកម្លាំងជាច្រើន មានទាំងក្រុមចំហ និងក្រុមសម្ងាត់។ ក្រុមប្រភេទនេះ មានទាំងនៅថ្នាក់ក្រសួង បណ្ដាក្រុង និងខេត្ត។
អ្នកធ្វើការតាមក្រុមទាំងនោះ អាចនឹងត្រូវគេជ្រើសរើសចេញពីកងកម្លាំងរក្សាសន្តិសុខ។ ភាគច្រើននៃក្រុមទាំងនោះ ត្រូវបង្កើតក្នុងគោលដៅវាយប្រហារក្រុមប្រឆាំង។ ក្នុងចំណោមក្រុមទាំងនោះមានក្រុមមួយដែលទំនងជាក្រុមដែលក្រោយមក បានពាក់ព័ន្ធនឹងការវាយប្រហារដោយគ្រាប់បែកលើក្រុមបាតុករក្នុង ឆ្នាំ១៩៩៧ និងការរំលោភបំពានផ្សេងទៀត ហើយក្រោយមក ក្រុមនេះបានប្ដូរឈ្មោះថ្មី គឺកងពលតូចង៧០ ដែលត្រូវគេស្គាល់ថា ជាកងកម្លាំងផ្ទាល់របស់ លោក ហ៊ុន សែន។
របាយការណ៍ដដែលបន្តរៀបរាប់ថា ការវាយប្រហារគប់គ្រាប់បែកដៃទៅលើក្រុមបាតុករ ភាគច្រើនជាកម្មកររោងចក្រ យុវជន និងនិស្សិតកាលណោះ គឺក្រុមប៉ូលិសដែលឋិតនៅទីនោះ បានរារាំងមិនឲ្យសង្គ្រោះអ្នករងគ្រោះ។ ហេតុការណ៍នោះ គឺជាលើកដំបូងបង្អស់ដែលកងកម្លាំងកងពលតូចលេខ៧០ ត្រូវគេពង្រាយឃ្លាំមើលអ្នកតវ៉ា។ ចំណែករដ្ឋាភិបាលវិញ ពុំបានចោទប្រកាន់អ្នកណាម្នាក់ដែរ។
ផ្ទុយទៅវិញ ក្រុមមន្ត្រីត្រូវឡើងតំណែង។ មេបញ្ជាការកងពលតូចលេខ៧០ លោក ហ៊ុយ ពិសិដ្ឋ ត្រូវបានតែងតាំងជាឧត្ដមសេនីយ៍ និងអនុរដ្ឋលេខាធិការក្រសួងការពារជាតិ។ ចំណែកមេបញ្ជាការរងកងពលតូចលេខ៧០ ដែរនោះ គឺលោក ហ៊ីង ប៊ុនហៀង ក្រោយមកត្រូវបានតែងតាំងជាមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ។ ករណីគប់គ្រាប់បែកនេះ នៅតែត្រូវបានគេចាត់ទុកជាផ្នែកមួយនៃនិទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍នៅកម្ពុជា៕
No comments:
Post a Comment